ភ្នំពេញៈ ការយកចិត្តទុកដាក់ថែរក្សាព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបរបស់រាជរដ្ឋាភិបាលអាណត្តិមុនបានកំណត់ទីតាំងនិយាមការផ្សេងៗ និងកែសម្រួលកំណត់តំបន់ ១ តំបន់ ២ និងតំបន់ ៣ សម្រេចកាត់ឆ្វៀលរួចហើយ ប៉ុន្តែនៅមានការងារមួយចំនួនមិនទាន់បញ្ចប់ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីធ្វើបន្តគឺការចុះបញ្ជីដី គូសផែនទី និងបោះបង្គោលព្រំឡើងវិញឱ្យបានច្បាស់លាស់។
ក្នុងការបន្តការងារនេះ អាជ្ញាធរទន្លេសាបកំពុងធ្វើការងារជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ សំដៅចុះបញ្ជី គូសផែនទី និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីគ្រប់គ្រងតាមបែបទំនើបដោយប្រើដ្រូន។
កាលពីថ្ងៃទី ៣០ ខែមករា ក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញដល់ក្រសួងជំនាញ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យសហការគ្នាធ្វើយ៉ាងណាចុះបញ្ជីដីជាប្រព័ន្ធ និងគូសផែនទីឱ្យបានរួចរាល់ដាក់បញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីងាយស្រួលគ្រប់គ្រង។
លោកបញ្ជាក់ថា ការងារនេះត្រូវធ្វើយ៉ាងណាធានាឱ្យបាន ៣ ចំណុចសំខាន់ៗ គឺសុក្រឹតភាព ចីរភាព និងប្រសិទ្ធភាពដើម្បីបញ្ឈប់កុំឱ្យមានការរំកិលដីបន្តទៀត។ បើតាមលោកហ៊ុន ម៉ាណែត ចំណុចទី ១ ដែលត្រូវធានាឱ្យបានគឺសុក្រឹតភាព មានន័យថា ប្រជាជននៅគោលដៅដែលត្រូវទទួលបានគឺត្រូវតែបានផល ចៀសវាងដាច់ខាតកុំឱ្យមានករណីកន្ទេលធំបន្លំដេក។ ចំណែកចីរភាព គឺលោកចង់ឱ្យមានការកំណត់ឱ្យបានច្បាស់លាស់រយៈពេលវែងនៅតំបន់ទាំងអស់តាមរយៈការចុះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង។
ក្នុងន័យនេះលោកបានបញ្ជាក់ថា ថ្ងៃក្រោយទៅ ការល្បាតតាមទូកអាចនឹងត្រូវកាត់បន្ថយច្រើនហើយប្តូរមកវិញដោយការប្រើបច្ចេកវិទ្យាថ្មីក្នុងការគ្រប់គ្រងពីលើអាកាសដោយការប្រើដ្រូន។ ថ្ងៃក្រោយអាជ្ញាធរទន្លេសាបក៏ដូចជាអាជ្ញាធរផ្សេងៗទៀតដែលគ្រប់គ្រងតំបន់បឹងទន្លេសាប ត្រូវប្រើបច្ចេកវិទ្យាថ្មីនោះសម្រាប់គ្រប់គ្រង ហេតុនេះការងារចំពោះមុខពេលនេះគឺធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អកំណត់ព្រំឱ្យបានច្បាស់ បោះបង្គោល ដាក់និយាមការ ដាក់បច្ចេកទេសចូលឱ្យបានរួចរាល់។
លោកបានថ្លែងថា៖ «អាដ្រូនហ្នឹងវាហោះ វាមាននិយាមការវាតែម្តង កន្លែងណាដែលអត់ត្រូវនិយាមការគឺវាលោតក្រហមភ្លាមតែម្តង តែឥឡូវយើងអត់ទាន់មានទិន្នន័យហ្នឹងច្បាស់លាស់»។
ចំណែកប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីចង់បញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាការពារឱ្យបានដាច់ខាតនូវតំបន់បឹងទន្លេសាបដែលជាទ្រព្យសម្បត្តិជាតិ។ ចំពោះការអនុវត្តការងារនេះ លោកនាយករដ្ឋមន្ត្រីថានឹងអនុវត្តអភិក្រមទាំង ៥ ភ្លាមប្រសិនបើពិនិត្យឃើញថា ការងារគ្រប់គ្រងរដ្ឋបាល គ្មានវិន័យ និងការទទួលខុសត្រូវ។
លោកបានថ្លែងថា៖ «អភិក្រមទាំង ៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ ការទទួលខុសត្រូវដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាលធ្វើការងារអីមិនចេញទេ ខ្ញុំនិយាយឱ្យច្បាស់អ៊ីចឹង ខ្ញុំអត់សូវចេះមាត់ទេ ប៉ុន្តែដៃខ្ញុំចេះស៊ីញ៉េ»។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាបបានឱ្យដឹងថា ការការពារព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបជារឿងសំខាន់ដែលត្រូវមានវិធានការម៉ឺងម៉ាត់ក្នុងរយៈពេលវែង ប៉ុន្តែការងារចម្បងក្រោយពីមានការជំរុញ ណែនាំពីលោកនាយករដ្ឋមន្ត្រីពេលនេះអាជ្ញាធរទន្លេសាបកំពុងចុះបំពេញការងារយ៉ាងមមាញឹក ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
លោកបានថ្លែងថា៖ «អាជ្ញាធរទន្លេសាបកំពុងធ្វើការយ៉ាងមមាញឹកជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលជលផល អាជ្ញាធរដែនដី នៃការចុះបញ្ជីទាំងនេះ ហើយនឹងទទួលផលក្នុងពេលឆាប់ៗ»។
លោកហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានឱ្យដឹងថា ការងារជាក់ស្តែងដែលកំពុងធ្វើនៅមូលដ្ឋានពេលនេះ គឺក្រុមការងារកំពុងផ្ទៀងផ្ទាត់ទិន្នន័យដែលមានស្រាប់និងទិន្នន័យដែលពាក់ព័ន្ធតំបន់ដែលបានកាត់ឆ្វៀលដើម្បីរៀបចំគូសផែនទីបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាថ្មី ឈានទៅការគ្រប់គ្រងដោយមិនចាំបាច់ប្រើកម្លាំងចុះទៅផ្ទាល់ក្នុងការរកមើលទីតាំងល្មើស។
លោកថា កិច្ចការនេះក្រុមការងារបានផ្ទៀងផ្ទាត់នៅលើផែនទីដើម្បីធ្វើផែនទីថ្មីតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីក្នុងអង្គពិធីសន្និបាតក្រសួងកសិកម្មគឺកំណត់តំបន់ ៣ តំបន់២ តំបន់ ១ ថ្មីដែលមានការកាត់ឆ្វៀល។
លោកថ្លែងថា៖ «ឥឡូវយើងបានផ្ទៀងផ្ទាត់ហើយ ពេលនេះកំពុងតែ Clean នៅលើផែនទីដើម្បីឱ្យវាចេញជា តំបន់ ១ តំបន់ ២ តំបន់ ៣ ថ្មី»។
លោកបានបញ្ជាក់ថា ការផ្ទៀងផ្ទាត់គូសចេញជាផែនទីថ្មីនេះ មិនមែនកំណត់យកតាមផែនទីហ្គូហ្គល (Google) មើលតាមផ្កាយរណបដៅនោះទេគឺធ្វើទៅតាមកម្មវិធីថ្មី តាមបច្ចេកទេសអ្នកគូសផែនទីជំនាញដោយផ្ទៀងផ្ទាត់មើលឱ្យច្បាស់កុំឱ្យមានការជាន់គ្នាលើតំបន់គ្រប់គ្រង។ ទោះយ៉ាងណាក៏ដោយ ទំហំតំបន់ទីតាំងទាំងនោះនៅលើផែនទីថ្មី លោកនៅមិនទាន់អាចប្រាប់បាននៅឡើយទេ ដោយឡែកក្រោយការកំណត់ផែនទីចេញជាលទ្ធផលរួចទើបអាចឈានទៅដល់ការបោះបង្គោលព្រំឡើងវិញបាន។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា ការអនុវត្តជាក់ស្តែងពេលនេះអាជ្ញាធរខេត្តកំពុងធ្វើការប្រកាសតំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកទាំង ៤ នៃខេត្តបាត់ដំបង ដែលនៅជាប់តំបន់បឹងទន្លេសាបគឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ ជាមួយគ្នានោះ អាជ្ញាធរក៏បានផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅតំបន់ទាំងនោះ ប្រកាសទីតាំងដីរបស់ខ្លួន និងធ្វើការបោះបង្គោលព្រំដើម្បីមន្ត្រីជំនាញធ្វើការវាស់វែងកំណត់និយាមការ។
លោកបានថ្លែងថា៖ «កាលណាគាត់ចង្អុលចូលជ្រៅទៅតំបន់ ៣ អាហ្នឹងគឺយើងមិនអាចធ្វើការវាស់វែងឱ្យគាត់បានទេ ប៉ុន្តែគោលការណ៍របស់រាជរដ្ឋាភិបាល តំបន់ ១ គឺយើងផ្តល់កម្មសិទ្ធ ប៉ុន្តែតំបន់ ២ មិនមែនផ្តល់កម្មសិទ្ធទេ គឺគ្រាន់តែឱ្យអាស្រ័យផលមិនអាចយកទៅលក់ដូរបានទេព្រោះជាដីរដ្ឋ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា អាជ្ញាធរទន្លេសាបកំពុងធ្វើការផ្ទៀងផ្ទាត់ទិន្នន័យនិយាមការដែលមានតាមអនុក្រឹត្យដែលបានកែសម្រួលថ្មីដើម្បីយកទៅចងធ្វើជាប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងដោយប្រើដ្រូន ហេតុនេះទៅថ្ងៃក្រោយការត្រួតពិនិត្យរកមើលកន្លែងលួចកាប់ទន្រានមានការងាយស្រួលមិនចាំបាច់ប្រើកម្លាំងមន្ត្រីចុះទៅរកដោយចំណាយពេលច្រើនទេ។
លោកបានថ្លែងថា៖ «ថ្ងៃក្រោយយើងអាចដឹងថា កន្លែងណាមានការទន្ទ្រានដោយគ្រាន់តែបង្ហ្រោះដ្រូនពីលើទៅដឹងហើយ ឥឡូវដោយសារយើងមិនទាន់គ្រប់គ្រងការបញ្ចូលទិន្នន័យតាមបច្ចេកវិទ្យាទំនើបនេះបាន ការបង្ក្រាបបទល្មើសទាមទារត្រូវប្រើកម្លាំងមានសមត្ថកិច្ចចុះទៅទីតាំងផ្ទាល់»។
លោក ខូយ រិដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្ទៃដីបឹងទន្លេសាបនៃខេត្តពោធិ៍សាត់ដែលនឹងត្រូវកាត់ឆ្វៀលមានចំនួនជាង ៣ ពាន់ហិកតា។ ពេលនេះមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានកំពុងផ្ទៀងផ្ទាត់ទិន្នន័យដើម្បីកំណត់និយាមការឱ្យបានច្បាស់លាស់ សម្រាប់ដាក់បញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងបែបទំនើប។ លោកបញ្ជាក់ថា សម្រាប់ខេត្តពោធិ៍សាត់មាន ២៨ ភូមិ ក្នុងស្រុកចំនួន ៣ គឺស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកានដែលត្រូវចុះវាស់វែងផ្ទៀងផ្ទាត់។
លោកថ្លែងថា៖ «ខ្ញុំក៏មិនទាន់ដឹងថា មកទល់ថ្ងៃនេះធ្វើបានប៉ុន្មានភូមិដែរ ប៉ុន្តែនៅអាទិត្យមុននេះយើងធ្វើបានច្រើនភូមិដែរ ហើយតែមិនទាន់បានពាក់កណ្តាលនៅឡើយទេនៅធ្វើបន្តបន្ទាប់ទៀត។ ហេតុអីបានធ្វើយឺត គឺដីតំបន់ ២ តំបន់ ៣ ជាដីលិចទឹក អ៊ីចឹងទឹកស្រកទៅបានចុះធ្វើកើត»។
លោកអភិបាលខេត្តពោធិ៍សាត់ បានអះអាងថា ចំពោះការការពារអភិរក្សតំបន់ ៣ នៃព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ គឺមន្ត្រីជំនាញ អាជ្ញាធរ និងសហគមន៍បានរួមគ្នាធ្វើការងារយ៉ាងយកចិត្តទុកដាក់ ការពារបានយ៉ាងល្អ និងមានការប៉ះពាល់តិចតួចបំផុត។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងដែរថា ផ្ទៃដីតំបន់ ៣ ចំនួនជាង ៧ ម៉ឺនហិកតា សម្រាប់ខេត្តកំពង់ឆ្នាំងបានចុះបញ្ជីកម្មសិទ្ធិរបស់ក្រសួងធនធានទឹករួចរាល់តាំងពីឆ្នាំ ២០២១។ ចំណែកព្រំប្រទល់តំបន់ ៣ ក៏មានការបោះបង្គោលរួចរាល់ ព្រមទាំងបានលើកផ្ទាំងប៉ាណូនៅក្នុងតំបន់នោះផងដែរ។
លោកបានបញ្ជាក់ថា៖ «តាំងពីឆ្នាំ ២០២១ មក យើងអត់មានការបង្កបង្កើនផល និងការកាប់រានទន្ទ្រានថែមទៀតទេ ដោយសារយើងរៀបចំទីបញ្ជាការស្រាលនៅតាមគោលដៅដើម្បីការពារដីតំបន់ ៣ ទាំងអស់ហ្នឹងដែលយើងបានរឹបអូស លើកលែងតែឆ្នាំនេះរាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋធ្វើស្រែបណ្តោះអាសន្ន»។
លោកបញ្ជាក់ថា ប្រសិនបើមានការទន្ទ្រានថ្មីអាជ្ញាធរខេត្តនឹងអនុវត្តច្បាប់ដោយមិនលើកលែង។ ចំពោះកិច្ចការពារអភិរក្សតំបន់ ៣ អាជ្ញាធរខេត្តបានបង្កើតឱ្យមានទីបញ្ជាការស្រាលចំនួន ៥ គោលដៅតាំងពីឆ្នាំ ២០២១ និងបានធ្វើកិច្ចសន្យាជាមួយនឹងអ្នកបើកបរត្រាក់ទ័រ ដោយមិនអនុញ្ញាតឱ្យចូលភ្ជួរលើដីថ្មីដាច់ខាត។
ដោយឡែក លោក សុខ ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងថា ពាក់ព័ន្ធនឹងការចុះបញ្ជីដីជាប្រព័ន្ធ បានចាប់ផ្តើមអនុវត្តការងារនៅអំឡុងពាក់កណ្តាលខែកុម្ភៈ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលកន្លងមកនេះ មានអាជ្ញាធរក្រុងស្រុកមួយចំនួនបានប្រជុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋរួចហើយ ដើម្បីឱ្យពួកគាត់បានប្រុងប្រៀបចូលរួមជាមួយមន្ត្រីជំនាញក្នុងការចុះវាស់វែង។ លោកបានបញ្ជាក់ថា៖«ទីតាំងដីដែលកាត់ឆ្វៀលមានជាង ៣ ម៉ឺនហិកតា ក្នុងតំបន់ ២ នៅក្នុង ៦ ក្រុងស្រុក»៕