មណ្ឌលគិរីៈ ដំរីព្រៃ (ដំរីអាស៊ី) នៅកម្ពុជាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជស្ថិតក្នុងបញ្ជីក្រហមនៃអង្គការ IUCN។ ដំរីនៅកម្ពុជាបានងាប់ជាបន្តបន្ទាប់យ៉ាងហោចក្នុង ១ ឆ្នាំ ងាប់ ១ ក្បាល ឬ ២ ក្បាល បើរាប់ចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន។ ការបាត់បង់ជីវិតសត្វដំរីព្រៃភាគច្រើនកើតឡើងដោយសារគ្រោះមហន្តរាយធម្មជាតិ និងមួយចំនួនដោយសារជម្លោះជាមួយមនុស្ស ការបរបាញ់សត្វ និងអន្ទាក់។
ជាក់ស្តែងកាលពីថ្ងៃទី ២៦ ខែមករា នៅក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក មានកូនដំរីព្រៃ ១ ក្បាល ត្រូវបានមន្ត្រីបរិប្រទះឃើញដេកងាប់។ មន្ត្រីជំនាញបញ្ជាក់ពីលទ្ធផលកោសល្យវិច័យថា កូនដំរីនោះ គឺងាប់ដោយសារការបរបាញ់ពីជនមិនស្គាល់អត្តសញ្ញាណ។ ក្រោយការងាប់កូនដំរីនេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដាក់ចេញវិធានការបង្កើនការល្បាត តាមដានយ៉ាងហ្មត់ចត់កុំឱ្យបញ្ហានេះកើតឡើងទៀត និងកំពុងដុតដៃដុតជើងស្វែងរកភ័ស្តុតាងចាប់ជនប្រព្រឹត្តបទល្មើស ខណៈអ្នកស្រឡាញ់ដំរីថា ការសម្លាប់កូនដំរីព្រៃជារឿងមិនអាចអត់ឱនបានឡើយ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក ឆៅ ប៊ុនធឿន ប្រាប់ថា ពាក់ព័ន្ធនឹងការងាប់កូនដំរីព្រៃនេះមន្ត្រីជំនាញបរិស្ថានបានកសាងសំណុំរឿងរួចហើយ ប៉ុន្តែនៅមិនទាន់បានបញ្ជូនទៅតុលាការនៅឡើយ ព្រោះត្រូវស្វែងរកភ័ស្តុតាងបន្ថែមទៀត។ ដំបូងឡើយមន្ត្រីជំនាញរំពឹងថា ក្រោយធ្វើកោសល្យវិច័យដោយវះសពកូនដំរី ហើយអាចឃើញក្បាលគ្រាប់ ដែលជាតម្រុយសំខាន់ ក្នុងការស្វែងរកជនប្រព្រឹត្តបទល្មើស ប៉ុន្តែជាក់ស្តែង ការវះសពដំរីនោះរកមិនឃើញក្បាលគ្រាប់ឡើយហេតុនេះក៏មិនអាចសន្និដ្ឋានថា ជាគ្រាប់កាំភ្លើងអ្វីនោះដែរ។
លោកថា៖ «ខាងបច្ចេកទេសកោសល្យវិច័យ ពិនិត្យ ឃើញថា កូនដំរីនោះពិតជាមានស្លាកស្នាមត្រូវគ្រាប់កាំភ្លើងពិតប្រាកដមែន ពេលនោះយើងសម្រេច វះកាត់រកក្បាលគ្រាប់ តែរកពុំឃើញ ព្រោះវាបានធ្លាយទៅខាងក្រៅ។ ក្រោយពីវះកាត់ធ្វើកោសល្យវិច័យហើយ យើងសម្រេចចិត្តកប់កូនដំរីនៅក្នុងស្នាក់ការតែម្ដង»។
ប្រភពដដែលលើកឡើងថា ក្រោយហេតុការណ៍នោះ លោកបានចាត់ឱ្យមន្ត្រីបរិស្ថានបង្កើនការល្បាតជាប្រចាំ និងបង្កើនទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យបញ្ហាការប៉ះពាល់អាយុជីវិតដំរីព្រៃកើតឡើងជាបន្តទៀត។ យ៉ាងណាក៏ដោយ លោកថា តាមការកត់សម្គាល់ នេះជាលើកទី១ ហើយដែលកូនដំរីត្រូវជនមិនស្គាល់មុខបានបាញ់សម្លាប់ក្នុងខេត្តមណ្ឌលគិរី។
លោកថ្លែងថា៖ «យើងបានដាក់ចេញវិធានការមួយចំនួនដូចជា ការបង្កើនការចុះល្បាតតាមដានគន្លងសត្វដំរី និងសហការណ៍ជាមួយអាជ្ញាធរ និងអង្គការដៃគូ ដើម្បីតាមដាន និងទប់ស្កាត់បទល្មើសកុំឱ្យកើតមានរឿងនេះបន្តទៀត»។
ពាក់ព័ន្ធនឹងការងាប់កូនដំរីព្រៃនោះដែរ លោកជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរីថ្លែងថា ក្នុងនាមអាជ្ញាធរក៏មិនបាននៅស្ងៀមនោះដែរ គឺភ្លាមៗបានជំរុញយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចទាំងអស់ដើម្បីធ្វើការស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើស យកមកផ្តន្ទាទោសតាមច្បាប់។
ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាត្រង់ថា តាមរយៈការពិនិត្យជាក់ស្តែងលើសពដំរី ថ្វីបើឃើញថា មានស្នាមបាញ់ធ្លុះធ្លាយខ្លួនកូនដំរី តែរកក្បាលគ្រាប់មិនឃើញ ហេតុនេះបញ្ហានោះត្រូវអូសបន្លាយការស្រាវជ្រាវ ព្រោះនៅមិនទាន់កំណត់មុខសញ្ញាជនល្មើសបាននៅឡើយ។
លោកថ្លែងថា៖«យើងកំពុងស៊ើបបន្ត ដើម្បីរកមុខសញ្ញាដែលជាជនសង្ស័យបន្តទៀត យើងអត់ចោលទេ គ្រាន់តែថា ភ្លាមៗ យើងរកអត់ទាន់ឃើញ ប៉ុន្តែយើងដាក់បណ្តាញតាមស្វែងរកនៅមូលដ្ឋានក្នុងព្រៃហ្នឹង»។
ក្នុងនាមជាអ្នកស្រឡាញ់ថែរក្សាអភិរក្សដំរី លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា យល់ឃើញថា ការសម្លាប់កូនដំរីព្រៃនៅខេត្តមណ្ឌលគិរីគឺជាទង្វើមួយដ៏អាក្រក់ហួសហេតុដែលមិនអាចអត់ឱនឱ្យបាន ព្រោះកូនដំរីនីមួយៗទម្រាំបានកើតចេញគឺមានការលំបាកហើយមេដំរីត្រូវចំណាយពេលវេលាយូរក្នុងការពពោះរហូតដល់ ២១ ខែ។ ម្យ៉ាងវិញទៀត ដំរីមិនមែនជាសត្វចេះតែបង្កើតកូនបានងាយៗ បានច្រើនដូចសត្វចតុប្បាទផ្សេងៗនោះទេ។
លោកស្រីលើកឡើងថា ការអភិរក្សសត្វដំរីក្នុងពេលបច្ចុប្បន្នមានការយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែក៏នៅមានការខ្វះចន្លោះមួយចំនួន។ រីឯប្រជាពលរដ្ឋទូទៅ មិនបានចូលរួមក្នុងការអភិរក្សសត្វដំរីទេ ជាហេតុនាំឱ្យមានការបរបាញ់ ការដាក់អន្ទាក់ និងសម្លាប់សត្វដំរី ក៏ដូចជាសត្វព្រៃផ្សេងៗទៀតជារឿយៗ។
លោកស្រីថា៖ «ប្រជាពលរដ្ឋមួយចំនួនធំ និងព្រានព្រៃមួយចំនួនពុំបានគិតដល់ផលប្រយោជន៍នៃដំរីព្រៃ មិនបានគិតគូរដល់ផលប្រយោជន៍នៃការអភិរក្សសត្វព្រៃទេ គាត់គិតតែពីរឿងប្រយោជន៍ភ្លាមៗ។ អ៊ីចឹងបានមានការប៉ះពាល់ទៅដល់ គម្រោងនិងយុទ្ធស្រាស្តក្នុងការអភិរក្សសត្វព្រៃ»។
ដោយលើកឡើងពីសារៈសំខាន់របស់សត្វដំរីលោកស្រីចិន្តាបានបញ្ជាក់ថា ដំរីគឺជាបេតិកភណ្ឌ រូបិយរបស់កម្ពុជា។ ការថែរក្សាដំរីជារឿងសំខាន់ និងនាំមកនូវប្រយោជន៍ជាច្រើន ព្រោះការថែរក្សាសត្វចតុប្បាទធំៗទាំងនោះ ជួយបានទាំងការអភិរក្សព្រៃឈើ និងសត្វព្រៃដ៏ច្រើនថែមទៀតក្នុងតំបន់ដែលវារស់នៅ។ យ៉ាងណាការថែរក្សាសត្វដំរីព្រៃ មិនអាចធ្វើតែស្ថាប័នមួយឬអ្នកណាម្នាក់បានទេគឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) នៅកម្ពុជា តាមរយៈហ្វេសប៊ុក ក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់សត្វព្រៃដែលជិតផុតពូជនេះផងដែរ។ លោកបានថ្កោលទោសដល់ជនប្រព្រឹត្តបទល្មើស និងអំពាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមរាយការណ៍ ដល់មន្ត្រីមានសមត្ថកិច្ច ដើម្បីចូលរួមការពារបេតិកភណ្ឌមានជីវិតឱ្យនៅបានយូរអង្វែងថែមទៀត ប្រយោជន៍ដើម្បីអ្នកជំនាន់ក្រោយ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និយាយថា កូនដំរីដែលងាប់នៅខេត្តមណ្ឌលគិរី មានអាយុប្រមាណ ៧ ខែ ទម្ងន់ ២០០ គីឡូក្រាម។ នេះជាដំរីទី ៦ ដែលបាត់បងជីវិតនៅកម្ពុជា រាប់ចាប់តាំងពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន។ ដំរី ៥ ក្បាលទៀតដែលបានងាប់ក្នុងពេលកន្លងមកគឺ នៅឆ្នាំ ២០១៨ មាន ១ ក្បាល ២០១៩ មាន ១ ក្បាល ២០២០ មាន ១ ក្បាលចំណែកឆ្នាំ ២០២១ មិនមានការកត់ត្រាពីការងាប់ទេ ដោយឡែកឆ្នាំ ២០២២ មានដំរីព្រៃងាប់ចំនួន ២ ក្បាល ហើយចុងក្រោយ គឺដើមឆ្នាំ ២០២៤ នេះ ទើបមានកូនដំរីញីងាប់ ១ ក្បាល។
អ្នកនាំពាក្យក្រសួងបរិស្ថានថា ការងាប់របស់ដំរីព្រៃ ភាគច្រើនដោយគ្រោះមហន្តរាយធម្មជាតិ ជម្លោះជាមួយមនុស្សនិងអាចមកពីអន្ទាក់ព្រានដាក់ចាប់សត្វ។ តាមរយៈការស្រាវជ្រាវរួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការដៃគូ ចំនួនដំរីព្រៃនៅកម្ពុជាមានចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលច្រើនរស់នៅតំបន់ជួរភ្នំក្រវាញ និងតំបន់ភូមិភាគឦសាន។
ប្រភពដដែលបានលើកឡើងថា ដើម្បីថែរក្សាការពារដំរីកុំឱ្យបន្តមានការបាត់បង់ក្រសួងបរិស្ថានបានដាក់ចេញវិធានការដាច់ខាត ឈប់លើកលែងចំពោះជនប្រព្រឹត្តបទល្មើសសម្លាប់សត្វព្រៃ និងបំផ្លាញព្រៃឈើ។ ព្រមជាមួយគ្នានោះក្រសួងក៏មានការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីប្រឆាំងបទល្មើសធនធានធម្មជាតិ។ បន្ថែមលើនោះ ក្រសួងក៏បានកំពុងខំជំរុញការដាំកូនឈើឱ្យបានច្រើនជាងការកាប់បំផ្លាញ ដែលមកដល់ពេលនេះក្រសួងបណ្តុះកូនឈើបានជាង ៧០ ម៉ឺនដើមហើយ សម្រាប់ផែនការចែកជូនប្រជាពលរដ្ឋដាំដុះ ដោយឥតគិតថ្លៃក្នុង ១ ឆ្នាំ ១ លានដើម។
លោកបញ្ជាក់ថា៖ «ហើយងាកមកចូលរួមដាំដើមឈើឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០៥០ ធ្វើយ៉ាងណាឱ្យគម្របព្រៃឈើកើនឡើង ៦០ ភាគរយដែលគោលដៅនេះគឺស្របទៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។
ក្រសួងបរិស្ថាន ក្រសួងមានផែនការសកម្មភាពរួចហើយ សម្រាប់ការអភិរក្សដំរីអាស៊ីរយៈពេល ១០ ឆ្នាំ ពីឆ្នាំ ២០២០ ដល់ ២០២៩ ដែលពេលនេះកំពុងអនុវត្តជាបន្តបន្ទាប់ គឺធ្វើយ៉ាងណាកាត់បន្ថយការបាត់បង់ទីជម្រកដំរី ធ្វើការអភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីឡើងវិញ ពង្រឹងការអនុវត្តច្បាប់ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម បន្ធូរបន្ថយជម្លោះរវាងមនុស្សនិងដំរីព្រៃ និងជំរុញការអប់រំផ្សព្វផ្សាយ បង្កើនការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋចំពោះសត្វដំរី ព្រមទាំងស្រាវជ្រាវត្រួតពិនិត្យចំនួនដំរីព្រៃឱ្យបានជាប្រចាំ។
លោកថា ដើម្បីសម្រេចនូវសកម្មភាពទាំងនេះ ត្រូវតែអនុវត្តនៅទូទាំងប្រទេស ក្នុងនោះមានការចូលរួមពីដៃគូផ្សេងៗទៀត ដើម្បីធ្វើការអភិវឌ្ឍរួមគ្នាទាំងបច្ចេកទេស និងបច្ចេកវិទ្យាក៏ដូចជាហិរញ្ញវត្ថុផងដែរ។
លោកនិយាយថា៖ «យើងគិតថា មួយរយៈកន្លងមកនេះដំរីព្រៃត្រូវបានការពារ ហើយក៏មានវត្តមានច្រើន ដែលតាមរយៈយើងមើលឃើញដោយផ្ទាល់ គឺការចូលមកក្នុងភូមិ ក៏ដូចជាឃើញហ្វូងដំរីព្រៃឆ្លងកាត់មូលដ្ឋានមួយចំនួនផងដែរ» ។
លោកចន្ថា ណាសាក់ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់កូនដំរីព្រៃ ១ ក្បាលទៀតនៅខេត្តមណ្ឌលគិរី។ ការបាត់បង់នេះ ជាការព្រួយបារម្ភអំពីវត្តមានសត្វដំរីអាស៊ីនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត ព្រោះសត្វដំរីមានការបន្តពូជយឺត និងកំពុងជួបបញ្ហាប្រឈមជាច្រើន។
លោកថា៖ «ប្រឈមបាត់បង់ទីជម្រក ហ្វូងដំរីព្រៃមានចំនួនតិច ជម្លោះរវាងមនុស្ស និងដំរីព្រៃការរំខានពីសកម្មភាពមនុស្សកាន់តែច្រើន នៅក្នុងព្រៃដែលពួកវារស់នៅការចាប់ដំរីព្រៃយកមកចិញ្ចឹម ការងាប់កូនដំរីជាបន្តបន្ទាប់ដោយសារជាប់អន្ទាក់និងជំងឺផ្សេងៗ។
លោកលើកឡើងថា ពាក់ព័ន្ធការអភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជានឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ជុំវិញការបរបាញ់ដំរី និងបន្តផ្សព្វផ្សាយអំពីសារ:សំខាន់នៃសត្វព្រៃ និងព្រៃឈើជាពិសេសសត្វដំរីអាស៊ីដែលជាសត្វកម្រ។
បើតាមលោក ចន្ថា ណាសាក់ បច្ចុប្បន្ន អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បាននិងកំពុងសិក្សា និងអភិរក្សដំរីអាស៊ីនៅតំបន់ជួរភ្នំក្រវាញ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ និងធ្វើតេស្ដលាមកដើម្បីប៉ាន់ប្រមាណពីចំនួនដំរីនៅក្នុងតំបន់នោះ។ អង្គការក៏បានបង្កើតក្រុមសហគមន៍អ្នកការពារដំរីព្រៃតាមរយៈការដើរល្បាតជាប្រចាំ នៅតំបន់ជួរភ្នំក្រវាញ និងរាយការណ៍ពីកត្តាគំរាមកំហែងផ្សេងៗដល់សត្វដំរីព្រៃផងដែរ។
លោកថា៖ «មួយរយៈចុងក្រោយនេះយើងពុំបានទទួលបានព័ត៌មានពីការបាញ់សម្លាប់ដំរីព្រៃនោះទេ តែយើងសង្កេតឃើញមានការស្លាប់ដំរីព្រៃពីកត្តាផ្សេងៗ ដូចជាកូនដំរីព្រៃជាប់អន្ទាក់ស្លាប់ កើតជំងឺផ្សេងៗដែលមេវាបោះបង់ចោល ការផុងជាប់កូនដំរីក្នុងរណ្ដៅដី ការស្លាប់ដោយមិនដឹងមូលហេតុ»។
បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន នៅលើពិភពលោកក្នុងរយៈពេលប្រមាណ ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីមានការថយចុះ ៥០ ភាគរយ ចំណែកទីជម្រករបស់វាក៏មានការបាត់បង់ប្រហែល ៩០ ភាគរយដែរ។ ក្នុងចំណោមដំរីអាស៊ីសរុបនៅលើពិភពលោកមាន ៣៩ ៤៦៣ ទៅ ៤៧ ៤២៧ ក្បាល ភាគច្រើនមាននៅព្រៃក្នុងប្រទេសឥណ្ឌា និងស្រីលង្កា៕