សៀមរាប: ជាការលម្អសោភណភាពមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប ផ្ទាំងគំនូរដ៏ធំរបស់វិចិត្រករបារាំងលោក Chifumi Krohom បានបង្ហាញនូវភាពស្រស់ស្អាតនៅក្នុងទីក្រុងបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងពីគំនូរដ៏ប្រណីត និងភាពវិសេសនៃប្រាសាទតាព្រហ្ម។ ស្នាដៃសិល្បៈនេះទាក់ទាញអ្នកទស្សនាជាមួយនឹងរូបភាពដ៏ស្រស់បំព្រងនៃរបាំអប្សរា ជាសិល្បៈដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ។
លោក Chifumi ជាវិចិត្រករជនជាតិបារាំងម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៣ មក បាននិយាយថា៖ «ក្នុងការងារសិល្បៈរបស់ខ្ញុំ ជាធម្មតា ការបំផុសគំនិតកើតចេញពីប្រវត្តិវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាក់ស្ដែង ចំពោះគម្រោងនេះ ខ្ញុំបានជ្រើសរើសបង្កើតស្នាដៃសិល្បៈព្រះព្រហ្ម ដែលបំផុសគំនិតពីចម្លាក់សម័យអង្គរ»។
លោកបានបន្ដថា៖ «ផ្ទាំងគំនូរនេះមានទីតាំងនៅមន្ទីរពេទ្យគន្ធបុប្ផា និងតាមផ្លូវទៅប្រាសាទអង្គរវត្ត ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការរំលេចនូវរចនាប័ទ្មវប្បធម៌ជាតិ»។
លោកបញ្ជាក់ថា សិល្បៈពិសេសមួយនេះមានទំហំធំបំផុតដែលលោកធ្លាប់ធ្វើ ដែលតម្រូវឱ្យធ្វើការបន្តរយៈពេល ៣ សប្តាហ៍ដោយមិនឈប់សម្រាក ១ ថ្ងៃ។
លោកមានបំណងប្រាថ្នាដ៏មុតមាំក្នុងការបង្កើតអ្វីមួយដែលឆ្លើយតបនឹងសហគមន៍មូលដ្ឋាន និងបន្ថែមអត្តសញ្ញាណរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប។
ផ្ទាំងគំនូរនេះមិនត្រឹមតែលើកកម្ពស់សោភណ្ឌភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងដើរតួជាផ្លូវវប្បធម៌ ភ្ជាប់សមិទ្ធិផលសិល្បៈពីអតីតកាលដែលទទួលបានការកោតសរសើរពីសំណាក់សាធារណជន។
លោក Chifumi ជាអ្នករៀបចំមហោស្រពសិល្បៈទីក្រុងកម្ពុជា ជាព្រឹត្តិការណ៍ដំបូងសម្រាប់សិល្បៈសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា បាននិយាយថា រាល់រចនាប័ទ្មទាំងអស់កើតចេញពីទម្រង់វប្បធម៌ខ្មែរ ជាពិសេសពីទីតាំងក្រុងនៃខេត្តសៀមរាប និងតំបន់ប្រាសាទបុរាណ។
លោក Chifumi បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ដោយសារគំនូរលើជញ្ជាំងនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំបានជ្រើសរើសរូបភាពតំណាងឱ្យព្រះព្រហ្ម ជាអ្នកបង្កើតលោកតាមជំនឿបុរាណ។ ខ្ញុំជឿថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមជ្ឈមណ្ឌលសម្ភពដ៏ធំបំផុតមួយនៅក្នុងប្រទេស។ ដើម្បីរក្សាភាពអរូបីមួយចំនួននៅក្នុងការរចនានេះ ខ្ញុំក៏បានរួមបញ្ចូលនូវលម្អ ក្បាច់ភ្ញីទេស ដែលតំណាងឱ្យរុក្ខជាតិរីកដុះដាល និងសម្បូរបែបដែលបានរកឃើញនៅជុំវិញប្រាសាទ»។
គំនូរព្រះព្រហ្មដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះមិនមែនជាការរួមចំណែកសិល្បៈដំបូងរបស់លោកនោះទេ ប៉ុន្តែជាការបន្តស្នាដៃលើកទី២បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ដែលលោកបានគូរនៅក្នុងឆ្នាំ ២០២៣។
វិចិត្រកររូបនេះសម្តែងការដឹងគុណចំពោះឱកាសក្នុងការបន្ថែមសោភ័ណភាពដល់បរិយាកាសរបស់មន្ទីរពេទ្យ ហើយសង្ឃឹមថា អ្នកទស្សនានឹងទទួលបាននូវភាពរីករាយ ដែលគំនូរនីមួយៗជាសក្ខីភាពនៃការងារសង្គ្រោះជីវិតមនុស្សរបស់មន្ទីរពេទ្យ។
វិចិត្រករបារាំងរូបនេះនិយាយថា៖ «ខ្ញុំមានសំណាងណាស់ដែលមានឱកាសបន្តបង្កើតផ្ទាំងគំនូរសម្រាប់ពួកគេ ហើយខ្ញុំសង្ឃឹមថា អ្នកទស្សនានឹងរីករាយជាមួយនឹងសិល្បៈ»។
បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាសិល្បៈនៅប្រទេសបារាំង លោក Chifumi បានផ្លាស់មកប្រទេសកម្ពុជា ដោយចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសិល្បៈបេតិកភណ្ឌបុរាណនៅកម្ពុជា។
ចំណង់ចំណូលចិត្តនេះបាននាំឱ្យរូបលោករៀបចំមហោស្រពសិល្បៈទីក្រុងកម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ ដោយលើកទឹកចិត្តឱ្យសិល្បករក្នុងស្រុកវ័យក្មេងបង្ហាញស្នាដៃ។ សិល្បៈរបស់លោកត្រូវបានបង្កើតឡើងនៅកន្លែងផ្សេងៗគ្នា ដូចជា ប្រទេសកម្ពុជា រដ្ឋកាលីហ្វ័រនីញ៉ា ម៉ាដាហ្គាស្ការ ឥណ្ឌា បារាំង ដាណឺម៉ាក ក្រូអាត ថៃ នេប៉ាល់ និងអ៊ីតាលី។
លោក Chifumi តែងតែបង្ហាញពីចំណង់ចំណូលចិត្តចំពោះវប្បធម៌ខ្មែរ ដោយពេលទំនេរទៅលេងវត្ត និងប្រាសាទនានាទូទាំងប្រទេសកម្ពុជា។បន្ទាប់ពីការផ្លាស់ទីលំនៅពីភ្នំពេញទៅខេត្តសៀមរាប លោកបានចាប់យកឱកាសដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅក្នុងបរិយាកាសពិសេសក្នុងតំបន់ដែលសម្បូរទៅដោយប្រវត្តិសាស្ត្រសម័យអង្គរ។
ជាមួយនឹងការគោរពយ៉ាងជ្រាលជ្រៅចំពោះស្នាដៃបុរាណទាំងនេះ វិចិត្រករបារាំងរូបនេះ មានបំណងធ្វើឱ្យមានតុល្យភាពរវាងការបង្កើតថ្មីប្រកបដោយច្នៃប្រឌិត និងរក្សាប្រពៃណី។
លោកលើកឡើងថា មានតែសារមន្ទីរ និងវិចិត្រសាលមួយចំនួនប៉ុណ្ណោះនៅក្នុងព្រះរាជាណាចក្រ។ ថ្វីដ្បិតតែជាធម្មតាវាត្រូវបានផ្តួចផ្តើម និងបើកដំណើរការដោយអ្នកស្រឡាញ់សិល្បៈពិតប្រាកដក៏ដោយ ជាមួយចំនួនប្រជាជនតិចតួចមានឱកាសទៅទស្សនា។
លោក Chifumi បានឱ្យដឹងថា៖ «សិល្បៈសាធារណៈអាចឱ្យមនុស្សគ្រប់រូបពេញចិត្តចំពោះសិល្បៈ ទោះបីជាធ្វើដំណើរដោយម៉ូតូ ឬដើរតាមផ្លូវក៏ដោយ។ នេះប្រហែលជាវិធីដ៏ល្អមួយដើម្បីភ្ជាប់ជាមួយនឹងសិល្បៈ និងឫសគល់វប្បធម៌។ ខ្ញុំគិតថា សិល្បករនៅទីនេះត្រូវមានការគាំទ្របន្ថែមទៀតសម្រាប់ការបង្កើតទម្រង់សិល្បៈក្រៅអគារ»។
គំនូរព្រាងរបស់ Chifumi ត្រូវបានផលិតជាឌីជីថលដោយប្រើកម្មវិធី Illustrator ដោយផ្អែកលើរូបថតនៃចម្លាក់ខ្មែរ ឬអាទិទេព។ គំនូរព្រាងនីមួយៗត្រូវបានរចនាឡើងជាពិសេសសម្រាប់ជញ្ជាំងអគារណាមួយដ៏ជាក់លាក់។ នៅក្នុងគម្រោងនេះ លោកបានឱ្យដឹងថា បញ្ហាប្រឈមគឺការរួមបញ្ចូលគ្រប់ជ្រុងប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះ កម្ពស់ ១៨ ម៉ែត្រ ជាផ្ទាំងគំនូរលើជញ្ជាំងដ៏ធំបំផុតនៅកម្ពុជា។
លោក Chifumi បាននិយាយថា៖ «ការរក្សាសមាមាត្រត្រឹមត្រូវ និងពណ៌ជាក់លាក់ទាមទារជំនាញដ៏អស្ចារ្យ អរគុណចំពោះបទពិសោធន៍ជាង ១០ ឆ្នាំរបស់ខ្ញុំក្នុងវិស័យនេះ»។
Chifumi ត្រូវបានអ្នកសិល្បៈជាច្រើនរូបលើកទឹកចិត្ដឱ្យផលិតស្នាដៃធំៗ ដោយពួកគេបានជួយជ្រោមជ្រែងអំឡុងពេលចាប់ផ្ដើមគម្រោងដំបូងៗ ក្រុមការងាររបស់មន្ទីរពេទ្យគន្ធបុប្ផាក៏បានចូលរួមផងដែរ ជាមួយការរៀបចំដោយសាងសង់រន្ទា។
ទោះជាយ៉ាងណាក៏ដោយ លោក Chifumi បានចាត់ទុកថា វាជាកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកជាចម្បងដោយត្រួតពិនិត្យដំណើរការពីគំនូរព្រាងបឋមរហូតដល់ការសម្រេចចុងក្រោយ។
លោកថា ស្ទីលសិល្បៈរបស់លោកមានឥទ្ធិពលយ៉ាងខ្លាំង ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងអំពីបរិបទវប្បធម៌នៅក្នុងប្រទេសនីមួយៗដែលលោកធ្វើការ។ លោកក៏រីករាយនឹងដំណើរការច្នៃប្រឌិតនៃការរួមបញ្ចូលគ្នានូវឥទ្ធិពលពីវប្បធម៌ផ្សេងៗ។
លោកថា៖ «ជាឧទាហរណ៍ នៅប្រទេសម៉ាដាហ្គាស្ការកាលពីឆ្នាំមុន ខ្ញុំបានបង្កើតផ្ទាំងគំនូរមួយដែលរួមបញ្ចូលគ្នារវាងនាគខ្មែរ និងទេវកថាអ្រាហ្វិក។ លទ្ធផលគឺអស្ចារ្យណាស់ ព្រោះវប្បធម៌នីមួយៗសុទ្ធតែបង្ហាញអត្ថន័យសិល្បៈតាមរយៈស្នាដៃរបស់ពួកគេ»។
គំនូរយក្សលើជញ្ជាំងមន្ទីរពេទ្យ ស្ថិតក្នុងបរិវេណអគារសង់ថ្មីរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលត្រៀមបើកសម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈ ដែលមហាជននឹងមានឱកាសទស្សនា។ លោកគ្រោងបន្តការងារនៅខេត្តសៀមរាបជាច្រើនខែបន្ទាប់ពីបញ្ចប់ការគូរគំនូរនៅមន្ទីរពេទ្យគន្ធបុប្ផា៕