​ភ្នំពេញៈ ដោយមាន​សែស្រឡាយ​ជា​រាជវង្ស ព្រះ​នាង​តូច នរោត្តម អ​ម្រិ​តា មិនបាន​ប្រើ​ខ្សែជីវិត​រស់នៅ​បែប​សុខ​ស្រួល ដោយ​មិនមាន​អ្នកបម្រើ​ឆ្វេង​ស្តាំ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​សាច់​សាលោហិត​ជា​សែ​ស្តេច​នោះទេ ប៉ុន្តែ​យុវតី​រូបនេះ បែរជា​ប្រើ​​ប្រាស់​កម្លាំង​ជាមួយ​កាយសម្បទា​ដ៏​អំណោយផល​របស់ខ្លួន ដើម្បី​ចាប់យក​ជំនាញ​កីឡា​ជិះ​​សេះ​ទៅវិញ ព្រោះ​ព្រះ​នាង​ចង់​ប្រើ​ជំនាញ​មួយ​នេះ​ជា​ស្ពាន​ឈានទៅ​បង្កើត​នូវ​ស្នាដៃ ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ​ឱ្យ​ស័ក្តិ​សមជា​ចៅស្រី​ម្នាក់​របស់​ព្រះបាទ​នរោត្តម​សីហនុ​ព្រះ​បរម​រតន​កោដ្ឋ​។​

​បើទោះបីជា​ពេលនេះ​កីឡា​​ការិនី នរោត្តម អ​ម្រិ​តា នៅ​មិនទាន់​អាច​សាង​បាន​ស្នាដៃ​ធំដុំ​នៅលើ​ឆាក​អន្តរជាតិ ប៉ុន្តែ​ការ​ដណ្តើមបាន​មេដាយមាស ពី​ការប្រកួត​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​​១ ឆ្នាំ​ ២០២៣ (The 1st  SEA Youth Cup) នៅ​ទីក្រុង​បាង​​កក ប្រទេស​ថៃ កាលពី​ចុង​ឆ្នាំមុន បាន​ក្លាយជា​សមិទ្ធផល​ដ៏​ល្អ​បំផុត​ដែល​បាន​ជំរុញ​ឱ្យ​ព្រះ​​នាង​តូច​រូបនេះ​កាន់តែ​ដាក់ចិត្ត​ខ្លាំង​ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​ធំ​តាម​ឧបនិស្ស័យ និង​ក្តី​ស្រមៃ​ពី​កុមារភាព​មក​។​

​ដោយមាន​ម្តាយ​ជា​សែ​ស្តេច គឺ​ព្រះអង្គម្ចាស់ នរោត្តម ណានដា​ទេវី និង​ឪពុក​ឈ្មោះ Ketienmeyer Etienne ព្រះ​នាង នរោត្តម អ​ម្រិ​តា បានកើត និង​ធំ​ដឹងក្តី​នៅលើ​ទឹកដី​ក្រុងប៉ារីស ប្រទេស​បារាំង ជាទី​កន្លែង ដែល​ក្មេងស្រី​ម្នាក់នេះ កើតជា​ឧ​ប​​និស្ស័យ​ស្រឡាញ់ និង​ចូលចិត្ត​សត្វ ជាពិសេស​គឺ​សត្វ​សេះ ហេតុនេះហើយ​ទើប អ​ម្រិ​តា​បាន​សុំចូល​ហាត់​ជិះសេះ​តាំងពី​កុមារភាព​។​

​នៅក្នុង​បទសម្ភាសន៍​ផ្ទាល់​ជា​​មួយ​ ភ្នំពេញ​ ប៉ុស្តិ៍ ព្រះ​នាង​តូច នរោត្តម អ​ម្រិ​តា មិនបាន​ប្រើប្រាស់​ពាក្យពេចន៍​ជា​សែ​រាជ​​វង្ស​នោះទេ​គឺ​ប្រើ​ភាសា​ដូច​រាស្ត្រសាមញ្ញ​ធម្មតា​ដែរ​។ «​ខ្ញុំ​ចូល​ចិត្ត​សត្វ​តាំងពី​នៅ​តូច គឺ​នៅផ្ទះ​របស់ខ្ញុំ មាន​ឆ្កែ​មួយ មាន​ឆ្មា​មួយ និង​មាន​សត្វ​បក្សី​ដែល​បាន​ហើរ​មកលេង​ផ្ទះ​របស់ខ្ញុំ គឺ​ខ្ញុំ​ចូលចិត្ត​សត្វ​ទាំងអស់នោះ​ណាស់ ជាពិសេស​សេះ​តែម្តង ព្រោះ​នៅតាម​ខេត្ត ក្នុងប្រទេស​បារាំង​មាន​សេះ​ច្រើន អ៊ីចឹង​ពេល​ឃើញ​សេះ​ហ្នឹង ខ្ញុំ​សុំ​ប៉ា​ម៉ាក់​ជិះសេះ តាំងពី​អាយុ ៥ ​ឆ្នាំ​»​។​

​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ កុមារី​នរោត្តម អ​ម្រិ​តា តែងតែ​យក​ពេលទំនេរ​ពី​ការសិក្សា​ទៅ​ហាត់​ជិះសេះ ហើយ​នៅពេល​វិល​ត្រឡប់មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ អ​ម្រិ​តា ដែល​បាន​កើន​វ័យ​ដល់​ ៧ ​ឆ្នាំ​នោះ នៅតែ​ស្វះ​ស្វែងរក​កន្លែង​ជិះសេះ ហើយ​នៅ​ទីបំផុត​ក្មេងស្រី​ម្នាក់នេះ ត្រូវបាន​ខាង​សាលា​អន្តរជាតិ​បារាំង École Française Internationale (EFI) នាំមក​ហាត់​ជិះសេះ នៅ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​​សេះ ដោយមាន​លោកស្រី ទេព ម៉ូ​ណា ជា​ប្រធាន​សហព័ន្ធ​។​

​រំឭក​ដល់​រឿងនេះ ព្រះ​នាង​នរោត្តម អ​ម្រិ​តា បាន​បញ្ជាក់ថា​៖ «​នៅពេល​មកដល់​ស្រុក​ខ្មែរ​ដំបូង ខ្ញុំ​អត់​ដឹងថា កន្លែង​ណា​មានការ​ជិះសេះ​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ទៅខាង​សាលា EFI ថា ខ្ញុំ​ចូលចិត្ត​ជិះសេះ អ៊ីចឹង​ខាង​សាលា​ក៏បាន​នាំ​ខ្ញុំ​មក​ហាត់​ជិះសេះ​រាល់ថ្ងៃ​អាទិត្យ​នៅ​សហ​ព័ន្ធ ហើយ​ក្រោយមក​ខ្ញុំ​បានមក​ហ្វឹកហាត់​នៅទីនេះ​ញឹកញាប់​តែម្តង និង​បាន​ក្លាយជា​កីឡា​ការិនី​ថ្នាល​របស់​សហព័ន្ធ​នៅ​ឆ្នាំ​ ២០១៨ ក្នុង​អាយុ​ ១០ ​ឆ្នាំ​»​។​

​ជាមួយ​ការស្រឡាញ់ និង​ការ​​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ហ្វឹកហាត់ ក្រោម​ការជំរុញ និង​លើកទឹកចិត្ត​បន្ថែម​ពី​ព្រះ​មាតា នរោត្តម ណាន​ដា ទេវី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​អគ្គលេខា​​ធិ​ការ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ កាលពី​ឆ្នាំ​ ២០១៨ ​ដែរនោះ បាន​ជួយ​ឱ្យ​ព្រះ​នាង​តូច អ​ម្រិ​តា អាច​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​លឿន​ដើម្បី​ក្លាយជា​កីឡា​ការិនី​វ័យក្មេង​ម្នាក់ ដែលមាន​សមត្ថ​ភាពលេច​ធ្លោ ដោយ​អាច​បញ្ជា​សេះ​លោត​ផ្លោះ​របារ​បាន​ស្ទាត់ជំនាញ ហើយ​ដណ្តើមបាន​ជយលាភី​ជា​បន្តបន្ទាប់ សម្រាប់​កម្មវិធី​ប្រកួត ដែល​រៀបចំ​ដោយ​សហព័ន្ធ និង​ការ​ប្រកួត​ប្រណាំងសេះ​ផ្សេងៗ​ទៀត នៅក្នុង​ស្រុក​។​

​ជាមួយ​ភាពលេច​ធ្លោ​នេះ អ​ម្រិ​តា ត្រូវបាន​សហព័ន្ធ បញ្ជូន​ឱ្យទៅ​ប្រកួត​ពានរង្វាន់​ក្រប​ខ័​ណ្ឌ​ក្លិប​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ ​២០១៩ និង​បាន​ទៅ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី ព្រមទាំង​ការប្រកួត​ថ្នាក់ជាតិ​នៅ​ប្រទេស​ថៃ និង​ក្រុង​តៃប៉ិ​ក្នុង​ឆ្នាំ​ ២០២២​ ផងដែរ ប៉ុន្តែ​ព្រះ​នាង​តូច​អង្គ​នេះ មិនទាន់​អាច​ប្រើ​បទពិសោធន៍​ដ៏​ក្មេងខ្ចី​របស់ខ្លួន​ដើម្បី​ប្រជែង​ជា​​មួយ​អត្ត​ព​លិ​ក​មានបទពិសោធន៍ និង​មាន​បច្ចេកទេស​បញ្ជា​សេះ​ច្រើន​ឆ្នាំ​របស់​ប្រទេស​ទាំងអស់នេះ​បានទេ​។​

​កីឡាការិនី​វ័យ​ ១៥​ ឆ្នាំ​អ​ម្រិ​តា បាន​និយាយថា​៖ «​សម្រាប់​ការ​ទទួលបាន​ឱកាស​ចេញទៅ​ប្រកួត​នៅក្រៅ​ស្រុក​កន្លងមក ខ្ញុំ​មិន​ទទួលបាន​ជ័យជម្នះ​ល្អ​ទេ ដោយសារ​ខ្ញុំ​នៅ​ក្មេង ហើយ​ត្រូវ​ប្រកួត​ជាមួយ​គេ​ធំៗ​ដែលមាន​ភាព​ស្ទាត់ជំនាញ និង​បាន​ហ្វឹកហាត់​យូរ​ឆ្នាំ​ជាង​យើង ប៉ុន្តែ​សម្រាប់​ការប្រកួត​នៅ​ប្រទេស​ថៃ កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ខ្ញុំ​និង​មិត្ត​រួម​ក្រុម​បានឈ្នះ​មេដាយមាស​យ៉ាង​រំភើប​បំផុត ព្រោះនេះ​ជា​មេដាយមាស​លើកដំបូង​សម្រាប់​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ​របស់​សហព័ន្ធ​ផងដែរ​»​។​

​សម្រាប់​ការប្រកួត​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី១ ឆ្នាំ ​២០២៣ (The 1st  SEA Youth Cup)​ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​២០២៣ ដោយមាន ​៧ ​ប្រទេស​ចូលរួម​នោះ កីឡាការិនី នរោត្តម អ​ម្រិ​ត កីឡាករ គង់ រតនៈ និង​កីឡាករ គិរី ចាន់​តុលា គឺ​ម្នាក់ៗ​បាន​បញ្ជា​សេះ​លោត​ផ្លោះ​របារ​បាន​យ៉ាង​ល្អ​ដើម្បី​ឈ្នះ​មេដាយមាស លើ​វិញ្ញាសា​ប្រកួត​ជិះសេះ​លោត​ផ្លោះ​របារ​ជា​ក្រុម​។​

​ការ​ឈ្នះ​បាន​មេដាយមាស​នេះ បាន​ក្លាយជា​ជោគជ័យ​យ៉ាង​ធំធេង​បំផុត​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការតស៊ូ​យ៉ាង​វែងឆ្ងាយ​របស់​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះ​​សេះ ដោយបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០០៦ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ព្រះបាទ នរោត្តម សីហនុ ប៉ុន្តែ​ទើប​ឈ្នះ​បាន​មេដាយមាស ជា​លើកដំបូង ពី​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ បន្ទាប់ពី​ក្រុម​ជិះសេះ​កម្ពុជា បានឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ជា​លើកដំបូង នៅ​ម៉ាឡេស៊ី ឆ្នាំ​ ២០១៧ និង​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ ១ ​ទៀត​ពី​ការប្រកួត នៅ​ហុងកុង​។​

ព្រះនាងនរោត្តមអម្រិតាពេលកំពុងរៀបចំកែបសេះមុនហ្វឹកហាត់នាពេលកន្លងទៅ។សហការី

​ចំពោះ​ការបង្កើតឱ្យមាន​ការ​ប្រកួត SEA Youth Cup នៅ​ប្រទេស​ថៃ កាលពី​ខែធ្នូ​នោះ ក៏​ដើម្បី​ជាការ​លើកទឹកចិត្ត​និង​ជំរុញ​ដល់​បណ្តា​ប្រទេស នៅក្នុង​តំបន់​អាស៊ាន​ចាប់ផ្តើម​ពង្រឹង​ប្រភេទ​កីឡា​ជិះសេះ​ឡើងវិញ​ផងដែរ​សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៥ នៅ​ប្រទេស​ថៃ បន្ទាប់ពី​ប្រភេទ​កីឡា​ជិះសេះ មិនត្រូវ​បានដាក់​ឱ្យមាន​ការប្រកួត​នៅ​ស៊ី​ហ្គេម ចំនួន​ ៣ ​លើក​ជាប់ៗ​គ្នា​។​

​ជាមួយ​ការដាក់​ឱ្យមាន​ប្រ​ភេទ​កីឡា​ជិះសេះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជាថ្មី​នេះ​កីឡាការិនី នរោត្តម អ​ម្រិ​ត បានដាក់​គោល​ដៅ​ខ្ពស់​ថា ត្រូវ​ដណ្តើម​ឱ្យបាន​មេដាយមាស​។ «​ខ្ញុំ​ចង់​ដណ្តើមបាន​មេដាយមាស​ស៊ី​ហ្គេម នៅ​ឆ្នាំ​ ២០២៥ ហើយ​ជាមួយ​ការ​ដាក់​គោលដៅ​នេះ ខ្ញុំ​នឹង​បង្កើន​ការហ្វឹកហាត់​ឱ្យបាន​កាន់តែខ្លាំង ដោយ​ត្រូវ​ប្តូ​រហាត់​ជិះសេះ​ឱ្យបាន​ច្រើន​សេះ ព្រោះ​ការ​ហ្វឹក​​ហាត់​បែបនេះ នឹង​ជួយ​ឱ្យ​យើង​កាន់តែ​មាន​ភាព​ស្ទាត់ជំនាញ ក្នុងការ​បញ្ជា​សេះ​ដែល​យើង​មិន​ធ្លាប់​ស្គាល់​ក្នុងការ​ប្រកួត​»​។​

​ទន្ទឹម​ជាមួយគ្នានេះ អ​ម្រិ​តា បាន​សម្លឹង​មើលឃើញថា កម្រិត​ប្រកួតប្រជែង​របស់​ក្រុម​អត្ត​ព​លិ​ក​នៅក្នុង​តំបន់​អាស៊ាន​នេះ អាច​ខុសគ្នា​ដែល​ប្រទេស​ខ្លះ​គេ​ខ្លាំង និង​ប្រទេស​ខ្លះទៀត​ក៏​នៅ​ខ្សោយ​។ ប៉ុន្តែ​កីឡាការិនី​ជា​សែ​រាជវង្ស​រូបនេះ បាន​បញ្ជាក់ថា​៖ «​បើ​ប្រៀបធៀប​កម្រិត​សមត្ថភាព​បញ្ជា​សេះ​របស់​យើង ទៅនឹង​អត្ត​ព​លិ​ក​នៅតាម​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន វា​មិន​លើសខ្វះ​គ្នា​នោះទេ​»​។​

​កីឡាការិនី អ​ម្រិ​តា បាន​បន្ថែមថា​៖ «​កម្រិត​របស់​យើង​មិន​នៅក្រោម​គេ​ទេ ហេតុនេះ​ខ្ញុំ​មានការ​ជឿជាក់ថា ប្រសិនបើ​បាន​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៥ យើង​នឹង​អាច​ដណ្តើមយក​មេ​​ដាយ​មាស​។ ខ្ញុំ​ជឿថា ខ្ញុំ​អាច​នឹង​ឈានទៅ​សម្រេច​គោល​​ដៅ​នេះ​បាន ព្រោះ​ពេលនេះ​យើង​មាន​សេះ​ល្អៗ ហើយ​គ្រូ​បង្វឹក​របស់​យើង ក៏មាន​ជំនាញ​កាន់តែ​ខ្ពស់​ក្នុងការ​បង្វឹក​ដល់​ពួកយើង​ផងដែរ​»​។​

​ក្រៅពី​ការដាក់​ទិសដៅ​ឈានទៅ​ដណ្តើមយក​មេដាយមាស នៅ​ស៊ី​ហ្គេម កីឡាការិនី នរោត្តម អ​ម្រិ​ត ក៏មាន​មហិច្ឆតា ចង់​ក្លាយជា​កីឡាការិនី​ជិះសេះ​របស់​កម្ពុ​ជាដំបូង​គេ ដែល​អាចមាន​សិទ្ធិ​ទៅ​ចូលរួម​ការប្រកួត​យុវជន​អូឡាំពិក​អន្តរជាតិ នាពេល​អនាគត​ផងដែរ ព្រោះ​ពេលនេះ អ​ម្រិ​តា ទើប​មាន​អាយុ​ ១៥ ​ឆ្នាំ និង​ឈានចូល​ ១៦ ​ឆ្នាំ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ នៅ​ខែមេសា ឆ្នាំ ​២០២៤ ខាងមុខ​។​

​នរោត្តម អ​ម្រិ​តា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មានបំណង​ចង់​ទទួលបាន​ឱកាស​ទៅ​ប្រកួត​យុវជន​អូឡាំពិក​អន្តរជាតិ ហេតុនេះ​នៅពេល​មានកម្ម​វិធី​ប្រកួត​ជម្រុះ​ដណ្តើម​សិទ្ធិ​ទៅ​ប្រកួត​យុវជន​អូឡាំពិក​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បង្ហាត់​ជិះសេះ​អន្តរជាតិ​ខ្ញុំ​នឹង​ទៅ​ចូលរួម ព្រោះនេះ​ជា​គោលបំណង​ធំជាងគេ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈានទៅ​សម្រេច​​វា​ឱ្យបាន​»​។​

​ជាមួយ​ការដាក់​គោលដៅ​ធំៗ នៅ​ចំពោះមុខ​នេះ អ​ម្រិ​តា ដែល​កំពុង​រៀន​ថ្នាក់​ទី​១០ នៅ​សាលា EFI នៅ​មិនទាន់​បានកំណត់​គោលដៅ​សម្រាប់​ការចាប់យក​ជំនាញ​អ្វី​ឱ្យ​ប្រាកដ​សម្រាប់​ការបន្ត​ការសិក្សា​នៅ​មហា​វិទ្យា​​ល័យ​នោះទេ ប៉ុន្តែ​អ​ម្រិ​តា បាន​អះអាងថា ខ្លួន​នៅតែ​បន្ត​ចាប់​​យក​ជំនាញ​កីឡា​ជិះសេះ​នេះ បើទោះបីជា​បាន​រៀន​ដល់​សា​កល​វិទ្យាល័យ​ក៏ដោយ​។​

​កីឡាការិនី​កម្ពស់ ​១,៦៧ ​ម៉ែត្រ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនអាច​បោះបង់​កីឡា​ជិះសេះ​នេះ​ទេ ព្រោះ​ខ្ញុំ​ចូលចិត្ត​សេះ​ខ្លាំងណាស់​។ បើ​ទោះ​បី​ជា​ខ្ញុំ​មិនមាន​បំណង​វិ​វ​ឌ្ឍ​ខ្លួនឯង​រហូត​ក្លាយជា​គ្រូបង្វឹក និង​ជា​ថ្នាក់ដឹកនាំ​សហព័ន្ធ នាពេល​អនាគត ប៉ុន្តែ​ខ្ញុំ​ពិតជា​មាន​មហិច្ឆតា​ដណ្តើមយក​មេដាយ​មាស​ជូន​ប្រទេសជាតិ និង​ប្រជាជន​របស់​យើង ក្នុងនាម​កីឡាការិនី​ជា​សែ​រាជវង្ស​ម្នាក់​»​។​

​អ​ម្រិ​តា បាន​បន្ថែមថា​៖ «​ការដាក់​ចិត្ត​បែបនេះ ព្រោះ​ខ្ញុំ​ចង់​បន្ត​តំណក់​ឈាម​របស់​លោកតា​ (​នរោត្តម សីហនុ​) ដែល​ព្រះអង្គ​ក៏​ជា​អ្នក​ចូលចិត្ត​ជិះសេះ​និង​ជា​អ្នកបង្កើត​ឱ្យមាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ ហើយ​ចំណុច​នេះហើយ ដែល​បាន​ជំរុញ និង​លើក​ទឹក​ខ្ញុំ​ឱ្យ​ចាប់យក​ជំនាញ​កីឡា​ជិះសេះ​មកទល់​សព្វថ្ងៃ​។ នៅពេល​នឹកឃើញ​ដល់​លោកតា​គឺ​អារម្មណ៍​របស់ខ្ញុំ​កាន់តែ​មាន​ភាព​ពុះ​កញ្ជ្រោល​ខ្លាំង​ក្នុងការ​ខំប្រឹង​ពង្រឹងសមត្ថភាព​ខ្លួនឯង ហើយ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​ក្លាយជា​កីឡាការិនី​ម្នាក់ ដែល​ផ្តល់​ភាពជា​គំរូ​ដល់​កីឡាការិនី​របស់​កម្ពុជា​ផ្សេងៗ​ទៀត​»​។​

​ជាមួយគ្នានេះ លោក​ ហូ​យ សុ​ផា​រិ​ទ្ធ គ្រូបង្វឹក​ជម្រើសជាតិ និង​ជា​គ្រូ​ប្រចាំ​នៅ​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បានឱ្យដឹងថា ការដាក់​គោលដៅ​របស់​ព្រះ​នាង​តូច នរោត្តម អ​ម្រិ​តា ក្នុងការ​ឈានទៅ​ដណ្តើម​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៥ អាចធ្វើ​ទៅបាន ព្រោះ​ពេលនេះ​មិន​ថា អ​ម្រិ​តា នោះទេ ប៉ុន្តែ​កីឡាករ កីឡាការិនី​ក្នុង​ក្រុម​ជម្រើស​​ជាតិ​ជាមួយគ្នា ក៏មាន​សមត្ថ​ភាពកើនឡើង​ដូចគ្នា​ដែរ​។​

​លោក​បាន​និយាយថា​៖ «​កម្រិត​សមត្ថភាព​របស់​ក្រុម​ជិះសេះ​របស់​យើង នៅពេលនេះ មានការ​កើនឡើង អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា ក្នុងការ​ដណ្តើម​មេដាយ នៅ​ស៊ី​​ហ្គេម​បាន ចំណែក​ការដាក់​គោលដៅ​ដណ្តើមយក​មេដាយមាសរ​បស់​កីឡា​​ការិនី នរោត្តម អ​ម្រិ​តា ខ្ញុំ​គិតថា អាចធ្វើ​ទៅបាន ព្រោះ​ព្រះ​នាង​ស្រឡាញ់​ចូលចិត្ត និង​បាន​ហ្វឹកហាត់​កីឡា​នេះ​តាំងពី​នៅ​តូច​»​។​

​ទោះបីជា​យ៉ាងណា លោក ហូ​យ សុ​ផា​រិ​ទ្ធ បាន​ទម្លាយ​ថា ការ​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត​នាពេល​វិស្សម​កាល និង​ការចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត នៅមុន​ការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៥ ឈានចូល​មកដល់ វា​ជា​រឿង​ដ៏​ចាំបាច់​សម្រាប់​ក្រុម​ជិះសេះ​កម្ពុជា ក៏ដូចជា កីឡា​ការិនី នរោត្តម អ​ម្រិ​តា ដើម្បី​អាចឈាន​ទៅ​ដណ្តើមយក​មេដាយ​បាន​។​

​គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ការដាក់​គោលដៅ​ដណ្តើមយក​មេដាយ​មាស​នៅ​ស៊ី​ហ្គេម ឆ្នាំ ​២០២៥ របស់ នរោត្តម អ​ម្រិ​តា មិនជា​លឿន​ពេក​ទេ ដោយសារ​ព្រះ​នាង មាន​មូល​​ដ្ឋា​ន​ហាត់​ជិះសេះ​តាំងពី​នៅ​តូច​។ តែ​ទោះយ៉ាងណា យើង​គួរណា​ស់បាន​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ព្រម​ទាំង​ចូលរួម​ការប្រកួត​ផ្សេងៗ​ឱ្យបាន​ច្រើន ក្នុង​កម្រិត​ការបញ្ជា​សេះ​លោត​ផ្លោះ​របារ​ចាប់ពី​កម្ពស់ ១,២០ ​ម៉ែត្រ​ឡើងទៅ ព្រោះនេះ​ជា​បទពិសោធន៍​យ៉ាងសំខាន់​ដើម្បី​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ ២០២៥ ដែល​គេ​បានកំណត់​កម្ពស់​លោត​រួចហើយ គឺ​ប្រកួត​ជា​ក្រុម​កម្ពស់ ​១,២០ ​ម៉ែត្រ និង​ឯក​ត្ត​​ជន​កម្ពស់ ​១,២៥ ​ម៉ែត្រ​»៕