ភ្នំពេញ: នៅតាមដងផ្លូវដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ដំណើររឿងផ្សងព្រេងលើទឹកដីអច្ឆរិយចាប់ផ្តើមពីហាងគុយទាវមួយកន្លែង ដែលអ្នកនិពន្ធ និងមិត្តភក្តិ យកជាគោលដៅចេញដំណើរ។ ចេញពីទីក្រុង អ្នកនិពន្ធបាននាំអារម្មណ៍អ្នកអានទៅកាន់ប្រាសាទកោះកេររាងពីរ៉ាមីតដ៏អាថ៌កំបាំង ដែលអ្នកនិពន្ធធ្លាប់មកដល់តាំងពីឆ្នាំ ២០០៤។ អមដោយសាច់រឿង រូបថតដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា រួមមាន ថ្ងៃលិចដ៏ស្ងប់ស្ងាត់តាមដងទន្លេបាសាក់ ដំណើរលើផ្លូវជាតិលេខ ៦ និងភាពអ៊ូអរនៃផ្សារទួលទំពូង។
ព័ត៌មានលម្អិតនីមួយៗ ដកស្រង់ចេញពីបទពិសោធន៍អ្នកនិពន្ធ ដែលធ្វើឱ្យសាច់រឿងកាន់តែសម្បូរបែប បន្ថែមដោយផ្ទាំងទស្សនីយភាពស្អាតៗ និងរឿងរ៉ាវប្រវត្តិសាស្ត្រកម្ពុជាដ៏វ័យចំណាស់។ ដំណើររឿងនេះ ចាក់ឫសក្នុងការចងចាំផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ដែលអនុញ្ញាតឱ្យអ្នកអានចូលទៅក្នុងពិភពមួយបែបប្រឌិត និងការពិតបញ្ចូលគ្នា។ នៅក្នុងប្រឡោមលោកបែបបុរាណវិទ្យាដ៏ជក់ចិត្តកម្រាស់ ៣៤៤ ទំព័រ «The Koh Ker Conspiracy: An Archaeological Thriller» លោក Caleb Andrew ជាអ្នកនិពន្ធ បង្កើតរំលេចសាច់រឿងដោយផ្ដោតលើតុល្យភាពដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងការនិទានរឿងប្រឌិត។
ជាមួយការផ្ដិតយកតថភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងបញ្ហាស្មុគស្មាញនៃការលួចវត្ថុបុរាណ ប្រលោមលោករបស់លោក Andrew បានរួមបញ្ចូលគ្នាយ៉ាងរលូននូវធាតុផ្សំនៃប្រវត្តិសាស្ត្រ និងវប្បធម៌ពិតប្រាកដចូលទៅក្នុងពិភពនិទានកថាដ៏ជក់ចិត្ដ។
លោក Andrew បាននិយាយថា៖ «ការធំដឹងក្ដីឡើងទាំងក្នុងរាជធានីភ្នំពេញ និងសហរដ្ឋអាមេរិក ខ្ញុំបានដឹងថា មនុស្សជាច្រើននៅក្រៅតំបន់អាស៊ីអាគ្នេយ៍មិនស្គាល់ប្រទេសកម្ពុជាច្រើនទេ។ វាជាការអាម៉ាស់មួយ ព្រោះកម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាតដែលមានប្រវត្តិសាស្ត្រមិនគួរឱ្យជឿ»។
នេះជាពេលដែលលោក Andrew សម្រេចចិត្តសរសេរសៀវភៅប្រលោមលោក ដោយចង់ទាញបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីរំលេចវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរដល់ពិភពលោក។ យុវជនរូបនេះបានស្វែងយល់អំពីការសិក្សា ទស្សនាតំបន់បុរាណវិទ្យា ដូចជា កោះកេរ និងពិគ្រោះជាមួយអ្នកជំនាញ ដើម្បីធានាបានភាពត្រឹមត្រូវក្នុងការបង្ហាញអំពីប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់កម្ពុជា។
លោក Andrew បាននិយាយថា៖ «មានការនិយាយលេងថា ខ្ញុំជាក្មេងវប្បធម៌ទី៣ ដែលធំឡើងឆ្ងាយពីប្រទេសកំណើត ហើយសំណួរដែលពិបាកឆ្លើយបំផុតគឺ តើផ្ទះខ្ញុំនៅឯណា»។
ការពិត និងប្រឌិតលោក Andrew បាននិយាយថា អ្នកនិពន្ធប្រលោមលោកលើកដំបូងជាច្រើនតែងតែបង្កើតតួអង្គដែលឆ្លុះកញ្ចក់មើលខ្លួនឯង ហើយលោកបានទទួលស្គាល់ថា បូរ៉ាន់ ជាតួឯកដំបូងគឺស្រដៀងនឹងរូបលោក។ លោកមានបំណងបង្ហាញពីភាពជឿជាក់ និងសមត្ថភាពរបស់ បូរ៉ាន់ ក្នុងការប្រឈមមុខនឹងទាហានស៊ីឈ្នួលប្រដាប់អាវុធ ហើយលោក Andrew បង្កើតតួអង្គឪពុកជាចារកម្ម និងជាអ្នកបុរាណវត្ថុវិទូដែលចូលរួមក្នុងការតាមដានក្រុមឧក្រិដ្ឋកម្មអន្តរជាតិ។
លោក Andrew បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្នុងនាមជាអ្នកនិពន្ធ វាអាចពិបាកក្នុងការថ្លឹងថ្លែងការពិតជាមួយនឹងរឿងប្រឌិត។ ប៉ុន្តែខ្ញុំគិតថា យើងមិនដឹងអំពីព្រះបាទជ័យវរ្ម័នទី ៤ និងកោះកេរច្រើនទេ។ ខ្ញុំនៅមានចម្ងល់ជាច្រើនទៀតទាក់ទងនឹងប្រវត្ដិសាស្ដ្រ»។
លោក Andrew បាននិយាយថា កោះកេរមិនគ្រាន់តែជាប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់នៃសាច់រឿង។ វាជារឿងនិយាយអំពីអាថ៌កំបាំងនៃប្រាសាទកោះកេរ ដោយហេតុអ្វីបានជាព្រះបាទជ័យវរ្ម័នទី៤ រើរាជធានី និងអ្វីដែលមហាក្សត្រយកអ្វីពីយសោធបុរៈ ឬអង្គរ។ ចម្លើយគឺពឹងផ្អែកទៅលើប្រវត្តិសាស្ត្រ។ ប៉ុន្តែលោកក៏ត្រូវប្រយ័ត្នដែរថា សៀវភៅនេះមិនមែនជាសៀវភៅបុរាណវិទ្យាទេ។ វាជាការរំលេចនូវសាច់រឿងខ្លះៗសម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែម។
លោក Andrew បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «វាជាដំណើរផ្សងព្រេងជិះហើបផុតកៅអីដ៏ញាប់ញ័រឆ្លងកាត់ប្រទេសកម្ពុជា និងចូលទៅប្រទេសថៃជាមួយនឹងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរបុរាណនៅតាមដងផ្លូវ»។
លោកបានពន្យល់ថា ការនិពន្ធប្រលោមលោកនេះ ជួនកាលទាមទារការកែតម្រូវ។ លោកបានកត់សម្គាល់ថា សិលាចារឹកប្រវត្តិសាស្ត្រផ្តល់តម្រុយអំពីអ្វីដែលប្រហែលជាមាននៅលើកំពូលប្រាសាទពីរ៉ាមីត ប៉ុន្តែលោកត្រូវតែកែប្រែព័ត៌មានលម្អិតទាំងនេះដើម្បីឱ្យសាច់រឿងកាន់តែជក់ចិត្ដ ដោយបន្ថែមបញ្ហាប្រឈមជាក់ស្តែងនៃការលួច និងលាក់បាំងវត្ថុបុរាណធំៗអាយុកាលរាប់ពាន់ឆ្នាំទាំងនេះ។ ក្នុងនាមជាមេធាវីដែលមានការយកចិត្តទុកដាក់ចំពោះភាពប្រាកដប្រជា លោក Andrew ត្រូវបែងចែករវាងការពិតក្នុងប្រវត្តិសាស្ត្រ និងសេរីភាពច្នៃប្រឌិតដែលលោកបានយកនៅក្នុងអត្ថបទប្រលោមលោក។
លោកបានបញ្ជាក់ថា៖ «ក្នុងករណីនេះ ខ្ញុំគិតថា វាងាយស្រួល ជាងបន្តិច នៅពេលដែលរឿងប្រឌិតរំលេចឈុតឆាក (ការលួចវត្ថុបុរាណ) ដាច់ដោយឡែកពីប្រវត្តិសាស្ត្រពិត។ នោះមិនមែនជាការពិតទេដែលថា ប្រវត្តិសាស្ត្រមិនជាប់ពាក់ព័ន្ធនឹងរឿងនោះទេ»។
គំនិតសរសេរប្រលោមលោកដំណើរផ្សងព្រេងនៅកោះកេរលោក Andrew អាយុ ២៤ ឆ្នាំ បានបង្ហាញនូវបទពិសោធន៍រស់នៅក្នុងប្រទេសផ្សេងៗជុំវិញពិភពលោក ដែលធ្វើឱ្យលោកបានស្គាល់ និងរបៀបរបបរស់នៅរបស់ប្រជាជនប្រទេសនីមួយៗ។
លោកបានលើកឡើងថា សារៈសំខាន់នៃការស្តាប់ និងការរៀននៅក្នុងបរិបទវប្បធម៌ចម្រុះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនីមួយៗមានវប្បធម៌ និងប្រវត្តិសាស្ត្ររៀងៗខ្លួន។ នៅពេលដែលចាប់ផ្តើមសរសេរសៀវភៅ លោក Andrew មានគោលបំណងឱ្យវាក្លាយជាប្រលោមលោកបែបផ្សងព្រេងដ៏រីករាយជាជាងទស្សនវិជ្ជាហួសហេតុ។
ទោះជាយ៉ាងណា លោកក៏ចង់ឱ្យមានសារអប់រំអ្នកអានអំពីប្រទេសជាទីស្រឡាញ់របស់លោក។ លោកថែមទាំងបានបង្ហាញពីបំណងចង់សរសេរសៀវភៅបន្ថែមទៀតនៅកន្លែងដែលលោកធ្លាប់រស់នៅ ដោយផ្តល់ឱ្យអ្នកអាននូវការយល់ដឹងអំពីពិភពលោកដ៏គួរឱ្យចាប់-អារម្មណ៍ និងចម្រុះនៅជុំវិញខ្លួន។
លោកបានបន្ថែមថា៖ «ខ្ញុំបានទៅប្រាសាទកោះកេរលើកដំបូងក្នុងឆ្នាំ ២០០៤ ពេលខ្ញុំមានអាយុ ១៥ ឆ្នាំ។ វាពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។ ប្រាសាទប្រាង្គ (ពីរ៉ាមីត) អស្ចារ្យមិនគួរឱ្យជឿ ជាអច្ឆរិយទី៧ នៃមនុស្សជាតិ»។
នៅឆ្នាំ ២០០៤ កោះកេរមិនមានហេដ្ឋារចនាសម្ព័ន្ធ ឬតម្រូវ ឱ្យភ្ញៀវទេសចរបរទេសបង់ថ្លៃចូលទេ។ តំបន់នេះនៅទទេស្អាត ដែលលោក Andrew យល់ឃើញថា វាមានភាពទាក់ទាញ និងអាថ៌កំបាំង។ ស្រដៀងនឹងរឿងភាគ Indiana Jones ដែលផ្ដោតលើបេសកកម្មរុករកប្រាសាទបុរាណ នៅពេលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ២០២៣ លោក Andrew មានសេចក្តីសោមនស្សរីករាយដែលមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីការពារតំបន់បុរាណវត្ថុ។
លោកនិយាយថា៖ «បច្ចុប្បន្ន ភ្ញៀវត្រូវបង់ថ្លៃចូល ហើយកិច្ចខិតខំប្រឹងប្រែងជួសជុលកំពុងដំណើរការនៅទូទាំងបរិវេណកោះកេរ។ លើសពីនេះទៀត សារៈសំខាន់នៃតំបន់បុរាណវត្ថុនេះ ត្រូវបានទទួលស្គាល់ជាសកល ដោយប្រាសាទត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ ២០២៣»។
ការលួច និងការអភិវឌ្ឍប្រធានបទដ៏រសើបមួយដែលត្រូវបានលើកឡើងនៅក្នុងប្រលោមលោកគឺការលួចវត្ថុបុរាណពីប្រាសាទកោះកេរ ជាបញ្ហាកើតឡើងពិតដែលបានញាំញីប្រទេសកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ។
លោក Andrew បានរំលេចបញ្ហានេះទាំងការគោរព និងភាពបន្ទាន់ ដោយបង្ហាញពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការលួចបេតិកភណ្ឌវប្បធម៌។ តាមរយៈការភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិតប្រាកដជាមួយសាច់រឿងប្រឌិត យុវជនស្រឡាញ់វប្បធម៌ខ្មែររូបនេះមិនត្រឹមតែបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញអ្នកអានក្នុងការស្វែងយល់អំពីសីលធម៌ និងត្រិះរិះពិចារណាថែមទៀត។
លោកថា៖ «វាជាបញ្ហាធំ។ ដូចអ្នកដឹងហើយថា វត្ថុបុរាណដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានជាច្រើនពីកោះកេរ ត្រូវបានដាក់នៅក្នុងសារមន្ទីរជុំវិញពិភពលោក រួមទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក»។
លោកបាននិយាយថា ប្រទេសកម្ពុជា បានធ្វើការងារដ៏អស្ចារ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៃការចាប់ដៃគូជាមួយរដ្ឋាភិបាលក្រៅប្រទេស ដើម្បីប្រគល់វត្ថុបុរាណទាំងនេះមកវិញ។ លោកសង្ឃឹមថានឹងនាំយកការយកចិត្តទុកដាក់ចំពោះការលួចយកវត្ថុបុរាណពីប្រទេសកម្ពុជា និងជាពិសេសកោះកេរ។ តាមពិតនៅចុងបញ្ចប់នៃសៀវភៅនេះ លោកមានកំណត់ចំណាំស្តីពីការជួញដូរសិល្បៈខ្មែរ ដែលបញ្ចប់ដោយកថាខណ្ឌនេះ។
លោកបានបន្ដថា៖ «ខ្ញុំសង្ឃឹមថា ពេលអ្នកទៅសារមន្ទីរប្រវត្តិសាស្ត្រ ឬសិល្បៈ ហើយអ្នកឃើញស្នាដៃសិល្បៈខ្មែរ អ្នកសួរខ្លួនឯងថា តើវាមកពីណា និងពួកវាមកដល់ទីនេះដោយរបៀបណា។ ខ្ញុំបានជួបប្រទះទិដ្ឋភាពខ្លះៗនៃវប្បធម៌ និងការរស់នៅបែបខ្មែរ ហើយខ្ញុំនិយាយភាសាខ្មែរ។ ប៉ុន្តែខ្ញុំក៏បានរស់នៅឆ្ងាយពីប្រទេសកម្ពុជាមួយរយៈមកហើយ»។
លោកថា បទពិសោធន៍លោកក្នុងនាមជាមេធាវី និងជាអ្នកនិពន្ធបានបង្រៀនលោកពីសារៈសំខាន់នៃការយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត និងការអត់ធ្មត់៕