ភ្នំពេញៈ ទោះបីកត្តាខាងក្រៅហាក់នៅបន្តដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេស ដែលជាដៃគូពាណិជ្ជកម្មកម្ពុជា មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ នេះ នឹងងើបល្អប្រសើរឡើងវិញ ដែលនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ។
ការព្យាករនេះត្រូវបានគាំទ្រដោយភាពល្អប្រសើរនៃវិស័យមិនមែនកាត់ដេរ បាននិងកំពុងបន្តនិន្នាការនាំចេញ កើនឡើង, វិស័យទេសចរណ៍ រួមជាមួយការងើបឡើងវិញនៃវិស័យកាត់ដេរដែលកំពុងហក់ងើបឡើងក្នុងរយៈពេលដើមឆ្នាំនេះ។
កម្ពុជាមានសុទិដ្ឋិនិយមសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៤ នៅថ្ងៃទី ១៩ ខែកុម្ភៈថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងសម្រេចបានកំណើននៅក្នុងរង្វង់ ៦,៦ ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២,៩៥៧ ពាន់លានរៀល ស្មើនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក ស្របពេលដែលផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ០៧១ ដុល្លារ បើធៀបទៅនឹង ១ ៩១៧ ដុល្លារក្នុងឆ្នាំ ២០២៣។
លោកលើកឡើងថា ស្របពេលសេដ្ឋកិច្ចសកលនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា មានភាពល្អប្រសើរជាងមុន ខណៈវិស័យមួយចំនួនក្នុងស្រុកបានងើបឡើងល្អប្រសើរផងដែរ ដូចជា វិស័យមិនមែនកាត់ដេរ, វិស័យទេសចរណ៍នឹងកើនឡើងជាងឆ្នាំ ២០២៣ រួមជាមួយការងើបឡើងវិញនៃវិស័យកាត់ដេរ ជាក់ស្តែងវិស័យកាត់ដេរនៅដើមឆ្នាំ ២០២៤ នេះ ការនាំចេញមានតម្លៃខ្ពស់ជាងការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
លោកថ្លែងថា៖ «ពាក់ព័ន្ធអ្នកបញ្ជាទិញ និងទាំងអ្នកទិញក៏ដូចជាបណ្តារោងចក្រពួកគេបានលើកឡើងថា ក្នុងឆ្នាំ ២០២៤ នេះ គឺមានសង្ឃឹមច្រើន ដែលបង្ហាញនូវចំណុចវិជ្ជមាននៃការងើបឡើងវិញ ខណៈការផលិតផលិតផលមិនមែនកាត់ដេរ និងវិស័យកសិកម្ម បាននិងកំពុងបន្តក្នុងស្ថានភាពល្អប្រសើរផងដែរ»។
លោកបានបញ្ជាក់ថា ក្រៅពីសកម្មភាពខាងលើក៏មានកត្តាល្អផ្សេងៗទៀតសម្រាប់កម្ពុជាក្នុងនោះរួមមានការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាក់ស្តែងចាប់តាំងពីឆ្នាំ ២០២១ រហូតមក ដល់ឆ្នាំ ២០២៣ មានការកើនឡើងជាលំដាប់ ក្នុងនោះវិនិយោគិនចិន បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារកម្ពុជា និងចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំង ២។
កំណើននៅតែខ្ពស់ ប៉ុន្តែប្រឈមបញ្ហាខាងក្រៅច្រើនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២៤ នេះនឹងមានកំណើនក្នុងអត្រា ៦,១ ភាគរយ ជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ពិសេសប្រទេសចិន និងអាមេរិក។
IMF ឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកព្យាករកំណើនក្នុងកម្រិត ៣,១ ភាគរយ សម្រាប់ឆ្នាំ ២០២៤ ដែលជាអត្រាកំណើនដូចគ្នាទៅនឹងការព្យាកររបស់ខ្លួនកាលពីឆ្នាំ ២០២៣។ អតិផរណាពិភពលោកត្រូវបានគេព្យាករថា នឹងមាននៅត្រឹម ៥,៨ ភាគរយនៅឆ្នាំ ២០២៤។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានលើកឡើងកាលពីខែមុនថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅនឹងភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យការបែងចែកភូមិសាស្ត្រនយោបាយ ដែលនាំទៅរកការធ្លាក់ចុះលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ទេសចរណ៍ និងភាពមិនច្បាស់លាស់លើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។
លោកស្រីថ្លែងថា៖ «ទោះជាប្រឈមនឹងបញ្ហាទាំងនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថា នឹងកើនឡើងក្នុងរង្វង់ ៦,៤ ភាគរយនៅឆ្នាំ ២០២៤ ដែលរួមចំណែកជាចម្បងដោយការបន្តកើនឡើងនៃវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ និងការងើបឡើងនៃវិស័យកម្មន្តសាលស្របពេលវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យបន្តទទួលបានកំណើនទាប»។
លោក ផល្លា លើកឡើងពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ សម្រាប់ឆ្នាំ ២០២៤ នេះ ក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស ដែលបាននិងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍកម្ពុជា ដូចជាការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេស ដែលជាដៃគូពាណិជ្ជកម្មកម្ពុជា, ការបន្តរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ជាពិសេស សហរដ្ឋអាមេរិក និងការបន្តកើនឡើងថ្លៃរូបិយប័ណ្ណដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់លំហូរទុនវិនិយោគ និងពាណិជ្ជកម្ម, ការបន្តឡើងថ្លៃ ឬកម្រិតខ្ពស់នៃថ្លៃថាមពល និងទំនិញជារួមលើទីផ្សារអន្តរជាតិ, ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចកំពុងកាត់បន្ថយការចូលរួមក្នុងចរន្តសកលភាវូបនីយកម្ម ស្របជាមួយនឹងការកើនឡើងនៃនិន្នាការពហុប៉ូល និងការបែងចែកប្លុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការកើនឡើងនូវផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាដើម៕