ភ្នំពេញៈ នៅក្នុង​រយៈពេល​ជាង ៤ ​ឆ្នាំកន្លងមក គឺ​ចាប់តាំងពី​វិបត្តិ​សុខភាព​កាលពី​ឆ្នាំ ២០២០ ហើយ​បន្ទាប់មក​ការផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ​ដែល​កំពុងតែបន្ត​ដល់ពេល​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋ​កិច្ច​សកលលោក និង​តំបន់​។ ការណ៍​នេះ​បាន​បណ្ដាលឱ្យ​សកម្មភាព​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ធ្លាក់ចុះ​យ៉ាងខ្លាំង​រួមទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​សកម្មភាព​សំណង់ និង​អចលន​​ទ្រព្យ​មានការ​រីកចម្រើន​យឺត​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) វិស័យ​សំណង់​មាន​កំណើន​ទាប ១,១​ ភាគរយ ​ធៀប​នឹង​ ០,៥​ ភាគរយ ​នៅ​ឆ្នាំ​ ២០២២ ដែល​គាំទ្រ​ដោយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដូចជា ផ្លូវ​ល្បឿន​លឿន ស្ពាន និង​អាកាស​​យានដ្ឋាន​ជាដើម​។ ការ​នាំចូល​សម្ភារ និង​បរិក្ខារ​សំណង់​បាន​កើន ៤,៧​ ភាគ​​រយ ​(​ឆ្នាំមុន​ថយ ២៥,៦ ​ភាគរយ​)​។ ផ្ទៃក្រឡា និង​តម្លៃ​គម្រោង​សំណង់​ដែល​ទទួលបាន​ការអនុម័ត បាន​កើនឡើង​ ១ ​ដង ជាពិសេស​គម្រោង​សំណង់​លំនៅឋាន និង​សំណង់​សាធារណៈ ខណៈ​ចំនួន​គម្រោង​សំណង់​សរុប​បាន​ថយចុះ ២០,៥ ​ភាគរយ​។​

​ចំណែក​វិស័យ​អចលនទ្រព្យ​បន្ត​កើនឡើង​ទាប​ត្រឹម ០,៥ ​ភាគរយ​ធៀប​នឹង ០,២ ​ភាគរយ​នៅ​ឆ្នាំ​ ២០២២​។ សកម្ម​ភាព​លក់​លំនៅឋាន ​(​ផ្ទះល្វែង វីឡា​ភ្លោះ និង​ទោល​) បាន​ថយចុះ ៤៩,៧ ​ភាគរយ ខណៈ​ការលក់​ខុន​ដូ​កើន ២​ ភាគរយ​។ ស​ន្ទ​ស្សន៍​ថ្លៃ​លំនៅឋាន (RPPI) ថយចុះ ២,៤ ​ភាគរយ​ដែល​ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ថយចុះ ៣,២ ​ភាគរយ និង​នៅតាម​បណ្តា​ខេត្ត​បាន​កើនឡើង ៣,២​ ភាគរយ​។​

​លោក ច្រឹ​ក សុខ​នី​ម សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​យឺត​នៃ​វិស័យ​សំណង់ និង​អចលនវត្ថុ​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន គឺ​នឹង​បន្ត​នៅ​ឆ្នាំនេះ ប៉ុន្តែ​ក្នុង​អត្រាកំណើន​ទាប​។​

​លោក​ពន្យល់ថា វិស័យនេះ​មានកំ​ណើ​ន​ខ្ពស់បំផុត​ក្នុងអំឡុង​ពេលមុន​ការរីក​រាលដាល​ជំងឺ​កូ​វីដ ជាពិសេស​ក្នុង​ឆ្នាំ​ ២០១៨ ឆ្នាំ​ ២០១៩ និង​ដើម​​ឆ្នាំ​ ២០២០ នៅពេលដែល​កម្ពុជា​បាន​ទាក់ទាញ​ការវិនិយោគ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ពី​វិនិយោគិន​បរទេស និង​ក្នុងស្រុក ដោយសារ​តម្រូវការ​ខ្ពស់​។ ទោះបីយ៉ាងណា​លោក​ឱ្យដឹងថា ចាប់​តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ តម្រូវការ​បាន​ធ្លាក់ចុះ ខណៈ​គម្រោង​សាងសង់​មួយចំនួន​ត្រូវបាន​ផ្អាក និង​គម្រោង​ខ្លះ​ធ្វើការ​សាងសង់​យឺត​។​

​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា​វិស័យនេះ​មាន​ភាពល្អ​ប្រសើរឡើង​តិចតួច​បំផុត​កាលពី​ឆ្នាំមុន បន្ទាប់ពី​រង​ផលប៉ះពាល់​ខ្លាំង​ដោយ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ​ ១៩ ហើយ​បន្ទាប់មក​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត​កើតឡើង​។ ទោះយ៉ាងណា​ក៏ដោយ អត្រាកំណើន​នៅតែ​ទាប​ខ្លាំង​សម្រាប់​ឧស្សាហ​កម្មនេះ​បើ​ធៀប​ទៅនឹង​ស្ថានការណ៍​មុន​វិបត្តិ​»​។​

​ចំនួន​ការវិនិយោគ​ដែល​ត្រូវបាន​អនុ​ម័ត​ក្នុង​វិស័យ​សំណង់​នៅតែ​រឹងមាំ​ចន្លោះ​ពី​ខែមករា​-​វិច្ឆិកា ឆ្នាំ​ ២០២៣ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​គម្រោង​ចំនួន ៣ ១៤២ លើ​ផ្ទៃក្រឡា​សាងសង់ ១២,៦៩ ​លាន​ម៉ែត្រការ៉េ ជាមួយនឹង​ទុនវិនិយោគ ៥,២៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក ជីវ ស៊ីវ​ផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះ​ចំនួន​គម្រោង​វិ​និ​យោគ​ក្នុងអំឡុងពេល​កំណើន​ទុន​វិ​និ​យោគ និង​ផ្ទៃក្រឡា​សំណង់ មានន័យថា គម្រោង​ភាគច្រើន​ដែល​ត្រូវ​បានអនុម័ត​ដោយ​អាជ្ញាធរ​គឺជា​គម្រោង​ធំ ហើយ​ជាការ​វិនិយោគ​ដែលមាន​ដើម​​ទុន​ច្រើន​។ ការណ៍​នេះ​បញ្ជាក់​ពី​ទំនុក​ចិត្ត​របស់​វិនិយោគិន​ធំៗ ពិសេស​ជន​​បរទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​។​

​លោក​លើកឡើងថា វិស័យ​សំណង់​ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្តើម​ស្ទុះ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​ពី​ការធ្លាក់ចុះ​ខ្លាំង​ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ កន្លងមក​។​

​លោក​បន្តថា​៖ «​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹងមាំ គឺជា​មូល​ហេតុ​ចម្បង​ដែល​ជួយ​ឱ្យ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគិន​អចលនទ្រព្យ និង​សំណង់​កាន់តែច្រើន​មក​បណ្តាក់​​ទុន​។ នៅពេល​ការវិនិយោគ​ផ្ទាល់​កើនឡើង តម្រូវការ​អគារ​ការិយាល័យ និង​រោងចក្រ​ក៏​កើនឡើង​ផងដែរ​»​។​

​ឆ្នាំ​ ២០២៤ ត្រូវបាន​រំពឹងថា នឹងមាន​ភាពល្អប្រសើរ​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​ថ្លែង​ក្នុង​ពិធី​បិទ​អង្គសន្និបាត​ប្រចាំឆ្នាំ​កាលពី​ចុងខែ​មករា​ថា ទស្សនវិស័យ​ឆ្នាំ​ ២០២៤ នេះ គឺ​សេដ្ឋកិច្ចពិភពលោក​នឹង​នៅតែ​បន្ត​ប្រឈម​ភាពមិនច្បាស់លាស់​ជាច្រើន​រួមមាន ភាព​តានតឹង​ភូមិសាស្ត្រ​ន​យោ​បាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ​។​

​លោកស្រី​បន្តថា ហានិភ័យ​ខាងក្នុង​ក៏​អាចជា​បញ្ហា​ប្រឈម​ផងដែរ រួមមាន ការ​ងើបឡើង​ទន់ខ្សោយ​នៃ​វិស័យ​សំ​ណង់ និង​ការថយចុះ​នៃ​តម្រូវការ​ក្នុង​វិស័យ​អចលនទ្រព្យ ដោយសារ​វិបត្តិ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​ការ​​បន្ថយល្បឿន​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ដែលជា​ប្រទេស​វិនិយោគ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​។ លំហូរ​ទាប​នៃ​ការវិនិយោគ​បរទេស​ទៅកាន់​វិស័យ​អចលនទ្រព្យ នឹង​នាំឱ្យ​ថយចុះ​ប្រភព​ចំណូល​មួយ​គាំទ្រ​ដល់​តម្រូវការ​អ​ច​លន​ទ្រព្យ​ក្នុងស្រុក​ផងដែរ​។​

​លោក សុខ​នី​ម បានផ្តល់​អនុសា​សន៍​ថា គួរតែ​មានគំនិត​ផ្តួចផ្តើម​មួយ ពី​រដ្ឋាភិបាល​ក្នុង​ការរៀបចំ​មូលនិធិ​ពិសេស​តាមរយៈ​ធនាគារពាណិជ្ជ​ក្នុង​ការផ្តល់​ប្រាក់កម្ចី​បន្ថែមទៀត​ដើម្បី​អាចជួយ​អ្នក​អភិវឌ្ឍន៍​ដែល​គម្រោង​សាង​សង់​មិនទាន់​បញ្ចប់​។​

​លោក​លើកឡើងថា​៖ «​យើង​គួរតែមាន​មូលនិធិ​ពិសេស​មួយ​ដើម្បី​ជួយសង្គ្រោះ​វិស័យនេះ​។ ដូចដែល​យើង​មើលឃើញ​ហើយ​ថា ទោះបីជា​រដ្ឋា​ភិ​បាល​បានអនុម័ត​គម្រោង​សាងសង់​ជាច្រើន​កាលពី​ឆ្នាំ​ ២០២៣​ ក៏ដោយ ក៏​គម្រោង​ទាំងនោះ​មិនទាន់បាន​ចាប់​ផ្ដើម​ដំណើរ​ការសាងសង់​នៅឡើយ​ទេ ខណៈដែល​គម្រោង​មួយចំនួន​ផ្សេងទៀត​ត្រូវបាន​បញ្ឈប់ និង​មួយចំនួន​សាងសង់​ក្នុង​ល្បឿន​យឺត​»៕