​ភ្នំពេញៈ កម្ពុជា​រំពឹង​ទទួលបាន​កំណើន​នៃ​ការបណ្តាក់ទុន​ផ្ទាល់​ពី​វិនិយោគិន​ជប៉ុន​កាន់តែច្រើន ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កំពុង​ខិតខំ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ដែល​ខ្លួន​មាន​ទាំង​កត្តា​ភូមិសាស្ត្រ ច្បាប់​វិនិយោគ កម្លាំង​ពលកម្ម និង​ទីផ្សារ​នាំ​ចេញ​ទំនិញ ជាដើម​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ដំណើរ​ទស្សន​​កិច្ច​ទៅ​ប្រទេស​ជប៉ុន កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុ​ស្សាវ​រី​យ៍​អាស៊ាន​-​ជប៉ុន ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន​-​ជប៉ុន ក៏បាន​ចូល​រួម​នៅក្នុង​សិក្ខាសាលា​វិនិយោគ​កម្ពុជា​ឆ្នាំ​ ២០២៣ ដោយបាន​ជួប​ផ្ទាល់​ជាមួយនឹង​វិនិយោគិន​ជប៉ុន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ពួកគេ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន រួមទាំង​ផែនការ​ក្នុងការ​បង្កើត​តំបន់​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ផងដែរ​។​

​ជាការ​ឆ្លើយ​ទៅនឹង​សំណើ​របស់​រដ្ឋា​ភិ​បាល និង​ផ្នែក​ឯកជន​កម្ពុជា លោក Yoshihisa Suzuki ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​មេគង្គ​-ជប៉ុន នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន កាលពី​ចុង​សប្តាហ៍​កន្លងមក​បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត មុន​បន្ត​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC)​ ដែល​ដឹកនាំ​ដោយ លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​កម្ពុជា​សង្ឃឹមថា ទទួលបាន​កា​រវិ​និ​​យោគ​ពី​ក្រុមហ៊ុន​ជប៉ុន​កាន់តែច្រើន​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ដែល​ចូលរួម​ក្នុងជំនួប​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា ជាមួយ​គណៈប្រតិភូ​​ជប៉ុន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់ គ្រុប កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែ​កុម្ភៈ ថា ជំនួប​រវាង​ផ្នែក​ឯកជន​កម្ពុជា​-​ជប៉ុន គឺជា​ការឆ្លើយតប​ជា​វិជ្ជមាន​នឹង​ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា នា​ជំនួប​ជាមួយ​វិនិយោគិន​ជប៉ុន​កាល​ពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២៣​។ លោក​បន្តថា ជំនួប​នេះ​គឺមាន​សារៈសំខាន់ និង​អត្ថន័យ​ធំធេង​សម្រាប់​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន និង​បង្កើន​ចំណងទាក់ទង​ផ្នែក​ទីផ្សារ​ឱ្យ​កាន់តែ​ធំ​។​

​លោក​និយាយថា​៖ «​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​សភា​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម​ជប៉ុន​នេះ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​ទទួល​​បាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​ថ្មីៗ​បន្ថែម​កាន់តែច្រើន​ពី​វិនិយោគិន​ជប៉ុន​»​។​

​បើតាម​លោក លឹម ហេង អ្វីដែល​គួរ​ចាប់អារម្មណ៍​ខ្លាំង​ក្នុងជំនួប​រវាង CCC ជាមួយ​ភាគី​ជប៉ុន គឺ​វត្តមាន​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន Japan Airlines ខណៈ​កន្លងមក​ការហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ជប៉ុន គឺ​មានតែ​ក្រុមហ៊ុន​​អាកាសចរណ៍​ជប៉ុន ANA ប៉ុណ្ណោះ​។​

​ការវិនិយោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា​ពេលនេះ គឺមាន​គម្រោង​ធំៗ​ច្រើន ដូច​​ជា ក្រុមហ៊ុន Minebea (Cambodia), រោងចក្រ​ផលិត​គ្រឿង​ម៉ាស៊ីន និង​ម៉ូ​ទ័​រ​, រោងចក្រ​ដំឡើងរថយន្ត​,​ផ្សារ Aeon Mall, វិស័យ​កសិកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។​

​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី ​១ ខែ​កម្ភៈ លោក Yoshihisa Suzuki បានឱ្យដឹងថា បច្ចុប្បន្ន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន គឺជា​ស្ថាប័ន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន ដោយមាន​ការិយាល័យ​ចំនួន ៥១៥ ​ទីតាំង និង​មាន​សមាជិក​ជាង ១,២៥​ លាន​នាក់ ដែល​ផ្តោត​ភាគច្រើន​លើ​វិស័យ​វាយ​ន​ភណ្ឌ គ្រឿង​ម៉ាស៊ីន លោហធាតុ ថាមពល សារធាតុ​គីមី អាហារ លំនៅ​​ឋាន បច្ចេកវិទ្យា និង​ហិរញ្ញវត្ថុ​។​

​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច គឺ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​

​ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក សំ សុខ​នឿន ដែល​កំពុង​សិក្សា​លទ្ធភាព​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ជប៉ុន លើ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន បាន​និយាយថា នៅពេល​មានការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពី​សំណាក់​វិ​និ​យោ​​គិ​ន​ជប៉ុន គឺ​ពិតណាស់​វា​នឹង​ជួយ​ទាក់​​ទាញ​វិនិយោគិន​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ ជាក់ស្តែង​ដោយសារ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិ​សេស​នៅ​កម្ពុ​ជាមាន​ម្ចាស់​ភាគច្រើន​ជា​ជន​ជាតិចិន ដូច្នេះ​វិនិយោគិន​ចិន​នៅ​កម្ពុជា​ក៏មាន​ជាងគេ​ច្រើន​ដែរ​។​

​លោក​បាន​និយាយថា​៖ «​វិនិយោគិន​ជប៉ុន​ភាគច្រើន​ត្រូវបានគេទទួលស្គាល់​ថា ជា​វិនិយោគិន​មាន​សក្តានុពល និង​មាន​ភាពច្បាស់លាស់ ដូច្នេះ​បើ​កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​ជប៉ុន គឺ​ប្រាកដជា​មានឱកាស​ច្រើន​ក្នុងការ​ទាក់ទាញ​ក្រុម​ហ៊ុន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​»​។​

​លោក​បាន​បន្ថែមថា​៖ «​ទន្ទឹមនឹង​ការ​សិក្សា​ទីតាំង​បង្កើត​តំបន់​សេដ្ឋកិច្ច​នេះ ខ្ញុំ​ក៏​កំពុង​សិក្សា​ស៊ីជម្រៅ​ជាមួយ​អ្នក​វិនិយោគ​ជប៉ុន​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ដែលមាន​លទ្ធភាព​កៀរគរ​ក្រុមហ៊ុន​ជប៉ុន​ដទៃទៀត​ឱ្យមក​បើក​រោងចក្រ​/​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ដែល​អាច​លេច​វត្តមាន​នាពេលខាងមុខ​»​។​

​លោក​បន្ថែមថា​៖ «​បើសិន​ក្រុមហ៊ុន​ជប៉ុន​ល្បីៗ​មក​បើក​រោងចក្រ​ផ្ទាល់​នៅ​កម្ពុជា គឺ​វា​នឹង​ជួយ​ឱ្យ​គុណភាព​ផលិតផល​ប្រើប្រាស់​នៅ​កម្ពុជា​កាន់តែ​ល្អ ហើយក៏​ជួយ​លើក​​កម្ពស់​សមត្ថភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»​។​

​នៅក្នុង​បំណង​ទាក់ទាញ​វិនិយោគិន​​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ២៥ ធ្នូ ឆ្នាំ​ ២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ជាមួយនឹង​គណៈប្រតិភូ​នៃ​ប្រទេស​ជប៉ុន​ ដែល​ដឹកនាំ​ដោយ លោក UENO Atsushi ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​នោះបាន​ពិភាក្សា​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​ធំៗ​ចំនួន​ ២ ទី​១ ការពង្រីក​វិសាលភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ជា​កំពង់ផែ​ប្រចាំ​តំបន់ និង​ទី​២ គម្រោង​សិក្សា និង​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​បង្កើតឡើង​ដើម្បី​ជំរុញ​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។​

​ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​សំខាន់​របស់​កម្ពុជា​

​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា បើ​គិត​ត្រឹម​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ ២០២៣ ជប៉ុន ជា​ប្រទេស​ដែល​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី​៤ ដោយមាន​ទឹកប្រាក់​សរុប ១១,៣​ ទ្រី​លាន​រៀល​ (​កើន ១១,៦​ ភាគរយ​ ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ និង​សិង្ហ​បុរី​។ វិ​និ​យោ​គិ​ន​ជប៉ុន​ភាគច្រើន​វិនិយោគ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​អចលនទ្រព្យ ជាដើម​។​

​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជ​​កម្ម​រវាង​កម្ពុជា​-​ជប៉ុន មាន​ទឹកប្រាក់​សរុប ១,៨​ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៧,២ ​ភាគរយ ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន ១,៩៤​ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​ប្រទេស​ជប៉ុន មាន​ចំនួន ១,១៧​ ពាន់​លាន​ដុល្លារ កើន ០, ២​ភាគរយ និង​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា មាន​ចំនួន ៦២៣,៦​ លាន​ដុល្លារ ធ្លាក់ចុះ ១៨,៥​ ភាគរយ​៕