​ភ្នំពេញៈ ទោះ​បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​អ្នកជំនួញ​ដ៏​មានមុខមាត់​ម្នាក់​ដោយមាន​ក្រុមហ៊ុន​វិនិយោគ​នៅក្នុង​ដៃ​ចំនួន ​៦ ប៉ុន្តែ​កូនប្រុស​ច្បង​ក្នុង​ត្រកូល​អ្នក​លេង​វាយ​កូន​បាល់ ​(​តេ​ន្នី​ស​)​ ដ៏​ល្បី​ល្បាញ​ប្រចាំ​នៅ​កម្ពុ​ជានា​សម័យ​សង្គម​​រាស្ត្រនិយម លោក ​ទេព រិទ្ធី​វិ​ទ្ធ នៅតែ​ចងចាំ​ពី​បណ្តាំ​ចុងក្រោយ​របស់​ឪពុក​ដែល​ចង់ឃើញ​លោក​ក្លាយជា​អ្នក​បន្ត​វេន​ និង​ធ្វើឱ្យ​តេ​ន្នី​ស​ក្លាយជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល​មួយ​ក្នុងការ​រួមចំណែក​លើក​មុខមាត់​ដល់​ប្រទេសជាតិ​។​

​ជាមួយ​ពាក្យ​បណ្តាំ​នេះ លោក ទេព​ រិទ្ធី​វិ​ទ្ធ បាន​ចំណាយពេល​ជាង​ពាក់​​កណ្តាល​ជីវិត​ទៅហើយ​ដើម្បី​អភិវឌ្ឍ​កីឡា​តេ​ន្នី​ស​ឱ្យមាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ឡើងវិញ ហើយ​បច្ចុប្បន្ន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​រូបនេះ ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ន្នី​ស​អាស៊ី ​(ATF)​ ដោយ​ទទួលបាន​តួនាទី​សំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​ថ្នាល និង​គ្រូ​​បង្វឹក​លើ​ប្រភេទ​កីឡា​នេះ មិនមែន​ត្រឹម​តែ​នៅក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទូទាំង​ទ្វីបអាស៊ី​តែម្តង​។​

​ជា​កូនប្រុស​ច្បង​នៅក្នុង​គ្រួសារ​ជា​មន្ត្រីរាជការ​ដែលមាន​ម្តាយ​ឈ្មោះ កែវ សញ្ញា​ម័​រ និង​ឪពុក​ឈ្មោះ ទេព​ ឃុន​ណា ជា​ទាហាន​ថ្នាក់​វរសេនីយ៍​​ឯក (​ស័ក្តិ​៥) និង​ជា​កីឡាករ​ជម្រើស​ជាតិ​វាយ​កូន​បាល់​ដ៏​ល្បីឈ្មោះ នា​អំឡុង​ឆ្នាំ ​១៩៥០-១៩៦០ ​នោះ កុមារា ទេព​ រិទ្ធី​វិ​ទ្ធ បាន​ចូល​ហាត់​តេ​ន្នី​ស​តាំងពី​អាយុ​ ៨ ​ឆ្នាំ​។ ចំណែក​ប្អូនប្រុស​ស្រី​របស់លោក​ ៣ ​នាក់​ទៀត ​(​ស្រី ​២ ​នាក់​)​ ក៏ត្រូវ​បាន​លោក ឃុន​ណា ជំរុញ​ឱ្យចូល​លេង​កីឡា​តេ​ន្នី​ស​ដូចគ្នា​ដែរ​។​

​យ៉ាងណាក៏ដោយ នៅក្នុង​ចំណោម​កូន​ទាំង​ ៤ ​នាក់​នេះ អតីត​កីឡាករ​វាយ​តេ​ន្នី​ស​ជម្រើសជាតិ​លេខ ​១​ ប្រចាំ​នៅ​កម្ពុជា ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅក្នុង​តំបន់​អាស៊ាន លោក ឃុន​ណា បានដាក់​ក្តីសង្ឃឹម​ខ្លាំង​ទៅលើ​លោក រិទ្ធី​វិ​ទ្ធ ដោយសារតែ​លោក​មាន​ទេព​កោសល្យ និង​កាយសម្បទា​អំណោយ​ផល​ល្អ​។ ហេតុនេះ​បើទោះបីជា​គ្រួសារ​របស់លោក បាន​ភៀសខ្លួន​គេច​ពី​សង្គ្រាម​ក្នុងស្រុក​ទៅ​រស់នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​ ១៩៧៣ ក៏​លោក ឃុន​ ណា នៅតែ​ព្យាយាម​បង្វឹក​ដល់ ទេព​ រិទ្ធី​វិ​ទ្ធ ជាប់​ជានិច្ច​។​

​បន្ទាប់មក​នៅ​ឆ្នាំ ​១៩៧៧ គ្រួសារ​អ្នកលេង​កីឡា​តេ​ន្នី​ស​មួយ​នេះ បាន​ចាក​ចេញពី​បារាំង​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​កាណាដា​វិញ ហើយ​នៅ​ទីនោះ​ហើយ​ដែល​លោក ទេព រិទ្ធី​វិ​ទ្ធ បាន​ជាប់​ជា​កីឡាករ​លេង​បានល្អ​ទាំង​ ២០​ នាក់ ​(Top20) ​ប្រចាំ​តំបន់​តាំងពី​អាយុ​ ១៦ ​ឆ្នាំ​ដល់​អាយុ​ ១៨ ​ឆ្នាំ ប៉ុន្តែ​សម្រាប់​លទ្ធផល​ប្រកួត​វិញ លោក វិ​ទ្ធី​វិ​ទ្ធ បង្ហើប​ថា លោក​ធ្វើ​មិនសូវ​បានល្អ​ទេ ព្រោះ​ពេលខ្លះ លោក​មិនបាន​ធ្វើតាម​ការណែនាំរ​បស់​លោកឪពុក ដែលមាន​ភាពម៉ឺងម៉ាត់​ខ្លាំងពេក​។​

​លោក ទេព រិទ្ធី​វិ​ទ្ធ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​គ្រួសារ​របស់ខ្ញុំ​លេង​កីឡាតេ​ន្នី​ស​ទាំងអស់ តែដោយសារ​ខ្ញុំ​ជា​កូនប្រុស​ច្បង អ៊ីចឹង​គ្រប់គ្នា​បាន​មើល​មក​ថា ខ្ញុំ​ត្រូវតែ​ជា​អ្នក​ស្នង​ពី​ឪពុក​ខ្ញុំ​ហើយ ព្រោះ​ខ្ញុំ​មាន​កាយសម្បទា​អំណោយផល​ល្អ ចំណែក​ឱកាស​ក៏មាន​ច្រើន ប៉ុន្តែ​ខ្ញុំ​មិនបាន​យក​ឱកាស​នេះ ដើម្បី​បំពេញ​ឱ្យ​ដូច​ទឹកចិត្ត​ឪពុក​របស់ខ្ញុំ ដែល​ចង់បាន​នោះទេ​។ ឪពុក​របស់ខ្ញុំ មានការ​សោកស្តាយ ព្រោះ​កូនច្បង​ទី​ ១ មិនអាច​មានលទ្ធភាព​ដ៏​ល្អ​មួយ ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​»​។​

​បន្ថែម​លើ​សម្ពាធ​មួយ​នេះ ទេព រិទ្ធី​​វិ​ទ្ធ ត្រូវ​សម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ នៅត្រឹម​អាយុ​ ១៩​ ឆ្នាំ គឺ​ក្នុងពេល​ឪពុក​​ម្តាយ​របស់លោក​បាន​លែងលះគ្នា ដែល​តម្រូវឱ្យ រិទ្ធី​វិ​ទ្ធ ត្រូវ​ចេញទៅ​រក​ការងារ​ធ្វើ​ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​ម្តាយ និង​ប្អូនប្រុស​ប្អូនស្រី ហើយ​នេះ​ជា​ពេលវេលា ដែល​កំលោះ ធ្លាប់​រស់នៅ​សុខ​ស្រួល​រូបនេះ ត្រូវ​ហែល​ឆ្លង​នូវ​ឧបសគ្គ និង​ការលំបាក នៅលើ​ទឹកដី​ប្រទេស​កាណាដា ជាទី​កន្លែង​ដែល​រូបគាត់​ទទួលបាន​សញ្ជាតិ​។​

​លោក​ ទេព រិទ្ធី​វិ​ទ្ធ បាន​ទម្លាយ​ដោយ​មិន​លាក់បាំង​ថា​៖ «​ក្រោយ​ឪពុកម្តាយ​ខ្ញុំ​បាន​លែងលះគ្នា ខ្ញុំ​ត្រូវ​ខំ​វាយ​តេ​ន្នី​ស​ផង បង្រៀន​គេ​ផង និង​ធ្វើការ​ផង ព្រោះ​ខ្ញុំ​នៅ​ជាមួយ​ម្តាយ ដែល​ត្រូវ​រ៉ាប់​រង​លើ​ប្អូនៗ ហើយ​កាលនោះ ខ្ញុំ​មាន​ចេះ​អី ព្រោះ​យើង​ជា​កូន​មន្ត្រីរាជការ​ម្នាក់​ដែរ ដល់​ឪពុកម្តាយ​លែងលះគ្នា មានតែ​ខំធ្វើការ​»​។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​បាន​ទៅ​បង្ហាត់​គេ​ដោយ​មិន​យកលុយ ជា​ពិសេស​ចាស់ៗ ព្រោះ​ពួកគាត់​ស្រឡាញ់ និង​ស្គាល់​យើង​កាល​នៅ​ជា​កីឡាករ​យុវជន អ៊ីចឹង​នៅពេល​យើង​ប្រាប់ថា យើង​អត់​ទាន់​មាន​ការងារ​ធ្វើ គឺ​ពួក​គាត់​បាន​ជួយ​រក​ការងារ​ឱ្យ​ខ្ញុំ​ធ្វើ​។ ហេតុនេះ​ខ្ញុំ​មានតម្រិះ និង​ការងារ​ល្អៗ​រហូតមកដល់​ពេលនេះ ដោយសារ​តេ​ន្នី​ស អ៊ីចឹង​ខ្ញុំ​មិនមែន​ជំពាក់​គុណ​ត្រឹម​ឪពុកម្តាយ​ខ្ញុំ និង​ប្រទេសជាតិ​របស់ខ្ញុំ​នោះទេ ប៉ុន្តែ​ខ្ញុំ​ជំពាក់​គុណ​ព្រះ​តេ​ន្នី​ស ហើយ​ខ្ញុំ​មិនដែល​បំភ្លេច​នោះទេ​!»​។​

​ជាមួយ​ការចងចាំ​នេះ លោក រិទ្ធី​វិ​ទ្ធ បានសម្រេច​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​ ១៩៩២ ដើម្បី​ប្រមែ​​ប្រមូល​គ្រូ​ចាស់ៗ និង​អ្នក​និយម​លេង​កីឡា​តេ​ន្នី​ស ដែល​សេសសល់ នាំគ្នា​បង្កើតឱ្យមាន​ប្រភេទ​កីឡា​នេះ​វិញ​។ លោក​បាន​ចំណាយពេល​ជាង​ ២ ​ឆ្នាំ ដើម្បី​បណ្តុះ​ជំនាញ​វាយ​កូន​បាល់​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​នៅក្នុង​ឆ្នាំ​ ១៩៩៤ សហព័ន្ធ​កីឡា​វាយ​កូន​​បាល់​កម្ពុជា ត្រូវបាន​បង្កើតឡើង និង​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​ ១៩៩៧ ដោយមាន​លោក ចម ប្រសិទ្ធ ជា​ប្រធាន និង​លោក រិទ្ធី​វិ​ទ្ធ ជា​អគ្គ​លេខាធិការ​។​

​លោក រិទ្ធី​វិ​ទ្ធ បាន​បញ្ជាក់ថា​៖ «​ការ​​វិល​មក​កម្ពុជា​វិញ​នេះ ខ្ញុំ​បានដាក់​ចិត្ត​ថា ត្រូវ​រក​ន័យ​ដ៏​សំខាន់​មួយ​សម្រាប់​ខ្លួនឯង និង​សម្រាប់​ឪពុក​របស់ខ្ញុំ​។ ខ្ញុំ​ដឹងថា គាត់​មិនអាច​រស់​បានយូរ​ទៀត​ទេ ព្រោះ​គាត់​មាន​ជំងឺមហារីក​កម្រិតធ្ងន់​ទៅហើយ អ៊ីចឹង​ខ្ញុំ​បានចាប់ផ្តើម​រៀបចំ​បង្កើត​សហព័ន្ធ​ឱ្យបាន​ឆាប់​នៅ​ឆ្នាំ​ ១៩៩៤ ដោយមាន​ឯកឧត្តម ចម​ ប្រសិទ្ធ ជា​អ្នកគាំទ្រ និង​ជួយឧបត្ថម្ភ​ដល់​ខ្ញុំ ប៉ុន្តែ​ការងារ​នេះ មិនបាន​ធ្វើឱ្យ​ឪពុក​ខ្ញុំ សប្បាយរីករាយ​បាន​រយៈពេល​វែង​នោះទេ ព្រោះ​គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​ ១៩៩៥»​។​

 «​មរណភាព​របស់គាត់​បានធ្វើឱ្យ​ខ្ញុំ​ដាក់ចិត្ត​កាន់តែខ្លាំង ព្រោះ​ទិសដៅ​របស់ខ្ញុំ​មិនមែន​ត្រឹម​ការដណ្តើមយក​មេដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់ឱ្យ​កម្ពុ​ជាមាន​ពន្លឺ​តាមរយៈ​ប្រភេទ​កីឡា​មួយ​នេះ ព្រោះ​កាលនោះ​ប្រទេស​យើង ទើប​ងើប​ផុតពី​សង្គ្រាម ហេតុនេះ​អ្នកកីឡា​ជំនាន់​នោះ សូម្បី​ស្បែកជើង​ក៏​មិនមាន​ពាក់​ផង អ៊ីចឹង​ខ្ញុំ​បានដាក់​ចិត្ត​អស់ពី​កាយ អស់ពី​ពោះ ខំប្រឹង​អភិ​វឌ្ឍកី​ឡា​នេះ​ដើម្បី​ឱ្យគេ​មើលឃើញ គឺ​ទោះបីជា​ខ្ញុំ មិនបាន​ធ្វើជា​កីឡាករ​ល្អ ក៏​ខ្ញុំ​ធ្វើ​ខាង​ផ្នែក​រដ្ឋបាល​ឱ្យបាន​ខ្លាំង​»​។ លោក រិទ្ធី​វិ​ទ្ធ បាន​បន្ថែម​។​

​ក្នុងតួនាទី​ជា​អគ្គលេខាធិការ​អស់​រយៈពេល​ចូល​ ៣០ ​ឆ្នាំ​មកនេះ លោក ទេព រិទ្ធី​វិ​ទ្ធ បាន​ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​រាប់មិនអស់ ដោយ​ចាប់​ផ្តើម​ពី​គ្មានអ្វី​សោះ រហូត​ធ្វើឱ្យ​កីឡា​តេ​ន្នី​ស មានឈ្មោះ​បោះ​សំឡេង​វិញ បន្ទាប់ពី​សហព័ន្ធ​បានរៀបចំ​ផែនការមេ​ក្នុងការ​បណ្តុះបណ្តាល​ថ្នាល​យ៉ាង​ប្រាកដប្រជា​រហូត​ជ្រើសរើស​បាន​អត្ត​ព​លិ​កមាន​សមត្ថភាព អាច​ប្រកួត​ដណ្តើមបាន​មេដាយ​ជូន​ជាតិ​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​សរុប​ចំនួន ​៨ ពី​ស៊ី​​ហ្គេម តាំងពី​ឆ្នាំ​ ២០០៧ ដល់​ឆ្នាំ​ ២០២៣ ព្រមទាំង​ការ​ឈ្នះ​ពាន និង​មេដាយ​ពី​ការប្រកួត​នៅលើ​ឆាក​អន្តរ​ជាតិ​ជាច្រើន​ទៀត​។​

​ដោយឡែក សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី (AFT) ដែល​ទើបបាន​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី ឆ្នាំ​ ២០២៤-២០២៧ កាលពីពេល​ថ្មីៗ​នេះ បាន​បោះឆ្នោត​ជ្រើសតាំង​បុរស​ជនជាតិ​កា​ហ្សា​ក់​ស្ថាន លោក Yuriy Polskiy ឱ្យធ្វើជា​ប្រធាន ចំណែក​លោក ទេព រិទ្ធី​វិ​ទ្ធ ត្រូវបាន​ជាប់ឆ្នោត​ធ្វើជា​អនុប្រធាន ជា​លើកដំបូង បន្ទាប់ពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ ATF ចំនួន ​២ ​អាណត្តិ កន្លងមក​។​

​ជាមួយគ្នានេះ លោក Yuriy Polskiy កាលពី​ថ្ងៃទី​ ២៩ ខែមករា បាន​ចាត់តាំង​លោក ទេព រិទ្ធី​វិ​ទ្ធ ឱ្យ​គ្រប់​គ្រង និង​មើល​ការខុសត្រូវ​អភិវឌ្ឍ​កីឡាករ​តេ​ន្នី​ស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ចំណែក​អនុប្រធាន ATF ចំនួន ​៥​ នាក់​ទៀត​ក៏​ត្រូវបាន​បែងចែក និង​ចាត់តាំង​ឱ្យទទួល​បន្ទុក​មើល​ការខុសត្រូវ នៅតាម​តំបន់​អាស៊ី​ខាងត្បូង ខាងកើត ខាងលិច និង​អាស៊ី​កណ្តាល​ផងដែរ​។​

​លោក​ ទេព រិទ្ធី​វិ​ទ្ធ បាន​និយាយថា​៖ «​ឆ្នាំនេះ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​គេ​សុំ​ខ្ញុំ​ឱ្យធ្វើជា​អនុប្រធាន ATF ដែល​កាន់​ផ្នែក​អាស៊ាន​ទាំង​ ១១​ ប្រទេស ហើយ​បន្ថែម​លើ​នេះ ATF ក៏បាន​ចាត់​តាំង​ខ្ញុំ​ឱ្យធ្វើជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍ​យុវជន និង​គ្រូបង្វឹក (Juniors & Coaches Development Committee) ដោយ​ខ្ញុំ​ត្រូវ​កាន់ការប្រកួត​កម្រិត​ថ្នាល​ទាំងអស់​ចំពោះ​
​ទ្វីបអាស៊ី​»​។​

​លោក​បាន​បន្ថែមថា​៖ «​សម្រាប់​ការ​​រៀបចំ​ការប្រកួត​អាយុ​ក្រោម​ ១៤ ​ឆ្នាំ​ទូទាំង​ទ្វីបអាស៊ី​នេះ ពិតជា​ល្អ​មែនទែន ព្រោះ​នៅក្នុង​ជីវិត​របស់​អត្ត​ព​លិ​ក​ម្នាក់ៗ គឺ​កម្រិត U14 នេះ វា​សំខាន់​ណាស់​។ មានន័យថា ហ្គេម​របស់​យើង បាន​វិ​វ​ឌ្ឍ​ពី​ការរៀបចំ​ថ្នាក់​ថ្នាល​ពី ​U16 កាលពី​ ២០ ទៅ ​៣០ ​ឆ្នាំមុន​មក​ធ្វើ​ U14 វិញ អ៊ីចឹង​ជាមួយ​ភារកិច្ច​នេះ យើង​ជា​អ្នករៀបចំ​អនាគត​កីឡាករ កីឡាការិនី នៅ​ទូទាំង​ទ្វីបអាស៊ី​»​។​

​ជាមួយ​ការទទួលបាន​តួនាទី​សំខាន់ៗ​ទាំង​ ២ ​នេះ លោក រិទ្ធី​វិ​ទ្ធ បាន​បង្ហើប​ថា អាចមកពី​សហព័ន្ធ​កីឡា​តេ​ន្នី​ស​កម្ពុជា បានផ្តល់​ស្នាដៃ​សម្រាប់​ផែន​ការ​មេ​រៀបចំ​ព្រឹត្តិការណ៍ ITF Asian 14 and Under Junior Championships 2023 កាលពី​ខែកញ្ញា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្លាំង ហើយ​ខាង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) បាន​សុំឱ្យ​កម្ពុជា​ធ្វើ​ម្តងទៀត ចំណែក​ខាង ATF ក៏បាន​ឯកភាព​លើ​ការងារ​នេះដែរ នៅក្នុង​ទ្វីបអាស៊ី​។​

​នៅក្នុង​ការងារ​នេះ លោក រិទ្ធី​វិ​ទ្ធ មាន​ទិសដៅ​យក​៣០​ប្រទេស​នៅក្នុង​ចំណោម​ប្រទេស​ទាំង​ ៤៥​ ក្នុង​ទ្វីបអាស៊ី ដើម្បី​ចូលរួម​កម្មវិធី​ថ្នាល​នេះ ហើយ​បន្ថែម​លើ​នេះ​លោក Yuriy Polshiy ក៏បាន​សម្រេច​បង្កើត​គ​ណៈ​ក​ម្មា​ធិ​ការ ATF Regional Stakeholders Engagement Committee-South-east Asia មួយទៀត ដោយបាន​ចាត់តាំង​លោក រិទ្ធី​វិ​ទ្ធ ឱ្យធ្វើជា​ប្រធាន​រួម​ជាមួយនឹង​អនុប្រធាន​និង​សមាជិក​ចំនួន​ ៦ ​នាក់​មកពី​ប្រទេស​ផ្សេងៗ​គ្នា​។​

 ​លោក រិទ្ធី​វិ​ទ្ធ បានបញ្ជាក់​ទៀតថា​៖ «​តួនាទី​មួយទៀត​នេះ ខ្ញុំ​ត្រូវ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​តេ​ន្នី​សទាំង​ ១១ ​ប្រទេស​ឱ្យបាន​ស្អិតល្មួត​ដើម្បី​ធ្វើឱ្យ​ប្រភេទ​កីឡា​នេះ​នៅ​អាស៊ាន​បោះ​​ជំហាន​ទៅមុខ​ឱ្យបាន​ខ្លាំង​ដោយ​ប្រទេស​នីមួយៗ​ត្រូវធ្វើ​របាយការណ៍​ពី​គម្រោង​អភិវឌ្ឍ​ U14 ​មកឱ្យ​យើង​ឱ្យបាន ​២ ​ដង​ក្នុង ​១ ​ឆ្នាំ​ដើម្បីឱ្យ​បានដឹង​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​ងាយស្រួល​ឱ្យ ATF ជួយឧបត្ថម្ភ​ដល់​គាត់ អ៊ីចឹង​នេះ​ជា​លើក​ទី១ ដែល​យើង​មាន​សមត្ថ​ភាព​ច្រើន បាន​ឈានទៅ​បំពេញការងារ​នៅក្នុង​តំបន់​»​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព ជាពិសេស​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​របស់​យើង​ដោយ​ខ្ញុំ​បាន​សុំ​ទៅ ATF បញ្ចូល​ឈ្មោះ​អ្នកជំនាញ​របស់​យើង​ ៣ ​នា​ក់ទៀតចូល​ជាស​មា​ជិ​ក ដើម្បី​ជួយ​ដល់​ការងារ​របស់ខ្ញុំ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងអស់នេះ ព្រោះ​អាស៊ាន ក៏បាន​មើលឃើញ រីឯ​អាស៊ី ក៏​មើល​មក​យើង អ៊ីចឹង​នេះ​ជា​ឱកាស​ដ៏​សំខាន់​ដែល​យើង​ត្រូវ​បង្ហាញ​ពី​កាតព្វកិច្ច ដ្បិតអី​ខាង ATF បានចាត់ទុក​កម្ពុជា​យើង ចូលទៅ​ដំណាក់កាល​ពិភពលោក​ហើយ ដូច្នេះ​យើង​ត្រូវ​បង្ហាញ​ពី​ពន្លឺ​របស់​យើង ហើយ​ខ្ញុំ​មាន​ភាពជឿជាក់​ខ្លាំង ក្នុងការ​​បំពេញ​កាតព្វកិច្ច​នេះ​»​។​

​ចំពោះ​ការរៀបចំ​ការប្រកួត​ក​ម្រិ​ត​ថ្នាល ឬ​កម្មវិធី​ផ្សេងៗ​ទៀត​ក្នុង​គោ​បំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​តេ​ន្នី​ស នៅក្នុង Zone ទាំង ​៥ ក្នុង​ទ្វីបអាស៊ី​នេះ លោក រិទ្ធី​វិ​ទ្ធ បាន​អះអាងថា លោក​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​ភិ​បាល ATF ឱ្យ​ផ្តោត​សំខាន់​ទៅលើ​ការ​ជួយ​រៀបចំ​ការប្រកួត​ដល់​ប្រទេស ដែល​មិនទាន់​មានលទ្ធភាព ព្រោះ​ប្រទេស​ធំៗ ដែលមាន​លទ្ធភាព ទោះ​មិន​ជួយ ក៏​គេ​អាច​រៀបចំ​ការប្រកួត​ខ្លួនឯង​បានដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ទៅ​គេ​ថា យើង​ត្រូវដាក់​ទិសដៅ​ជួយ​ទៅដល់​ប្រទេស ដែល​មិនទាន់មាន​លទ្ធ​ភាព ដោយ​យើង​ត្រូវយក​ការប្រកួត​ទៅ​រៀបចំ​នៅតាម​បណ្តា​ប្រទេស​ទាំងនោះ​ឱ្យបាន​ច្រើន ដើម្បីឱ្យ​បណ្តា​ប្រទេស​នៅមានកម្រិត​ទាប មានការ​រីកចម្រើន​ឡើង​ដែរ ហើយ​ប្រធាន ATF គាត់​គាំទ្រ​គំនិត​នេះ​។ ហេតុអ្វី ខ្ញុំ​ចង់​ធ្វើ​អាហ្នឹង​?​ព្រោះ​ប្រទេស​យើង​ធ្លាប់​ក្រ អ៊ីចឹង​ដែរ ហេតុនេះ​ខ្ញុំ​ដឹង​ច្បា​ស់គឺ​យើង​មិន​ភ្លេច​ពី​កំណើត​ថា យើង​ចេញ​មកពីណា​នោះទេ​!»​។​

​និយាយ​ដល់​អតីតកាល​ដ៏​កម្សត់​នេះ លោក រិទ្ធី​វិ​ទ្ធ បាន​រំឭកថា កាលពី​ ១៥ ​ឆ្នាំមុន គេ​មើល​មក​យើង​ជា​ប្រទេសមួយ​ស្ថិតក្រោម​ពី​ធម្មតា គឺ​ពេល​ក្រុម​តេ​ន្នី​ស បាន​ចូលរួម​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ប្រទេស​ខ្លះ​គេ​មិនបាន​ស្គាល់​ថា ក្រុម​កម្ពុជា មកពីណា​ផង​។ ប៉ុន្តែ​ដោយ​សារ​មកទល់ពេលនេះ យើង​ទទួលបាន​មេដាយ​ចំនួន​ ៨ តាំងពី​ស៊ី​ហ្គេម ឆ្នាំ​ ២០០៧​ មក ធ្វើ​ឱ្យគេ​មានការ​ចាប់អារម្មណ៍​ទៅលើ​កម្មវិធី​បណ្តុះ​ថ្នាល​របស់​យើង ហើយ​កម្ពុជា​ក៏​ទើប​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ចំពោះ​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ការបង្កើតឱ្យមាន​កម្ម​វិធី​លេង​កីឡា​តេ​ន្នី​ស​នៅតាម​សា​លា​នេះ យើង​អាច​សម្លឹងមើល​ក្មេងៗ ដែលមាន​ទេពកោសល្យ យកមក​បណ្តុះ​បណ្តាល នៅក្នុង​សហព័ន្ធ អ៊ីចឹង​ហើយ​ទើប​យើង​មាន​លទ្ធផល​ល្អ​ដូច​សព្វថ្ងៃនេះ ដោយ​ក្រុម​អត្ត​ព​លិ​ក​ក្មេងៗ​របស់​យើង​បាន​ចេញទៅ​ប្រកួត​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​។ កម្មវិធី​នេះ យើង​បានធ្វើ​ចូល​ ១២ ​ឆ្នាំ​មកហើយ អ៊ីចឹង​ខ្ញុំ​ផ្តោត​ខ្លាំង​មែនទែន ទៅលើ​ការកសាង​ថ្នាល​នេះ ព្រោះ​វា​ជា​គ្រឹះ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​តេ​ន្នី​ស​ឱ្យ​កាន់តែ​ប្រសើរ​»​។​

​សម្រាប់​ការ​ខំប្រឹងប្រែង​អភិវឌ្ឍ​កីឡា​តេ​ន្នី​ស​នៅ​កម្ពុជា​នេះ លោក រិទ្ធី​វិ​ទ្ធ បាន​បង្ហើប​ថា លោក​បានធ្វើ​លើសពី​ការងារ ជា​អគ្គលេខាធិការ បើទោះបីជា​ការងារ​នេះ មិនមាន​ប្រាក់ខែ និង​ត្រូវ​ចំណាយលុយ​ផ្ទាល់ខ្លួន​ច្រើន​។ ប៉ុន្តែ​លោក​មិន​ឈប់​ត្រឹមហ្នឹង​ទេ ចំណែក​កូនប្រុស​ទាំង ​៣ ​នាក់​របស់លោក​ក៏​សុទ្ធតែជា​កីឡាករ​តេ​ន្នី​ស​ផងដែរ​។ ទន្ទឹមនេះ​លោក រិទ្ធី​វិ​ទ្ធ បាន​អរគុណ​ដល់​ប្រធាន​សហព័ន្ធ​ពេលបច្ចុប្បន្ន លោក សៀ ឫទ្ធី  ​ដែល​បានរួម​ចំណែក​ជួយឧបត្ថម្ភ​ដល់​សហព័ន្ធ តាំងពី​ឆ្នាំ ​២០១៨ ​មក​។​

​អ្នកជំនួញ​វ័យ​ ៦១ ​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា​៖ «​អ្វីដែល​ខ្ញុំ​បានធ្វើ និង​លះ​បង់​ចំពោះ​កីឡា​តេ​ន្នី​ស​នេះ វា​លើសពី​អ្វីដែល​ឪពុក​ខ្ញុំ​ចង់បាន ប៉ុន្តែ​នៅក្នុង​អា​រ​ម្មណ៍​របស់ខ្ញុំ វា​មិនទាន់​គ្រប់គ្រាន់​ទេ​! ខ្ញុំ​ត្រូវ​ធ្វើឱ្យ​សម្រេច​លើសពីនេះ​ថែម​ទៀត​។ ហេតុនេះ​ខ្ញុំ​បានដាក់​ពេលវេលា​ ៣០​ ភាគរយ​នៅក្នុង​ជីវិត​របស់ខ្ញុំ សម្រាប់​តេ​ន្នី​ស ព្រោះ​បើ​យើង​មិន​ដាក់​ពេលវេលា និង​ដាក់​កម្រិត​មួយ យើង​មិនអាច​សម្រេច​អ្វី​បានទេ​»​។​

​លោក​ថា​៖ «​មហិច្ឆតា​របស់ខ្ញុំ មិន​បញ្ចប់​ត្រឹមហ្នឹង​ឡើយ ហើយ​អ្វី​ទាំងអស់នេះ មិនមែន​ត្រឹមតែ​ដើម្បី​តបស្នង​ដល់​ឪពុក​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ដើម្បី​ប្រទេសជាតិ​របស់​យើង ព្រោះ​ខ្ញុំ​ចង់ឃើញ​វិស័យ​កីឡា​តេ​ន្នី​សរ​បស់​យើង មាន​ភាព​​រីកចម្រើន និង​មាន​ភាពល្បីល្បាញ​ខ្លាំង​ជាង​នេះ​។ ប៉ុន្តែ​វា​មិន​អាស្រ័យទៅលើ​ខ្ញុំ​ម្នាក់ឯង​ទេ គឺ​វា​អាស្រ័យទៅលើ​ការរួម​គ្នា​ធ្វើ ជាពិសេស​កីឡាករ កីឡាការិនី ដែល​ត្រូវ​ប្រកួត​នៅលើ​ទីលាន​ថា គាត់​បានដាក់​ចិត្ត ដាក់​កាយ និង​ខិតខំ​ប្រឹង​​ប្រែង​ធ្វើ​បានល្អ​ដល់​កម្រិតណា​សម្រាប់​ការចាប់យក​អាជីព​មួយ​នេះ​»៕