តាកែវ: ស្ថិតក្នុងខ្ទមប្រក់ស្លឹកពេញទៅដោយសំឡេងតុកកាតត និងកុកគីកែកឺត យ៉ាងទ្រហឹង កសិដ្ឋានចិញ្ចឹមមាន់តូចមួយជាទីឋានកំពុងត្រូវបានអភិវឌ្ឍដោយច្របាច់បញ្ចូលគ្នារវាងការចិញ្ចឹមបែបប្រពៃណី និងភាពច្នៃប្រឌិត។
ឈរចំកណ្តាលជួរនៃទ្រុង មាន់ និងដៃម្ខាងកាន់មេមាន់ ១ ក្បាល ដែលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ លោក យ៉ែម សូនី ដែលគ្រងឈុតអាវក្នុងមន្ទីរពិសោធន៍ពណ៌ស និងម៉ាស់មុខការពារ ហាក់បីដូចជាអ្នកជំនាញពេទ្យ តែលោកគឺជាអ្នកចិញ្ចឹមមាន់តាមក្បួនខ្នាតកសិកម្ម ក្រោមគម្រោងជំនួយរបស់រដ្ឋាភិបាលអូស្ដ្រាលី។
នេះមិនមែនគ្រាន់តែជាកសិដ្ឋានចិញ្ចឹមមាន់ប៉ុណ្ណោះទេ ប៉ុន្ដែវាជាពន្លឺនៃក្តីសង្ឃឹមសម្រាប់អនាគតនៃពូជមាន់ស្កួយរបស់កម្ពុជាផងដែរ។
លោក ភឹម ម៉េងហាក់ អនុប្រធានមន្ទីរពិសោធន៍សេនេទិចពូជសត្វ ក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ថ្វីដ្បិតតែគម្រោងនេះចាប់ផ្ដើមតែ ៣ គ្រួសារយ៉ាងណាក៏ដោយ ក៏នៅពេលទទួលបានពូជល្អ ពួកគេអាចលក់ទៅឱ្យកសិករនៅទូទាំងប្រទេស។ ដូច្នេះ ប្រជាកសិករដទៃហាក់បានទទួលផលពីគម្រោងនេះដូចគ្នា។
លោកបានថ្លែងថា៖ «ប្រជាកសិករទិញកូនមាន់ពូជល្អយកទៅចិញ្ចឹម ហើយក្នុងនាមខ្ញុំជាអ្នកបច្ចេកទេសក្នុងស្ថាប័នរាជរដ្ឋាភិបាល យើងខ្ញុំក៏បានចែកចាយបច្ចេកទេសនេះទៅកាន់កសិករចិញ្ចឹមមាន់នៅទីតាំង និងខេត្ដផ្សេងៗទៀត»។
លោកបានបន្ថែមថា ដូនតាខ្មែរមានពូជសត្វជាច្រើនទៀត តែដោយសារមិនមានកម្មវិធីបង្កាត់ពូជសុទ្ធបានធ្វើឱ្យសត្វក្នុងស្រុកមានពូជមិនសុទ្ធ។ ក្រោមគម្រោងនេះ មាន់ស្កួយត្រូវបានបង្កាត់ស្វែងរកពូជសុទ្ធ ជាពូជច្បាស់លាស់មួយនៅលើទីផ្សារ និងអាចយកបច្ចេកទេសនេះទៅអនុវត្ដបន្សុទ្ធពូជសត្វផ្សេងៗទៀត។
មាន់ស្កួយដែលមានរោមពេញខ្លួន សម្បុរពព្លាក់ពណ៌ត្នោត និងប្រផេះទទួលបានការពេញនិយមពីសំណាក់ប្រជាកសិករ ដោយសារតែវាផ្ដល់ទិន្នផលល្អ និងជាចំណូលចិត្ដរបស់អតិថិជន។ ភាពធន់និងគុណភាពនៃសាច់របស់វាបានធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមក្នុងចំណោមសហគមន៍មូលដ្ឋាន។ គម្រោងគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាព ដែលមាន់ស្កួយអាចក្លាយជាពូជសុទ្ធប្រចាំកម្ពុជា។
លោក ទុំ សុធី្ធរ៉ា នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម ដែលដឹកនាំក្រុមស្រាវជ្រាវកម្ពុជាសម្រាប់គម្រោងនេះបានថ្លែងថា៖ «គម្រោងកែលម្អពូជមាន់ស្កួយ កំពុងអនុវត្តស្របតាមគោលនយោបាយអភិវឌ្ឍន៍អនុវិស័យផលិតសត្វ ដោយធ្វើឱ្យប្រសើរឡើងនូវផលិតភាព (ការលូតលាស់ខ្ពស់ និងការផលិតស៊ុតច្រើន) ជាពិសេសធន់នឹងអាកាសធាតុក្នុងស្រុក) ជួយបំពេញតម្រូវការកើនឡើងនៃសាច់មាន់ស្រែ និងពងមាន់សពូជក្នុងស្រុកដែលចូលរួមបង្កើនប្រាក់ចំណូលកសិករ»។
លោកបានបន្ថែមថា៖ «នៅក្នុងវដ្តនៃគម្រោងនាពេលខាងមុខ ខ្ញុំចង់ឃើញគម្រោងពង្រីកទៅកាន់តំបន់ផ្សេងៗដើម្បីឱ្យមានកសិករចិញ្ចឹមមាន់មានពូជក្នុងស្រុកល្អៗសមស្របទាំងក្នុងប្រព័ន្ធផលិតកម្មលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម»។
ការគាំទ្រគម្រោងពីរដ្ឋាភិបាលអូស្ដ្រាលីការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ប្រាក់ចំណូល និងអាហារូបត្ថម្ភដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ កសិដ្ឋានទាំងនេះប្រឈមមុខនឹងបញ្ហាដោយសារពូជមាន់ក្នុងស្រុកផ្តល់ទិន្នផលទាបនិងគ្រប់គ្រងពូជពុំទាន់មានប្រសិទ្ធភាព។
ពូជមាន់ក្នុងស្រុកមាន ៨៤ ភាគរយនៃមាន់នៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែពួកវាត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចប៉ុណ្ណោះពី ២០ ទៅ ៥០ ក្បាល ក្នុង ១ វដ្តផលិតកម្ម។
មេមាន់ទាំងនេះផ្តល់ពងបានត្រឹមតែ ៦០ គ្រាប់ប៉ុណ្ណោះ ក្នុង ១ ឆ្នាំ ហើយចិញ្ចឹមដើម្បីដល់ទម្ងន់ទីផ្សារត្រូវចំណាយពេល ៦ ខែ។ ផ្ទុយទៅវិញ ពូជពាណិជ្ជកម្មមានអាយុពេញវ័យក្នុងរយៈពេល ៦ សប្តាហ៍ ហើយពងបានប្រហែលពី ២៥០ ទៅ ២៧០ គ្រាប់ ក្នុង ១ ឆ្នាំ។
បញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់កសិករចិញ្ចឹមមាន់ពូជក្នុងស្រុក គឺអត្រាងាប់ខ្ពស់ ជាពិសេសកូនមាន់នៅក្នុងដំណាក់កាលដំបូងនៃផលិតកម្ម។ ផលិតភាពទាបនេះ ជះឥទ្ធិពលលើជីវភាពកសិករចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងកំណត់លទ្ធភាពទទួលបានអាហារប្រូតេអ៊ីនរបស់គាត់។
កាលពីឆ្នាំ ២០២២ អូស្ត្រាលីបានផ្តល់មូលនិធិសម្រាប់គម្រោងស្រាវជ្រាវមួយតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ដើម្បីបង្កើនផលិតភាព និងភាពធន់នឹងអាកាសធាតុក្នុងតំបន់លើពូជមាន់ក្នុងស្រុក ពូជស្កួយ (Skouy) ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាច្នៃប្រឌិតដល់កសិករចិញ្ចឹមមាន់នៅប្រទេសកម្ពុជា។
គម្រោងនេះបានធ្វើការជាមួយកសិករក្នុងគោលបំណងអភិវឌ្ឍពូជមាន់ស្កួយ។ កសិករដែលចូលរួមត្រូវបានបណ្តុះបណ្តាលបច្ចេកទេសក្នុងការគ្រប់គ្រងមេបាពូជមាន់ វិធានការការពារជីវសុវត្ថិភាព បច្ចេកទេសបង្កាត់សិប្បនិម្មិត និងការកត់ត្រាទិន្នន័យក្នុងកសិដ្ឋានបង្កាត់ពូជ។
យោងតាម ACIAR បានបង្ហាញថា៖ «ក្នុងរយៈពេល ១ ឆ្នាំ គម្រោងនេះបានអភិវឌ្ឍពូជមាន់ស្កួយ ជំនាន់ដំបូងដោយជោគជ័យ។ ពូជនេះត្រូវបានកែលម្អដើម្បីបង្កើនផលិតភាព ភាពធន់ ដើម្បីបង្កើនផលិតកម្មមាន់សម្រាប់កសិករ។ តម្លៃមាន់ស្កួយបច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ២ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម ខណៈពងរបស់វាមានតម្លៃ ១ ២០០ រៀល។ មេបាពូជរបស់ពូជស្កួយត្រូវបានលក់ក្នុងតម្លៃប្រហែល ៦ ម៉ឺនរៀល ក្នុង ១ ក្បាល»។
កញ្ញា អាន ណា អូកេលឡូ អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវរបស់ ACIAR បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការនៅក្នុងគម្រោងមួយដែលពាក់ព័ន្ធនឹងអ្នកជំនាញបង្កាត់ពូជសត្វជនជាតិអ្រាហ្វិកមកពី ILRI និងអ្នកបច្ចេកទេសក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះអាចនាំទៅដល់ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ជាពិសេសស្ត្រីដែលជាអ្នកចិញ្ចឹមមាន់ផ្ទាល់តែម្តង។
កញ្ញាបានថ្លែងថា៖ «អំឡុងពេលអនុវត្តគម្រោងរយៈពេល ១ ឆ្នាំ កសិករ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសបានសហការគ្នាដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗដែលយើងអាចមើលឃើញលទ្ធផលជាក់ស្តែងនាថ្ងៃនេះ។ វិធីសាស្ត្រនេះពាក់ព័ន្ធនឹងការចែករំលែកចំណេះដឹង និងធនធានក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ក្នុងការលើកកម្ពស់ការរៀនសូត្រគ្នាទៅវិញទៅមក»។
កញ្ញាបន្ដថា៖ «ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈ ACIAR យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា និងបណ្តាប្រទេសអាហ្រ្វិកផ្លាស់ប្តូរចំណេះដឹងនិងធនធានដែលអាចពន្លឿនការអភិវឌ្ឍរបស់ពួកគេ»។
កសិករគំរូ ៣ គ្រួសារបន្សុទ្ធមាន់ស្កួយលោក យ៉ែម សូនី និងអ្នកស្រី នូ ម៉ាឡៃ រស់នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្ដតាកែវ បានឱ្យដឹងថា ពួកគាត់ចាប់ផ្ដើមចិញ្ចឹមសត្វជាច្រើនឆ្នាំដោយចាប់ផ្ដើមពីមាន់ចំនួន ១០ ក្បាលរហូតដល់ ១០០ ក្បាល។
កាលពីខែកក្កដា ឆ្នាំ ២០២៣ តាមរយៈគម្រោងឧបត្ថម្ភដោយស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា លោក សូនី ក្នុងចំណោម ២ គ្រួសារផ្សេងទៀតទទួលបានកូន ១ ពាន់ក្បាល ដើម្បីបង្កាត់ពូជមាន់ស្កួយសុទ្ធដំបូងបំផុតនៅកម្ពុជាសម្រាប់ការចែកចាយបន្ដនៅទូទាំងប្រទេស។
លោកបាននិយាយថា៖ «ការចិញ្ចឹមមាត់ពូជស្កួយសុទ្ធពិតជាមានលក្ខណៈខុសគ្នារវាងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារកន្លងមក និងការចិញ្ចឹមបែបអាជីវកម្ម ដែលមានគុណភាព និងបំពេញតម្រូវការទីផ្សារ។
លោកបានឱ្យដឹងថា អតិថិជនត្រូវការមាន់មានសាច់ល្អ និងរោមជិតដោយចំណាយពេលចិញ្ចឹមប្រហែលគ្នានិងអត្រាងាប់ទាប។ ដូច្នេះ ពូជមាន់ស្កួយពិតជាល្អស័ក្ដិសមណាស់។ ក្រោយទទួលកូនមាន់ ១ ពាន់ក្បាល លោក សូនី និងភរិយាចាប់ផ្ដើមសម្រិតសម្រាំងយកពូជមាន់ស្កួយមេចំនួន ៩៨ ក្បាល និងមាន់ឈ្មោលជាង ១០ ក្បាលសម្រាប់ការបង្កាត់ពូជពី ២ ទៅ ៣ ជំនាន់ទៀត ដើម្បីទទួលបានពូជមាន់ស្កួយសុទ្ធ។
លោកបានអះអាងថា៖ «ការចិញ្ចឹមមាន់បែបប្រពៃណីចំពោះពូជចម្រុះកន្លងមក មានអត្រាងាប់ពី ១៥ ទៅ ២០ ភាគរយ ខណៈការចិញ្ចឹមមាន់ស្កួយរបស់គម្រោង ដែលអនុវត្ដការរឹតបន្ដឹងសុវត្ថិភាពនិងការប្រើប្រាស់វ៉ាក់សាំង ពោលគឺការថែទាំដ៏ល្អអត្រាងាប់មានក្រោម ១០% ប៉ុណ្ណោះ»។
មុខរបរកសិកម្មតាមរយៈការចិញ្ចឹមសត្វបានជួយឱ្យបុរសវ័យ ៤២ ឆ្នាំរូបនេះរស់នៅជួបជុំគ្នាគ្រួសារ រួមទាំង ម្ដាយ និងជីដូនចាស់ ក៏ដូចជាមានលទ្ធភាពឱ្យកូនបន្ដការសិក្សាថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ។
លោក កង អេត ជាកសិករចិញ្ចឹមនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំងកក់ បាននិយាយថា លោកជាអ្នកចិញ្ចឹមស្រាប់ ហើយក្រោយទទួលបានកូនមាន់ស្កួយពីមូលនិធិរបស់រដ្ឋាភិបាលអូស្ដ្រាលី បច្ចុប្បន្នមានមាន់សរុបទាំងតូចទាំងធំជាង ២ ៦០០ ក្បាល។
លោកបានឱ្យដឹងថា៖ «ការចិញ្ចឹមមាន់ស្កួយនេះ មានអត្ថប្រយោជន៍ជាច្រើន ទី១- ចិញ្ចឹមទៅធំល្អ រោមជិត ទីផ្សារចូលចិត្ដទិញ។ ទី២- ការបង្កាត់ពូជបានលឿនជាងពូជដទៃដែលមានអត្រាកូនញាស់ពី ៨០ ទៅ ៨៥ ភាគរយ ខុសពីពូជចម្រុះ មានអត្រាញាស់រង្វង់ ៧០ ភាគរយ»។
លោក អេត បានបន្ដថា គម្រោងជំនួយរបស់រដ្ឋាភិបាលអូស្ដ្រាលី មិនត្រឹមតែជួយផ្ដល់កូនមាន់ ១ ពាន់ក្បាល និងបច្ចេកវិទ្យាចិញ្ចឹមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងថវិកាសម្រាប់ទិញចំណីប្រមាណ ៦០ ភាគរយ និងទ្រុងមាន់ផងដែរ។
លោកបានអះអាងថា៖ «នៅពេលអនាគត ខ្ញុំនឹងអាចពង្រីកកសិដ្ឋានឱ្យធំជាងនេះទៅទៀតទាំងលក្ខណៈគ្រួសារ និងមួយភូមិនេះសឹងតែដាក់មាន់ចិញ្ចឹមទាំងអស់។យើងជាកសិករចិញ្ចឹមពូជមាន់នេះ ពិតជាសប្បាយចិត្ដដែលទទួលបានការជួយក្រោមគម្រោងនេះ»។
លោក អេត ស្វាគមន៍ការចង់ចេះ ចង់ដឹងពីសំណាក់អ្នកភូមិ ដែលមានបំណងចាប់យកអាជីពចិញ្ចឹមមាន់ ជាពិសេសមាន់ពូជស្កួយជាប្រភេទពូជសម្រាប់បង្កើតអត្ដសញ្ញាណជាតិជាក់លាក់។ អ្នកស្រី កន ភារម្យ ម្ចាស់កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យ ដែលស្ថិតក្នុងភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំងកក់ ដែលបានចាប់របរចិញ្ចឹមមាន់តាំងពីឆ្នាំ ២០១៣ ក្រោមការបណ្ដុះបណ្ដាលពីអ្នកជំនាញផ្សេងៗបានក្លាយជាកសិករគំរូក្នុងការចិញ្ចឹមមាន់ស្កួយ។
អ្នកស្រីបាននិយាយថា៖ «ពីមុនមក យើងអត់សូវចាប់អារម្មណ៍ពីពូជមាន់ស្កួយនេះទេ។ ដល់ពេលនេះយើងចាប់អារម្មណ៍ខ្លាំងពីព្រោះមាន់នេះមានទម្ងន់ធ្ងន់ជាងមាន់ធម្មតា រោមដុតល្អជាងនិងសាច់ស្អាតក៏ដូចជា លក់បានតម្លៃជាងមាន់ធម្មតា»។
ប្រធានសមាគមកសិកម្មមាន់ស្រែ អូរផុត (Morn Sre Auphut Agricultural Cooperative) ដែលមានសមាជិកជាង ១០០ នាក់ បានបង្ហាញពីចំណុចពិសេស ១ ទៀត គឺអតិថិជនពេញចិត្ដក្នុងការទិញទៅលក់បន្ដនៅលើទីផ្សារ ដោយសារកត្ដាគុណសម្បត្ដិរបស់ពូជមាន់ខាងលើនេះ។
លាយឡំជាមួយសំឡេងមេមាន់ខ្តត និងមាន់ឈ្មោលស្រែករងាវ អ្នកស្រី ភារម្យ បានឱ្យដឹងថា អនាគត អ្នកស្រីផលិតកូនមាន់ស្កួយ ចែកចាយនៅក្នុងសហគមន៍ មុនពេលសាយភាយទៅកាន់បណ្ដាខេត្ដដទៃទៀត។
អ្នកស្រីចាប់ផ្ដើមលក់កូនមាន់វិលជុំរយៈពេល ៥ ថ្ងៃម្ដងទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិកសមាគមដើម្បីយកទៅចិញ្ចឹមបន្ដក្នុងគោលបំណងបន្សុទ្ធមាន់ស្កួយ ដោយទទួលទិញពងភ្ញាស់លក់ចែកចាយទៅបណ្ដាខេត្ដផ្សេងទៀត។
អ្នកស្រី ភារម្យ បាននិយាយថា៖ «ទៅតាមអាយុកាលដែលអតិថិជនចង់បាន កូនមាន់ពូជចម្រុះ ១ ក្បាលមានតម្លៃ ៣ ៥០០ រៀល ហើយពូជស្កួយមានតម្លៃ ៤ ០០០ រៀល ១ ក្បាល។ មាន់ស្កួយនេះ រយៈពេល ៥ ថ្ងៃ យើងអាចលក់កូនរបស់វាបានតែ ២០០ ក្បាល ដោយសារវាស្ថិតក្នុងដំណាក់កាលបង្កាត់ជំនាន់ដំបូង»។
លទ្ធផលរយៈពេល ៧ ខែ ចាប់តាំងកូនមាន់តូចរហូតដល់ពេញវ័យដែលអាចក្រាបពងបន្ដ មាន់ចំណាយពេល ៦ ខែ និងអាចបង្កាត់ពូជបានរយៈពេល ២ ឆ្នាំ។ បច្ចុប្បន្នមេមាន់ពូជស្កួយរបស់អ្នកស្រី ភារម្យ មានចំនួន ៩៦ ក្បាល ដែលអាចពងក្នុង ១ ថ្ងៃ ចន្លោះពី ៤០ ទៅ ៥០ ពង ហើយនៅ ២ ជំនាន់ទៀត មាន់ស្កួយនឹងរីកសាយភាយបានច្រើន។
ដោយសារវាជាប្រភេទមាន់ភ្ញាស់កូន មេមាន់ទាំងអស់ត្រូវទទួលយកស្ពែមមេជីវិតឈ្មោលជារៀងរាល់ថ្ងៃ ដើម្បីឱ្យស៊ុតទាំងអស់អាចបង្កបង្កើតបាន។
កសិករគំរូទាំង ៣ នាក់ ត្រូវចាប់មាន់ឈ្មោលរឹតយកមេជីវិត ដោយមេជីវិតរបស់មាន់ឈ្មោល ១ ក្បាល អាចចាក់បញ្ចូលទៅឱ្យមាន់ញីពី ៣ ទៅ ៥ ក្បាល។
ដោយមានបំណងចង់លើកស្ទួយដល់ពូជមាន់ស្កួយរបស់ខ្មែរ អ្នកស្រី ភារម្យ បានបញ្ជាក់ថា៖ «ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល និងម្ចាស់គម្រោង ជាពិសេស ក្រសួងកសិកម្ម ជួយគាំទ្រពួកយើងទាំង ៣ នាក់ ដើម្បីធ្វើយ៉ាងណាឱ្យមាន់ខ្មែរយើង វាសាយភាយក្នុងប្រទេសយើងឱ្យមានការចិញ្ចឹមគ្រប់គ្នា»។
កសិករចិញ្ចឹមមាន់រូបនេះ លោក អេត បានលើកឡើងថា គម្រោងចិញ្ចឹមមាន់ពូជស្កួយនេះបានលើកកម្ពស់ជីវភាពគ្រួសាររបស់លោក ទោះបីជាទើបប្រមូលផលមាន់មិនយូរប៉ុន្មានយ៉ាងណាក៏ដោយ។
លោកបានប្រាប់ថា ក្នុង ១ ខែ ផលមាន់របស់លោកដែលមានតាំងពីស៊ុត កូន និងសាច់ក្រៅពីប្រភេទពូជស្កួយ អាចបង្កើនចំណូលបានចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូននៅថ្នាក់សាកលវិទ្យាល័យ។
យ៉ាងណាមិញ លោក សូនី បានលើកឡើងពីការលំបាកក្នុងការថែទាំកូនមាន់ ១ ពាន់ក្បាល ជាចំនួនដ៏ច្រើនដែលលោកមិនធ្លាប់ជួបប្រទះ។ ប៉ុន្ដែលោកអរគុណចំពោះការចូលរួមពីសំណាក់ភរិយា និងកូនៗ ដែលចំណាយកម្លាំង និងទឹកចិត្ដក្នុងការបង្កើតឱ្យឃើញលទ្ធផលពីគម្រោងនេះ។
កសិកររូបនេះត្រូវកត់ត្រាតាំងពីទម្ងន់ស៊ុត កូនមាន់ ចំណី ចំនួនមាន់ ដោយបែងចែកជា ១០ ក្រុមក្នុងរយៈពេល ១៦ សប្ដាហ៍។ លោកបាននិយាយថា ក្នុងរយៈពេល ៧ ខែមកនេះ លោក សូនី មើលឃើញផ្លែផ្កាដោយទទួលបានពូជមាន់ស្កួយក្នុងដំណាក់កាលដំបូង។
លោកបានប្រាប់ថា៖ «ក្រៅពីពូជមាន់ស្កួយ មានរោមជិតខ្លួន និងមានស្នាមអុចៗលើក្បាលដែលត្រូវបានជ្រើសរើសបង្កើតពូជទៀត ដោយពូជមាន់មិនសុទ្ធអាចលក់ និងសម្រាប់ជាអាហារ»។ លោក Wondmeneh Esatu សមាជិកគម្រោង និងជាអ្នកវិទ្យាសាស្ត្រផ្នែកពន្ធុវិទ្យា និងបង្កាត់ពូជសត្វ នៅវិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (ILRI) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសមត្ថភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងរបស់គម្រោង។
លោកបានសង្កត់ធ្ងន់លើការបំពេញតម្រូវបច្ចេកទេសរបស់ស្ថាប័នដៃគូក្នុងស្រុក ជាពិសេសចំណេះដឹង និងជំនាញចាំបាច់សម្រាប់កសិករចិញ្ចឹមមាន់ដើម្បីបន្តដំណើរការដោយឯករាជ្យ បន្ទាប់ពីគម្រោងនេះបានបញ្ចប់។
លោកបាននិយាយថា៖ «យើងមិនអាចមកបង្រៀនកសិកររហូតទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលនៃគម្រោងនេះយើងគួរតែខិតខំផ្តល់អំណាចដល់ក្រុមការងាររបស់កម្ពុជារបស់យើង ជាពិសេសកសិករ ហើយនៅទីបំផុត ពួកគេនឹងអាចបន្តដោយឯករាជ្យ»។
លោកបានបន្ដថា៖ «អ្វីដែលយើងនាំមកនេះគឺគ្រាន់តែជាបទពិសោធន៍ ចំណេះដឹង និងភ័ស្តុតាងរបស់យើងដែលយើងបានអនុវត្តដ៏ជោគជ័យក្នុងបណ្តាប្រទេសផ្សេងៗទៀត ហើយយើងនាំវាមកកម្ពុជា។ តាមរយៈការធ្វើដូច្នេះយើងសហការជាមួយដៃគូរបស់យើង ហើយកម្មវិធីនេះនឹងដំណើរការដោយខ្លួនឯងនៅក្នុងប៉ុន្មានឆ្នាំខាងមុខដែលគាំទ្រដោយដៃគូថ្នាក់ជាតិ។
លោក Wondmeneh បានលើកឡើងថា កសិករដឹងពីអ្វីដែលពួកគេចង់បាន ហើយពួកគេជាអ្នកបង្កាត់ពូជដ៏ល្អ និងមានការប្តេជ្ញាចិត្តខ្ពស់។ ដូច្នេះនេះជាអ្វីដែលអ្នកជំនាញបានរៀនពីកសិករកម្ពុជាវិញ៕