ភ្នំពេញ: ទិវានៃក្ដីស្រឡាញ់នឹងចូលមកដល់នៅថ្ងៃទី ១៤ ខែកុម្ភៈ នេះហើយការស្រាវជ្រាវថ្មីមួយ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងសំខាន់នៃអាកប្បកិរិយារបស់យុវវ័យចំពោះបញ្ហាផ្លូវភេទក្នុងឱកាសប្រារឰទិវានេះ។ ការផ្លាស់ប្តូរនេះត្រូវបានបង្ហាញនៅក្នុងការសិក្សាដ៏ទូលំទូលាយមួយដែលបានធ្វើឡើងក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ចំពោះនិន្នាការថយចុះភាពជ្រួលជ្រើមប្រារឰទិវានៃក្ដីស្រឡាញ់ប្រាសចាកន័យដើម។ ទិវានៃក្តីស្រឡាញ់ ឬបុណ្យសង្សារ មានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ដែលឈានដល់ចំណុចកំពូលអំឡុងឆ្នាំ ២០០៩ ត្រូវបានមើលឃើញថា វាមាននិន្នាការថយចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២៤។
ការស្រាវជ្រាវដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តងដោយលោក តុង សុប្រាជ្ញ ទីប្រឹក្សាសុខភាពសាធារណៈកម្ពុជា និងជាអតីតអ្នកសរសេរអត្ថបទកិច្ចការសង្គមរបស់កាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងវិធីដែលយុវជនកម្ពុជាយល់ឃើញ និងប្រារព្ធទិវានេះផ្ដោតសំខាន់លើតែរឿងស្នេហា។
លោកបាននិយាយថា នេះជាឆ្នាំចុងក្រោយហើយ ដែលលោកធ្វើការស្រាវជ្រាវអំពីទំនោរយុវវ័យក្នុងទិវានៃក្ដីស្រឡាញ់ ដោយសារលោកមើលឃើញថា ភាពជ្រួលជ្រើមរបស់យុវវ័យមានការថយចុះខ្លាំង ដល់កម្រិតលែងព្រួយបារម្ភ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្នុងចំណោមអ្នកចូលរួមក្នុងការសិក្សាចំនួន ១ ៤៦៩ នាក់ នៅសល់តែ ១ ភាគ ៣ នៃពួកគាត់ ដែលនៅតែគិតថា ទិវានៃក្ដីស្រឡាញ់នៅជាថ្ងៃសប្បាយ និងពិសេសសម្រាប់ពួកគាត់»។
ការសិក្សាដែលបានប្រៀបធៀបទិន្នន័យពីឆ្នាំ ២០០៩ ឆ្នាំ ២០១៤ និង ២០១៩ ជាមួយនឹងការរកឃើញចុងក្រោយបំផុតនៅឆ្នាំ ២០២៤ បង្ហាញពីការធ្លាក់ចុះនៃទិន្នានាការស្វែងរកការរួមភេទចំណោមយុវវ័យអាយុពី ១៥-២៤ ឆ្នាំ។
ជំរឿនប្រជាជនកម្ពុជាឆ្នាំ ២០០៨ បានឱ្យដឹងពីចំនួនយុវជនដ៏ច្រើន អាយុពី ៩ ទៅ ១៨ ឆ្នាំ ដែលអ្នកចូលរួមស្នូលក្នុងការសិក្សានេះ ដោយឥឡូវនេះ ពួកគេមានអាយុ ១៥-២៤ឆ្នាំ។
អ្នកជ្រួលជ្រើមនឹងទិវានៃក្ដីស្រឡាញ់ បានថយចុះមកត្រឹម ៣៤,៤ ភាគរយសម្រាប់អ្នកចូលរួមក្នុងការសិក្សានៅឆ្នាំ ២០២៤ ខណៈអត្រានៅឆ្នាំ ២០០៩ មានរហូតដល់ ៦១,២ ភាគរយ។
លោក សុប្រាជ្ញ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈ និងត្រូវបានគេស្គាល់សម្រាប់ការស្រាវជ្រាវយ៉ាងទូលំទូលាយរបស់គាត់ក្នុងការសិក្សាអំពីចំនួនប្រជាជន ប្រជាសាស្ត្រ សុខភាពបន្តពូជ និងអំពើហិង្សាផ្អែកលើយេនឌ័រ ហើយលោកត្រូវបានទទួលស្គាល់ផងដែរសម្រាប់ការងាររបស់គាត់ជាសកម្មជនសិទ្ធិមនុស្ស ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។
ការទិញផ្កាជូនគូស្នេហ៍លែងសូវជារឿងសំខាន់ចំពោះយុវវ័យ ដោយប្ដូរទៅជាវត្ថុខ្លឹមជាងមុន និងលែងគិតតែពីកាដូអន្ទងចិត្ដសម្រាប់ការរួមភេទ ឬការបង្កើតបរិយាកាសរ៉ូមែនទិក ដូចជា ទទួលទានអាហារ សាសង ក្លឹប និងឡើងសណ្ឋាគារ។ យោងតាមការសិក្សា ការជូនកាដូដល់គូសង្សារបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៧៦,៦ ភាគរយ ក្នុងឆ្នាំ ២០០៩ មកត្រឹមតែ ៤២,៥ ភាគរយ ក្នុងឆ្នាំ ២០២៤។
លោក សុប្រាជ្ញ មើលឃើញថា យុវវ័យបច្ចុប្បន្នយកឱកាសទិវានៃក្ដីស្រឡាញ់នេះនៅផ្ទះ ទៅសាលារៀនធម្មតាវិញ។ ពួកគេហាក់មានការយល់ដឹងច្រើនចំពោះការផ្សព្វផ្សាយ និងព័ត៌មានផ្សេងៗ។ ទីកន្លែងសម្រាប់ការប្រារឰទិវានៃក្តីស្រឡាញ់ក៏ត្រូវបានផ្លាស់ប្តូរពីកន្លែងឯកជនដែលសម្រួលដល់ការរួមផ្លូវភេទទៅកាន់កន្លែងសាធារណៈដូចជាសាលារៀន ផ្សារទំនើប និងរោងកុន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការរំពឹងទុកអំពីការរួមភេទនៅទិវានៃសេចក្តីស្រឡាញ់បានធ្លាក់ចុះជាង ៥ ដងចាប់តាំងពីឆ្នាំ ២០០៩។ ការថយចុះនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការថមថយនិន្នាការពេញនិយមដែលទិវានៃក្តីស្រឡាញ់លែងជា «ថ្ងៃពិសេស» សម្រាប់សកម្មភាពបែបនេះ។
ចំណុចសំខាន់បំផុត ទាក់ទងផែនការនៃការរួមភេទ ដោយកាលពីឆ្នាំ ២០០៩ ផែនការនៃការរួមភេទមានការកើនឡើងខ្លាំងមែនទែន ក្នុងអត្រានៃការសិក្សាបង្ហាញថា មានចំនួន ១២,៤ ភាគរយ។
លោក សុប្រាជ្ញ បាននិយាយថា៖ «អត្រា ១២,៤ ភាគរយនេះ ពិតជាធ្វើឱ្យយើងបារម្ភខ្លាំង។ យើងធ្វើយុទ្ធនាការ រួមជាមួយក្រសួងកិច្ចការនារី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំជាដើម ដោយអត្រានៃផែនការរួមភេទនេះបានធ្លាក់ចុះជាបន្ដបន្ទាប់ រហូតដល់ឆ្នាំទី ១៥ នេះគឺជាឆ្នាំចុងក្រោយ ដែលធ្លាក់ចុះមកត្រឹម ២,២ ភាគរយ ឬធ្លាក់ចុះ ៥ ដង»។
លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងអ្នកជំនាញទស្សនវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា យុវជនជំនាន់នេះមានសេរីភាពច្រើនជាងមុន និងទទួលយកវប្បធម៌ច្រើនតាមរយៈបណ្ដាញសង្គម រឿងអាសអាភាស និងផ្សេងៗ។
លោកទទួលស្គាល់ថា ចំពោះការរួមភេទ ទោះបីជាវាមិនកើតឡើងក្នុងទិវានៃក្ដីស្រឡាញ់ វានៅតែកើតឡើងក្នុងកម្រិតមួយខ្ពស់ជាងសម័យមុនៗ។ លោកនិយាយថា ការជ្រួលជ្រើមរបស់យុវជនចំពោះទិវានៃក្ដីស្រឡាញ់នេះហាក់មានការថយចុះប្រាកដមែន បើធៀបនឹងឆ្នាំមុនៗ ជាពិសេស មុនកូវីដ១៩។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កាលមុនៗនោះ វាមានភាពគគ្រឹកគគ្រេងណាស់ ជាពិសេស យើងអង្កេតមើលតាមរយៈការលក់ផ្កា ដែលលក់ដាច់ច្រើន និងនៅច្រើនកន្លែង។ យុវជនប្រមូលផ្ដុំគ្នានៅតាមទីកន្លែងកម្សាន្ដ ហើយអ្នកខ្លះទៅដល់ផ្ទះសំណាក់ ឬសណ្ឋាគារ»។
ការសិក្សាបានឱ្យដឹងថា មានតែយុវជនមួយចំនួនតូចប៉ុណ្ណោះដែលនៅតែប៉ងផ្លូវភេទក្នុងអំឡុងពេលទិវានៃក្តីស្រឡាញ់ក្នុងឆ្នាំ ២០២៤ ជាតួលេខមិនត្រូវបានគេចាត់ទុកថាមានសារៈសំខាន់គ្រប់គ្រាន់ដើម្បីធានាឱ្យមានអន្តរាគមន៍ធ្ងន់ធ្ងរនោះទេ។ ទោះបីជាមាននិន្នាការវិជ្ជមានទាំងនេះក៏ដោយ ការសិក្សាក៏បានបំភ្លឺលើបញ្ហាជាប់លាប់ ដូចជាចេតនាមិនផ្លាស់ប្តូររបស់យុវជនមួយចំនួនក្នុងការបង្ខិតបង្ខំដៃគូរបស់ពួកគេឱ្យរួមភេទ ជាដើមចមទាមទារឱ្យមានវិធានការអប់រំស្តីពីការយល់ព្រម និងសិទ្ធិផ្លូវភេទ។
ការសិក្សាថ្នាក់ជាតិបានបង្ហាញពីការកើនឡើងនៃភាគរយនៃស្ត្រីវ័យជំទង់ ដែលចូលរួមក្នុងការរួមភេទមុនរៀបការពី ០,២ ភាគរយ ក្នុងឆ្នាំ ២០០០ ដល់ ១,១ ភាគរយ ក្នុងឆ្នាំ ២០១៤។ ទន្ទឹមនឹងនោះ ចំពោះបុរស មានការថយចុះដំបូងពី ១១,៥ ភាគរយ ក្នុងឆ្នាំ ២០០៥ មកត្រឹម ៨,៤ ភាគរយ ក្នុងឆ្នាំ ២០១០ តែបានកើនឡើងវិញដល់ ១១,៣ ភាគរយ នៅត្រឹមឆ្នាំ ២០១៤។ ថ្វីដ្បិតតែជាទូទៅបុរសមានឱកាសចេញក្រៅច្រើនជាងនារីយ៉ាងណាក៏ដោយ ក៏ក្នុងឱកាសពិសេស ដូចជា ពិធីបុណ្យចូលឆ្នាំ បុណ្យអុំទូក ឬគ្រិស្មាស់ជាដើម នារីបច្ចុប្បន្នក៏មានឱកាសចេញក្រៅច្រើនផងដែរ។
លោក សុប្រាជ្ញ បានបន្ដមុនពេលបិទបញ្ចប់ការស្រាវជ្រាវឱកាសទិវានៃក្ដីស្រឡាញ់នេះថា៖ «ឥឡូវនេះ វាលែងក្លាយជាប្រធានបទសុខុមាលភាពផ្លូវភេទទៀតហើយ ហើយលទ្ធផល ២,២ ភាគរយនេះគឺជាអត្រាទាបបំផុតហើយ។ ដូច្នេះ ឱកាសរួមភេទអំឡុងថ្ងៃពិសេសៗទាំងនេះ មិនខុសពីឱកាសរួមភេទនៅអំឡុងថ្ងៃធម្មតាទូទៅនោះទេ»។
យ៉ាងណាមិញ លោកបាននិយាយថា នៅសល់ករណីតូចៗមួយចំនួនទៀត ដោយករណីកន្លងមក ការស្រាវជ្រាវបានរកឃើញថា នៅសល់ ១៧ នាក់ ដែលបន្ដរួមភេទនៅថ្ងៃនៃក្ដីស្រឡាញ់ បើសិនជាសង្សាររបស់ពួកគេមិនប្រកែក។ អត្រានៅសេសសល់តិចតួចនេះ គឺជាឥរិយាបថរបស់យុវវ័យមួយចំនួនទូទៅ។
នៅក្នុងការសិក្សាពីមុន គេបានរកឃើញថា បុគ្គលចំនួន ១៧ នាក់ក្នុងឆ្នាំ ២០០៩ និង ១៦ បុគ្គលក្នុងឆ្នាំ ២០២៤ បានបន្តចូលរួមក្នុងសកម្មភាពផ្លូវភេទនៅទិវានៃក្តីស្រឡាញ់ ប្រសិនបើដៃគូរបស់ពួកគេមិនជំទាស់។ អត្រាសំណល់ទាបនេះបង្ហាញពីអាកប្បកិរិយាទូទៅក្នុងចំណោមយុវជនមួយចំនួន។
ការសិក្សាបានលើកឡើងពីមតិរបស់អ្នកចូលរួមជាបុរសដែលនិយាយថា៖ «ខ្ញុំនឹងនិយាយទៅកាន់នាងប្រសិនបើយើងមិនរួមភេទ យើងមិនស្រឡាញ់គ្នាពិតប្រាកដដើម្បីព្យាយាមឱ្យនាងយល់ព្រម ហើយខ្ញុំនឹងដាក់សម្ពាធនាងដោយយកនាងទៅឆ្ងាយពីទីក្រុងដើម្បីព្យាយាមរួមភេទជាមួយនាង»។
ផ្ទុយទៅវិញ ១ភាគ៣ (៣២ ភាគរយ) នៃបុរសដែលមានគម្រោងរួមភេទដែរ ប៉ុន្តែបាននិយាយថា ពួកគេនឹងមិនចូលរួមក្នុងការរួមភេទដែលមិនមានការព្រមព្រៀងនោះទេ ដោយនិយាយថា«ទេ! ខ្ញុំមិនមានអារម្មណ៍ខ្លាំងនឹងការរួមភេទ ហើយគ្រាន់តែដើរលេងជាមួយគ្នាដើម្បីសប្បាយ»។
លោក យន់ ភារុន នាយកប្រតិបត្ដិសមាគមឈូកសកំពុងផ្ដល់សេវាថែទាំសុខភាព និងព្យាបាលអ្នកផ្ទុកជំងឺអេដស៍ជិត ៣ ពាន់នាក់ ជាក្រុមប្រឈមខ្ពស់ ក៏បានលើកឡើងថា យុវជនសម័យឥឡូវមិនសូវភ្ញាក់ផ្អើលដូចកាលពេលមុននោះទេ ដោយសារមានការផ្សព្វផ្សាយច្រើនតាមបណ្ដាញទំនាក់ទំនងសង្គម និងងាកមករំឭកដឹងគុណចំពោះមនុស្សជាទីស្រឡាញ់ ជាឪពុក ជាម្ដាយ ជាសាច់ញាតិជាជាងសង្សារ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការផ្លាស់ប្ដូរទាំងអស់នេះដោយសារតែប្រព័ន្ធផ្សព្វផ្សាយរបស់យើងបានផ្សព្វផ្សាយទូលំទូលាយទៅដល់ក្រុមយុវវ័យ រួមទាំងមជ្ឈដ្ឋានទូទៅផងដែរ»។
ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ការយល់ដឹងរបស់មាតាបិតាទាក់ទងនឹងចេតនារបស់កូនៗទាក់ទងនឹងសកម្មភាពទិវានៃក្តីស្រឡាញ់នៅតែមិនផ្លាស់ប្តូរ ពោលគឺមិនសូវរវីរវល់ចំពោះពួកគេ។
ទន្ទឹមនឹងនោះ ការស្រាវជ្រាវបានលើកឡើងពីនិន្នាការពាក់ព័ន្ធមួយថា៖ «យុវជនមួយចំនួនតូចមានគម្រោងប្រើស្រោមអនាម័យ ហើយមានការខ្វះខាតការយល់ដឹងយ៉ាងទូលំទូលាយអំពីសិទ្ធិផ្លូវភេទក្នុងចំណោមពួកគេ។ ការយល់ដឹងទាំងនេះបង្ហាញពីតម្រូវការសំខាន់សម្រាប់ការធ្វើអន្តរាគមន៍ដែលមិនកំណត់ចំពោះទិវានៃក្តីស្រឡាញ់ តែគ្រប់ពេលវេលា»។
ការសិក្សានេះបានបង្ហាញថា៖ «កិច្ចខិតខំប្រឹងប្រែងបែបនេះគួរតែផ្ដល់តម្លៃទៅលើវប្បធម៌ខ្មែរ ការអប់រំអំពីសិទ្ធិផ្លូវភេទ សារៈសំខាន់នៃការយល់ព្រម និងការលើកកម្ពស់ការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព រួមទាំងការប្រើប្រាស់ស្រោមអនាម័យផងដែរ»។
លោក ប៊ុនថង បានលើកឡើងថា ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ យុវជនកាន់តែយល់ច្បាស់អំពីកម្មវិធីបុណ្យ ដែលរំឭកទៅដល់គ្រិស្ដសាសនិក ក្រោយទទួលបានការបកស្រាយពីអ្នកជំនាញ អ្នកអប់រំ។ ទិវានេះមិនមែនជាបុណ្យប្រពៃណីជាតិខ្មែរ ឬមិនមែនជាបុណ្យអន្ដរជាតិទេ៕