ភ្នំពេញៈ ក្នុងឯកសណ្ឋានពណ៌ខ្មៅចងរឹតដោយខ្សែក្រវាត់ជាក្រណាត់ពណ៌ស កីឡាករចំនួន ៨ នាក់ ដែលសុទ្ធតែជាទាហាន បានបង្ហាញជំនាញប្រើដំបង កាំបិត រួមទាំងបច្ចេកទេសនៃការម៉ាត់ ទាត់ ធាក់ និងចាប់ក្លេបោកយ៉ាងស្ទាត់ជំនាញបំផុត។ បច្ចេកទេសទាំងអស់នេះ ត្រូវបានគេស្គាល់ថា ជាក្បាច់គុនបញ្ចសិលា ឬបញ្ចស៊ីឡាត់ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិរបស់ប្រទេសឥណ្ឌូនេស៊ី។
ឥណ្ឌូនេស៊ី បានបង្កើតសហព័ន្ធគុនបញ្ចសិលាអន្តរជាតិរបស់ខ្លួន នៅឆ្នាំ ១៩៤៨ ហើយប្រភេទកីឡានេះ ត្រូវបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ ១៩៨៧ និងកីឡាអាស៊ី ឆ្នាំ ២០១៨ ក្នុងនាមជាម្ចាស់ផ្ទះ ហើយបន្ទាប់មកបញ្ចសិលា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ គឺមានរយៈពេល ៣ ឆ្នាំ មុនពេលកម្ពុជាទទួលបានជោគជ័យ ក្នុងការចុះបញ្ជីក្បាច់គុនល្បុក្កតោ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
ជាមួយភាពជោគជ័យនេះ ឥណ្ឌូនេស៊ី និងកម្ពុជា បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការផ្លាស់ប្តូរការហ្វឹកហាត់រវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនបញ្ចសិលារបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធគុនបញ្ចសិលាអន្តរជាតិ។
តាមរយៈការចុះ MoU នោះ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចំនួន ២៨ នាក់ ដែលភាគច្រើនជាអត្តពលិកគុនល្បុក្កតោ និងទាហាន ទៅហ្វឹកហាត់ក្បាច់គុនបញ្ចសិលានៅប្រទេសឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹក ២ នាក់ ហើយកម្ពុជាក៏បានបញ្ជូនគ្រូគុនល្បុក្កតោ ២ នាក់ ទៅបង្វឹកគុនល្បុក្កតោ ដល់ក្រុមអត្តពលិកឥណ្ឌូនេស៊ីដូចគ្នា ក្នុងអំឡុងពេលនោះដូចគ្នា ដើម្បីត្រៀមចូលរួមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនោះ ក្រុមអត្តពលិករបស់ប្រទេសទាំង ២ នេះ សុទ្ធតែដណ្តើមបានមេដាយមាសរៀងៗខ្លួនពីស៊ីហ្គេម ឆ្នាំ ២០២៣ គឺក្រុមអត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស ២ និងសំរឹទ្ធ ៨ លើប្រភេទកីឡាបញ្ចសិលា ហើយក្នុងនោះកីឡាកររបស់កងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី ៥ ចំនួន ៩ នាក់ ទទួលបានមេដាយមាស ១ និងសំរឹទ្ធ ៤។ ចំណែកក្រុមអត្តពលិកឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ៣ ប្រាក់ ៥ និងសំរឹទ្ធ ១២ ពីការប្រកួតគុនល្បុក្កតោដូចគ្នា។
ឆ្លើយតបទៅនឹងការទទួលបានជោគជ័យ ពីការប្រកួតស៊ីហ្គេម កាលពីខែឧសភា ឆ្នាំ ២០២៣ នោះ កម្ពុជា បានសម្រេចបង្កើតឱ្យមានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាឡើងវិញ តែបានប្រើរចនាសម្ព័ន្ធថ្មីទាំងស្រុង ហើយបានកំណត់យកការធ្វើមហាសន្និបាតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាការចាប់ផ្តើមអាណត្តិទី ១ ឆ្នាំ ២០២៤-២០២៧ របស់ខ្លួន។
ជាមួយគ្នានោះ អង្គមហាសន្និបាត បានសម្រេចជ្រើសរើសតាំងមន្ត្រីជានាយទាហានរហូតដល់ទៅ ៦ នាក់ ឱ្យធ្វើជាក្បាលម៉ាស៊ីដឹកនាំ រួមទាំងមន្ត្រីជាទាហានមួយចំនួនទៀត ឱ្យធ្វើជាសមាជិកក្នុងគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធនេះ ហើយក្នុងនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគ ៥ ត្រូវបានផ្តល់ទំនុកចិត្តឱ្យធ្វើជាប្រធាន រីឯលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ ជាអនុប្រធានអចិន្រៃ្ដយ៍។
ចំណែកលោកឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន លោកវិរសេនីយ៍ឯក ឈាង សុវណ្ណរតនា លោក នាក់ ថារ៉ែន លោក សេង ប៊ុនសុង និងលោក Andy Steven ត្រូវបានគាំទ្រឱ្យធ្វើជាអនុប្រធានសហព័ន្ធ រីឯលោកអ៊ួ តារា ជាអគ្គលេខាធិការ លោក វី តារ៉ា និងលោក អ៊ុង ដារិទ្ធ ជាអគ្គលេខាធិការរង និងលោកអឿន រស្មី ជាអគ្គហេរញ្ញិកព្រមទាំងសមាជិកសហព័ន្ធចំនួន ១៤ នាក់ទៀត។
ក្នុងនាមជាប្រធាន លោក សេង ធារិន បានថ្លែងថា៖ «ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីអង្គមហាសន្និបាតលើកទី១របស់សហព័ន្ធបញ្ចស៊ីឡាត់កម្ពុជាដែលមិនត្រឹមតែការបំពេញភាពស្របច្បាប់របស់ខ្លួន ក្នុងការដំណើរការជាផ្លូវការរបស់សហព័ន្ធកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាស សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធមន្ត្រីបច្ចេកទេសកីឡាករ កីឡាការិនី ដែលយើងទាំងអស់គ្នាមកពីទីមជ្ឈដ្ឋានផ្សេងៗគ្នាតែយើងមានស្មារតីរួមគ្នាក្នុងការរៀបចំឱ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះដោយឈរលើស្មារតីនៃមហាគ្រួសារកីឡា»។
ទន្ទឹមនឹងនេះដើម្បីជំរុញឱ្យកីឡាបញ្ចស៊ីឡាត់ ដំណើរការទៅមុខដោយរលូន លោក សេង ធារិន បានជំរុញឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មានការចូលរួមទាំងស្មារតី និងធនធានក្នុងការអភិវឌ្ឍធនធានមនុស្ស ទាំងមន្ត្រីបច្ចេកទេស គ្រូបង្វឹកដើម្បីធានាបានថា សហព័ន្ធបញ្ចស៊ីឡាត់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំការប្រកួតកម្រិតជាតិ និងអន្តរជាតិ ជាពិសេសត្រូវបណ្តុះធនធានកីឡាករ កីឡាការិនី ដែលមានឆន្ទៈ វិន័យ ក្រមសីលធម៌ល្អ និងមានគុណផលខ្ពស់ ដើម្បីប្រកួតដណ្តើមយកជ័យជម្នះជូនជាតិនៅលើឆាកអន្តរជាតិ។
លោក សេង ធារិន បានបញ្ជាក់ថា៖ «ខាងខ្ញុំមិនចេះលើបច្ចេកទេសកីឡានេះទេគឺមានតែកម្លាំងចូលរួម ជាពិសេសសង្ឃឹមខ្លាំងទៅលើការចូលរួមរបស់កីឡាករកីឡាការិនីរបស់យើងទាំងអស់គ្នាដើម្បីកីឡាយើងនិងជាតិរបស់យើង។ បើយើងសម្រេចធ្វើហើយគឺត្រូវធ្វើឱ្យទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់លើប្អូន អ៊ួ តារា ព្រោះយើងធ្លាប់បានបំពេញការងារល្អជាមួយគ្នាច្រើនឆ្នាំមកហើយ ហេតុនេះខ្ញុំសង្ឃឹមមុតមាំថា សហព័ន្ធនេះ នឹងដំណើរការទៅមុខយ៉ាងរលូន និងទទួលបានជោគជ័យ សម្រាប់អាណត្តិទី ១ របស់ខ្លួន»។
ចំណែក លោក អ៊ួ តារា ដែលមានចំណេះជំនាញជ្រៅជ្រះទាំងផ្នែកកីឡាសម្តែង និងប្រយុទ្ធ ហើយក៏ជាអគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោផងនោះ បានឱ្យដឹងថា ការជ្រើសរើសថ្នាក់ដឹកនាំដែលភាគច្រើនជាមេបញ្ជាការក្នុងកងកម្លាំងនេះ ដោយសារយើងធ្លាប់បានសហការធ្វើកិច្ចការងារជាច្រើនជាមួយគ្នានៅលើវិស័យក្បាច់គុននេះ ជាពិសេសក្បាច់គុនល្បុក្កតោនិងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការបំពេញការងារជាមួយគ្នាច្រើនឆ្នាំមកនេះយើងបានស្គាល់ចិត្ត ស្គាល់ថ្លើម និងបានដឹងពីទស្សនរបស់គ្នាទៅវិញទៅមករួចហើយ ទើបយើងរៀបចំសហព័ន្ធនេះឡើង ហើយក្នុងនាមខ្ញុំជាអគ្គលេខាធិការដែលមានតួនាទីគ្រប់គ្រងទាំងផ្នែករដ្ឋបាល និងបច្ចេកទេសនោះ គឺអាចនិយាយបានថា យើងមានសមាសភាពប្រតិបត្តិដ៏រឹងមាំមួយ និងមានថ្នាក់ដឹកនាំដ៏មានឆន្ទៈ ក្នុងការសម្រួចក្បាច់ហ្នឹងឱ្យផុសផុល និងមានលទ្ធភាពកាន់តែច្រើន ក្នុងការឈានទៅដណ្តើមមេដាយជូនជាតិនៅលើឆាកអន្តរជាតិ»។
ជាមួយគ្នានេះ លោក ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡាដែលបានចូលរួមជាសក្ខីភាពនៅក្នុងមហាសន្និបាត លើកទី១ របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានោះដែរ បានសម្តែងការគាំទ្រ ចំពោះគណៈកម្មាធិការប្រតិបត្តិទាំង ២៧ នាក់របស់សហព័ន្ធនេះ ហើយមន្ត្រីកីឡាទាំង ២ រូបនេះ បានអបអរសាទរខ្លាំង ដែលសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានជ្រើសរើសយកនាយទាហានធ្វើជាថ្នាក់ដឹកនាំ និងមានធនធានអត្តពលិកមួយចំនួនជាទាហានផងដែរ។
លោក ណយ ផាណា ដែលធ្លាប់ឆ្លងកាត់រសជាតិជាកីឡាករ មុនវិវឌ្ឍខ្លួនជាគ្រូបង្វឹក និងបានក្លាយជាថ្នាក់ដឹកនាំកីឡា ១ រូបនោះបានថ្លែងថា៖ «អ្វីដែលសំខាន់នៅពេលនេះ គឺអង្គមហាសន្និបាតបានជ្រើសរើសថ្នាក់ដឹកនាំ ដែលមានគុណសម្បត្តិដ៏ត្រឹមត្រូវ ព្រោះនៅក្នុងប្រទេសជាច្រើន កីឡាប្រយុទ្ធ គេជ្រើសរើសចេញពីកងទ័ព ចំណែកគណៈកម្មាធិការប្រតិបត្តិភាគច្រើន ជាពិសេសឯកឧត្តមប្រធានសហព័ន្ធ គឺសុទ្ធតែកើតចេញពីកងទ័ពទាំងអស់ អ៊ីចឹងខ្ញុំគិតថា ឯកឧត្តម នឹងមានកម្លាំងគ្រប់គ្រាន់ ១០០ ភាគរយ ក្នុងការធ្វើឱ្យសហព័ន្ធនេះមានការរីកចម្រើនទៅមុខ»។
ទន្ទឹមជាមួយគ្នានេះ កីឡាករជាទាហាន ស៊ឹម សុខដេវីត ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា Artictic Tunggal Single ផ្នែកកីឡាបញ្ចសិលា កាលប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯងជាលើកដំបូងនោះក៏បានបង្ហាញភាពរីករាយក្នុងការបង្កើតឱ្យមានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ជាផ្លូវការឡើងវិញ ដើម្បីឱ្យប្រភេទកីឡានេះកាន់តែមានមូលដ្ឋានរឹងមាំ ក្នុងការបណ្តុះបណ្តាលអត្តពលិកនៅក្នុងប្រទេសកម្ពុជានិងឈានទៅដណ្តើមបានជោគជ័យ នៅលើឆាកអន្តរជាតិជាបន្តទៀត។
លោក ស៊ឹម សុខដេវីត បន្តថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ដែលយើងបានបង្កើតឱ្យមានជាសហព័ន្ធ ព្រោះក្រោយការបង្កើតជាសហព័ន្ធនេះហើយ ខ្ញុំជឿជាក់ថា យើងនឹងមានទីតាំងហ្វឹកហាត់ច្បាស់លាស់ និងគ្រូជំនាញល្អៗ ក្នុងការបង្វឹកដល់ក្រុមបញ្ចស៊ីឡាត់របស់យើង អ៊ីចឹងយើងនឹងរីកចម្រើនខ្លាំងទៅមុខ ហើយខ្លួនខ្ញុំផ្ទាល់ ក៏នឹងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងដូចគ្នា ដើម្បីបន្តដណ្តើមបានមេដាយជូនជាតិ មិនឱ្យពុកម៉ែបងប្អូនខកបំណងនោះឡើយ»។
បន្ថែមលើនេះ សុខ ដេវីត ក៏មានការជឿជាក់ខ្លាំងលើថ្នាក់ដឹកនាំសហព័ន្ធដែលសុទ្ធតែជានាយទាហាន។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បញ្ជាក់ថា៖«ខ្ញុំមានការជឿជាក់ ១០០ ភាគរយ ចំពោះថ្នាក់ដឹកនាំសហព័ន្ធយើង ព្រោះពួកខ្ញុំស្គាល់គាត់ច្បាស់ គឺការងារគាត់ហ្មត់ចត់និងច្បាស់លាស់ ទាំងការគ្រប់គ្រងផ្នែកទាហាន និងកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទដោយគាត់បានរៀបចំឱ្យមានជាបណ្តាញគ្រូបង្វឹកធ្វើឱ្យកងកម្លាំងរបស់យើង បានហ្វឹកហាត់ក្បាច់គុនគ្រប់គ្នា អ៊ីចឹងពួកខ្ញុំមានការជឿជាក់ថាគាត់នឹងដឹកនាំសហព័ន្ធនេះឱ្យរីកចម្រើនទៅមុខជាក់ជាមិនខាន»៕