ភ្នំពេញៈ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាកម្ពុជា តែងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវបុណ្យមាឃបូជាដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតសាសនាព្រះពុទ្ធឡើង ហើយសម្រាប់ឆ្នាំ ២០២៤ នេះ បុណ្យមាឃបូជានឹងប្រារព្ធធ្វើនៅថ្ងៃទី ២៤-២៥ ខែកុម្ភៈ។
ថ្វីដ្បិតតែបុណ្យមាឃបូជាមិនមាននៅក្នុងតារាងនៃការឈប់សម្រាកប្រចាំឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្តី តែនៅតាមវត្តអារាមនានាទូទាំងប្រទេសនៅតែប្រារព្ធពិធីសាសនានេះដដែល។ ជុំវិញដំណើរការនៃពិធីបុណ្យនេះ លោក គង់ សំអុល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិបានចេញការណែនាំដល់គ្រប់ក្រសួង រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យរៀបចំពិធីបុណ្យមាឃបូជានៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីឱ្យបុណ្យនេះប្រព្រឹត្តទៅបានយ៉ាងមហោឡារិក ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
ទាក់ទងនឹងបុណ្យសាសនានេះដែរ បើទោះជាមានការប្រារព្ធពិធីក្នុងវត្តអារាមក្តី តែមិនមានការប្រគំតន្ត្រី រាំរែកដូចពិធីបុណ្យចូលឆ្នាំឬពិធីបុណ្យផ្សេងៗឡើយ ព្រោះបុណ្យមាឃបូជាជាពិធីបុណ្យតាមបែបសាសនា។ នេះបើតាមព្រះមហា ធូ ថន ជាព្រះគ្រូសូត្រឆ្វេងវត្តកំពង់ថ្ម ស្ថិតនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ព្រះអង្គមានថេរដីកាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សម្រាប់កម្មវិធីបុណ្យមាឃបូជានៅវត្តកំពង់ថ្ម តែងប្រារព្ធធ្វើជារៀងរាល់ ១ ឆ្នាំម្ដងទៅតាមទំនៀមទម្លាប់របស់អ្នកកាន់ព្រះពុទ្ធសាសនា។
គោលបំណងនៃការធ្វើបុណ្យនេះ គឺដើម្បីរំឭកដល់អភិលក្ខិតកាល (កាលឬសម័យដែលកំណត់ទុក) ទាំង ៣ ទី១- គឺព្រះពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត (ការប្រជុំឬការជួបជុំប្រកបដោយអង្គ ៤ របស់ព្រះសម្មាសម្ពុទ្ធ។ ទី២- សម្តែងឱវាទបាតិមោក្គ (ឈ្មោះបាលីពុទ្ធប្បញ្ញត្តិដែលជាសិក្ខាបទមួយៗសម្រាប់សូត្រក្នុងទីប្រជុំសង្ឃ) និងទី៣- ទ្រង់ដាក់អាយុសង្ខារ (ព្រះពុទ្ធព្រះអង្គសម្តែងប្រាប់ភិក្ខុសង្ឃថា សល់តែ ៣ ខែទៀតប៉ុណ្ណោះព្រះអង្គនឹងចូលព្រះនិព្វានហើយក្នុងខែពិសាខ)។
ព្រះចៅអធិការមានថេរដីកាថា៖ «បុណ្យមាឃបូជាជាបុណ្យបែបសាសនា ដូចនេះមិនមានកម្មវិធីរាំរែកអីទេ ព្រោះមិនទាក់ទងនឹងការសប្បាយ។ មិនដូចជាបុណ្យអកអំបុក បុណ្យភ្ជុំ បុណ្យចូលឆ្នាំអីទេ អាហ្នឹងទើបបានគេដាក់កម្មវិធីរាំលេងសប្បាយ»។
បើតាមព្រះមហា ធូ ថន ព្រះគ្រូសូត្រឆ្វេងសម្រាប់វត្តព្រះអង្គ គឺនឹងរៀបចំពិធីទៅតាមលទ្ធភាពរបៀបជាទីវត្តនៅជនបទ។ក្នុងនោះមានដូចជាដល់វេលាល្ងាចមានអុជទៀនពីខ្លោងទ្វារវត្តរហូតដល់បរិវេណវត្តខាងក្នុង។ លុះដល់ពេលយប់នឹងមានជួបជុំពុទ្ធបរិស័ទសូត្រធម៌នមស្ការព្រះរតនត្រ័យជាដើម។
ចំណែកព្រះតេជព្រះគុណព្រះនាមព្រះវិរិយធម្មញាណ ពៅ ស៊ត ជាធម្មកថិកសម្តែងធម៌ទេសនាគង់នៅវត្តថាន់ក្នុងរាជធានីភ្នំពេញឯណេះវិញ ក៏មានថេរដីកាដែរថា ពិធីបុណ្យមាឃបូជាដែលពុទ្ធសាសនិកជនអ្នកកាន់ព្រះពុទ្ធសាសនាមិនថាតែកម្ពុជាទេឱ្យតែអ្នកកាន់ព្រះពុទ្ធសាសនាជាសាសនារបស់ព្រះសម្មាសម្ពុទ្ធ គឺគេតែងប្រារព្ធធ្វើនៅថ្ងៃ ១៥ កើតពេញបូណ៌មីខែមាឃ។ រាល់អ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់ប្រារព្ធប្រតិបត្តិបុណ្យមាឃបូជានេះឡើងគឺទី១ ដើម្បីរំឭកទៅដល់ថ្ងៃដែលព្រះពុទ្ធអង្គប្រជុំដល់ភិក្ខុសង្ឃទាំង ១ ២៥០ អង្គ ស្ថិតនៅព្រះអរហន្តដែលបានមកជួបជុំគ្នានៅវត្តវេរវន្តដែលមិនមានការណាត់ទុកជាមុន។
នៅពេលនោះព្រះអង្គសម្តែងឱវាទបាតិមោក្គ គឺមានន័យថា ព្រះអង្គសម្តែងធម៌ទាំង ៨៤ ០០០ ព្រះធម្មក្ខន្ធ ដែលព្រះអង្គបានត្រាស់ដឹងហ្នឹងឯង។ចំណុចពិសេសទី២ គឺបន្ទាប់ពីព្រះអង្គសម្តែងព្រះឱវាទបាតិមោក្គរួចគឺព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតាំងអគ្គសាវ័កឆ្វេងស្តាំគឺព្រះសិរីបុត្រ និងព្រះមហាមោគ្គល្លានហើយទី ៣ គឺជាថ្ងៃរំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គ ដែលជាថ្ងៃព្រះអង្គដាក់អាយុសង្ខារចូលព្រះនិព្វាន។
ព្រះតេជព្រះគុណ ពៅ ស៊ត បានបញ្ជាក់ថា៖ «អត្ថន័យនៃការប្រារព្ធពិធីបុណ្យមាឃបូជាមានអត្ថន័យជាច្រើនទៀតតែអ្វីដែលសំខាន់អាត្មាចង់ក្តោបន័យតែ ៣ ចំណុចខាងលើហ្នឹងទេ។ នេះជាសាសនារបស់ព្រះសម្មាសម្ពុទ្ធ»។
លោក សំបូរ មាណារ៉ា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រឱ្យដឹងថា មាឃបូជាគឺជាការសម្តែងបញ្ជាក់អំពីព្រះសម្មាសម្ពុទ្ធគឺលោកបានរៀបចំឱ្យមានការជួបជុំនៃភិក្ខុសង្ឃទាំងឡាយដែលមាន ១ ២៥០ អង្គ។ នោះជាការរៀបចំអំពីគោលដៅ គោលការណ៍អប់រំដល់មនុស្សក្នុងផ្លូវសន្តិភាព ក្នុងផ្លូវធ្វើអំពើល្អ ក្នុងផ្លូវធ្វើការងារទាំងឡាយឱ្យមានសន្តិភាពក្នុងចិត្តសម្រេចផែនការរបស់ខ្លួនដែលបានកំណត់ឱ្យទៅជាតម្លៃនៃនិព្វាន។
លោកបានបន្តថា ចំណុចគោលនៃបុណ្យមាឃបូជា គឺបង្ហាញប្រាប់ដល់អ្នកកាន់ព្រះពុទ្ធសាសនាដែលត្រូវធ្វើពោលគឺថ្ងៃមាឃបូជាគេធ្វើដូចជា រក្សាទានសីលអ៊ីចឹងដែរ។ មានន័យថា បង្កើតបាននូវគំនិត និងការតាំងចិត្តខ្លួនឯងឱ្យបាន និងធ្វើអំពើល្អ មិនធ្វើអំពើអាក្រក់ កម្ចាត់អំពើអាក្រក់ឱ្យចេញពីខ្លួន។ មនុស្សត្រូវរស់នៅប្រកបដោយវិថីនៃផ្លូវជីវិតដែលមានតម្លៃ ខំប្រឹងធ្វើអំពើល្អបង្កើតអំពើល្អ និងរក្សាអំពើល្អដែលទង្វើទាំងនេះធំធេងណាស់។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងការអប់រំរបស់ព្រះសម្មាសម្ពុទ្ធគឺសំដៅលើទិសដៅដែលមានលក្ខណៈសំខាន់ ១ ដែលពុទ្ធសាសនិកជនត្រូវដឹង និងយល់ឱ្យច្បាស់ពីសារៈសំខាន់នៃការគោរពប្រតិបត្តិពុទ្ធសាសនា។ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា បណ្តុះសទ្ធាជ្រះថ្លាឱ្យកាន់តែមានយោគ្យភាពយកចិត្តទុកដាក់ថែមទៀតក្នុងគោលបំណងឱ្យព្រះធម៌មានតម្លៃ។ ថ្ងៃមាឃបូជាបង្ហាញប្រាប់អំពីខ្លួនបានដឹង បានឮបានយល់ និងបានជួយជ្រោមជ្រែងដល់ព្រះពុទ្ធសាសនាឱ្យស្ថិតស្ថេរចីរកាល»។
បើតាមលោកសាស្ត្រាចារ្យ សំបូរ មាណារ៉ា បុណ្យមាឃបូជាក៏មានតម្លៃ ១ ក្នុងការពង្រឹងខាងផ្លូវចិត្តដែរ ដើម្បីជាមូលដ្ឋាននៃការកម្ចាត់ការលោភលន់ចង់មាន ចង់បាន ការធ្វើបាបគេ ធ្វើបាបឯង តែបើចង់មានផលប្រយោជន៍ហៅថាមិនបានពង្រឹងខាងផ្លូវចិត្តទេ។ ការដែលធ្វើបុណ្យមាឃបូជាដូចបានយកខ្លួនទៅឆ្លុះកញ្ចក់ អ៊ីចឹងដែរ ដើម្បីឱ្យស្គាល់ថាខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនា។ ក្រោយពីបានធ្វើបុណ្យមាឃបូជាហើយប្រៀបដូចជា បានឆ្លុះកញ្ចក់អ៊ីចឹងដែរដោយមើលថា ខ្លួនបានធ្វើអ្វីខ្លះ ហើយបានធ្វើត្រឹមត្រូវឬនៅបានច្បាស់ឬនៅ គឺដូចឆ្លុះកញ្ចក់អ៊ីចឹង។ ការធ្វើបុណ្យមាឃបូជាគឺជាការបង្ហាញប្រាប់នៃការឆ្លុះកញ្ចក់រាល់អ្នកកាន់ព្រះពុទ្ធសាសនាទាំងភិក្ខុសង្ឃទាំងអ្នកបួស ទាំងអ្នកមិនបួស ជាពិសេសការសាងបុណ្យបានហើយឬនៅ?
ជាសាសនិកជន ១ រូប លោក ឈន ឆែម អាយុ ៥០ ឆ្នាំ មានលំនៅក្នុងភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ពិតមែនតែលោកជាអ្នករស់នៅតំបន់ជនបទ តែលោកក៏ជាអ្នកប្រកាន់ខ្ជាប់អំពីព្រះពុទ្ធសាសនាដែរ ជាពិសេសបុណ្យមាឃបូជានេះក៏ជាបុណ្យ ១ ដែលលោកតែងប្រតិបត្តិតរៀងមកដែរ ពីព្រោះជាបុណ្យសាសនាមួយរបស់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។
លោកបាននិយាយថា៖ «បុណ្យមាឃបូជាគឺដូនតាខ្មែរយើងតាំងពីបរមបុរាណមកតែងនាំគ្នាធ្វើមិនដែលខានទេ។ ម្យ៉ាងខ្ញុំមានជំនឿទៅខាងហ្នឹងមុតមាំផង អ៊ីចឹងពេលដល់ថ្ងៃនោះគឺខ្ញុំធ្វើចង្ហាន់ទៅវត្តហើយ»។
លោកបន្ថែមថា អ្វីដែលលោកត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងនោះគឺខិតខំណែនាំពន្យល់ដល់យុវជនយុវតីឱ្យពួកគាត់យល់អំពីអត្ថន័យនៃការប្រារព្ធពិធីបុណ្យមួយនេះ។ ពិធីបុណ្យនេះមិនមែនថា ក្មេងជំនាន់ក្រោយមិនដឹងទេ ព្រោះពួកគាត់តែងនាំគ្នាទៅចូលរួមស្តាប់ព្រះសង្ឃទេសនាក្នុងវត្តដែរ តែបើមនុស្ស-ចាស់ចេះតែដាស់តឿនគាត់ទៅនឹងធ្វើឱ្យគាត់យល់កាន់តែច្បាស់ថែមទៀត។
ដោយឡែកលោកស្រី ថោង ហុង អាយុ ៧០ ឆ្នាំ ជាមេឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងមិនខុសពីលោកឈន ឆែម ប៉ុន្មានដែរ ដោយលោកស្រីបានពោលថា លោកស្រីមិនសូវយល់ច្បាស់អំពីអត្ថន័យបុណ្យមាឃបូជានេះទេ តែលោកស្រីគ្រាន់តែដឹងខ្លួនឯងថាជាអ្នកគោរពប្រតិបត្តិសាសនាព្រះពុទ្ធបន្តពីដូនតារៀងមក។ ដូច្នេះបុណ្យមាឃបូជានេះលោកស្រីតែងធ្វើជារៀងរាល់ឆ្នាំ ក៏ដូចជាចូលរួមស្តាប់ព្រះធម៌ដែលព្រះសង្ឃសម្តែង និងបានស្វែងយល់ពីអត្ថន័យបុណ្យនេះដែរ។
លោកស្រីបានថ្លែងថា៖ «បុណ្យមួយនេះជាបុណ្យសាសនារបស់រដ្ឋយើង។អ៊ីចឹងយើងត្រូវធ្វើទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលយើង»។
រាជរដ្ឋាភិបាលកម្ពុជាក៏បានចាត់ចែងរៀបចំពិធីបុណ្យនេះនៅបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ៕