ភ្នំពេញ: ពាក់អាវពណ៌ខៀវផ្ទៃមេឃ និងសំពត់ខ្មៅត្រឹមជង្គង់ កញ្ញា សៀង សុជាតា រំលេចនូវទឹកមុខញញឹមញញែម បង្ហាញពីភាពចាស់ទុំលើសពីអាយុ។ ភ្នែកដ៏ទន់ភ្លន់ បង្ហាញប្រាប់ពីដំណើររឿងនៃភាពនឹងធឹងប្រហែលជាឆ្លុះបញ្ចាំងពីជីវិតពោរពេញទៅដោយឧបសគ្គនិងជោគជ័យ។
យុវតីរូបនេះក្លាយជាបុគ្គលចុងក្រោយបំផុតម្នាក់ ដែលទទួលបានឱកាសអប់រំនូវអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងនាមជាសិស្សចេញពីវិទ្យាស្ថាន Neeson Cripps Academy (NCA) ជាកន្លែងបានផ្ដល់ការអប់រំដល់កុមាររស់ក្នុងបន្ទាត់នៃភាពក្រីក្រ ដើម្បីស្វែងរកពន្លឺអនាគតរបស់ខ្លួន។
ពេលនេះក្នុងវ័យ ១៩ ឆ្នាំ សុជាតា កំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយឧបត្ថម្ភដោយ អេ អាយ អេ (ខេមបូឌា) ដែលផ្តល់ការគាំទ្រដល់បេសកកម្មរបស់ CCF ក្នុងការផ្តល់ឱកាសសិក្សា និងអភិវឌ្ឍន៍ដល់កុមារក្រីក្រ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
សុជាតានិយាយថា៖ «ខណៈពេលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំមានបំណងស្វែងរកឱកាសការងារយកបទពិសោធន៍ផង និងដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ ផងដែរ»។
ជីវិតរបស់យុវតី ដែលចេញពីសាលារបស់ NCA បានផ្លាស់ប្តូរទាំងស្រុងនៅពេល សុជាតា បានផ្លាស់ទៅរស់នៅជាមួយម្តាយនៅជិតអតីតទីលានចាក់សំរាមស្ទឹងមានជ័យកាលពី ១០ ឆ្នាំមុន។ កាលពីអាយុ ៩ ឆ្នាំ កុមារី សុជាតា ដែលរស់នៅជាមួយតាយាយក្នុងខេត្តក្រចេះបានរំឭកថា ពេលមកដល់ស្ទឹងមានជ័យ ខ្លួននាងផ្ទាល់បានជួបមុខជាមួយបារាំងស្បែកសម្នាក់នៅកន្លែងចាក់សំរាម។
ដំបូង សុជាតា មានអារម្មណ៍ភ័យខ្លាចពេលបានឃើញជនបរទេសមកនិយាយ និងសួរនាំរូបនាង។ ប៉ុន្តែនៅពេលដែលនាងមើលក្មេងៗផ្សេងទៀតបាននាំគ្នាមកចោមរោមបារាំងរូបនេះទាំងទឹកមុខសប្បាយរីករាយ និងសើចផងនោះ ក្តីបារម្ភរបស់នាងបានរលាយបន្តិចម្តងៗ។
ជាមួយនឹងជំហានស្ទាក់ស្ទើរ កុមារី សុជាតា ចាប់ផ្ដើមហ៊ានចូលទៅជិតបារាំងពោរពេញដោយស្នាមញញឹមរូបនោះ។ មិនយូរប៉ុន្មាន នាងលែងមានអារម្មណ៍ភ័យខ្លាច និងចាប់ផ្ដើមបង្កើតភាពស្និទ្ធស្នាលដូចកុមារដទៃ។ ជនចម្លែកដែល សុជាតា ធ្លាប់ខ្លាចនោះ ជាវីរបុរសក្នុងចិត្ដរបស់នាង ដែលក្រោយមក កុមារី សុជាតា តែងតែហៅបុរសបារាំងនោះថាប៉ា ឬប៉ាស្កុត ជារៀងរហូតមក។
ក្រោយទទួលបានការអប់រំពីអង្គការមូលនិធិកុមារកម្ពុជា (CCF) សុជាតា ចាប់ផ្ដើមបង្កើនភាពក្លាហាន ជាមួយការចូលរួមសកម្មភាពនានា ដូចជា ការបោះជំរំសិក្សា ក្នុងនាមជាអ្នកដឹកនាំយុវជន ជាវាគ្មិននៅក្នុងព្រឹត្តិការណ៍យុវជនប្រចាំឆ្នាំ ជាសមិទ្ធផលដ៏សំខាន់មួយ ដោយសារវាបានលើកទឹកចិត្តយុវជនឱ្យចែករំលែករឿងរ៉ាវរបស់ពួកគេ និងបំផុសគំនិតអ្នកដទៃ។
កញ្ញា សុជាតា ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតជិត ២ ពាន់នាក់ ត្រូវបានគាំទ្រដោយវិទ្យាស្ថាន (NCA) នៃអង្គការ (CCF) ដោយផ្តោតសំខាន់លើការដឹកនាំពួកគេឆ្ពោះទទួលបានការអប់រំ។
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជា បាននិយាយថា៖ «កុមារគ្រប់រូប សមនឹងទទួលបានការអប់រំប្រកបដោយគុណភាពនិងឱកាសឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ពួកគាត់នីមួយៗសុទ្ធសឹងតែមានសមត្ថភាព និងពោរពេញដោយសក្តានុពល ប្រសិនបើពួកគាត់ទទួលបានការអប់រំនិងការផ្គត់ផ្គង់មើលថែដ៏ត្រឹមត្រូវ»។
អង្គការមូលនិធិកុមារកម្ពុជា (CCF) និងក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ចាប់ដៃគូសហការគ្នា ដោយផ្តល់អាហារូបករណ៍សិក្សា និងឱកាសអភិវឌ្ឍន៍ផ្សេងៗទៀតដល់កុមារមកពីអង្គការ (CCF)។
ក្រុមហ៊ុននឹងឧបត្ថម្ភនិស្សិត ៤ រូបដោយធានារ៉ាប់រងលើការចំណាយទាំងអស់ រួមមាន ថ្លៃសិស្សា ប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃរស់នៅ មធ្យោបាយធ្វើដំណើរ និងការចំណាយផ្សេងៗទៀត ដោយសម្រាប់ឆ្នាំ ២០២៤ ទទួលនិស្សិត ២ នាក់ និង ២ នាក់ទៀតនៅឆ្នាំ ២០២៥ ក្នុងទឹកប្រាក់សរុបចំនួន ៤១ ២០០ ដុល្លារអាមេរិក។
លោក ស្កុត បានថ្លែងនៅថ្ងៃចុះហត្ថលេខាជាផ្លូការ លើអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានប្រកាសធ្វើឡើងកាលពីថ្ងៃទី ៣០ ខែមករា ថា៖ «យើងពិតជាមានក្តីរំភើបរីករាយក្នុងការចូលរួមជាដៃគូជាមួយ អេអាយអេ (ខេមបូឌា)។ ក្រុមហ៊ុនមានវប្បធម៌ និងគុណតម្លៃស្រដៀងគ្នាទៅនឹង ស៊ីស៊ីអេហ្វ ហើយការប្តេជ្ញាចិត្តរបស់ពួកគាត់ចំពោះយុវជនកម្ពុជាគឺស្របគ្នានឹងបេសកកម្មរបស់យើង»។
លោកស្រី Jane Tay អគ្គនាយិការក្រុមហ៊ុន អេអាយអេ (ខេមបូឌា) បានថ្លែងអំពីចំណាប់អារម្មណ៍រីករាយក្នុងពេលប្រកាសអំពីការឧបត្ថម្ភដល់សិស្ស-និស្សិតរបស់អង្គការ។
លោកស្រីបាននិយាយថា៖ «កិច្ចចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងផ្តោតលើការឧបត្ថម្ភផ្នែកសិក្សា និងការអប់រំដើម្បីឱ្យកុមារខ្វះខាត ទទួលបានជីវិត និងសុខភាពកាន់តែប្រសើរ»។
អ្នកទទួលបានអាហារូបករណ៍ម្នាក់ទៀតឈ្មោះ ឈាន សម្ផស្ស អាយុ ១៨ ឆ្នាំ បច្ចុប្បន្នកំពុងសិក្សាឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ។ សម្ផស្ស បានចែករំលែកថា កញ្ញាបានចូលរួមជាមួយ CCF ក្នុងឆ្នាំ ២០១០ ហើយជឿថា ជីវិតរបស់នាងនឹងមានការលំបាកខ្លាំង ប្រសិនបើមិនបានជួបលោក ស្កុត នីសុន ហើយបានចូលរួមជាមួយ CCF។
សម្ផស្ស បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចរៀនទាំងភាសាខ្មែរ និងអង់គ្លេសក្នុងពេលតែមួយ ដូចមិត្តភក្តិរបស់ខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ដឹងគុណតាមរយៈការសិក្សារបស់ខ្ញុំនៅ CCF ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំមានបទពិសោធន៍ថ្មីៗទាំងនេះ»។
គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ CCF បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ Mengly J Quach Education Plc (MJQE) ដើម្បីផ្តល់ឱកាសដល់សិស្សក្រីក្រ។ កិច្ចព្រមព្រៀងនេះ មានគោលបំណងបណ្តុះបណ្តាលគ្រូបង្រៀន និងផ្តល់អាហារូបករណ៍ សម្ភារសិក្សា និងការគាំទ្រសម្រាប់ការចំណាយប្រចាំថ្ងៃដល់សិស្សជិត ៨០០ នាក់។ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ CCF ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនិងសុខុមាលភាពទូទៅសម្រាប់កុមារកម្ពុជា។
នៅឆ្នាំ ២០២០ CCF បានសហការជាមួយ eMoney ដែលភាពជាដៃគូនេះមានគោលបំណងគាំទ្រកម្មវិធីអប់រំនៅ NCA ជាពិសេសលើមុខវិជ្ជា STEM។ គំនិតផ្តួចផ្តើមរបស់មូលនិធិកុមារកម្ពុជា (CCF) ចំពោះសាលាសហគមន៍ NCA គឺផ្តល់ឱ្យកុមារទាំងនេះនូវការអប់រំ និងការគាំទ្រឱ្យប្រសើរឡើងនូវឱកាសនាពេលអនាគតរបស់ពួកគេ។
លោក ស្កុត នីសុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ជាមួយនឹងសិស្សជិត ២ ពាន់នាក់ NCA កំពុងមើលឃើញពីវឌ្ឍនភាពដ៏ជោគជ័យ ខណៈដែល ៦០ ភាគរយនៃសិស្សទាំងនេះឥឡូវនេះកំពុងធ្វើដំណើរទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ហើយនឹងបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ»។
សាលានេះត្រូវបានរចនាឡើង ដើម្បីផ្ទុកសិស្សពី ៣០០ ទៅ ៣៥០ នាក់ ផ្តោតលើការអប់រំដោយឥតគិតថ្លៃជាចម្បងលើមុខវិជ្ជា STEM។ គ្រឿងបរិក្ខារនេះរួមមានថ្នាក់រៀនទំនើប បន្ទប់ពិសោធន៍ និងកន្លែងកម្សាន្ត ដោយសង្កត់ធ្ងន់លើការអប់រំដែលមានគុណភាពខ្ពស់ និងជាផ្លូវឆ្ពោះទៅរកអាជីពផ្នែកវិស្វកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់កុមារនៅក្នុងសហគមន៍។
និស្សិតមកពីមូលនិធិកុមារកម្ពុជា (CCF) បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ដោយទទួលបានអាហារូបករណ៍ទៅសិក្សានៅមហាវិទ្យាល័យ Trinity College ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
អាហារូបករណ៍ទាំងនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង CCF និង Trinity College ក្នុងគោលបំណងផ្តល់នូវការអប់រំប្រកបដោយគុណភាព និងឱកាសផ្លាស់ប្តូរសម្រាប់យុវជនកម្ពុជាដែលខ្វះខាត។
គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ និស្សិត CCF ចំនួន ៩ នាក់បានទទួលអាហារូបករណ៍ពេញលេញដើម្បីសិក្សានៅមហាវិទ្យាល័យ Trinity។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកទទួលថ្មីៗ ២ នាក់គឺ យុវតី ប៊ុន ម៉ាលីតា និង ឡេន លាង។
អាហារូបករណ៍ទាំងនេះបានផ្តល់នូវឱកាសផ្លាស់ប្តូរជីវិត ដែលអនុញ្ញាតឱ្យសិស្សទាំងនេះបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅស្ថាប័នដ៏មានកិត្យានុភាព និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរផ្ទាល់ខ្លួននិងការសិក្សារបស់ពួកគេ។
អតីតនិស្សិតគួរឱ្យកត់សម្គាល់នៃភាពជាដៃគូរបស់ CCF-Trinity College គឺកញ្ញា រុន សុភី។ ដោយធ្លាប់រស់នៅ និងរើសអេតចាយនៅទីលានចាក់សំរាមស្ទឹងមានជ័យ កញ្ញា សុភី បានបោះជំហានមួយយ៉ាងធំដោយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Melbourne ក្នុងឆ្នាំ ២០២២ ដោយជំនាញផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងអន្តរជាតិ។
Ben Waymire អ្នកគ្រប់គ្រងប្រចាំតំបន់នៅមហាវិទ្យាល័យ Trinity College បានឱ្យដឹងថា៖ «និស្សិតទាំងនេះមិនត្រឹមតែទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ពូកែផងដែរ។ ខ្ញុំគិតថា ដល់ពេលត្រូវមកជុំគ្នាអបអរសមិទ្ធផលខ្លះៗរបស់ពួកគេ»។
នេះបង្ហាញពីឥទ្ធិពលនៃការអប់រំ និងឱកាសដែលបានបង្កើតតាមរយៈភាពជាដៃគូ។ វាបញ្ជាក់អំពីសក្តានុពលសម្រាប់ការផ្លាស់ប្តូរជីវិត និងការបំបែកវដ្តនៃភាពក្រីក្រតាមរយៈការទទួលបានការអប់រំប្រកបដោយគុណភាពនិងឱកាសអាហារូបករណ៍អន្តរជាតិ៕