ភ្នំពេញៈ មានសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន ៣៩៥ នៅទូទាំង ២៥ រាជធានី-ខេត្ត ត្រូវបានក្រសួងអប់រំដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការសិក្សាសិស្ស និងទំនាក់ទំនងគ្រូជាមួយអាណាព្យាបាលសិស្សនិងការគ្រប់គ្រងសាលាបែបឌីជីថល ខណៈអាណាព្យាបាលសិស្សក៏បានសាទរចំពោះប្រព័ន្ធនេះផងដែរ។
School information system (SIS) ឬប្រព័ន្ធព័ត៌មានសាលាជាប្រព័ន្ធមួយដែលកំពុងជួយសម្រួលដល់កិច្ចការគ្រប់គ្រងសាលារៀន ការរៀននិងបង្រៀនរបស់គ្រូ និងសិស្សានុ-សិស្ស។ ប្រព័ន្ធ (SIS) នេះក៏ផ្ដល់អត្ថប្រយោជន៍ដល់អាណាព្យាបាលសិស្សក្នុងការចូលរួមតាមដានការសិក្សារបស់កូនៗតាមប្រព័ន្ធទូរស័ព្ទបានយ៉ាងងាយស្រួលផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា។
ថ្វីបើប្រព័ន្ធព័ត៌មានសាលាឬហៅថា School information system(SIS) នេះ ទើបត្រូវបានក្រសួងអប់រំសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដាក់ឱ្យដំណើរការសាកល្បងនៅចុងឆ្នាំមុនក៏ពិតមែន តែលោកគ្រូ អ្នកគ្រូ មួយចំនួនបានអះអាងថា ប្រព័ន្ធនេះមានប្រសិទ្ធភាពនិងធ្វើឱ្យឪពុកម្តាយសិស្សមានទំនុកចិត្តមកលើសាលាកាន់តែខ្លាំងឡើង។
ដូចអ្វីដែលបានលើកឡើងខាងលើដែរ អ្នកស្រី អៀម សុឃឿន បានប្រាប់ថា អ្នកស្រីមានកូនប្រុសម្នាក់រៀនថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនឃ្លាំងលើ ក្រុងព្រះសីហនុ។ ខាងវិទ្យាល័យបានភ្ជាប់អាណាព្យាបាលសិស្សដោយចងក្រងជាក្រុមតាមតេឡេក្រាមដើម្បីងាយស្រួលក្នុងការទាក់ទងជាមួយសាលាតាមរយៈកម្មវិធី ១ ហៅថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលាឬ (SIS)។ ការចងក្រងជាក្រុមនេះអ្នកស្រីយល់ថាបានបង្កភាពងាយស្រួលក្នុងការទាក់ទងជាមួយលោកគ្រូ អ្នកគ្រូ ហើយអ្នកស្រីបានទើបតែប្រើប្រព័ន្ធនេះនៅចុងឆ្នាំ ២០២៣ កន្លងមកដែរទេ។
អ្នកស្ត្រី សុឃឿន បានបញ្ជាក់ប្រាប់ថា៖ «តាំងពីខ្ញុំបានប្រើប្រាស់ប្រព័ន្ធនេះមកខ្ញុំហាក់មានភាពកក់ក្តៅជាងមុនស្ទើរតែ ១០០ ភាគរយ និងស្និទ្ធស្នាលជាមួយលោកគ្រូ អ្នកគ្រូទៀតផង។ពីមុនបើគ្រូចង់ជួបប្រជុំជាមួយឪពុកម្តាយសិស្សគាត់ផ្តាំតាមកូនសិស្ស តែឥឡូវគាត់វ៉យ (Voice) តាមតេឡេក្រាមមកខ្ញុំដឹងភ្លាមក្នុងទូរស័ព្ទរបស់ខ្ញុំ»។
ស្រីវ័យ ៤៤ ឆ្នាំ ដែលកំពុងរស់នៅក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុរូបនេះបានបន្ថែមថា ប្រព័ន្ធមួយនេះអាចឱ្យអ្នកស្រីដឹងពីការរៀនឬការមិនមករៀនរបស់កូនអ្នកស្រីបានទាន់ពេលវេលា ដឹងពីចំណាត់ថ្នាក់ប្រចាំខែឬព័ត៌មានផ្សេងៗទៀតពីកូន។ចំណុចល្អមួយទៀត កាលពីមិនទាន់ប្រើប្រព័ន្ធនេះគឺអ្នកស្រីមិនបានដឹងទូលំទូលាយព័ត៌មានពីសាលាទេ ហើយអ្នកស្រីក៏ពុំមានភាពស្និទ្ធស្នាលជាមួយលោកគ្រូអ្នកគ្រូខ្លាំងដែរ។
ប្រព័ន្ធ (SIS) នេះបានបង្កភាពងាយស្រួលក្នុងការផ្តល់ព័ត៌មានទៅដល់ឪពុកម្តាយសិស្សបានគ្រប់ពេលទាក់ទងនឹងការសិក្សារបស់សិស្ស ហើយឪពុកម្តាយអាចតាមដានការសិក្សារបស់កូនៗបានគ្រប់ពេលផងដែរ។ ម្យ៉ាងទៀតសាលាអាចទទួលបានសំណូមពរឬព័ត៌មានផ្សេងៗពីអាណាព្យាបាលសិស្សដើម្បីយកមកដោះស្រាយបានរហ័សនិងទាន់ពេលវេលាផង។ នេះជាការលើកឡើងរបស់លោកស៊ី វុទ្ធី ជាគ្រូទទួលបន្ទុកខាងវិន័យនៅវិទ្យាល័យហ៊ុនសែនឃ្លាំងលើ។
លោកបានបន្តថា ប្រព័ន្ធ (SIS) នេះ ប្រើសម្រាប់តាមដានការសិក្សារបស់សិស្ស អាណាព្យាបាលសិស្សអាចឆ្លើយឆ្លង សួរនាំពីកូនជាមួយគ្រូបានលឿន ដែលខុសពីមុនបើកូនកុហកថា ម៉េចក៏បាន តែពេលនេះកូនលែងប្រើវិធីនេះបានទៀតហើយ។ ចំពោះវិន័យសាលាវិញ គឺមានការរឹតបន្តឹងបានល្អជាងមុននិងជួយសម្រួលបញ្ហាច្រើនរបស់សាលាក្នុងការកែលម្អបរិស្ថានសាលារៀនឬក៏លើកជាគម្រោងផ្សេងៗដែលត្រូវមានការចូលរួមពីឪពុកម្តាយសិស្ស ហើយឃើញថា ពួកគាត់ចូលរួមច្រើនជាងមុន។ ប្រព័ន្ធនេះបានផ្តល់ផលចំណេញច្រើនទាំងសិស្ស ទាំងសាលារៀន និងឪពុកម្តាយឬអាណាព្យាបាលសិស្ស។
លោកបានថ្លែងថា៖ «ចំពោះខ្ញុំយល់ថា ការដែលក្រសួងអប់រំឱ្យមានប្រព័ន្ធឡើងនេះគឺសុទ្ធតែជាផែនការសម្រាប់ប្រឡងប្រណាំងសាលារៀនល្អ សាលារៀនស្អាត។ ប្រព័ន្ធ (SIS) នេះសុទ្ធតែគ្របដណ្តប់លើការប្រឡងប្រណាំងទាំងអស់។ ម្យ៉ាងនៅពេលខាងសាលាចង់ប្រជុំជាមួយអាណាព្យាបាលសិស្សគឺគាត់អាចប្រជុំតាមតេឡេក្រាមក៏បានឬគាត់មកសាលាក៏បានដូច្នេះប្រព័ន្ធ (SIS) ល្អ»។
បើតាមលោកគ្រូ វុទ្ធី ចំពោះការគ្រប់គ្រងប្រព័ន្ធនេះគឺវិទ្យាល័យបានចាត់ចែងឱ្យមានគ្រូម្នាក់ជាអ្នកកាន់ប្រព័ន្ធ (SIS) នេះ។ ជាប្រចាំថ្ងៃនៅគ្រប់ម៉ោងសិក្សារបស់សិស្សក៏ដូចជាវត្តមានរបស់លោកគ្រូ អ្នកគ្រូ ត្រូវស្រង់វត្តមានបញ្ជូនទៅគ្រូដែលកាន់ប្រព័ន្ធនេះដើម្បីឱ្យគាត់ផ្ទុកទិន្នន័យជារបាយការណ៍សាលាប្រចាំថ្ងៃឬប្រចាំខែ។ បច្ចុប្បន្នវិទ្យាល័យហ៊ុនសែនឃ្លាំងលើមានការចូលរួមច្រើនពីអាណាព្យាបាលសិស្ស បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធ (SIS) ក្នុងការកែលម្អបរិស្ថានសាលារៀនឬក៏លើកគម្រោងផ្សេងៗក្នុងការអភិវឌ្ឍសាលារៀន។
ប្រព័ន្ធនេះមានផលចំណេញច្រើនទាំងខាងសាលា ទាំងខាងអាណាព្យាបាលសិស្សនិងសិស្សខ្លួនឯងផ្ទាល់ ហើយគុណភាពនៃការសិក្សារបស់សិស្សក៏ល្អជាងមុនច្រើនដែរ ពីព្រោះទោះជាសិស្សចេះឬមិនចេះក៏គាត់មកសាលាដែរ ដោយសារគាត់ខ្លាចអវត្តមានដឹងដល់ឪពុកម្តាយ។
ស្រដៀងគ្នានេះ សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន ព្រៃវែងស្ថិតនៅក្នុងខេត្តព្រៃវែង ក៏ជាសាលាប្រើប្រាស់ប្រព័ន្ធ (SIS) នេះដែរ ក្នុងចំណោមសាលាបឋមសិក្សាដទៃទៀតក្នុងខេត្តព្រៃវែង។ លោក មាន រ៉ា នាយកសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន ព្រៃវែង បានឱ្យដឹងដែរថា ចំពោះប្រសិទ្ធភាពវិញមានពី ៧០ ទៅ ៨០ ភាគរយ ដែលខុសគ្នាកាលពីសាលាមិនទាន់ប្រើប្រព័ន្ធ (SIS) ព្រោះបើសិស្សណាម្នាក់អវត្តមានគឺខាងសាលានឹងផ្តល់ដំណឹងដល់ឪពុកម្តាយសិស្សភ្លាមតាមរយៈទូរស័ព្ទឬតេឡេក្រាមដែលបានចងក្រងឡើង។
លោកបានបន្តថា៖ «កាលពីមិនទាន់មានប្រព័ន្ធ (SIS) បើសិស្សទៅណាមកណាក៏មិនដឹងដែរ ហើយក៏មិនដឹងថា ត្រូវផ្តល់ព័ត៌មានឱ្យឪពុកម្តាយដឹងភ្លាមយ៉ាងម៉េចដែរ។ តែឥឡូវនេះយើងផ្តល់ព័ត៌មានឱ្យគាត់ដឹងភ្លាមបើកូនគាត់អត់មករៀនតែយើងគ្មានជាលក្ខណៈស្កេនម៉ាស៊ីនទេ យើងស្រង់អវត្តមានផ្ទាល់ហើយបញ្ជូនទៅអ្នកកាន់ប្រព័ន្ធ (SIS)»។
ទោះជាយ៉ាងណា លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែងក៏បានឱ្យដឹងថា នៅខេត្តព្រៃវែងមានសាលាបឋមសិក្សាចំនួន ៥៦១ សាលាអនុវិទ្យាល័យមាន ៩២ និងវិទ្យាល័យមាន ៣៣។ ប៉ុន្តែការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ (SIS) នៅមានចំនួនតិចនៅឡើយ ទាំងនៅថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងខេត្តព្រៃវែង។
លោកបានបញ្ជាក់ថា៖ «មែនទែនទៅប្រព័ន្ធនេះយើងចងក្រងជាមួយអាណាព្យាបាលសិស្ស ហើយយើងផ្ញើសារទៅគាត់នៅពេលកូនគាត់មិនមករៀន។អាណាព្យាបាលក៏អាចទាក់ទងគ្រូៗបានភ្លាមៗដែរពេលគាត់មានបញ្ហាពាក់ព័ន្ធការសិក្សារបស់កូនគាត់»។
ប្រព័ន្ធតាមដានព័ត៌មានត្រឡប់ពីអាណាព្យាបាលនិងព័ត៌មានផ្សេងៗទៀតពីក្នុងសាលាគឺវិទ្យាល័យបាក់ទូករាជធានីភ្នំពេញដែលបានអនុវត្តនាពេលកន្លងមក បានបង្ហាញថា មានភាពងាយស្រួលនិងជួយសម្រួលដល់ការងារក្នុងសាលាបានច្រើន។ ដូចដែលលោក តូច កន្តាល់ នាយកវិទ្យាល័យនេះបានលើកឡើងថា ប្រព័ន្ធ (SIS) ប្រសិនបើលោកគ្រូ អ្នកគ្រូមានឆន្ទៈនឹងធ្វើ ហើយគាត់ចេះបច្ចេកវិទ្យា ITទៀតនោះ គឺរឹតតែងាយស្រួលថែមទៀត។
លោកបានថ្លែងថា៖ «នៅអនុនិងនៅវិទ្យាល័យគឺយើងកំពុងតែអនុវត្តហើយកំពុងវិវឌ្ឍជឿនលឿនទៅមុខ តែគ្រាន់តែថា វាមិនទាន់ស្ទុះវឹងដូចឡានថ្មីទេ។តាំងពីអនុវត្តប្រព័ន្ធនេះមក អវត្តមានសិស្សថយចុះខ្លាំង ហើយឪពុកម្តាយមានទំនុកចិត្តខ្លាំងមកលើសាលា»។
ប្រព័ន្ធ (SIS) ដែលក្រសួងអប់រំកំពុងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឬសាលាតិចណូនេះ គឺជាការគ្រប់គ្រងធនធាននានាដែលមាននៅក្នុងសាលា និងដើម្បីពង្រឹងវិន័យទាំងសិស្ស ទាំងគុណភាពអប់រំនៅក្នុងសាលាហើយបច្ចុប្បន្នក្រសួងពង្រាយបានចំនួន ៣៩៥ សាលា ហើយនៅទូទាំង ២៥ រាជធានី-ខេត្ត។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទាក់ទងទៅនឹងការដាក់ប្រព័ន្ធ (SIS) នេះ ក្រសួងអប់រំយុវជននិងកីឡាបានសហការជាមួយសាលាតិចណូ ដោយបែងចែកជា ២ ផ្នែក ទី១- គឺទាក់ទងនឹងការគ្រប់គ្រងធនធាននានានៅក្នុងសាលារៀនមិនថា ធនធានមនុស្ស ធនធានថវិកា ឬម៉ោងបង្រៀនឬក៏ការងារផ្សេងៗដែលមាននៅក្នុងសាលាទាំងអស់ដែលក្រសួងបានរៀបចំជាប្រព័ន្ធឌីជីថលទេ។
ទី២- គឺការស្រង់វត្តមានសិស្សតាមរយៈការស្កេន QR Cod (សាលាមួយចំនួន)។ ដូច្នេះរឿងទី១ គឺក្រសួងបានអនុវត្តនៅតាមសាលាគោលដៅទាំង ៣៩៥ សាលា ដែលបានដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងនេះរួចរាល់ហើយ។
លោកស្រីបានថ្លែងថា៖ «អ៊ីចឹងរឿងទី១ គឺក្រសួងបានអនុវត្តនៅសាលាគោលដៅបានចំនួន ៣៩៥ សាលា។ ទាំង ៣៩៥ សាលានេះក្រសួងបានដាក់ឱ្យអនុវត្តនូវប្រព័ន្ធគ្រប់គ្រងរួចរាល់ហើយ ដោយឡែកអ្វីដែលកំពុងសាកល្បងបន្តទៀតនៅក្នុងឆ្នាំ ២០២៤ នេះ គឺស្កេន QRCod លើអ្វីដែលប្រព័ន្ធកំពុងអនុវត្តពេលបច្ចុប្បន្ន»។
លោកស្រីបញ្ជាក់ថា សាលាទាំង ៣៩៥ នេះ រាយនៅគ្រប់ ២៥ រាជធានី-ខេត្ត។ ដោយឡែកមានតែខេត្តកំពង់ចាម និងខេត្តតាកែវប៉ុណ្ណោះដែលនឹងប្រើប្រាស់ប្រព័ន្ធនេះសម្រាប់មធ្យមសិក្សាទាំងអស់ រីឯនៅខេត្តផ្សេងទៀតមានតែ ៥ ឬ ៦ សាលាទេក្នុង ១ ខេត្ត៕