សៀមរាបៈ សៀមរាប គឺជាខេត្ដមួយក្នុងចំណោមខេត្តដែលស្ថិតជាប់បឹងទន្លេសាបទាំង ៦ ហើយក៏កំពុងទទួលបានការគាំទ្រពីគម្រោងអភិរក្សការពារបឹងទន្លេសាបរបស់សហភាពអឺរ៉ុប (EU) តាមរយៈគម្រោង «បឹងទន្លេសាបរបស់យើង» ដែលរហូតមកទល់ពេលនេះបានអនុវត្តរយៈពេលប្រមាណ ៣ ឆ្នាំមកហើយ។
ធនធានធម្មជាតិដែលជាតំបន់ដីសើមក្នុងបឹងទន្លេសាបដែលមានការប្រទាក់ក្រឡាគ្នារវាងខេត្តជុំវិញបឹងទន្លេសាប ក្នុងនោះក៏មានខេត្តសៀមរាបផងដែរដែលជាតំបន់ស្នូលមួយសម្រាប់វិស័យទេសចរណ៍។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាបបានឱ្យដឹងថា បច្ចុប្បន្នប្រសិនបើភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាតំបន់អង្គរក្នុងនោះក៏មានអ្នកចូលទៅមើលបឹងទន្លេសាបជាច្រើននាក់ផងដែរ។
លោកថ្លែងថា តម្លៃបឹងទន្លេសាបនេះ គឺជាគុណតម្លៃមួយដ៏ធំថែមទៀត។ បើធ្វើការប្រៀបធៀបជាមួយនឹងតម្លៃអង្គរ «ដ៏រុងរឿងរបស់យើង» ទន្លេសាបគឺជាតំបន់ទាក់ទាញផងដែរហើយសហគមន៍នៅតាមបឹងទន្លេសាបក្នុងខេត្តសៀមរាបក៏មានជីវភាពធូរធារតាមរយៈភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងនោះដែរ។
លោក អ៊ឹង គឹមលាង ថ្លែងដូច្នេះក្នុងពិធីបើកដំណើរទស្សនកិច្ចកាលពីចុងខែមករារបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា លោក Igor Driesmans ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Stefan Messerer និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ទៅកាន់តំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប និងតំបន់រ៉ាមសារព្រែកទាល់ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ និងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកថ្លែងថា៖ «ដោយសារតែមានការគ្រប់គ្រងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន រួមគ្នា[ក្នុង]កិច្ចសហការក្នុងការចូលរួមចំណែកការអភិរក្សគ្រប់គ្រងនៅឆ្នាំ ២០២៤ នេះ ប្រភេទត្រីកម្រមានការកើនឡើង។ បរិមាណត្រីមានការសម្បូរជាងមុន ពិតមែនតែទឹកឆ្នាំនេះមានលក្ខណៈតូចជាងឆ្នាំទៅ ប៉ុន្តែធនធានត្រីមានលក្ខណៈប្រែប្រួល»។
លោកបានបន្ថែមថា៖ «នេះជាចំណុចសំខាន់ហើយស្របតាមគោលការណ៍របស់ EU ដែលបានជួយកន្លងមក សុំអរគុណណាស់ គឺជួយលើតំបន់អភិរក្សហើយតំបន់ការពារ ជាពិសេស គឺស្នាក់ការរបស់ជលផលត្រូវបានគាំទ្រដោយ EU ហើយសហគមន៍ និងដៃគូអភិវឌ្ឍន៍នានា រួមជាមួយនឹងតំបន់ការពារមួយចំនួនទៀតបានធ្វើឱ្យត្រីមានការប្រែប្រួល។ វិធានការបន្តរបស់ខេត្តគឺត្រូវពិនិត្យឡើងវិញលើតំបន់អភិរក្សដែលមាននៅខេត្តសៀមរាប [ក្នុងការ] ស្តារ ការពារ និងគ្រប់គ្រង»។
លោក អ៊ឹង គឹមលាង បានឱ្យដឹងដែរថា ក្នុងការរៀបចំគ្រប់គ្រងធនធានធម្មជាតិឱ្យបានស្ថិតស្ថេរក្នុងតំបន់ដីសើមនេះខេត្តសៀមរាបមានវិធានការចំនួន ៣ គឺប្រមូលផ្តុំស្ថិតិជនដែលមានការខុសឆ្គងក្នុងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីគ្រប់គ្រង និងអប់រំណែនាំដោយមានកិច្ចសន្យា, កែតម្រូវកិច្ចការច្បាប់មួយចំនួនឱ្យស្របទៅតាមធនធានដែលខេត្តមាន និងវិធានការនៃការបង្ក្រាបឱ្យខាងតែបាន។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏បានជិះទូកទស្សនាតំបន់បឹងទន្លេសាបដ៏ធំល្វឹងល្វើយព័ទ្ធជុំវិញដោយព្រៃលិចទឹក ដោយចេញដំណើរពីកំពង់ផែទេសចរណ៍ចុងឃ្នៀសនៃខេត្តសៀមរាបឆ្ពោះទៅកាន់តំបន់រ៉ាមសារព្រែកទាល់ដែលមានផ្ទៃក្រឡាជាង ២ ម៉ឺនហិកតា ស្ថិតក្នុងខេត្តបាត់ដំបង និងបានទស្សនាប្រភេទសត្វស្លាបដែលមានជាង ២០០ ប្រភេទនៅតំបន់នោះផងដែរ។
លោក អ៊ឹង គឹមលាង ដែលបានរួមដំណើរជាមួយគណៈប្រតិភូបានថ្លែងនៅក្នុងពិធីបិទដំណើរទស្សនកិច្ចនេះថា ដោយសារមានការចូលរួមចំណែកគាំទ្រទាំងថវិកា ធនធានមនុស្ស និងសម្ភារបរិក្ខារធ្វើឱ្យជីវចម្រុះនៅតំបន់បឹងទន្លេសាបនេះធានាបានគុណភាពនៃការការពារ ហើយព្រៃលិចទឹកក៏ធានាបានការការពារបានល្អផងដែរ។
លោកបានថ្លែងថា៖ «តំបន់អភិរក្សត្រីនៅទីនោះ គ្រាន់តែយើងជិះទូក មានការឆ្លងកាត់ទៅ យើងឃើញមាត់ត្រីលោតឡើង។ សកម្មភាពប្រជាពលរដ្ឋនៅតាមដងស្ទឹងក៏មានសកម្មភាពយ៉ាងរស់រវើក ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមួយអាចវាយតម្លៃបានថា ដោយសារមានគម្រោងនេះហើយ។ ជាពិសេសយើងឃើញមានភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានចូលរួមចំណែកក្នុងការផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះមានជីវភាពធូរធារ»។
លោក អ៊ឹង គឹមលាង បានបន្ថែមថា នេះគឺជាការចូលរួមចំណែកចំណងសាមគ្គីភាពដ៏រឹងមាំរវាង EU និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ ហើយលោកស្នើឱ្យមានការបន្តគម្រោងនេះតទៅទៀត និងសំណូមពរឱ្យមានការសិក្សាអំពីតុល្យភាពនៃការប្រើប្រាស់ត្រីនៅតំបន់បឹងទន្លេសាប រួមមាន សត្វដែលស៊ីត្រីច្រើន ថា តើក្នុង ១ ឆ្នាំអស់ត្រីចំនួនប៉ុន្មានសម្រាប់សត្វ ១ ក្បាល ហើយត្រីដែលនៅក្នុងទឹកមានប៉ុន្មានដែលអាចនេសាទបាន។
លោកបានបញ្ជាក់ថា៖ «យើងឃើញថា សត្វដែលស៊ីត្រីមានច្រើន មានទាំងសត្វភេ សត្វស្លាប សត្វពស់ និងសត្វដទៃទៀត ហើយរួមទាំងមនុស្សឡើង។ អ៊ីចឹងប្រសិនបើយើងសិក្សាអំពីតុល្យភាពនៃការប្រើប្រាស់នេះបាន យើងធ្វើឱ្យបរិស្ថានជីវចម្រុះនៅទីនោះនឹងអាចមានស្ថិរភាពហើយទាក់ទាញភ្ញៀវទេសចរបានច្រើនទៀតផង»។
EU កំពុងគាំទ្រគម្រោង «បឹងទន្លេសាបរបស់យើង» ដែលប្រើប្រាស់ថវិកាចំនួន ៥,៣ លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤។ ជំនួយមូលនិធិរបស់ EU បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាតុល្យភាពរវាងការអភិរក្សបរិស្ថាន និងសុខុមាលភាពសហគមន៍ក្នុងតំបន់បឹងទន្លេសាប។
លោក Driesmans បានថ្លែងក្នុងសន្និសីទកាសែតអំឡុងពេលដំណើរទស្សនកិច្ចនេះថា ក្រុមការងារគម្រោងនេះធ្វើការជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាលដែលដឹកនាំដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីជួយដល់សហគមន៍មូលដ្ឋាន អង្គការសហគមន៍មូលដ្ឋាន និងមន្ត្រីអនុរក្សរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សជីវចម្រុះ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពដើម្បីធានាបានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះដែលធន់។
សមិទ្ធផលគម្រោង «បឹងទន្លេសាបរបស់យើង» ក្នុងរយៈពេល ៣ ឆ្នាំដំបូង លទ្ធផលគម្រោងនេះបានបង្ហាញថា ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃគម្រោងតំបន់ការពារថ្មីនៃតំបន់ទេសភាពការពារវាលស្មៅបាកានដែលស្ថិតនៅក្នុងស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យកាលពីឆ្នាំ ២០២៣។ ផែនការគ្រប់គ្រងតំបន់ស្នូលនៅព្រែកទាល់ បឹងទន្លេឆ្មារ៉ាមសារ និងផែនការគ្រប់គ្រងទី ៣ ក្នុងការអភិវឌ្ឍតំបន់ស្ទឹងសែនរ៉ាមសារ ត្រូវបានអនុម័ត។
គម្រោងបានគាំទ្រមន្ត្រីអនុរក្សក្នុងការយាមល្បាតចល័តឆ្លាតវៃដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់មន្ត្រីអនុរក្សនៃនាយកដ្ឋានរដ្ឋាភិបាលចំនួន ១១ ដើម្បីធ្វើការល្បាតឆ្លាតវៃជាទៀងទាត់។ គម្រោងបានគាំទ្រដល់អង្គការសហគមន៍មូលដ្ឋានក្នុងការល្បាតចល័តឆ្លាតវៃដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ឆ្មាំព្រៃនៃអង្គការមូលដ្ឋានចំនួន ២១ ដើម្បីធ្វើការល្បាតចល័តឆ្លាតវៃជាទៀងទាត់។
គម្រោងនេះក៏បានគាំទ្រដល់អង្គការសហគមន៍មូលដ្ឋានដើម្បីបង្កើត និងអនុវត្តផែនការគ្រប់គ្រងអគ្គិភ័យតាមសហគមន៍ តាមរយៈការល្បាតជាប្រចាំ និងដាំកូនឈើជាង ២១ ០០០ ដើមនៅតំបន់ព្រៃលិចទឹកដែលបានឆេះផងដែរ។
លទ្ធផលគម្រោងនេះ បានបង្ហាញទៀតថា គម្រោងបានគាំទ្រអង្គការសហគមន៍មូលដ្ឋានចំពោះការដាំឡើងវិញ និងជួយបង្កើតឡើងវិញនូវព្រៃលិចទឹកលើផ្ទៃដីសរុបចំនួន ៥៣ ហិកតា ដែលមានកូនឈើព្រៃលិចទឹកចំនួន ១២ ៣១៦ ដើម និងផ្ទៃដី ៤៩១ ហិកតាទៀត សម្រាប់ការកកើតឡើងវិញទៅតាមធម្មជាតិ។
គម្រោងថ្នាលនិរន្តរភាពនៃផលិតកម្មដំណាំស្រូវត្រូវបានពង្រីកសម្រាប់ការធ្វើកសិកម្មដ៏ល្អបំផុតនៅក្នុងតំបន់ទំនាបលិចទឹកនៃបឹងទន្លេសាប ហើយប្រជាកសិករជាង ១ ០០០ គ្រួសារ ដែលកំពុងអនុវត្តគម្រោងនេះបានលក់ស្រូវរបស់ពួកគេក្នុងតម្លៃពិសេស៕