ជលផលជាវិស័យមួយ ដែលជាប្រភពផ្តល់នូវអាហារូបត្ថម្ភ និងប្រាក់ចំណូលមិនចេះអស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីបរមបុរាណមក ដែលទាមទារឱ្យមានការអភិរក្ស និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ដើម្បីជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងលើវិស័យមួយនេះសម្រាប់កម្ពុជា អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) បានគាំទ្រលើការសិក្សាស្រាវជ្រាវរបស់និស្សិតក្នុងការចុះមូលដ្ឋានផ្ទាល់លើប្រធានបទទាក់ទងវិស័យជលផលស្ថិតនៅតាមបណ្តាខេត្តតំបន់ឆ្នេរ និងតំបន់ទឹកសាប។ និស្សិតដែលបានចុះទៅសិក្សាស្រាវជ្រាវផ្ទាល់ ពួកគេបានរៀនសូត្រចំណេះដឹងថ្មីៗជាច្រើន ដូចជាការងារជលផល រដ្ឋបាល ការស្រាវជ្រាវ ព្រមទាំងបានប្រមូលបានទិន្នន័យសម្រាប់ផ្តល់ជាធាតុចូលសំខាន់ក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងជលផល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការសិក្សាស្រាវជ្រាវ។
ក្នុងពេលសម្រាកអាហារសម្រន់ បន្ទាប់ពីធ្វើបទបង្ហាញលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ កញ្ញា តេង ស្រីពេជ្រ អាយុ ២៣ ឆ្នាំ ក្នុងឯកសណ្ឋានអាវពណ៌ផ្ទៃមេឃ និងសំពត់ខ្មៅជានិស្សិតមកពីសាកលវិទ្យាល័យក្រចេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាងបានចុះទៅស្រាវជ្រាវនៅមូលដ្ឋាន ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុសិក្សាពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ដែលរស់នៅពឹងអាស្រ័យលើព្រៃកោងកាង។
និយាយច្បាស់ៗដោយសំឡេងខ្លាំងៗ ប្រកបដោយជំនឿជាក់លើខ្លួនឯង ស្រីពេជ្រ ប្រាប់ថា ការចុះស្រាវជ្រាវនេះជាការធ្វើសារណាបិទបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់នាងផង និងបានធ្វើការហាត់ការជាមួយមន្ត្រីជំនាញជលផលផង។ ចំណេះដឹងថ្មីៗដែលនាងទទួលបានពីការស្រាវជ្រាវនេះគឺបានដឹងពីជីវភាព និងការរស់នៅប្រកបរបរចិញ្ចឹមជីវិតជាក់ស្តែងរបស់ប្រជាពលរដ្ឋនិងបានដឹងពីរបៀបធ្វើការងាររបស់មន្ត្រីជំនាញជលផល និងការងាររដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានផងដែរ។
តាមរយៈការចុះសម្ភាសផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្រីពេជ្រ យល់ឃើញថា បច្ចុប្បន្ន មន្ត្រីជលផលពិតជាមានការយកចិត្តទុកដាក់ខ្លាំងក្នុងការងាររបស់ខ្លួន ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើស។ ជាមួយគ្នានោះស្រីពេជ្រ លើកឡើងថា សូម្បីរាជរដ្ឋាភិបាល និងអង្គការក្រៅប្រទេស តួយ៉ាងដូចជាអង្គការ FAO ក៏បានចូលរួម ក្នុងកិច្ចការងារជំរុញការអភិរក្សជលផលផងដែរ។ ហេតុនេះស្រីពេជ្រយល់ថា ទៅថ្ងៃមុខធនធានជលផលអាចនឹងមានអំណោយផលល្អច្រើន។
ស្រីពេជ្រនិយាយថា៖ «អង្គការ FAO បានបង្កើតជាគម្រោងគាំទ្រការស្រាវជ្រាវនេះ ដើម្បីយកលទ្ធផលទាំងអស់នោះទៅអភិវឌ្ឍន៍នូវអ្វីខ្វះខាត អ៊ីចឹងខ្ញុំគិតថា ទៅថ្ងៃមុខទៀតធនធានជលផល ក៏ដូចជាធនធានធម្មជាតិទាក់ទងនឹងវិស័យជលផលហ្នឹង ក៏នឹងកើនឡើងវិញដោយសារការយកចិត្តទុកដាក់បង្ក្រាបបទល្មើស និងរក្សាធនធានធម្មជាតិពីមន្ត្រីជំនាញ»។
និស្សិតរូបនេះលើកឡើងថា ការងារស្រាវជ្រាវរបសនាងដែលគាំទ្រដោយអង្គការ FAO មានរយៈពេល ៦ ខែសម្រាប់ការស្រាវជ្រាវសារណាបិទបញ្ចប់ការសិក្សា និងរយៈពេល ៦ ខែទៀត សម្រាប់ការធ្វើការងារហាត់ការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល។
លទ្ធផលស្រាវជ្រាវដែលនាងប្រមូលបាន អង្គការ FAO នឹងយកទៅប្រគល់ជូនមន្ត្រីជំនាញជលផលដើម្បីបានជាមូលដ្ឋានគ្រឹះច្បាស់លាស់ងាយស្រួលសម្រាប់ដាក់ចេញផែនការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ។ ជាមួយគ្នានោះ លទ្ធផលស្រាវជ្រាវនេះសំខាន់សម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល។
មិនឆ្ងាយពីនោះលោក វៀត វាន និស្សិតមកពីវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម វ័យ ២៣ ឆ្នាំ ក្នុងសម្លៀកបំពាក់អាវស ខោខ្មៅ ជានិស្សិតម្នាក់ទៀតដែលបានចូលរួមការស្រាវជ្រាវនេះបានឱ្យដឹងថា លោកបានចុះទៅសិក្សាស្រាវជ្រាវនៅតំបន់សហគមន៍នេសាទបឹងក្រពិត ដែលស្ថិតនៅភូមិសាស្ត្រ ឃុំមៀន និងឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសិក្សាស្រាវជ្រាវ ពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យផលពីព្រៃលិចទឹក។
ការជំរុញឱ្យលោកធ្វើការស្រាវជ្រាវនេះព្រោះលោកមើលឃើញពីសក្ដានុពលនៃវិស័យជលផល និងធនធានជលផល ហើយធនធានព្រៃលិចទឹកមានទំនាក់ទំនង យ៉ាងសំខាន់សម្រាប់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ និងអ្នកនេសាទ។
លោកបន្ថែមថា ការដឹងច្បាស់ពីស្ថានភាពជាក់ស្តែងនៃប្រជានេសាទ និងតំបន់ដែលពួកគាត់ពឹងអាស្រ័យផល ព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតឡើង ជាជំនួយដ៏សំខាន់សម្រាប់មន្ត្រីជំនាញ រៀបចំផែនការគ្រប់គ្រង។
បទពិសោធន៍ជាក់ស្តែងមិនខុសពីកញ្ញា តេង ស្រីពេជ្រ ប៉ុន្មាននោះទេ លោក វៀត វាន ប្រាប់ថា ការស្រាវជ្រាវនេះធ្វើឱ្យលោកបាន ទទួលចំណេះដឹងថ្មីៗលើការងាររដ្ឋបាល ការងារសហគមន៍នេសាទការងារអភិរក្សធនធានជលផល និងការងារវារីវប្បកម្ម។
លោកនិយាយថា៖ «ខ្ញុំគិតថា បទពិសោធន៍ការងារទាំងនោះ មានសារៈប្រយោជន៍សំខាន់សម្រាប់ខ្ញុំ ជាពិសេសទទួលបាននូវបទពិសោធន៍ល្អៗ ពីលោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំរបស់ខណ្ឌរដ្ឋបាលជលផលលើកិច្ចការងារជាច្រើន»។
និយាយពីការចុះស្រាវជ្រាវជាក់ស្តែងលោក វៀត វាន ប្រាប់ថា ក្រៅពីប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍អាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញ និងភាគីពាក់ព័ន្ធលើការងារគ្រប់គ្រងធនធានជលផលនៅក្នុងសហគមន៍ លោកបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ តាមភូមិដើម្បីសម្ភាសស្រង់ទិន្នន័យ។ ជាមួយគ្នានោះលោកក៏បានចុះដល់ទីតាំងព្រៃលិចទឹក កំណត់ទំហំនិងសណ្ឋានព្រៃលិចទឹកនិងធ្វើការវិភាគចងក្រងជាឯកសារ ដែលឯកសារនោះជាមូលដ្ឋានល្អមួយសម្រាប់ការផ្សព្វផ្សាយ។
លោកថ្លែងថា៖ «ខ្ញុំបានទទួលឱកាសការងារល្អៗ លើការងារសិក្សាស្រាវជ្រាវក៏ដូចជាកិច្ចការងារហាត់ការ នៅខណ្ឌរដ្ឋបាលជលផល។ ចុះទំនាក់ទំនងជាមួយប្រជានេសាទផ្ទាល់ និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ហើយខ្ញុំបានទទួលប្រាក់ឧបត្ថម្ភក្នុងការចុះហាត់ការ ពីអង្គការ FAO តាមរយៈគម្រោង Ca PFISH-capture»។
ដោយមើលឃើញថា ការគាំទ្រដល់វិស័យជលផលនិងវារីវប្បកម្មពិតជាមានសារៈសំខាន់សម្រាប់ទ្រទ្រង់ ដល់ការហូបចុករស់នៅប្រចាំថ្ងៃ ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ មិនអាចខ្វះបានលោក វៀត វាន ប្តេជ្ញាថា នឹងបន្តចូលរួមផ្សព្វផ្សាយពីសារៈសំខាន់ នៃធនធានព្រៃលិចទឹក និងធនធានជលផលព្រមទាំងចូលរួមចំណែកលើកិច្ចការងារផ្សេងៗទៀតធ្វើយ៉ាងណាឲ្យវិស័យជលផលមានភាពរីកចម្រើន។
លោកបានថ្លែងថា៖ «ខ្ញុំសុំឱ្យអ្នកពាក់ព័ន្ធទាំអស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រដល់ការសិក្សាស្រាវជ្រាវសំដៅលើកកម្ពស់កម្រិតការយល់ដឹងក៏ដូចជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍វិស័យជលផលបន្តទៅទៀត»។
ចំណែកកញ្ញា ណាន់ បញ្ញា អាយុ ២៣ ឆ្នាំ ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានចុះស្រាវជ្រាវពីការគ្រប់គ្រងសហគមន៍នេសាទភ្នៀតកោះពងសត្វ នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការចុះស្រាវជ្រាវនេះជាឱកាសតែ១គត់សម្រាប់នាងក្នុងការស្វែងយល់ដោយផ្ទាល់ពីការងារក្នុងវិស័យជលផល និងស្ថានភាពជាក់ស្តែងនៃការងារសហគមន៍មូលដ្ឋាន។
កញ្ញានិយាយថា៖ «ខ្ញុំពិតជាបានរៀនសូត្រច្រើនទាក់ទងទាំងការងាររដ្ឋបាលក្នុងខណ្ឌរដ្ឋបាលជលផល ការចុះបេសកកម្មផ្សេងៗនិងបចេ្ចកទេសផ្នែកជលផលផងដែរ។ វាពិតជាផ្ដល់ប្រយោជន៍ ដល់ខ្ញុំដែលអាចយកវាទៅប្រើប្រាស់ក្នុងការស្វែងរកការងារនិងចែករំលែកដល់សិស្សប្អូនជំនាន់ក្រោយផងដែរ»។
កញ្ញាប្រាប់ពីការមើលឃើញជាក់ស្តែងក្នុងពេលចុះអនុវត្តន៍ផ្ទាល់ថា ការចុះទៅស្រាវជ្រាវដល់មូលដ្ឋាន ឃើញថា ទាំងមន្ត្រីខណ្ឌជលផល និងអាជ្ញាធក្នុងតំបន់ ពិតជាបានយកចិត្តទុកដាក់លើការងារជលផលយ៉ាងមមាញឹកក្នុងការថែរក្សា និងអភិរក្សធនធានជលផលក៏ដូចជាផ្ដល់នូវបច្ចេកទេសដល់ប្រជាជនក្នុងតំបន់។
លោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា ការសិក្សាស្រាវជ្រាវ និងការចុះហាត់ការជាក់ស្តែងនេះ ធ្វើឱ្យនិស្សិតទទួលបានការសិក្សារៀនសូត្រប្រកបដោយវិជ្ជាជីវៈ។ ជាមួយគ្នានោះ នៅតាមបណ្តាខណ្ឌរដ្ឋបាលជលផល ក៏ទទួលបានកម្លាំងការងារបន្ថែមព្រមទាំងចំណេះដឹងថ្មីៗពីនិស្សិតផងដែរ។
លោកលើកឡើងថា ការងារស្រាវជ្រាវនេះពិតជាធាតុចូល ដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាជំនាញជលផល។ ការកែលម្អកម្មវិធីសិក្សា គឺដើម្បីធានាថា សាកលវិទ្យាល័យ នឹងផ្តល់នូវការអប់រំប្រកបដោយគុណភាពក្នុងវិស័យជលផល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
លោកថ្លែងថា៖ «ការកែលម្អកម្មវិធីសិក្សាផ្នែកជលផលនេះ នឹងរួមចំណែក ដល់ការលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេសតាមរយៈការបង្កើត និងកសាងសមត្ថភាពចំណេះដឹងនិងជំនាញដែលពាក់ព័ន្ធវិស័យជលផលដល់អ្នកជំនាន់ក្រោយ»។
លោក ហួន ថាវរៈ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឱ្យដឹងថា រដ្ឋបាលជលផលនិងអង្គការ FAO បានគាំទ្រដល់សាលាចំនួន៤ ដើម្បីជ្រើសរើសនិស្សិតជិតបញ្ចប់ការសិក្សា សម្រាប់ធ្វើការសិក្សាស្រាវជ្រាវនេះ។ ក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។
លោកថា ដំណើរការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលគាំទ្រដោយសហភាពអឺរ៉ុបបានគ្របដណ្តប់ទៅលើវិស័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម។ ការគាំទ្រនេះផ្តល់ឱកាសដល់និស្សិតចំនួន ៣៧ នាក់ មកពីសាកលវិទ្យាល័យទាំង ៤ ខាងលើ ដើម្បីធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងវិស័យជលផលដោយបានពិគ្រោះយោបល់និងស្នើឡើងដោយខណ្ឌ រដ្ឋបាលជលផលនៅទូទាំង ២០ ខេត្តនៅតំបន់ឆ្នេរ និងតំបន់ទឹកសាប។
លោកថ្លែងថា៖ «ការគាំទ្រដល់កម្មវិធីសិក្សា របស់សាកលវិទ្យាល័យក្នុងវិស័យជលផល បានអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាពខ្លឹមសារ នៃវគ្គសិក្សា និងមេរៀនសម្រាប់បង្រៀនខណៈដែលការកែលម្អ នឹងមានការផ្លាស់ប្តូរដើម្បីឆ្លើយតបតម្រូវការក្នុងវិស័យនេះ។ និស្សិតដែលសិក្សានៅសាកលវិទ្យាល័យនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗសម្រាប់តម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន»៕