​កម្ពុជា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ធ្វើឱ្យ​សន្ដិសុខ​ស្បៀង​អាហារ​ពិភពលោក​មាន​លំនឹង ខណៈ​ផលប៉ះពាល់​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​ ​១៩​​ នៅ​បន្ត​កើតមាន​ហើយ​ពិសេស​ជាងនេះទៀត​នោះ​គឺ​ផលប៉ះពាល់​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​រវាង​អ៊ី​ស្រា​អែល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។​

​ភាពមិនប្រាកដប្រជា​នៃ​ជំងឺ​រា​ត​ត្បា​ត និង​អ​សុវត្ថិភាព​ពី​សង្គ្រាម​នេះ​បានធ្វើឱ្យ​ប្រទេស​នានា​គិត​គូរ​ពី​សន្ដិសុខ​ស្បៀង​នៅក្នុង​ប្រទេស​របស់ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​ជាជាង​ការនាំចេញ​។ ជាក់ស្ដែង​កាលពី​ឆ្នាំ​​ ២០២៣ ប្រទេស​ឥណ្ឌា​បានប្រកាស​ផ្អាក​នាំចេញ​អង្ករ និង​គ្រាប់​ធញ្ញជាតិ​ដើម្បី​រក្សា​សន្ដិសុខ​ស្បៀង​នៅក្នុង​ប្រទេស​របស់ខ្លួន​។​

​ចំណែក​កម្ពុជា​វិញ​មិន​ត្រឹមតែ​អាច​ផលិត​បាន​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​ក្នុងស្រុក​នោះទេ​ថែមទាំង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​ដើម្បី​ចូល​​រួមចំណែក​ធ្វើឱ្យ​សន្ដិសុខ​ស្បៀង​ពិភពលោក​មាន​លំនឹង​។​

បំពេញតម្រូវការ​ក្នុងស្រុក និង​នាំចេញ​

«​ជាការ​ពិត វិស័យ​កសិកម្ម​កម្ពុជា នៅតែ​បន្ត​រក្សាបាន​នូវ​ភាពរឹងមាំ និង​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ជាពិសេស ធានាបាន​នូវ​សន្ដិសុខ​ស្បៀង បញ្ចៀស​បាន​នូវ​វិបត្តិ​ស្បៀង​អា​​ហារ និង​កាត់បន្ថយ​បញ្ហា​អតិ​ផរ​ណា នៃ​តម្លៃ​ស្បៀង​ក្នុងប្រទេស​ទោះបី​ក្នុងស្ថានភាព​ដែល​ពិភព​លោក​ជួបប្រទះ​នូវ​វិបត្តិ​ជា​បន្ដ​បន្ទាប់ ដូចជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា​ស្មុគ​ស្មាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងណាក្ដី​»​។ នេះ​ជា​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២៤ កាលពី​ថ្ងៃទី ​៣០ មករា ២០២៤​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ខណៈពេលដែល​ពិភពលោក​ប្រឈម​នឹង​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​កាន់តែខ្លាំង ដែល​បណ្ដាលឱ្យមាន​វិបត្តិ​ស្បៀងអាហារ និង​ការព្រួយបារម្ភ​អំពី​សន្ដិសុខ​ស្បៀង ដែល​ញ៉ាំងឱ្យ​ប្រទេស​មួយចំនួន​ឈានទៅដល់​ការដាក់​កម្រិត​ការ​នាំចេញ​ស្បៀងអាហារ​ក្ដី​ក៏​វិស័យ​កសិកម្ម​កម្ពុជា​នៅតែ​សម្រេចបាន​កំណើន​ល្អ​ក្នុង​ឆ្នាំ​ ២០២៣​។​

​លោក​ថា ជាក់ស្តែង​អនុវិស័យ​ដំណាំ​សម្រេចបាន ៣៦,៨១ លាន​តោន កើនឡើង​ប្រមាណ ៦% ធៀប​ឆ្នាំ​ ២០២២ ក្នុងនោះ ដំណាំ​ស្រូវ​សម្រេចបាន ១២,៤៩ លាន​តោន និង​មាន​អតិរេក​ចំនួន ៦,៩៩​ លាន​តោន​។ ជាងនេះទៀត កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង ៨,៨២​ លាន​តោន ដែលមាន​តម្លៃ​សរុប​ប្រមាណ ៤,៨ ពាន់​លាន​ដុល្លារ​ទៅកាន់​គោល​ដៅ​ចំនួន ៧៨ ប្រទេស​ទៀត ក្នុងនោះ​ការនាំចេញ​អង្ករ​សម្រេចបាន​ជាង ​៦៥៦​ ពាន់​តោន​។

​សម្រាប់​រយៈពេល​ ១ ​ខែ​ដំបូង​ឆ្នាំ​ ២០២៤​ នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៦ ​ពាន់​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន ៣២,៦២ លាន​ដុល្លារ និង​នាំចេញ​ស្រូវ​៦០​ម៉ឺន​តោន មានតម្លៃ​ទឹកប្រាក់​ ១៨៤​ លាន​ដុល្លារ ទៅកាន់​គោលដៅ​ចំនួន​ ៤២​ ដូចជា​ប្រទេស​នៅក្នុង​សហគមន៍​អឺរ៉ុប​ចំនួន ២២ បាន​បរិមាណ​អង្ករ​ចំនួន ២៥ ០០៥ តោន​, ប្រទេស​ក្នុង​អាស៊ាន រួម​ទាំង​ទី​ម័​រ​ខាងកើត​ចំនួន​៥​ប្រទេស បាន​បរិមាណ​ចំនួន ១១ ៩៩៩​ តោន​,​និង​ទៅកាន់​គោលដៅ​ ១៣ ​ផ្សេងទៀត​អ្រា​ហ្វិ​ក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី នូ​​វែ​ល​សេ​ឡង់​បាន​ចំនួន​ ៤ ០៤៦ តោន​។ នេះ​បើតាម​របាយការណ៍​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​

​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា មានការ​កើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​

​ក្នុង​រយៈពេល​ ១២ ​ខែ ក្នុង​ឆ្នាំ​ ២០២៣​ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន ៦៥ ៦៣២៣ ​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ ៤៦៦ ​លាន​ដុល្លារ មាន​កំណើន​លើ​បរិមាណ​ ៣ ​ភាគរយ និង​ទឹក​ប្រាក់​មាន​កំណើន​ ១៣ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។ នេះ​បើតាម​របាយ​ការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​។ ការនាំចេញ​អង្ករ​ក្នុង​ឆ្នាំ​ ២០២៣ ទៅកាន់​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត​ហុង​កុង​បាន​ចំនួន ២១២ ៧៥៦​ តោន​, ទៅកាន់​ទ្វីបអឺរ៉ុប​ចំនួន​ ២៦ ​ប្រទេស បាន​ចំនួន ២៦៤ ៦៨៣​ តោន និង​នាំចេញ​ទៅកាន់​ប្រទេស​សមា​​ជិ​ក​អាស៊ាន​ចំនួន ៧ ​ប្រទេស បាន​បរិមាណ​ចំនួន​ ៩៣ ៣៧៦ តោន និង​ទៅកាន់​គោលដៅ​ផ្សេងទៀត​នៅ​អាហ្រ្វិក​​ មជ្ឈិមបូព៌ា​។​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបង្ហាញ​សុទិដ្ឋិនិយម​ថា ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ ​នៅតែ​បន្ដ​មាន​កំណើន បើទោះជា​តម្លៃ​ដឹកជញ្ជូន​បាន​ឡើងថ្លៃ​ក៏ដោយ ដោយ​លោក​បាន​ត្រៀម​នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ប្រមូលស្រូវ​ទុក ដូច្នេះ​ការ​ស្តុក​ស្រូវ​ឆ្នាំនេះ វា​មាន​ច្រើនជាង​ឆ្នាំមុន​។​

​ក្រៅពី​ការនាំចេញ​អង្ករ និង​ស្រូវ កម្ពុជា​ក៏បាន​នាំចេញ​ផលិត​​ផល​កសិកម្ម​ដទៃ​ផ្សេងទៀត​ផងដែរ​

​យោងតាម​របាយការណ៍​ស្ដីពី​សភាពការណ៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រចាំឆ្នាំ ​២០២៣ ​របស់​ក្រសួងកសិកម្មបានឱ្យដឹងថា បរិមាណ​នាំចេញ​កសិផល​សរុបរ​យៈ​ពេល ​១២​ ខែ ឆ្នាំ ​២០២២ ចំនួន​៨ ៤៤៩ ៤១៤,៣៦​ តោន​។ ក្នុងនោះ រួម​​មាន អង្ករ​ចំនួន​ ៦៥៦ ៣២៣ តោន កើន ៣,០៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២,​ ស្រូវ ២ ៧៣០ ៨២៥​ តោន កើន ២៤,៤១​ ភាគ​រយ​, ចំណិត​ដំឡូង​មី​ក្រៀម​ ១ ២៨៩ ៧៣៩,០៤ ​តោន​, ដំឡូង​មី​ស្រស់ ១ ៩៦១ ៣៧៥ តោន កើន ២៦,៥១​ ភាគរយ​, ម្សៅដំឡូង​មី ៣៦ ២៥៦,៨០ តោន​, កាកសំណល់​ដំឡូង​មី ៧៤ ៧៩៦​ តោន​កើន​ ៧៥,៣១​ ភាគរយ​, គ្រាប់ស្វាយចន្ទី ៤២៥ ៩៧៧,១៣ ​តោន​, គ្រាប់ពោត ៧១ ៥៤៨,៤១​ តោន​, គ្រាប់​សណ្ដែកបាយ ២៨ ៧០០,៧១ តោន​, គ្រាប់​សណ្ដែកសៀង ​៥៤ ៨៥០​ តោន​, ផ្លែ​ចេក​ស្រស់ ២៨៨ ១៣៦,៨៨​ តោន​,​ផ្លែស្វាយ​​ស្រស់ ១៦១ ៩២៤,៧០ ​តោន​, តំណាប់​ស្វាយ ២៧ ៣៨៧,៧៧ តោន កើន​ ៤៨,១១​ ភាគរយ​, ផ្លែ​មៀន​ស្រស់ ១៧ ៤៩៧,៣៩ តោន កើន​ ៤៥៤,៥៩​ ភាគរយ​, ដូងប្រេង ៧៩ ៩៦០,៦០​ តោន កើន​ ១១,២៥​ ភាគរយ​, ម្រេច ៦ ១៥២,៨៣ ​តោន និង​បន្លែ​​ចម្រុះ ២២០,២១ ​តោន​កើន ១០៦,០៧​ ភាគរយ​។​

​របាយការណ៍​ដដែល​បានឱ្យដឹងថា ចំណែក​ផល​នេសាទ​វិញ កម្ពុជា​បាន​នាំចេញ​ចំនួន​ ៣ ៤៤៩ តោន​ក្នុង​ឆ្នាំ​ ២០២៣ ​កើន​ ៥៤៧​ តោន ធៀប​ឆ្នាំ​ ២០២២ និង​នាំ​ចេញ​ផល​នេសាទ​កែច្នៃ​ចំនួន ១៨៦ ​តោន កើន​ ១៤៥ ​តោន​។​

​ប្រជាកសិករ​ទទួលបាន​អត្ថ​ប្រយោជន៍​ពី​ការនាំចេញ​

​ការកើនឡើង​នៃ​តម្លៃ និង​ការ​នាំចេញ​កសិផល​នេះ បាននិងកំពុង​ធ្វើឱ្យ​ប្រជាកសិករ​សប្បាយ​​រីករាយ​ក្នុងការ​បង្កបង្កើន​ដំណាំ​កសិកម្ម​។

​លោក មូល សុភ​ត្ត អាយុ ៥៧ ឆ្នាំ ជា​ប្រជាកសិករ​រស់នៅ​ភូមិ​ដូន​បា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្ដិ៍​ថា លោក​មាន​អារម្មណ៍​ត្រេកអរ ដោយសារ​តម្លៃ​ស្រូវ​ឆ្នាំនេះ​បាន​ថ្លៃ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ត្រេកអ​រណាស់ ដោយសារ​តម្លៃ​ស្រូវ​ឆ្នាំនេះ​បាន​ថ្លៃ ទីផ្សារ​ល្អ សម្បូរ​ម៉ូយ (​អ្នកទិញ​) ងាយ​ស្រួល​លក់​»​។ លោក​ឱ្យដឹងថា ឆ្នាំនេះ​លោក​លក់​ស្រូវ​រដូវវស្សា​របស់លោក​បាន​តម្លៃ ១ ៣២០ រៀល ក្នុង​ ១ ​គីឡូក្រាម ខណៈ​ឆ្នាំមុនៗ​លោក​លក់​បានតែ​ពី​ ៩២០ រៀល ទៅ ៩៥០​ រៀល​ប៉ុណ្ណោះ​ក្នុង​ ១ ​គីឡូក្រាម​។ លោក​នឹង​បន្ត​ដាំ​ស្រូវ​នៅលើ​ផ្ទៃដី ​១៥​ ហិកតា ​របស់លោក​បន្ត​ទៀតហើយ​លោក​សង្ឃឹមថា តម្លៃ​ស្រូវ​នឹង​បាន​ថ្លៃ​ដូច​ឆ្នាំនេះ​ទៀត​។​

​លោក យក់ សាត អាយុ ៥៦ ឆ្នាំ ដែលជា​កសិករ​ម្នាក់ទៀត​រស់​នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ដាំ​ដំណាំ​ដំឡូង​មី​បន្ថែមទៀត ក្រៅពី​ដំណាំ​ស្រូវ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់ បាន​ស្រូវ ដំឡូង​មី មាន​ទីផ្សារ​។ ខ្ញុំ​បាននិងកំពុង​ដាំដំឡូង​មី​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង​ ១០ ​ហិកតា ខណៈ​ដំណាំ​ស្រូវ​រដូវវស្សា ខ្ញុំ​បាន​ប្រមូល​ផល​រួចហើយ​»​។​

កសិករ​​ច្រូត​ស្រូវ​ នៅ​តំបន់ជាយក្រុង​ភ្នំពេញ​កាលពីឆ្នាំ​ ២០២៣​។ហុង មិនា

​រាជរដ្ឋាភិបាលបានប្រកាស​ដាក់ចេញ​គោលនយោបាយ​ទី​៥ និង​ទី៦ សម្រាប់​វិស័យ​កសិកម្ម​

​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា បានប្រកាស​ដាក់ចេញ​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ សម្រាប់​វិស័យ​កសិកម្ម​កាលពី​ថ្ងៃទី​ ២០ ខែ​វិ​ច្ឆិ​កា ឆ្នាំ ​២០២៣​ ដោយ​ផ្ដោតលើ​ការលើកស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​ក​សិ​​ផល តាមរយៈ​កម្មវិធី​ហិរញ្ញ​ប្ប​ទាន ព្រមទាំង​ដាក់ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ និង​អភិវឌ្ឍន៍​សហ​គម​ន៍​កសិកម្ម​ទំនើប​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​​ណែ​ត​ ថ្លែងថា គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ នេះ​គឺ​សំដៅ​ពង្រឹង​បន្ថែម និង​សម្រួច​បន្ថែម​ទៅលើ​ការជួយ​ដល់​សក្ដានុពល​កសិកម្ម​កម្ពុជា​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​កសិករ​ធ្វើ​ស្រូវ​បាន​ផល​ច្រើន និង​មាន​ទីផ្សារ​។ លោក​ថា​៖«​គាត់​ដាំ​អី​ក៏ដោយ ចិញ្ចឹម​អី​ក៏ដោយ​សំខាន់​មាន​ទីផ្សារ​បាន​ចំណូល​ឱ្យ​គាត់​...​គឺជា​គោលដៅ​ធំ​»​។​

​ជាមួយគ្នានេះ​លោក​ ឌិ​ត ទីណា ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្លែងថា ក្នុង​គោល​នយោបាយ​នេះ​ចំណុច​អាទិភាព​ដំបូង​គឺ​ការផ្តល់​ហិរញ្ញប្បទាន​ដើម្បី​ទ្រទ្រង់​ខ្សែ​ច្រវាក់​តម្លៃ​ផលិត​កម្ម​កសិកម្ម ធ្វើយ៉ាងណា​ជួយ​រក​ទីផ្សារ និង​ពិនិត្យ​ស្ថិរភាព​ថ្លៃ​កសិផល​។

លោក​ថ្លែងថា ចំណុច ១ ​ទៀត​ គឺ​ការដាក់​ពង្រាយ​មន្ត្រី​​ជំនាញ​កសិកម្ម​ឃុំ សង្កាត់ ដែល​ក្រសួងកសិកម្ម​បានកំណត់​ទិស​ដៅ​ឃុំ សង្កាត់ ដែលមាន​ការងារ​កសិក​ម្ម​ចំនួន​ ១ ៥៥២ ​ឃុំ​-​សង្កាត់ ដោយ​ត្រូវ​ជ្រើសរើស​មន្ត្រី​ក្រប​ខ័​ណ្ឌ​តម្រូវ​ទៅតាម​ស្ថានភាព​នៃ​មូលដ្ឋាន​កសិកម្ម សរុប​ចំនួន ១ ៦០០ ​នាក់​។ 

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា មូលហេតុ​នៃ​ការដាក់​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​ឃុំ ជាក់ស្តែង​ដោយសារ​ការ​ស្តាប់​សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​។ ទោះបីជា​ការផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​ដុះ ប្រមូល​ផល​កសិកម្ម បាន​ជួយ​ដល់​ប្រជាកសិករ​អាច​ដាំ​ដុះ​បាន​ផល​ល្អប្រសើរ​ជាង​មុន​ក្រសួងកសិកម្ម​នៅតែ​ត្រូវ​ការផ្តល់​បច្ចេកទេស​ដាំ​ដុះ​ឱ្យ​កាន់តែ​មុត​ស្រួច​បន្ថែមទៀត​សម្រាប់​ប្រជាពលរដ្ឋ ដើម្បីឱ្យ​កសិករ​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​មុន តាមរយៈ​ការ​កាត់​បន្ថយ​ថ្លៃដើម​។

លោក​ថ្លែងថា​៖ «​នៅពេលដែល​យើង​មាន​មន្ត្រីឃុំ ការងារ​មួយចំនួន​ចាប់ផ្តើម យើង​ហៅថា កាត់​អាវ​តម្រូវ​តាម​រាង អ៊ីចឹង​កន្លែង​ហ្នឹង​ស្ថានភាព​យ៉ាង​ម៉េច មន្ត្រី​កសិកម្ម​ឃុំ​មាន​លទ្ធ​ភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ត្រឡប់មកវិញ ដើម្បី​យើង​វិភាគ​ថា តើ​បច្ចេក​ទេស​ដែល​គួរប្រើ​ក្នុង​កម្រិតណា​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​»​។​

​លោក​បន្តថា បន្ថែម​លើ​នេះ​ទៀត គឺ​ការកសាង​សហគមន៍​កសិកម្ម​ទំនើប ដែលជា​កំណែ​ទម្រង់​វិស័យ​កសិកម្ម​ដ៏​ធំ​មួយ​នាំមក​នូវ​កសិកម្ម​ទំនើប មាន​សេដ្ឋ​​កិច្ច​មាត្រដ្ឋាន​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​។​

​បម្រែបម្រួល​អាកាសធាតុ​

​លោក​មូល សុភ​ត្ត បាន​ថ្លែងថា កាលពី​រដូវវស្សា​កន្ល​ង​ទៅ នៅ​តំបន់​របស់លោក រហូតដល់​ខែ​កញ្ញា និង​តុលា ទើប​ចាប់ផ្ដើម​មាន​ភ្លៀង​ធ្លាក់ ដែល​ធ្វើឱ្យ​ស្រូវ​របស់លោក​មិនសូវ​ទទួលបាន​ផល​ដូច​ឆ្នាំមុនៗ​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ឆ្នាំមុនៗ ខ្ញុំ​ទទួល​បាន​ស្រូវ​ពី ​២,៥​ តោន ទៅ​ ៣​ តោន ក្នុង​ ១​ ហិកតា ខណៈ​ឆ្នាំនេះ ខ្ញុំ​ប្រមូល​ផល​ស្រូវ​បានតែ ២​ តោន​ទេ ក្នុង ​១ ​ហិកតា ដោយសារ​ក្រ​ភ្លៀង​ពេក ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​នៅ​ខែកញ្ញា ខែតុលា ចំណែក​រាល់​ឆ្នាំ ចាប់ផ្ដើម​ភ្លៀង​ពី​ខែសីហា​ទៅ​»​។ លោក​សុភ​ត្ត បន្តថា នៅ​តំបន់​របស់លោក អាចធ្វើ​ស្រែ​បានតែ​១​រដូវវស្សា​ទេ ហើយ​ពឹងផ្អែក​ទាំងស្រុង​លើទឹក​ភ្លៀង​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២៤​ ថា កាលពី​ឆ្នាំ​ ២០២៣ កន្លងទៅ មាន​ប្រជាពលរដ្ឋ​ជាង ២​ ម៉ឺន​គ្រួសារ នៅ​ ១៦ ​រាជធានី​-​ខេត្ត បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ហើយ​បានទទួល​គ្រាប់​​ពូជស្រូវ​ជាង ២​ ពាន់​តោន ពី​ប្រព័ន្ធ​ស្បៀង​បម្រុង​របស់​រាជ​រដ្ឋាភិ​បាល ដើម្បី​ដាំ​ដុះ​ស្តារ​ជីវភាព និង​សន្តិសុខ​ស្បៀង​គ្រួសារ​ឡើងវិញ​។

ថ្មីៗ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋ​​បាល​ខេត្ត​ចំនួន ​១០ ក៏​បាននិងកំពុង​សហ​ការតាមដាន​វាយតម្លៃ​ផលប៉ះពាល់ និង​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព និង​សង្គ្រោះ​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ទំហំ​ជាង ​២​ ម៉ឺន​ហិកតា ជូន​ប្រជា​ពល​​រដ្ឋ​។

លោក​ ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា បាតុភូត​អែល​នី​ណូ អាចមាន​រយៈពេល​វែង និង​ណែ​នាំឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​សង្គ្រោះ និង​ព្យាយាម​ថែរក្សា​ស្ដុក​ទឹក​។

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​កិច្ចការ​នេះ​ត្រូវ​តាមដាន​ជាប់​ជាប្រចាំ ជាពិសេស​ឆ្នាំនេះ ដែល​ពិភពលោក​វាយតម្លៃថា គ្រោះ​​ហានិភ័យ​អែល​នី​ណូ អាចមាន​រយៈពេល​វែង​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា កន្លងទៅ​មាន​អ្នក​សួរ ហេតុ​អី​បានជា​ខេត្ត​ខ្លះ​ដាក់ចេញ​ការ​ណែ​នាំ​មិនឱ្យ​ប្រជាជន​ធ្វើ​ស្រូវប្រាំង​ជុំ​ទី​២?

លោក​បញ្ជាក់ថា​៖ «​ទឹក​នៅក្នុង​អាង​របស់​យើង​គឺ​សម្រាប់​ប្រើប្រាស់​ទាំង​ស្រូវ​ទាំង​សម្រាប់​ប្រជាជន​ប្រើប្រាស់​។ អ៊ីចឹង យើង​គឺ​ត្រូវ​គិតការ​ធានា​ក្នុង​ផែនការ​ជាក់ស្ដែង ជួយសង្គ្រោះ​របស់​រដ្ឋបាល​ខេត្ត​ជាច្រើន​បាន​ទាន់ពេលវេលា​»​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​អរគុណ​ណាស់​ចំពោះ​ការ​ស្តុក​ទឹក​នៅ​រដូវវស្សា ប៉ុន្តែ​ក៏​យើង​ឃើញថា ទំហំ​ទឹក​របស់​យើង​ក៏បាន​ធ្លាក់ចុះ​មួយចំនួន​។ កន្លែង​ខ្លះ យើង​ក៏​ធានាបាន​នូវ​ការដោះស្រាយ​បញ្ហា កន្លែង​ខ្លះទៀត​អាជ្ញាធរខេត្ត​ត្រូវបញ្ជូន និង​ដាក់​ម៉ាស៊ីន​បូម​សម្រាប់​ប្រជា​​ពលរដ្ឋ​។ នៅក្នុង​ស្មារតី​នេះ គឺ​ខ្ញុំ​សូម​អរគុណ​ណាស់​សម្រាប់​អាជ្ញាធរខេត្ត​-​ស្រុក​របស់​យើង ដែល​បាន​អន្តរាគមន៍​ទាន់ពេល​វេលា​ដល់​ពួកគាត់​»​។​

​លោក​បន្ដថា​៖ «​ការថែទាំ ថែរក្សា​ទឹក និង​ប្រើប្រាស់​ទឹកជា​យុទ្ធ​សាស្ត្រ​ក្នុង​រយៈពេល ​(​ឆ្លងកាត់​ស្ថានភាព​អែល​នី​ណូ​នេះ​) ជា​ពិសេស​ឆ្នាំ​ដែល​យើង​អាច​ព្យា​ករពី​ការខ្វះខាត​ទឹក​គឺ​ទាមទារ​ឱ្យ​យើង​ធ្វើ​ផែនការ និង​ការ​អនុ​វត្ត​ជា​ជំហាន​ដើម្បី​ធានា​ដោះ​ស្រាយ​ចំពោះមុខ និង​បម្រុង​រយៈពេល​តទៅទៀត​។ សូម​យក​ចិត្ត​ទុកដាក់​លើ​កិច្ចការ​នេះហើយ​ក៏​សូម​ប្រជាពលរដ្ឋ​យើង​ទាំងអស់ ជាពិសេស​កសិករ​រប​ស់​យើង​ចូលរួម​ក្នុង​កិច្ចការ​នេះ​»​។​

​បើតាម​តេ​ឡេ​ក្រាម​របស់លោក​នាយករ​ដ្ឋ​មន្ត្រី កាលពី​ថ្ងៃទី​ ១៤ កុម្ភៈ​ បានឱ្យដឹងថា នៅក្នុង​រដូវ​ប្រាំង​ឆ្នាំ ​២០២៣-២០២៤ នេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​ផែនការ​បង្កបង្កើនផល​ស្រូវ​​ប្រាំង  ​ប្រមាណ ៥០​ ម៉ឺន​ហិកតា ប៉ុន្តែ​គិត​មកដល់​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នេះ ការ​បង្កបង្កើនផល​ស្រូវប្រាំង​របស់​បងប្អូន​ប្រជា​កសិករ បាន​កើនឡើង​លើសពី​ផែនការ​ដែល​បាន​គ្រោងទុក រហូតដល់​ជិត​ប្រមាណ ​៨០​ ម៉ឺន​ហិ​ក​តា​។ ផ្ទៃដី​ដែល​បាន​បង្កបង្កើនផល​ខាងលើនេះ​មួយចំនួន បាន​ច្រូតកាត់​ប្រមូល​ផល​រួចរាល់​ហើយ ប៉ុន្តែ​នៅមាន​ផ្ទៃដី​មួយចំនួនទៀត កំពុង​នៅមាន​តម្រូវការ​ទឹក​ស្រោច​​ស្រព​នៅឡើយ​។ «​ក្រសួង​ធន​​ធាន​ទឹក និង​ឧតុនិយម​ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ បាននិងកំពុង​សស្រាក់​សស្រាំ​ក្នុងការ​បូមទឹក​សង្គ្រោះ​ស្រូវរ​បស់បង​​ប្អូន​ប្រជាពលរដ្ឋ​»​។ នេះ​បើតាម​ប្រភព​ដដែល​បានឱ្យដឹង​។​

​ការជួយ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​

​ទាក់ទង​នឹង​បម្រែបម្រួល​អា​​កាស​ធាតុ​នេះ កម្ពុជា​បាននិងកំពុង​មានការ​ជួយ​ជ្រោមជ្រែង​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។​កាលពី​ថ្ងៃទី ​៣១ ​មករា ​២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដោយ​ប្ដេជ្ញាចិត្ត​បង្កើន​ជំនួយ​ហិរញ្ញប្បទាន​អាកាសធាតុ ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក រួម​ទាំង​កម្ពុជា លើ​កិច្ចការងារ​ប្រឆាំងនឹង​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​សម្រប​ខ្លួន​ទៅនឹង​ផលប៉ះពាល់ នៃ​ភពផែនដី​ដែល​កំពុង​ឡើងក​ម្តៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា នៅ​ឆ្នាំ ​២០២៣ ADB​ បានផ្តល់​ហិ​រញ្ញ​ប្ប​ទាន​អាកាសធាតុ​ច្រើនជាង​បណ្តា​ឆ្នាំមុនៗ សម្រាប់​ជួយ​ប្រទេស​សមាជិក​កំពុងអភិវឌ្ឍន៍ នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​បាន​បង្កើន​ទំហំ​ជំនួយ​រហូតដល់​ ៩,៨​ ពាន់​លាន​ដុល្លារ​ពី​ធនធាន​ផ្ទាល់ ដោយ​ក្នុងនោះ ៥,៥ ​ពាន់​លាន​ដុល្លារ សម្រាប់​ការងារ​កាត់បន្ថយ​ផលប៉ះពាល់ និង ៤,៣ ​ពាន់​លាន​ដុល្លារ​ទៀត សម្រាប់​ការ​ងារ​បន្សាំ ដែល​ចំនួន​នេះ​បាន​កើន​រង្វង់​ជាង ៥៦% បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​ប្រធាន ADB លោក  Masatsugu Asakawa បាន​លើក​ឡើង​នៅក្នុង​សេចក្តីប្រកាស​ព័​ត៌​មាន​ថា​៖ «​ការប្រែប្រួល​អាកាស​ធាតុ​គំរាមកំហែង​ដល់​អនាគត នៃ​ការអភិវឌ្ឍ​គ្រប់យ៉ាង​។ ឆ្នាំ​ ២០២៣ គឺជា​ឆ្នាំ​ដែល​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា ហើយ​មាន​ឃើញ​នូវ​ផលប៉ះពាល់​អាកាសធាតុ​ធំធេង និង​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​របស់​យើង​។ វិបត្តិ​នេះ​គំរាម​កំហែង​ដល់​ថាមពល និង​សន្តិ​សុខ​ស្បៀង ហើយក៏​បង្កបញ្ហា​ប្រឈម​ដល់​កំណើនសេដ្ឋកិច្ច​»​។​

​លោក Masatsugu Asakawa បាន​ថ្លែងថា ADB មានការ​ប្ដេជ្ញាចិត្ត​ច្បាស់លាស់​ក្នុងការ​​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​លុបបំបាត់​ការប្រើ​ហ្វូ​ស៊ី​ល​ដើម្បី​សេដ្ឋកិច្ច​វឌ្ឍនភាព​តាម​គន្លង​អន្តរ​កម្ម​អាកាសធាតុ និង​សម្រេចបាន​តុល្យភាព​នៃ​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​ទៅក្នុង​បរិយាកាស​។ លោក​ថា​៖ «​យើង​ត្រូវតែ​ធ្វើការ​រួមគ្នា ជា​បន្ទាន់ និង​ដោយ​ឆ្លើយតប​ទៅនឹង​ទំហំ​តម្រូវការ​ជាក់ស្ដែង​»​។​

​ចំណែក​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) បាន​ចូលរួម​ដល់​កិច្ច​សហការ និង​គាំទ្រ​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា សំដៅ​លើកកម្ពស់​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ និង​បទ​​ដ្ឋា​នស​កល​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី តាមរយៈ​ការផ្ដល់​ការគាំទ្រ​ជា​ជំនាញ​ឯកទេស​នៅ​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣​ កន្លងទៅ​។​

​ក្នុងនោះ​រួមមាន ១. ការបង្កើន​ផលិតភាព ការធ្វើ​ពិពិធ​កម្ម និង​ពាណិជ្ជ​ភា​វូប​នី​យ​កម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្បៀង​ដែល​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​ស្បៀង និង​អាហា​រូប​ត្ថ​ម្ភ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​សន្ដិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​, ២. ​ការ​គ្រប់​គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព និង​ការបង្កើន​សមត្ថភាព​ពិនិត្យ​តាមដាន និង​រាយការណ៍​ពី​សកម្មភាព​អាកាស​​ធាតុ​, និង​៣.​ កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ និង​បង្កើន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាស​ធាតុ និង​វិបត្តិ​ដែល​កើត​មាននៅ​ថ្នាក់ជាតិ​កម្រិត​សហគមន៍ និង​កម្រិត​គ្រួសារ​។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់ FAO​។​

​លោក Qu Dongyu នាយក​ប្រតិបត្តិ​ FAO បាន​មាន​ប្រសា​សន៍​តាមរយៈ​អត្ថបទ​ទស្សនៈ ​(oped) ​របស់លោក​ដែល​បាន​ផ្សាយ​នៅក្នុង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ ថា អាទិភាព​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់ FAO គឺ​ការ​បំប្លែង​ប្រព័ន្ធ​កសិផល​ក្នុង​តំបន់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព មាន​ភាព​ធន់ និង​និរន្តរភាព​ជាង​មុន​ជាមួយនឹង​របប​អាហារ​ដែលមាន​សុខភាព​ល្អ និង​តម្លៃ​សមរម្យ​ជាង​មុន​។

លោក​ថ្លែងថា FAO ​គាំទ្រ​ប្រទេស​នានា​ក្នុងការ​ជំរុញ​ការ​បន្ស៊ាំ​អាកាសធាតុ និង​ភាព​ធន់ កសិកម្ម​កាបូន​ទាប​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​គ្រាប់ពូជ អនុវត្ត​ការ​គ្រប់​គ្រង​កសិកម្ម​ចម្រុះ គ្រប់គ្រង​​សត្វល្អិត និង​ជំងឺ​ឆ្លងដែន ផ្សព្វ​ផ្សាយ​ការអនុវត្ត​កសិកម្ម​ល្អ និង​ផ្ទេរ​បច្ចេកវិទ្យា​៕