ភ្នំពេញៈ ក្នុងពេលដើរទស្សនាកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និស្សិត និងអ្នកចូលរួម ជាច្រើននាក់បានចូលថតរូបជាមួយតុក្កតាយក្សរូបសត្វមាន់ ដែលតំណាងឱ្យវីរបុរសប្រយុទ្ធប្រឆាំងជំងឺផ្តាសាយបក្សីពិសេសគឺបានប្រជ្រៀតគ្នា ចូលរួមឆ្លើយសំណួរពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ ដើម្បីចំណេះដឹង និងរង្វាន់។
ការចូលឆ្លើយសំណួរពីសុវត្ថិភាពចំណីអាហារ ពីសំណាក់អ្នកចូលរួមទស្សនា ស្ទើរតែមិនរំលងស្តង់អង្គការ FAO កម្ពុជា ដែលមានតែ១គត់ក្នុងចំណោមស្តង់ផ្សេងៗជាច្រើន ដែលដាក់តាំងផលិតផលកសិកម្មចម្រុះ និងម្ហូបអាហារជាច្រើនមុខ។
កាលពីល្ងាចថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈឆ្នាំ ២០២៤ សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងបានបើកដំណើរការកម្មវិធីពិព័រណ៍កសិកម្មវាលបៃតងនិងអាហារ។ នៅម៉ោងប្រមាណ ៥ និង ៣០ នាទីល្ងាច អ្នកចូលរួមទស្សនាជាច្រើន បានដើរចូលមើលផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងអាហារកែច្នៃផ្សេងៗជាច្រើនមុខ តែអ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺអ្នកចូលរួមបានចាប់អារម្មណ៍ឈប់នៅស្តង់របស់អង្គការ FAO កម្ពុជា ដោយដកទូរស័ព្ទចេញមកស្គែន QR កូដ ដើម្បីឆ្លើយសំណួរយករង្វាន់។
លោក ងុន សុខ អាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យភូមិន្ទចំការដូង ប្រាប់ថា ក្នុងពេលដើរមើលពិព័រណ៍កសិកម្មវាលបៃតង និងអាហារនេះ លោកបានឃើញអ្នកចូលរួមចោមរោមជុំៗគ្នា នៅស្តង់របស់អង្គការ FAO កម្ពុជា ធ្វើឱ្យលោកងឿងឆ្ងល់ និងចង់ចូលទៅសួរដោយផ្ទាល់។
នៅក្រោយពេលបានសួរទើបដឹងថា ការចោមរោមស្តង់ ១ នេះ គឺដើម្បីឆ្លើយសំណួរតាមរយៈ QR កូដ ដែលរៀបចំដោយអង្គការ FAO ដែលមានរង្វាន់ជាសៀវភៅសរសេរ និងឯកសារចំណេះដឹងពីការរក្សាទុក និងសុវត្ថិភាពអាហារ និងការចម្លងមេរោគផ្សេងៗ ក៏ដូចជាចំណេះដឹងពីជំងឺផ្តាសាយបក្សីផងដែរ។ លោកបានប្រាប់ពីចំណង់របស់ខ្លួនក្នុងការចូលរួមនោះថា ការឆ្លើយសំណួរនេះគឺលោក ចង់តេស្តសមត្ថភាពរបស់ខ្លួន និងចង់ដឹងថា តើមានសំណួរអ្វីខ្លះនៅក្នុងនោះ។
លោកនិយាយថា៖«គេមាន QR កូដឱ្យយើងស្គែនមើលសំណួរ ហើយសំណួរហ្នឹងខ្លីទេ មានតែ ៥-៦ សំណួរប៉ុណ្ណោះ ពីចំណេះដឹងទូទៅ ការរក្សាទុកអាហារឱ្យបានយូរ និងដឹងពីអាហារដែលងាយឆ្លងមេរោគ»។
លោកបន្ថែមទៀតថា៖«ការផ្តល់ចំណេះដឹងពីសុវត្ថិភាពចំណីអាហារ តាមរយៈការឆ្លើយសំណួរ និងបើកឱកាសសម្រាប់ការជជែកពីការចម្លងមេរោគអាហារផ្សេងៗ នេះកម្រឃើញមានក្នុងកម្មវិធីបែបនេះណាស់ ខ្ញុំគិតថា វាជារឿងល្អ និងសូមឱ្យបន្តមានបែបនេះឱ្យបានច្រើន»។
លោក ផេង សុខាត់ អាយុ ២២ ឆ្នាំជានិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានយល់ឃើញថា ការឆ្លើយសំណួរយករង្វាន់នេះ គឺជាការផ្តល់ចំណេះដឹងបន្ថែម ពីការធ្វើយ៉ាងណាឱ្យអាហារមានសុវត្ថិភាព ព្រមទាំងបានដឹងពីការរៀបចំខ្លួនយ៉ាងណាកុំឱ្យឆ្លងជំងឺពីសត្វផ្សេងៗ ជាពិសេសការប៉ះពាល់សត្វមាន់ដែលអាចមានជំងឺផ្តាសាយបក្សី បើសិនជាប៉ះពាល់ហើយមិនលាងសម្អាតដៃឱ្យបានស្អាតល្អ។
លោកនិយាយថា៖«ការឆ្លើយសំណួរនេះក៏អាចជាចំណេះដឹងបន្ថែម ១ សម្រាប់ការពារខ្លួននិងការហូបចុក ដើម្បីរក្សានូវសុវត្ថិភាពនិងសុខភាពរបស់យើង»។
និស្សិតមកពីខេត្តពោធិ៍សាត់ ដែលរៀនជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មរូបនេះ បានបង្ហាញពីទស្សនៈរបស់ខ្លួនថា ការយល់ដឹងពីសុវត្ថិភាពចំណីអាហារ ក្នុងពេលបច្ចុប្បន្ន នៅតែមានកម្រិត ដោយសារការផ្សព្វផ្សាយមិនសូវបានទូលំទូលាយ។ លោកថា ទោះបីជាមានការចុះផ្សព្វផ្សាយពីក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធផ្សេងៗ នៅមូលដ្ឋានក៏ដោយ ក៏នៅតាមសហគមន៍មូលដ្ឋាននិងគ្រួសារមួយចំនួន មិនបានដឹងច្បាស់ពីហានិភ័យ នៃផលប៉ះពាល់ដែលបង្កដោយអាហារគ្មានសុវត្ថិភាព នោះឡើយ។
កំពុងចោមរោមស្គែន QR កូដដើម្បីឆ្លើយសំណួរ កញ្ញា អុល គន្ធីម មកពីខេត្តកំពង់ចាមដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទចំការដូង បាននិយាយថា៖«ការសួរសំណួរទាំងនេះធ្វើឱ្យយើងយល់ដឹងពីរបៀបរស់នៅ ការការពារសុខភាព និងការរស់នៅស្អាត មានទម្លាប់អនាម័យល្អ»។
និស្សិតរូបនេះបានប្រាប់ថា ការឆ្លើយសំណួរក្នុងកម្មវិធីពិព័រណ៍កសិកម្មបែបនេះ គឺជារឿងប្លែក ១ ដែលធ្វើឱ្យកញ្ញាអាចរៀនសូត្រភ្លាម ដកបទពិសោធន៍បានភ្លាម ព្រោះពិព័រណ៍នេះ ក៏មានការដាក់តាំងលក់បន្លែផ្លែឈើ អាហារ និង ផលិតផលកសិកម្មកែច្នៃជាច្រើន។
លោក ឡី សុភា អាយុ ២០ ឆ្នាំមកពីខេត្តតាកែវ ដែលកំពុងសិក្សានៅមហាវិទ្យាល័យវិជ្ជសាស្ត្រសត្វនៃសាកលវិទ្យាលយភូមិន្ទកសិកម្មចំការដូង បានលើកឡើងថា ការឆ្លើយសំណួរនេះជាការហ្វឹកហាត់ភាពក្លាហានក្នុងការចូលរួមសាកល្បងជាមួយអ្វីដែលថ្មី ទោះបីការឆ្លើយនោះបានផលយ៉ាងណាក៏ដោយក្នុងនាមអ្នកសិក្សារៀនសូត្រគួរតែមានការសាកល្បង។
លោកថា ការចម្លងមេរោគអាហារជារឿងសាមញ្ញ ប៉ុន្តែគេមិនសូវបានគិតដល់នោះទេ ឧទាហរណ៍ជាក់ស្តែង ការក្អក កណ្តាស់លើអាហារ ការនិយាយខ្ទាតទឹកមាត់លើអាហារ ឬការចាប់កាន់អាហារដោយដៃមានរបួស ដែលមិនបានលាងស្អាតជាដើមសុទ្ធតែអាចឆ្លងមេរោគ។ ហេតុនេះ ដើម្បីសុខភាពល្អ គ្រប់គ្នាគួរតែភ្ញាក់ស្មារតីខ្លួនឯង ក្នុងការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាឱ្យប្រាកដថា មិនមានការចម្លងមេរោគចូលទៅក្នុងអាហារ។
លោកនិយាយថា៖«ខ្ញុំយល់ថា ការឆ្លើយសំណួរនេះជារឿងល្អ ទោះបីយើងឆ្លើយខុសក៏ដោយ ត្រូវក៏ដោយ ក៏យើងអាចបានឯកសារទៅមើលបន្ថែម ទទួលបានចំណេះដឹងគ្រប់គ្រាន់ក្នុងការការពារការចម្លងមេរោគទៅលើអាហារ ដើម្បីជួយឱ្យសុខភាពមនុស្សទាំងអស់បានល្អប្រសើរ»។
កញ្ញា អ៊ុង បូរតនា ជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនឯកជនមួយ ដែលបានចូលរួមឆ្លើយសំណួរនោះដែរ បានឱ្យដឹងថា ការចូលរួមឆ្លើយសំណួរនេះធ្វើឱ្យកញ្ញាបានដឹងពីចំណុចមួយចំនួនដែលមិនធ្លាប់បានដឹងជាពិសេសគឺការចម្លងមេរោគដោយបាក់តេរី និងសត្វល្អិតទំលើអាហារជាដើម។
កញ្ញាប្រាប់ថា៖«ការឆ្លើយសំណួរនេះមានប្រយោជន៍ ព្រោះយើងមិនមែនជាអ្នករៀនខាងកសិកម្ម ខាងអីតែតាមរយៈនេះយើងអាចដឹងពីសុខភាពខ្លួនឯងនិងអាចការពារការចម្លងមេរោគបាន»។
លោក ថោង រ៉ា អ្នកជំនាញសុវត្ថិភាពចំណីអាហារថ្នាក់ជាតិនៃអង្គការយូនីដូ យល់ឃើញថា ការដាក់ឱ្យមានការឆ្លើយសំណួរអំពីសុវត្ថិភាពចំណីអាហារ នៅពេលមានការដាក់តាំងពិព័រណ៍បែបនេះ គឺជាវិធីដ៏ល្អមួយក្នុងការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ។ នេះក៏ជាការពញ្ញាក់ស្មារតីបន្ថែមទៀត ដល់ប្រជាពលរដ្ឋមួយចំនួន ដែលមិនធ្លាប់បានដឹងពីការចម្លងមេរោគទៅអាហារ ឬក៏មិនសូវបានចាប់ភ្លឹកនឹកដល់ហានិភ័យនៃការចម្លងមេរោគទាំងនោះ។
លោកថ្លែងថា៖«ការធ្វើបែបនេះជារឿងល្អ ទោះបីជាមិនបានទូទាំងប្រទេស ប៉ុន្តែយ៉ាងណាក្តី ធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនោះ បានយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ អាចសួរជាសំណួរផ្សេងៗ ដើម្បីបានរង្វាន់ផង»។ អ្នកជំនាញរូបនេះលើកឡើងថា ការយល់ដឹងពីសុវត្ថិភាពចំណីអាហារក្នុងពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។ ជាក់ស្តែងនៅពេលនិយាយពីសុវត្ថិភាពចំណីអាហារ ប្រជាពលរដ្ឋភាគច្រើនបែរជាយល់ឃើញថា នោះគឺជាអាហារដែលមានសារធាតុគីមីទៅវិញ៕