​ភ្នំពេញៈ បន្លែ​ក្នុងផ្ទះ​សំណាញ់​ដែលជា​បន្លែ​សុវត្ថិភាព​កំពុងមាន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដោយសារ​បន្លែ​ដាំ​នៅក្នុង​ផ្ទះ​សំណាញ់​មិន​ប្រើ​ជីគីមី​ ខណៈ​ក្រសួងកសិកម្ម​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​កសិករ​ចងក្រង​គ្នា​ជា​សហគមន៍​កសិកម្ម​ថែមទាំង​ផ្តល់​ប្រាក់កម្ចី​ទៀតផង​។​

​ការដាំ​បន្លែ​សុវត្ថិភាព​នៅក្នុង​ផ្ទះ​សំណាញ់​ គឺ​កសិករ​អាច​ដាំ​ក្នុង​ ​១ ​ឆ្នាំ​បាន ​១០​ ដង​ ដែល​អាច​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​បាន​គ្រប់​រដូវ​កាល​ខុសពី​ការដាំ​បន្លែ​នៅ​ទីវាល​ធម្មតា​ដែល​ដាំ​បានតែ​ខែវស្សា​។​ ដូច្នេះហើយ​នៅតាម​សហ គមន៍​ក្នុង​ខេត្ត​មួយ​ចំនួន​ កសិករ​ភាគច្រើន​ងាក​មក​ដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់​វិញ​ដោយ​មិន​ប្រើ​ជីគីមី​និង​បាញ់ថ្នាំ​ពុល​ផង​។​

​ដូច​ទៅនឹង​ការលើកឡើង​របស់លោក អ៊ុន អឿន ប្រធាន​សហគមន៍​កសិក​ម្ម​សាមគ្គី​ត្រពាំង​ចក ស្ថិតក្នុង​ឃុំ​ត្រាំកក ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែរ​ថា សហគមន៍​កំពុង​ពង្រីក​ខ្លួន​ពី​ការធ្វើ​កសិកម្ម​បែប​ប្រពៃណី​ជា​លក្ខណៈ​គ្រួសារ​មកជា​ការធ្វើ​កសិក​ម្ម​ប្រមូលផ្តុំ​វិញ​។​ បច្ចុប្បន្ន​សហគមន៍​នេះ ​មាន​សមាជិក​ជា​កសិករ​ចំនួន​ ៩៩ ​គ្រួសារ និង​មានផ្ទះ​សំណាញ់​ជាង​ ៦០០​ ខ្នង​ស្មើនឹង ​៩០ ​គ្រួសារ​ កំពុង​ផលិត​បន្លែ​សុវត្ថិភាព​។​

​លោក អ៊ុន អឿន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា សហគមន៍​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០១៥ ក៏ប៉ុន្តែ​កាលនោះ​សមាជិក​ក៏​នៅមាន​ចំនួន​តិច​រីឯ​ការដាំដុះ​បន្លែ​នៅ​ធ្វើ​តាមបែប​ប្រពៃណី​នៅឡើយ​ដែរ​។​ ក្រោយពី​មានការ​បណ្តុះបណ្តាល​ជា​បន្ត​បន្ទាប់ពី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្តតាកែវ ជា​ហូរហែ​មក​បានធ្វើឱ្យ​កសិករ​ម្នាក់ៗ​យល់ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​និង​បាន​រីកចម្រើន​រហូតដល់​ស​ព្វ​ថ្ងៃ​ដែលមាន​សមាជិក​ ៧០​ គ្រួសារ​។​

​លោក​ប្រាប់ថា បច្ចុប្បន្ន​សមាជិក ក្នុង​សហគមន៍​ ១​ គ្រួសារៗ​មានផ្ទះ​សំណាញ់​រៀងៗ​ខ្លួន ​ដែល​សរុប​មាន​ជាង​ ៦០០​ ខ្នង​ផ្ទះ​សំ​ណា​ញ់​។​ប៉ុន្តែ​ផ្ទះ​សំណាញ់​របស់​សមាជិក​នី​មួយៗ​សាងសង់​ទៅតាម​លទ្ធភាព​របស់​ពួកគាត់​ដែល​ ១​ ខ្នង​មាន ទទឹង​ ១០ ​ម៉ែត្រ​ និង​បណ្តោយ​ ៣០ ​ម៉ែត្រ និង​បណ្តោយ ​៥០ ​ម៉ែត្រ​តែ​ភាគច្រើន​មាន​បណ្តោយ​ ៤០ ​ម៉ែត្រ​។​

​រីឯ​ផ្ទះ​សំណាញ់​នីមួយៗ​ក៏មាន​តម្លៃ​សាងសង់​ខុសៗ​គ្នា​ដែរ​ដែល​ប្រជាកសិករ​ខ្លះ​ក៏​ទទួលបាន​ប្រាក់កម្ចី​ពី​ក្រសួងកសិកម្ម​យ៉ាងហោច​ណាស់​ក៏​ចាប់ពី​ ៣ ​ពាន់​ដុល្លារ​ឡើងទៅ​រហូតដល់ ៤-៥ ​ម៉ឺន​ដុល្លារ​។​

​លោក​ថ្លែងថា​៖ «​មុននឹង​ទទួលបាន​ប្រាក់កម្ចី​ក៏មាន​មន្ត្រី​ជំនាញ​ចុះមក​សិក្សា​វាយតម្លៃ​ដែរ​អំពី​កម្លាំង​ផលិត​របស់គាត់​ព្រោះ​ខ្លាចក្រែង​ប្រើ​កម្ចី​ខុស​គោលដៅ​។​ ប៉ុន្តែ​ឃើញថា ​គាត់​ស្រុះគ្នា​មែនទែន​ពី​ការ​ធ្វើក​សិ​កម្ម​ក្នុងផ្ទះ​សំណាញ់​នេះ​»​។​

​ការងារ​កសិកម្ម​នៅក្នុង​សហ​គម​ន៍ ​ក៏មាន​ការជួយជ្រោមជ្រែង​ផងដែរ​ ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ខេត្ត ខាង​បច្ចេកទេស​ដាំ​ដុះ​ និង​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តតាកែវ ពាក់​​ព័ន្ធ និង​បច្ចេកទេស​ និង​ការ ងារ​ជំនួយ​ផ្សេងៗ​ និង​ការជួយ​រក​ទីផ្សារ​ក្នុងស្រុក​។​

ចំពោះ​សារៈ​សំខាន់​នៃ​ផ្ទះ​សំណាញ់​នេះ ​គឺអាច​ជួយ​ការពារ​បន្លែ​មិន​ឱ្យមាន​សត្វល្អិត​ដែល​ដាំ​នៅតាម​ទីវាល​បើ​មាន​សត្វល្អិត​ច្រើន​គឺ​កសិករ​ត្រូវ​បាញ់​ថ្នាំពុល​ ដើម្បី​កម្ចាត់​សត្វល្អិត​ហើយ​ប៉ះពាល់​ដល់​សុខភាព​គាត់​និង​ជួយ​ការពារ​ខ្យល់ ​និង​ការពារ​ទឹក​ភ្លៀង​មិនឱ្យ​មានទឹក​ជោកជាំ​ និង​ការពារ​កម្តៅ​ផង​។ 

​ដោយ​​ឡែក​ប្រភពទឹក​វិញ​ គឺ​សមាជិក​ក្នុង​សហគមន៍​ដោះស្រាយ​រៀងៗ​ខ្លួន ​ដូចជា​ជីក​ជា​ស្រះ​ ឬ​បុក​អណ្តូង​ហើយ​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​កសិករ​អាច​ដាំ​បាន​ក្នុង​ ១​ ឆ្នាំ​ ១០ ​ដង​។ នេះ​ជាការ​លើកឡើង​របស់លោក ​អ៊ុន អឿន​។​

​បើតាម​លោក​ អ៊ុន អឿន ​ផ្ទះ​​សំណាញ់ ​គឺ​កសិករ​ដាំ​បានតែ​ប្រភេទ​បន្លែ​ស្លឹក​ទេ​ដូចជា​ស្ពៃ​ខាត់ណា​ និង​ប្រភេទ​បន្លែ​ស្លឹក​មួយចំនួនទៀត​ និង​ប្រើតែ​ជី​ធម្ម​ជាតិ​ផលិត​ពី​លាមក​សត្វ​ និង​ជីកំប៉ុស​ មានដូចជា​លាម​ក​សត្វ​ជី​ធ្យូង​អង្កាម​ប៉ុណ្ណោះ​។​ បច្ចុប្បន្ន​ក្នុង​ ១ ​ថ្ងៃៗ​ សហគមន៍​ប្រមូល​បន្លែ​ពី​សមាជិក​បាន​ប្រមាណ​ជា​មធ្យម​ ១០​ តោន ​ក្នុង ​១ ​ថ្ងៃៗ​ និង​បាន​បែងចែក​លក់​នៅ​ខេត្តកំពត ខេត្ត​ព្រះសីហនុ កោះកុង សៀមរាប រាជធានី​ភ្នំពេញ និង​នៅក្នុង​ខេត្តតាកែវ​ ផ្ទាល់​ក៏មានដែរ​។ 

​ទោះយ៉ាងណា​សហគមន៍​ក៏​ជួប​ការលំបាក​ខ្លះៗ​ដែរ​អំពី​ធ្លាក់​ថ្លៃ​នៃ​បន្លែ​ ព្រោះ​រដូវ​កាល​ប៉ុន្មាន​ខែ​នេះ​គ្រប់​កសិករ​នៅតាម​បណ្តា​ខេត្ត​អាច​ដាំ​បន្លែ​បាន​ដូចគ្នា​ដោយសារ​បច្ចុប្បន្ន​ស្ទើរ​គ្រប់​តំបន់​នៃ​ខេត្ត​នីមួយៗ​មាន​ការដាំដុះ​បន្លែ​ច្រើន​ដូចជា​នៅ​ស្អាង​កោះធំ ខេត្តកំពង់ចាម ​ត្បូងឃ្មុំ ខេត្តកំពត រតនគិរី និង​ខេត្តក្រចេះ ជាដើម​។​

​លោក​ថ្លែងថា​៖ «​ប៉ុន្តែ​សហគមន៍ មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ​ដូចជា​ ១​ ខែ​នេះ ​តម្លៃ​បន្លែ​ដែល​លក់​ចេញ​មានការ​ធ្លាក់​ថ្លៃ​នាំឱ្យ​កសិករ មានការ​ខាតបង់​ដែរ​តែ​យ៉ាងណា​ក៏​នៅមាន​ទីផ្សារ​ដែរ​។ ​ម្យ៉ាងវិញទៀត​ការនាំ​ចូល​បន្លែ​ពី​ប្រទេសជិតខាង​ក៏​ជា​ចំណែក​មួយ​នៃ​ការធ្លាក់​ថ្លៃ​បន្លែ​ក្នុងស្រុក​ដែរ​»​។

​លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​ឱ្យដឹងថា មាន​តំបន់​មួយចំនួន​នៅក្នុង​ខេត្តតាកែវ ដែល​ប្រជាកសិករ​ដាំ​បន្លែ​សុវត្ថិភាព​រួមមាន​៖​នៅ​ស្រុក​បាទី ស្រុក​សំរោង ព្រៃ​កប្បាស តែ​ស្រុក​ត្រាំកក់ មាន​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​មាន​ច្រើនជាងគេ​។​

ចំពោះ​បន្លែ​ក្នុងផ្ទះ​សំណាញ់​នេះ​ទី១ ​មាន​សុវត្ថិភាព​ដោយសារ​បន្លែ​ត្រូវបាន​ការពារ​មិនឱ្យ​មាន​សត្វ​​ល្អិត​ទៅ​បំផ្លាញ​បន្លែ​។ ​ទី​២ ​ជួយ​កាត់​បន្ថយថ្លៃ​ដើមពី​ការទិញ​ថ្នាំ​មក​កម្ចាត់​សត្វល្អិត និង​ទី​៣ គឺ​កសិករ​មិន​ប្រើប្រាស់​ជីគីមី​ហើយ​កសិករ​ប្រើតែ​ជីធម្មជាតិ​។​

​លោក​បន្តថា​៖ «​ខាង​មន្ទីរ​យើង​បានធ្វើការ​បណ្តុះបណ្តាល​គាត់ ឱ្យមាន​បច្ចេកទេស​ច្បាស់​​លាស់​ក្នុង​ការធ្វើ​កសិកម្ម​។​ចំពោះ​សហគមន៍​កសិកម្ម​សាមគ្គី​ត្រពាំង​ចក​ក៏​ត្រូវបាន​ក្រសួងកសិកម្ម​បានផ្តល់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ជា​កសិកម្ម​ល្អ​ផង​»​។​

​ពាក់ព័ន្ធ​ការធ្វើ​កសិកម្ម​ក្នុងផ្ទះ​សំណាញ់​ត្រូវបាន​អ្នក​នាំ​ពាក្យ​និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​លោក ឃឹម ហ្វី​ណង់ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការ​ធ្វើ​ផលិតកម្ម​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់ ​គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើនជាង​ការធ្វើ​នៅ​ទីវាល​ដោយសារតែ​ការធ្វើ​នៅក្នុង​ផ្ទះ​សំណាញ់​អនុញ្ញាតឱ្យ​កសិករ​អាច​ធានាបាន​នូវ​គុណភាព​ល្អ​ជាង​មុន​និង​ជាពិសេស ​គឺអាច​ធានាបាន​នូវ​ស្ថិរភាព​នៃ​ការ​ផ្គត់​ផ្គង់​ពីព្រោះ​គាត់​អាច​ដាំ​បាន​ទាំង​ខែប្រាំង ខែវស្សា​និង​ខែ​រដូវរំហើយ​។​

​កន្លងមក​បើ​កសិករ​ធ្វើ​ការដាំដុះ​នៅ​ទីវាល​ខែប្រាំង ​គឺ​គាត់​មិនអាច​ធ្វើបាន​ដោយសារ​សត្វ​ច្រើន​ហើយ​ត្រូវ​ការប្រើ​​ប្រាស់​ជីគីមី​ច្រើន ហើយ​នៅ​ខែវស្សា​វិញ​ គឺ​ដោយសារ​ទឹក​ភ្លៀង​បន្លែ​ស្លឹក​មួយចំនួន​មិនអាច​ដាំ​បាន​ងាយស្រួល​ទេ​។​ ជាគោលការណ៍​ការដាំ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ហើយ​យើង​ក៏​ទទួលស្គាល់ថា​ វា​ពាក់ព័ន្ធ​សំខាន់​ទៅលើផ្ទះ​សំណាញ់​។​

​លោក​ថ្លែងថា​៖ «​គោលការណ៍ ជារួម​គឺ​ក្រសួង​បាននិងកំពុង​លើកទឹកចិត្ត​ឱ្យ​កសិករ​ចងក្រង​គ្នា​ជា​សហគមន៍​កសិកម្ម​ហើយ​ក្រសួង​មានកម្ម​វិធី​គោ​លន​យោ​បាយ​សហគមន៍​កសិក​ម្ម​ទំនើប​។​ ការងារ​នេះ​ដើម្បី​ផ្តល់​ជួយ​ការ​គាំទ្រ​ជាពិសេស​ទៅលើ​ការ​ផ្តល់ទុន​ដែលមាន​កម្ចី​ទាប​ ដើម្បី​កសាង​ធ្វើ​ផលិតកម្ម​នៅក្នុង​ផ្ទះ​សំណាញ់​តែម្តង​។​ នេះ​ជាការ​គាំ​ត្រ​របស់​ក្រសួង​ក​សិ​កម្ម​ទៅលើ​ការធ្វើ​ផលិតកម្ម​បន្លែ​ក្នុងផ្ទះ​សំណាញ់​»៕