ភ្នំពេញៈ រូបអប្សរាឈរកាច់កាំភ្លើងដែលផ្គុំឡើងពីដែកកាំភ្លើងខូចគុណភាពទម្ងន់ ៣០០ គីឡូក្រាម ត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ជាសក្ខីភាពនៃការស្រឡាញ់សន្តិភាពរបស់កម្ពុជាតាមរយៈស្ថាបត្យករកម្ពុជា ១ រូប ដែលរចនាបញ្ចូលគ្នាតាមបែបទម្រង់សិល្បៈខ្មែរ និងសិល្បៈសហសម័យដ៏ល្អវិចិត្រ។
ស្នាដៃដ៏ល្អឯកនេះ បានទាក់ទាញចំណាប់អារម្មណ៍និស្សិតស្ថាបត្យកម្មនៅជុំវិញពិភពលោកប្រមាណ ១០០ នាក់ដែលរៀននៅសាកលវិទ្យាល័យ Michigan ឱ្យសរសើរពីថ្វីដៃរបស់លោកអ៊ុក ជឹមវិចិត្រ។ស្ថិតនៅទីតាំង ១ មិនឆ្ងាយប៉ុន្មានពីទីប្រជុំជននៃរាជធានីភ្នំពេញ គេឃើញបន្ទះដែកតូចធំរាយប៉ាយនៅលើដីជាមួយនឹងសកម្មភាពដ៏មមាញឹកក្នុងការកាត់ដែក ផ្សារដែក ដែលយូរៗម្តងមានជះពន្លឺខ្លាំងស្រវាំងភ្នែក។ ទីនោះគឺជារោងជាងផលិតកែច្នៃដែកសំណល់អេតចាយឱ្យទៅជារូបសិល្បៈផ្សេងៗដែលស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ ហើយរូបអប្សរាកាច់កាំភ្លើងក៏ចេញពីប្រភពនេះដែរ។
ឆ្នាំ ១៩៩៧ ជាឆ្នាំដែលលោក អ៊ុក ជឹមវិចិត្រ បានចាប់ផ្តើមសិក្សានៅមធ្យមវិចិត្រសិល្បៈ(សាលាសូនរូប) រហូតទទួលបានបរិញ្ញាបត្រពីមហាវិទ្យាល័យស្ថាបត្យកម្មនៃសាកល វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ ២០០៦។ បរិញ្ញាបត្រនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏ច្បាស់លាស់មួយដែលរុញច្រានលោកអ៊ុក ជឹមវិចិត្រ ឱ្យមានសមត្ថភាពទាំងការគូររូប ទាំងការឆ្លាក់បានគ្រប់ទម្រង់នៃក្បាច់រចនាតាមសិល្បៈខ្មែរទាំងអស់។
លោក វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា រូបអប្សរាកាច់កាំភ្លើងឬអប្សរាអ្នកចម្បាំង គឺជាស្នាដៃសិល្បៈដ៏ល្បីល្បាញ លើកដំបូងបំផុតរបស់លោកដែលត្រូវបាននិស្សិត ១ រូប ក្នុងសាកលវិទ្យាល័យ Michigan ទិញ នៅឆ្នាំ ២០០៧ យកទៅដាក់តាំងបង្ហាញក្នុងសាកលវិទ្យាល័យរបស់ខ្លួននៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកដាក់តាំងបង្ហាញនៅក្នុងខេត្តសៀមរាប។
លោកបានឱ្យដឹងថា តាមរយៈស្ថាបត្យកម្មច្នៃប្រឌិតនេះបានធ្វើឱ្យនិស្សិតបរទេសទាំងជំនាញស្ថាបត្យកម្ម និងនិស្សិតផ្សេងទៀតបានស្គាល់ពីអត្ថន័យនៃការស្រឡាញ់សន្តិភាពកាន់តែច្បាស់ពីកម្ពុជា។
ម្យ៉ាងគោលគំនិតសំខាន់បំផុតរបស់លោកដែលច្នៃប្រឌិតពីដែកអាវុធដែលគេធ្លាប់តែយកទៅធ្វើសង្គ្រាមមកជារូបអប្សរាតាមរយៈការរចនាជារូបសិល្បៈក៏ជាសារនៃសន្តិភាពដែលបង្ហាញដល់មនុស្សគ្រប់រូបឱ្យបានដឹងផងដែរ។
លោកបានថ្លែងថា៖ «រូបអប្សរា ១ នេះខ្ញុំផ្គុំឡើងពីដែកកាំភ្លើងមានដូចជាកាំភ្លើងអាកា (AK) ដែកកាំភ្លើងយន្តផ្សេងៗលាយនឹងដែកចំពុះទុង ដែកបង់ខ្សែគ្រាប់។ ខ្ញុំផ្គុំឡើងពីបំណែកដែកតូចៗទៅធំ ទើបបង្កើតបានជារូបនេះឡើងមានកម្ពស់ ២,៥០ ម៉ែត្រ និងមានទម្ងន់ជាង ៣០០ គីឡូក្រាម ដោយចំណាយពេលធ្វើ ១ ខែ តែម្នាក់ឯងគត់»។
បើតាមលោក ជឹមវិចិត្រ ចាប់តាំងពីមានការដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ Michigan មកមានជនបរទេសច្រើននាក់បានទាក់ទងមកលោកដើម្បីចង់ដឹងពីស្នាដៃនៃការកែច្នៃរួមនឹងគេចង់ដឹងពីគោលបំណងផ្សេងៗរបស់លោកក្នុងការចែករំលែកចំណេះដឹង។ ក្នុងនោះក៏មានជនបរទេសខ្លះធ្វើដំណើរពីប្រទេសគេមកជួបលោកផ្ទាល់ទៀតផង។
ជុំវិញការសាងរូបនេះលោកបានប្រាប់ថា ភាគច្រើនគឺផលិតចេញពីដែកអេតចាយ ហើយរាល់ផលិតផលសិល្បៈកែច្នៃ ឬមិនថាជាគំនូរទេ ត្រូវបានលក់ចេញទៅក្រៅប្រទេសដូចជា ប្រទេសសិង្ហបុរី ប្រទេសចិន អូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតសរុបប្រមាណជា១០ប្រទេសមកហើយ។ ចំពោះផ្ទាំងគំនូរដែលភ្ញៀវបរទេសទិញមានតម្លៃផ្សេងៗគ្នាទៅតាមខ្នាតឬទំហំ រីឯរូបចម្លាក់ដែកផ្គុំគ្នាវិញក៏មានតម្លៃទៅតាមប្រភេទដែរ ចាប់ពី ៥ ម៉ឺនដុល្លារចុះក្រោមអាស្រ័យទៅតាមទំហំជាក់ស្ដែង។
លោក ជឹមវិចិត្រ បានរំឭកប្រាប់ថា កាលពីបរទេសមិនទាន់ស្គាល់ពីតម្លៃសិល្បៈស្ថាបត្យកម្មរបស់លោក គឺលោកគ្រាន់តែធ្វើការងារកំប៉ិកកំប៉ុកប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នលោកមានរោងជាង១សមរម្យអាចធ្វើការងារជាមួយជាងជំនាញៗប្រមាណ ១០ នាក់។ ការផលិតនេះលោកក៏មានបំណងអភិរក្សសិល្បៈវប្បធម៌របស់ដូនតាខ្មែរ និងគ្រាន់តែបញ្ចូលសិល្បៈសហសម័យខ្លះក្នុងតួរូបនីមួយៗដើម្បីឱ្យមានភាពទាក់ទាញ។ លោកផលិតជាវត្ថុតាំងលម្អតាមជញ្ជាំងផលិតពីដែក ជាគំនូរគូរលើជញ្ជាំងឬជារូបសត្វសម្រាប់ដាក់តាំងនៅទីសាធារណៈដែលរចនាបែបសិល្បៈខ្មែរ ៥០ ភាគរយ លាយបញ្ចូលសិល្បៈសហសម័យ ៥០ ភាគរយ។
លោកបានថ្លែងថា៖ «ដោយសារខ្ញុំធ្លាប់រៀននៅសាលាភូមិន្ទវិចិត្រសិល្បៈដូចនេះខ្ញុំស្រឡាញ់សិល្បៈវប្បធម៌ខ្មែរខ្ញុំចង់អភិរក្សវា។ ខ្ញុំមានចំណេះដឹងជាមូលដ្ឋានច្បាស់លាស់ខ្ញុំអាចធ្វើបានទាំងអស់ ទាំងគូរ ទាំងឆ្លាក់ ទាំងរូបសិល្បៈបែបច្នៃប្រឌិតដែលបង្កប់ទម្រង់បែបសិល្បៈខ្មែរជានិច្ច»។
លោកបានបញ្ជាក់ទៀតថា ភាគច្រើនស្នាដៃរបស់លោកទាំងអស់រាប់ទាំងគំនូរផង ភាគច្រើន គឺទទួលការគាំទ្រពីក្រៅប្រទេសច្រើនជាងក្នុងស្រុក។ មិនថាជាគំនូរឬជារូបចម្លាក់អ្វីមួយទេ គឺផលិតផលនីមួយៗត្រូវធ្វើឡើងតាមការស្រមើស្រមៃដោយប្រើអារម្មណ៍ទើបផលិតចេញជារូប ១ ថ្មី មិនចម្លងស្នាដៃពីគេ គឺធ្វើជារបស់ខ្លួនឯង ដែលនេះហើយបង្ហាញពីគុណតម្លៃនៃស្ថាបត្យកម្ម។
បច្ចុប្បន្នលោក អ៊ុក ជឹមវិចិត្រ ក៏ជាគ្រូបណ្តុះបណ្តាលម្នាក់នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកស្ថាបត្យកម្មហើយក៏ជាអ្នកស្រាវជ្រាវចងក្រងឯកសារទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរផងដែរ។ ក្រៅពីចំណាយពេលវេលាបម្រើការងារនៅសាកលវិទ្យាល័យ លោកក៏ឆ្លៀតធ្វើការងារចម្លាក់ ឬគូរគំនូរឯកជនរបស់លោកសម្រាប់រកកម្រៃទ្រទ្រង់ជីវភាពគ្រួសារផងដែរ។ ជាបន្តបន្ទាប់លោកបានចែករំលែកចំណេះជំនាញផ្នែកស្ថាបត្យកម្មដល់សិស្សនៅក្នុងរោងជាងរបស់លោកច្រើននាក់មកហើយ ហើយបច្ចុប្បន្នមានយុវជនប្រមាណជា ១០ នាក់កំពុងហាត់ការជាមួយលោកនៅក្នុងរោងជាងនេះ។
ពាក់ព័ន្ធនឹងការផ្សំផ្គុំដែករចនាជារូបបែបសិល្បៈនេះដែរ លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សម្រាប់ការកែច្នៃដោយយកវត្ថុនេះវត្ថុនោះមកផ្គុំជាតំណាងសិល្បៈវប្បធម៌របស់ខ្មែរគឺវាមិនខុសឆ្គងអីទេ តែអ្វីដែលសំខាន់នោះគឺរូបដែលកែច្នៃនោះវាមានក្បួនខ្នាតត្រឹមត្រូវឬអត់?ឧទាហរណ៍ថាផ្កាភ្ញី ត្រូវប្រើនៅកន្លែងណាសម ឬមិនទំនង។
យ៉ាងណាក្ដី លោកបានបញ្ជាក់ថា៖«ប៉ុន្តែបើគាត់ជាគ្រូបង្រៀនផ្នែកស្ថាបត្យកម្មស្រាប់ផងនោះ ខ្ញុំគិតថាគាត់ពិតជាបានយល់ច្បាស់ ខាងខ្ញុំមានតែកោតសរសើរគាត់វិញប៉ុណ្ណោះ»៕