​ភ្នំពេញៈ ស្របពេល​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ មាន​ភាព​ធូរស្រាល​ចាប់តាំងពី​ចុងឆ្នាំ​ ២០២២ វិស័យ​អាកាស​ចរណ៍​ស៊ីវិល​បានចាប់ផ្តើម​ងើបឡើង​វិញ​ទាំង​ក្នុង​តំបន់ និង​ពិ​​ភព​លោក​។ ការណ៍​នេះ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ប្រទេស​កម្ពុជា​ក៏​ទទួលបាន​នូវ​កំណើន​ខ្ពស់​កាលពី​ឆ្នាំ ​២០២៣ ផងដែរ​គឺ​ក្នុង​អត្រា​ជាង​ ២០០​ ភាគរយ ប៉ុន្តែ​នៅ​ទាប​ជាង​អត្រាកំណើន​មុន​ការផ្ទុះ​ការរីក​រាល​​ដាល​នៃ​វិបត្តិ​សុខភាព​សកល​។​

​ការវិលត្រឡប់​មកវិញ​នៃ​ទេសចរ​អន្តរជាតិ​ជំរុញ​ឱ្យ​ការហោះហើរ​មាន​កំណើន​ខ្លាំង​

យោងតាម​របាយការណ៍រ​ដ្ឋ​លេខា​ធិ​​ការដ្ឋាន​អាកាសចរ​ស៊ីវិល ​(SSCA)​ ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​អ្នក​ដំណើរ​តាមផ្លូវ​អាកាស ៥ ១១១ ៨១០ ​នាក់ កើន ១១៥​ ភាគរយ​ ធៀប​នឹង​ឆ្នាំ ​២០២២​។ ក្នុងនោះ​អ្នកដំណើរ​ក្នុងស្រុក​ចំនួន ១៩ ៥៧៦​ នាក់ និង​អ្នកដំណើរ​ក្រៅ​ស្រុក ៤ ៩១៦ ០៦៤ ​នាក់​។​

​យោងតាម SSCA ក្នុង​ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​ក្រុមហ៊ុន​អាកាសចរណ៍​សរុប​ចំនួន ​៣៣ មាន​កំណើន ២៧ ​ភាគរយ ​បើ​ធៀប​ឆ្នាំ​ ២០២២ មាន​ចំនួន ២៦ ក្នុងនោះ​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​ ៤ និង​ក្រុមហ៊ុន​ក្រៅ​ស្រុក ២៩​។​

​ស្ថិតិ​ជើងហោះហើរ​ក្នុង​ឆ្នាំ ២០២៣ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ នៅ​កម្ពុជា​គឺ​ទទួលបាន​ជើង​ហោះ​ហើរ​សរុប​ចំនួន ៥១ ១៤៩​ ជើង កើន​ពី ២៨ ៨៩៨ មាន​កំណើន ៧៧ ​ភាគ​​រយ​។ ក្នុងនោះ​ចំនួន​ជើងហោះហើរ​ក្នុងស្រុក​មាន ៤ ៦៧៥ ​ជើង និង​ក្រៅ​ស្រុក​មាន​ចំនួន ៤៦ ៤៧៤​ ជើង​។​

​ស្ថិតិ​ជើងហោះហើរ​រំលង​លើ​កម្ពុ​ជាមាន​ចំនួន ៦៣ ០៨៧​ ជើង កើន​ពី ៤៩ ១០២​ ជើង​ក្នុង​ឆ្នាំ​ ២០២២​។​

​អ្នកនាំពាក្យ​នៃ SSCA លោក ស៊ីន​ចាន់​សិរី​វុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តួលេខ​នេះ គឺ​បញ្ជាក់​ពី​ភាព​រីកចម្រើន​ជាក់ស្តែង​ក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កម្ពុជា​ក្រោយពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​លោក​ថ្លែងថា​៖ «​យើង​ឃើញថា​ផ្អែក​តាម​តួលេខ​ដែល​យើង​មាន គឺ​កម្ពុជា​ទទួលបាន​កំណើន​ខ្ពស់​កាលពី​ឆ្នាំ​ ២០២៣ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ ការណ៍​នេះ​បង្ហាញ​អំពី​ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវទេសចរ​»​។​

​បើតាម​របាយការណ៍​ដ​ដែល​របស់ SSCA ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​កម្ពុជា​ទទួលបាន​កំណើន​ដ៏​ទាប​ក្នុង​ឆ្នាំ​ ២០២៣ ក្នុងនោះ​ទំនិញ​ក្នុងស្រុក​មាន​ចំនួន ១៧​ តោន និង​ក្រៅ​ស្រុក​មាន​ចំនួន ៥៥ ៨៦២ ​តោន​។​

​លោក ចាន់​សិរី​វុត្ថា បាន​បន្ថែមថា សម្រាប់​ការដឹក​ទំនិញ​តាមផ្លូវ​អាកាស​កាលពី​ឆ្នាំ ​២០២៣ គឺ​កើនឡើង​ទាប​ដោយសារតែ​នៅ​អំឡុងពេល​ការផ្ទុះ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ការដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​មាន​តម្រូវការ​ខ្ពស់ លុះដល់​វិបត្តិ​នេះ​បិទ​បញ្ចប់ ការ​​ដឹកទំនិញ​តាមផ្លូវ​គោក និង​ផ្លូវទឹក​ក៏​ចាប់ផ្តើម​ដំណើរការ​ធម្មតា​វិញ ជា​ហេតុ​ធ្វើឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​អាកា​សមាន​កំណើន​ទាប​វិញ​។​

​លោក​បញ្ជាក់ថា​៖«​ខ្ញុំ​យល់ថា កើន​ ១​ ភាគរយ​នេះ​គឺ​យើង​នៅ​រក្សាបាន​កំណើន​ក្នុង​កម្រិត​មួយ​ជាជាង​ពុំមាន​កំណើន​សោះ​។ ខ្ញុំ​មាន​ជឿថា នៅ​ឆ្នាំ​ ២០២៥ ខាងមុខ​យើង​នឹង​អាចមាន​កំណើន​គ្រាន់បើ​បន្ទាប់ពី​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ​ដាក់ឱ្យ​ដំណើរ​ការ​ទូលំទូលាយ ដូច្នេះ​យើង​នឹងមាន​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ត​ភ្ជាប់​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​វា​ក៏ត្រូវ​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច ជាពិសេស​ផ្នែក​ផលិតកម្ម​ក្នុងស្រុក​»​។​

​វិស័យ​អាកាសចរណ៍​នឹង​បន្ត​កើន​ឡើង​ជាមួយ​ការបន្ត​ពង្រីក​ការហោះ​ហើរ​របស់​កម្ពុជា​

ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ មាន​ភ្ញៀវ​បរទេស​ចំនួន ៥,៤៥ ​លាន​នាក់​បាន​ចូលមក​ប្រទេស​កម្ពុជា ដោយ​ចំនួន​នេះ​កើន ១៣៩,៥ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២២ ចំណែក​ប្រាក់ចំណូល​ពី​វិស័យ​ទេស​ចរណ៍​អន្តរជាតិ គឺ ៣,០៤​ ពាន់​លាន​ដុល្លារ កើនឡើង ១១៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២២​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការទទួល​បាន​កំណើន​នៃ​ការហោះហើរ​តាមផ្លូវ​អាកាស​កន្លងមកនេះ ដោយសារ​តែមាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​មួយចំនួន​បាន​បើក​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់ គឺអាច​ចាត់ទុកជា​ចំណុច​វិជ្ជមាន​មួយ ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​សង្គ្រាម​នៅ​អ៊ុយ​​ក្រែ​ន គឺ​ពិតជា​ជះឥទ្ធិពល​ខ្លាំង​លើ​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ប្រជាជន​លើ​ពិភពលោក​។​

​លោក​បន្ថែមថា​៖ «​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា​កាន់តែច្រើន គឺ​ចាំបាច់​កម្ពុជា​ត្រូវតែ​ខិតខំ​បង្កើតឱ្យមាន​ការ​ហោះហើរ​ត្រង់​ទៅកាន់​ទីក្រុង​សំខាន់ៗ​នៅតាម​ប្រទេស​នីមួយៗ ដោយ​មិនមែន​ផ្តោត​តែ​ទៅលើ​ទីក្រុង​រដ្ឋបាល​មួយ​នោះទេ​»​។ លោក​បាន​បន្ថែមថា​៖«​ប្រទេស​ឥណ្ឌា ក៏​ជាទី​ផ្សារ​គោលដៅ​សំខាន់​ដែល​កម្ពុជា​ត្រូវតែ​យកចិត្ត​ទុកដាក់​ផងដែរ​»​។​

​លោក ចាន់​សិរី​វុត្ថា បាន​និយាយថា សម្រាប់​ផ្លូវ​ធ្វើដំណើរ​លេចធ្លោ​ជាងគេ​នៅក្នុង​ឆ្នាំ​ ២០២៣ គឺ​ការធ្វើដំណើរ​លើផ្លូវ​អាកាស​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បន្ទាប់មក​វៀតណាម ចិន និង​ប្រទេស​ឡាវ​។​​

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​ផ្លូវ​ហោះ​​ហើរ​រវាង​ប្រទេស​ទាំង ​៤ ក្នុង​តំបន់​គឺមាន​កំណើន​ខ្ពស់​ខ្លាំង​កាលពី​ឆ្នាំ​កន្លងទៅ​។ សម្រាប់​ឆ្នាំ​ ២០២៤ នេះ ខ្ញុំ​រំពឹងថា វិស័យ​អាកាសចរណ៍​ស៊ីវិល​យើង​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​ថែម​ទៀត ដោយសារតែ​ស្ថានភាព​សេដ្ឋ​កិច្ច​សកល និង​ក្នុង​តំបន់​ហាក់​មាន​ភាពប្រសើរ​ជាង​មុន​។ ការណ៍​នេះ​នឹង​ជំរុញ​ឱ្យ​សកម្មភាព​ធ្វើដំណើរ​តាមផ្លូវ​​អាកាស​កាន់តែ​មាន​ភាព​មមាញឹក​ជាង​មុន ស្របពេល​ជាមួយនឹង​ការរៀបចំ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​យើង​ផងដែរ​»៕