ភ្នំពេញៈ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពី «គោលដៅទេសចរណ៍របស់ប្រទេសទាំង ២» កម្ពុជា និងឥណ្ឌូនេស៊ី បានយល់ព្រមក្នុងការធ្វើពិពិធកម្មការតភ្ជាប់ជើងហោះហើរ ដោយតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូនេស៊ី មកកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាដូចជា ខេត្តសៀមរាប និងតំបន់ឆ្នេរ ស្របពេលដែលការមកដល់នៃភ្ញៀវទេសចរឥណ្ឌូនេស៊ីកំពុងកើនឡើង។
លំហូរទេសចរណ៍រវាងរដ្ឋជាសមាជិកអាស៊ានទាំង ២ នេះកំពុងកើនឡើង
ការប្តេជ្ញាចិត្តលើការលើកកម្ពស់ «ប្រទេស ២ គោលដៅតែ ១» បានធ្វើឡើងក្នុងជំនួបរវាងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ នៅទីស្តីការក្រសួងទេសចរណ៍។
នៅក្នុងជំនួបនោះភាគីទាំង ២ បានពិភាក្សាពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ និងស្តង់ដាទេសចរណ៍ ដើម្បីជំរុញទេសចរទៅវិញទៅមក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានដកស្រង់សម្ដីដោយលើកឡើងថា៖ «លោករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងពីគោលដៅទេសចរណ៍នៃប្រទេសទាំង ២ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ពីគោលដៅទេសចរណ៍សំខាន់ៗរបស់ឥណ្ឌូនេស៊ី មកគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជាខេត្តសៀមរាប និងតំបន់ឆ្នេរជាដើម»។
កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសទ្វេភាគីកម្ពុជា និងឥណ្ឌូនេស៊ីត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៦៩ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ ២០០៦
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គឺជាទីផ្សារដ៏ធំបំផុតមួយនៅក្នុងទ្វីបអាស៊ី សម្រាប់ទាំងផ្នែកសេដ្ឋកិច្ច និងប្រជាជន ដែលកម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនជុំវិញការពង្រីកជើងហោះហើរត្រង់នេះ។
លោកស្រីថ្លែងថា៖ «ការហោះហើរត្រង់កាន់តែច្រើនរវាងប្រទេសទាំង ២ នឹងផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសយើងក្នុងការទាក់ទាញភ្ញៀវឥណ្ឌូនេស៊ី ក៏ដូចជាធុរជនកាន់តែច្រើន។ ដូចយើងអាចមើលឃើញថាប្រទេសឥណ្ឌូនេស៊ីអាចជាទីផ្សារទេសចរណ៍ឈានមុខគេនៅអាស៊ីបើនិយាយពីចំនួនប្រជាជន»។ ប៉ុន្តែលោកស្រីបានផ្តល់អនុសាសន៍ថា កម្ពុជាបានរៀបចំកញ្ចប់ទេសចរណ៍ណាមួយឱ្យបានល្អទាក់ទងនឹងការស្នាក់នៅ ហើយជាពិសេសអាហារដូចជាអាហារហាឡាល ដើម្បីបម្រើដល់ពួកគេ។
លោកស្រីលើកឡើងថា៖«យើងយល់ថា កន្លងមកដោយសារយើងខ្វះអាហារហាឡាល។ ភ្ញៀវទេសចរភាគច្រើនមានតែនៅតាមតំបន់ទេសចរណ៍សំខាន់ៗដូចជារាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាកន្លែងបម្រើអាហារហាឡាល។ ដូច្នេះហើយ នៅពេលនេះ គោលដៅជាច្រើនផ្សេងទៀតត្រូវរៀបចំឱ្យបានល្អ ដើម្បីបម្រើពួកគេ»។
កាលពីខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Air Asia បានចាប់ផ្តើមការហោះហើរត្រង់រវាងទីក្រុងហ្សាការតា និងរាជធានីភ្នំពេញ ជាវិធានការមួយដែលត្រូវបានរំពឹងថានឹងពង្រឹងឧស្សាហកម្មទេសចរណ៍ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២។
ការបង្កើតឱ្យមានជើងហោះហើរត្រង់នេះធ្វើឡើងតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដែលបានចុះហត្ថលេខានៅស្ថានទូតឥណ្ឌូនេស៊ី ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១០ មេសា។
មេដឹកនាំទាំង ២ បានប្តេជ្ញានឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ បានជួបពិភាក្សាជាមួយលោក Darmosumarto ហើយលោកក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងឥណ្ឌូនេស៊ី ត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកែលម្អបន្ថែមទៀតលើវិស័យនានាដូចជា សេដ្ឋកិច្ច អប់រំ ការពារជាតិ និងវិស័យផ្សេងៗទៀតនៅឆ្នាំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម លោក Santo បានវាយតម្លៃខ្ពស់ដល់សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុនម៉ាណែត រយៈពេល ១០០ ថ្ងៃដំបូង។
សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «ឆ្នាំ ២០២៤ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។ នៅក្នុងជំនួបនោះលោកឯកអគ្គរដ្ឋទូតបានសម្តែងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យឆ្នាំ ២០២៤ ក្លាយជាឆ្នាំមួយនៃកិច្ចខិតខំ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំង ២»។
លោក ម៉ាណែត បានស្វាគមន៍លោក Santo និងសហការី ដោយបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ។ ក្នុងជំនួបនោះ ភាគីទាំង ២ ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចដូចជាការបង្កើន និងបន្តការនាំអង្ករកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
យោងតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២៣ ប្រទេសកម្ពុជាបានស្វាគមន៍ការមកដល់របស់ភ្ញៀវបរទេសចំនួនជាង ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥ ភាគរយបើធៀបឆ្នាំ ២០២២ ដោយក្នុងនោះភ្ញៀវជនជាតិឥណ្ឌូនេស៊ីមានចំនួន ១២៧ ១៧៨ នាក់ កើនឡើងជាង ៦៨ ភាគរយ៕