ភ្នំពេញៈ មានសំណល់បរិក្ខារអគ្គិសនី និងអេឡិត្រូនិកចំនួន ១៧,៦៩ តោន សំណល់ថ្មពិល ២,២៦ តោន និងសំណល់អាគុយជាង ១២,១៨ តោន ត្រូវបានក្រសួងបរិស្ថាននិងក្រុមហ៊ុនអេកូបាតប្រមូលរក្សាទុក ដែលនេះជាផ្នែកមួយក្នុងការជួយកាត់បន្ថយការបំភាយសារធាតុមានកម្រិតពុលខ្លាំងដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកនិងសំណល់អាគុយ ថ្មពិល ត្រូវបានចាត់ទុកថាជាសំណល់ដែលមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ និងមានកម្រិតជាតិពុលខ្លាំងធ្វើឱ្យប៉ះពាល់ដល់ឆ្អឹង ខូចតម្រងនោម ខូចប្រព័ន្ធប្រសាទ ខូចចលនាសាច់ដុំ ខូចប្រព័ន្ធភាពស៊ាំ ប៉ះពាល់ដល់ការបង្កកំណើត និងទារកក្នុងផ្ទៃផង។ សំណល់ទាំងនេះបានផ្ទុកសារធាតុបារត កាត់ម្ញូម,នីកែល សារធាតុក្រូមអាសេនិក។នេះបើតាមក្រសួងបរិស្ថាន។
លោកខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមការងារក្រសួងបរិស្ថានពិនិត្យឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋអាចទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយជាច្រើនពាក់ព័ន្ធនឹងការងារកិច្ចគាំពារបរិស្ថានដែលចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការទុកដាក់ ញែកសំណល់ និងផលប៉ះពាល់បង្កពីសំណល់គ្រោះថ្នាក់ដល់បរិស្ថាននិងសុខភាព។ ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើនឡើងអំពីកិច្ចគាំពារបរិស្ថាន។
លោកថ្លែងថា៖«ការចូលរួមរបស់ពួកគាត់ជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធក្នុងការអនុវត្តយន្តការទុកដាក់ និងញែកសំណល់គ្រោះថ្នាក់ (សំណល់ថ្មពិល សំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី។ល។) ចេញពីសំណល់ផ្ទះបាយក៏មានកើនឡើងយ៉ាងខ្លាំងផងដែរ» ។
បើតាមលោក អាទិត្យា រហូតមកទល់បច្ចុប្បន្ន សំណល់ថ្មពិល សំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលត្រូវប្រមូលបានមានសំណល់ថ្មពិល (Alkaline,Lithium )ចំនួន ២ ២៦០ គីឡូក្រាម (២,២៦ តោន) សំណល់អាគុយ (Lead Acid Battery) មាន ១២ ១៨៥,៣៥ គីឡូក្រាម (ជាង១២,១៨តោន) និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក (ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនព្រីននិងម៉ាស៊ីនថតចម្លង។ល។)បានចំនួន ១៧ ៦៩០ គីឡូក្រាម (១៧,៦៩តោន)។ ការងារនេះបានចាប់ផ្តើមប្រមូលថ្មពិលនៅខែកក្កដា ឆ្នាំ ២០២១ រីឯការងារប្រមូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិក ចាប់ផ្តើមពីខែមករា ឆ្នាំ ២០២៣។
លោកបានបញ្ជាក់ថា សំណល់ថ្មពិល អាគុយ និងសំណល់បរិក្ខារអគ្គិសនីដែលប្រមូលបាននេះត្រូវបានយកទៅទុកយ៉ាងត្រឹមត្រូវដោយអនុលោមតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថានក្នុងឃ្លាំងក្រុមហ៊ុនអេកូបាតដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។
លោកបានឱ្យដឹងទៀតថា ចំពោះសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីមួយចំនួន ត្រូវបានក្រុមហ៊ុនយកមកជួសជុលសម្រាប់ប្រើប្រាស់ឡើងវិញនិងដោះបំបែកទាញយកធនធានសម្រាប់នាំចេញទៅក្រៅប្រទេសដើម្បីកែច្នៃឡើងវិញ។ ចំណែកសំណល់ថ្មពិលក្រុមហ៊ុននឹងនាំចេញទៅក្រៅប្រទេសដើម្បីធ្វើប្រព្រឹត្តកម្ម តែចំពោះការស្តុកទុក ការដោះបំបែកសំណល់គឺនៅក្នុងទីតាំងក្រុមហ៊ុនអេកូបាតតែម្តង។
លោក ខ្វៃ អាទិត្យា បានអះ-អាងថា ការងារនេះក្រសួងបរិស្ថានបានអនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្តជាតិជាធរមាននិងអនុសញ្ញាបាស៊ែលស្តីពីការត្រួតពិនិត្យការចរាចរសំណល់គ្រោះថ្នាក់ឆ្លងដែន និងការបោះបង់ចោលដែលកម្ពុជា ក៏ភាគីមួយដែរ។ ប៉ុន្តែនៅពេលអនាគតក្រុមហ៊ុនអេកូបាតមានបំណងបង្កើតរោងចក្រកែច្នៃសំណល់ទាំងនេះនៅកម្ពុជាតែម្តង ជាពិសេស ថ្មីៗនេះក្រុមការងារក្រសួងបរិស្ថាននិងក្រុមហ៊ុនអេកូបាតក៏បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនជប៉ុនឈ្មោះ HAMAYA ដែលមានបទពិសោធន៍ក្នុងការកែច្នែសំណល់បរិក្ខារអគ្គិសនីដើម្បីបង្កើតកិច្ចសហការប្រមូល និងកែច្នៃសំណល់បរិក្ខារអគ្គិសនីនៅកម្ពុជា។កន្លងមកក្រសួងបរិស្ថាននិងក្រុមហ៊ុនអេកូបាតក៏បានដាក់បង្ហាញសំណល់ទាំងនេះនៅតាមកម្មវិធីពាក់ព័ន្ធនឹងវិស័យបរិស្ថានមួយចំនួនផងដែរ។
លោកបានថ្លែងថា៖«ជាជំហានដំបូងគឺយើងសហការជាមួយបណ្តាស្ថានីយប្រេងឥន្ធនៈហើយនិងផ្សារទំនើបសម្រាប់ការអនុវត្តការងារនេះ។ អ៊ីចឹងការងារនេះគឺយើងចាប់ផ្តើមពីរាជធានីភ្នំពេញទៅ»។
លោកបានរំឭកដែរថា ការអនុវត្តយន្តការប្រមូលសំណល់ថ្មពិលដែលក្រសួងបរិស្ថានបានចាប់ផ្តើមពីខែកក្កដា ឆ្នាំ ២០២១ មកគឺតាមរយៈការដាក់ធុងសំណល់ថ្មពិលនៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមស្ថាប័នរដ្ឋនិងឯកជន ស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប គ្រឹះស្ថានសិក្សា ភោជនីយដ្ឋាន និងធនាគារ និងទីតាំងអាជីវកម្មមួយចំនួនព្រមទាំងនៅតាមបណ្តាខេត្តមួយចំនួនដែរ។
បើតាមលោក ខ្វៃ អាទិត្យា គិតមកទល់បច្ចុប្បន្នការដាក់ធុងប្រមូលសំណល់ថ្មពិលសរុបចំនួន ១៨៧ ធុងនៅទីតាំងចំនួន ១៥០។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ១៤៧ ធុង និងតាមបណ្តាខេត្ ៤០ ធុង។
លោកបានបញ្ជាក់ថា ចំពោះម្ចាស់ទីតាំងដែលទទួលបានធុងដាក់ថ្មពិលអាចទាក់ទងមកក្រុមការងារក្រសួងបរិស្ថានឬក្រុមការងាររបស់ក្រុមហ៊ុនអេកូបាតនៅពេលបរិមាណសំណល់ថ្មពិលពេញធុង ដើម្បីឱ្យក្រុមការងារក្រុមហ៊ុនអេកូបាតចុះទៅប្រមូល។ ចំណែកសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកវិញ ក្រុមការងារក្រុមហ៊ុនអេកូបាតនឹងទៅប្រមូលដល់ទីតាំងម្ចាស់សំណល់ក្នុងករណីសំណល់នេះមានចាប់ពី ១០ គ្រឿងឡើងទៅ។ ប៉ុន្តែបើក្នុងបរិមាណក្រោម ១០គ្រឿង មា្ចស់សំណល់យកទៅប្រគល់ជូនក្រុមការងារនៅក្រសួងបរិស្ថាន ឬក្រុមការងារក្រុមហ៊ុនអេកូបាតដែលមានលេខទំនាក់ទំនង ០១៧ ៤៦១ ៨១៩ /០១១ ៣៩៩ ១២២/០១១ ៩៩៩ ៩១០ ។
លោក ឆឺយ បូណា ប្រធានគ្រប់គ្រងសំណល់អ៊ីវេស (E-WASTE) នៃក្រុមហ៊ុន Ecobatt-EnergyCambodia បានឱ្យដឹងដែរថា មូលហេតុដែលក្រុមហ៊ុនប្រមូលសំណល់ទូទឹកកក ទូរទស្សន៍ ទូរស័ព្ទ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ម៉ាស៊ីនព្រីន ម៉ាស៊ីនថតចម្លងនិងចង្ក្រានអគ្គិសនីជាដើមនោះ ដោយសារមើលឃើញថា បរិក្ខារអគ្គិសនីទាំងនោះ ក្រោយពីប្រើប្រាស់ខូចគឺប្រជាពលរដ្ឋខ្លះតែងបោះចោល តែគាត់មិនបានដឹងថា វត្ថុនោះមានផ្ទុកសារធាតុពុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សទេ។
ឧទាហរណ៍នៅក្នុងទូរទស្សន៍មានផ្ទុកទៅដោយសារធាតុបារត និងសារធាតុគីមីមួយចំនួនទៀត។ វត្ថុទាំងនោះនៅពេលវានៅហាលខ្យល់ ហាលភ្លៀង ត្រូវកម្តៅថ្ងៃយូរទៅវានឹងមានប្រតិកម្មជាមួយបរិយាកាស ដែលពេលនោះហើយសារធាតុគីមីវានឹងបំភាយចូលក្នុងបរិយាកាស។ការបំភាយនេះវាបង្កជាផលប៉ះពាល់ដល់សុខភាពមនុស្ស ដូច្នេះរាល់គ្រឿងអេឡិចត្រូនិកទាំងអស់មានបំភាយនូវឧស្ម័នកាបូនិចដូចគ្នា ទៅតាមទំហំនៃគ្រឿងបរិក្ខារនីមួយៗ តែបើមានការប្រមូលទុកដាក់ត្រឹមត្រូវនឹងជួយកាត់បន្ថយផលប៉ះពាល់សុខភាពដែរ។
បើតាមលោក ឆឺយ បូណា ក្រុមហ៊ុន Ecobatt-EnergyCambodia បានសហការជាមួយក្រសួងបរិស្ថាននិងបានសហការជាមួយរោងចក្រ ធនាគារ មន្ទីរពេទ្យទាំងរដ្ឋ និងឯកជនរួម នឹងតាមស្ថាប័នរដ្ឋមួយចំនួនទៀត។
បច្ចុប្បន្នក្រុមហ៊ុនមានសហគ្រាសនិងរោងចក្រប្រមាណជិត ២០០ ក្រុមហ៊ុនបានចុះឈ្មោះជាសមាជិក ហើយផ្តល់សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកខូចៗ តែក្នុងនោះមានតែជាង ១០ ក្រុមហ៊ុនប៉ុណ្ណោះដែលស្ម័គ្រចិត្តផ្តល់មកក្រុមហ៊ុនដោយមិនលក់ដូរ។
លោកបានប្រាប់ថា៖ «នៅកម្ពុជាយើងមិនទាន់មានម៉ាស៊ីនកែច្នៃសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកទេ។ក្រុមហ៊ុនគ្រាន់តែយកមកដោះញែកវាជាផ្នែកៗរក្សាទុកក្នុងទីសុវត្ថិភាពមួយត្រឹមត្រូវ តែបើប្រភេទជាជ័រគឺមានរោងចក្រអាចកែច្នៃជាវត្ថុប្រើប្រាស់ឡើងវិញបាន។ ប៉ុន្តែសម្រាប់សំណល់ដែលខាងក្រុមហ៊ុនប្រមូលបានរហូតមកទល់ពេលនេះនៅមិនទាន់បាននាំទៅក្រៅប្រទេសទេ ព្រោះមានចំនួនតិចពេក»៕