ភ្នំពេញៈ សារដែលបង្ហោះលើហ្វេសប៊ុក ១ ឈ្មោះ SreyPich Thou (Laboon) បានអំពាវនាវដល់រាជរដ្ឋាភិបាលរកយុត្តិធម៌ជូនឪពុករបស់ខ្លួនក៏ដូចជាមានវិធានការចំពោះមន្ទីរពេទ្យរដ្ឋ គួរតែសង្គ្រោះជីវិតអ្នកជំងឺជាមុនសិន ចាំគិតសេវាព្យាបាលតាមក្រោយ។ នេះជាសំណូមពរ បន្ទាប់ពីឪពុករបស់ខ្លួនបានស្លាប់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារការដាច់សរសៃឈាមក្នុងខួរក្បាលសង្គ្រោះមិនទាន់។
គណនីខាងលើ បានបង្ហាញពីរូបភាពសោកសង្រេងរបស់ស្ត្រីចំណាស់ម្នាក់កំពុងយំ អមដោយយុវតី ២ នាក់ទៀត ស្លៀកសពាក់សនៅពីមុខរូបភាពឈាបនដ្ឋានបូជាសពផង។
ក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា កាលពីម៉ោង ២ ទៀបភ្លឺថ្ងៃទី ២៦ ខែមករា ឪពុកនាងមានអាការសន្លប់បាត់បង់ស្មារតីហើយនាង និងម្តាយបានដឹកឪពុកមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។ ពេលដល់មន្ទីរពេទ្យមិនមានក្រុមការងារគ្រប់គ្រាន់សម្រាប់លើកឪពុកនាងទេ ដោយទុកគាត់ចោល ហើយខាងមន្ទីរពេទ្យតម្រូវឱ្យបង់ប្រាក់ជាមុនសិន។
ម្ចាស់គណនីបានបន្តថា នៅទីនោះនាងត្រូវចំណាយពេលជាង ៤០ នាទី ដើម្បីបង់ប្រាក់ ហើយបន្ទាប់ពីបង់ប្រាក់រួច ត្រូវចាំគេ (ក្រុមការងារមន្ទីរពេទ្យ)ចុចទូរស័ព្ទ ដើម្បីដាស់គ្រូពេទ្យយកអ្នកជំងឺទៅស្កេន ហើយក៏តម្រូវឱ្យបង់ប្រាក់មុនស្កេនម្តងទៀតដែរ។ បន្ទាប់ពីស្កេនរួចទើបខាងគ្រូពេទ្យអូសឪពុកនាងទៅស្កេននៅ ១ កន្លែងទៀត ដោយមានគ្រូពេទ្យតែម្នាក់ប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា លុះទៅដល់បន្ទប់ស្កេន គ្រូពេទ្យត្រូវចំណាយពេលទូរស័ព្ទដាស់ពេទ្យម្តងទៀត។ប៉ុន្តែពេលនោះមិនមានការសង្គ្រោះបឋមត្រឹមត្រូវចំពោះឪពុកនាងឡើយ ដោយសារគាត់ត្រូវសន្លប់តាំងពីម៉ោង ២ ទៀបភ្លឺរហូតដល់ម៉ោង ៤ កន្លះទៀបភ្លឺ ហើយក្នុងដំណាក់កាលស្កេនលើកទី ២ នេះ ជាលទ្ធផលបង្ហាញថាឪពុករបស់នាងដាច់សរសៃក្នុងខួរក្បាល ហើយគ្រូពេទ្យប្រាប់ក្រុមគ្រួសារនាងថាអ្នកជំងឺមិនអាចសង្គ្រោះបានទៀតទេ។
ដោយហាក់ស្តីបន្ទោសលើការយឺតយ៉ាវរបស់គ្រូពេទ្យ ប្រភពដដែលបានលើកឡើងថា រឿងដែលហួសចិត្តជាងនេះទៀតនោះ គឺនៅពេលដែលខ្ញុំយកប៉ាចេញទៅព្យាបាលបន្តនៅវៀតណាម ខាងឡានសាមុយពេទ្យរុស្ស៊ីបានស្កាត់ឡានសាមុយដែលមកយកប៉ាខ្ញុំមិនឱ្យចូល ដោយនិយាយថា មន្ទីរពេទ្យមិនអនុញ្ញាតឱ្យឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំបានផ្តិតមេដៃសុំយកប៉ាចេញទៅព្យាបាលរួចក៏ដោយ។មិនមែនខ្ញុំមិនចង់យកឡានសាមុយពីពេទ្យរុស្ស៊ីទេ តែតម្លៃខាងគាត់គឺគុណនឹង ២ ធៀបនឹងឡានសាមុយខាងក្រៅ។
ម្ចាស់គណនីបានលើកពីសម្តីគ្រូពេទ្យថា៖ «លើសពីនោះទៅទៀតគឺគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតឱ្យបងចេញ? ពេទ្យមួយណា?ឈ្មោះអី?ចំពោះតម្លៃអ្នកអែង (ឯង) មានតថ្លៃពួកខ្ញុំហើយឬនៅ?”
ទាំងដែលប៉ាខ្ញុំជិតអស់ពេលទៅរហូតដល់ម៉ោង ៨ ព្រឹក ទើបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងវាហួសពេលបាត់ទៅហើយ!ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវឱ្យរដ្ឋាភិបាលរកយុត្តិធម៌ក៏ដូចជា មានវិធានការចំពោះករណីនេះផង»។
ជុំវិញការលើកឡើងនេះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការពន្យល់ពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ។ ទោះជាយ៉ាងណា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញលិខិតបំភ្លឺមួយកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ ថា មន្ទីរពេទ្យសូមស្រាយបំភ្លឺនិងច្រានចោលលើករណី Facebook ឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដោយថា ការចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឈានចូលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ២:៣៧ រំលងអាធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។
លិខិតដដែលបន្តថា ក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះអ្នកជំងឺអស់ពីលទ្ធភាព ក្រោយពីបានពិនិត្យ និងវិភាគអមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់ តែលទ្ធផលបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែលហួសពីលទ្ធភាពជួយសង្គ្រោះ។
ប្រភពដដែលថា៖ «ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តសុំយកអ្នកជំងឺទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ បន្ទាប់មកក្រុមគ្រួសារអ្នកជំងឺបានទាក់ទងមកផ្នែករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ដើម្បីពិភាក្សាអំពីការបញ្ជូនអ្នកជំងឺបន្តទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែក្រុមគ្រួសារអ្នកជំងឺបានសម្រេចចិត្តជ្រើសរើសយកសេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅមន្ទីរពេទ្យដោយខ្លួនឯង។ មន្ទីរពេទ្យបានសម្របសម្រួលឱ្យចេញទៅព្យាបាលបន្តនៅប្រទេសវៀតណាម»។
ប៉ុន្តែអ្វីដែលធ្វើឱ្យមជ្ឈដ្ឋានសង្គមចាប់អារម្មណ៍ទៀតនោះគឺថា បន្ទាប់ពីខាងមន្ទីរពេទ្យចេញលិខិតស្រាយបំភ្លឺរួច ក៏ស្រាប់តែនៅថ្ងៃទី ៣០ មករា មានក្រុមការងារក្រសួងសុខាភិបាល ក៏ដូចក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចុះទៅដល់ផ្ទះអ្នកជំងឺដែលស្លាប់នោះ ហើយបានអុជធូបសុំខមាទោសដល់សព និងបាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគមកចូលបុណ្យសពផងដែរ។
ប្រភពគណនី SreyPich Thou (Laboon) បញ្ជាក់ប្រាប់ថា៖ «ពួកគាត់បានលើកឡើងទាក់ទងនឹងករណីដែលកើតឡើងនៅថ្ងៃកើតហេតុ ដោយខាងមន្ទីរពេទ្យថា នឹងបង្កើតក្រុមប្រឹក្សាវិន័យដើម្បីដាក់វិន័យទៅលើបុគ្គលដែលបានប្រព្រឹត្តខុសតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ជាកុសលមួយសម្រាប់ព្រលឹងសពលោកឪពុកនាងខ្ញុំ»។
ពាក់ព័ន្ធនឹងការបម្រើសេវាសាធារណៈរបស់ស្ថាប័នរដ្ឋនេះបើយោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន ៥ ក្នុងនោះចំណុចគោលដៅទី ៤ ឱ្យបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីធានាឱ្យបានប្រសិទ្ធភាពនៃសេវា សាធារណៈ។
លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលើកឡើងដែរថា វេជ្ជបណ្ឌិតទាំងអស់មុននឹងទទួលសញ្ញាបត្រគឺតម្រូវឱ្យមានការស្បថគោរពក្រមសីលធម៌វិជ្ជាជីវៈ។ គ្រូពេទ្យដែលធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈ គឺជារឿងបុគ្គលដែលបំពាននឹងវិជ្ជាជីវៈរបស់ខ្លួនចង់បាន ចង់មានហួសហេតុ អ៊ីចឹងហើយធ្វើឱ្យបាត់អស់នូវក្រមសីលធម៌របស់គ្រូពេទ្យ តែជាបុគ្គលមិនមែនគ្រូពេទ្យទាំងអស់ទេ។ ហេតុដូច្នេះគ្រូពេទ្យម្នាក់ៗដែលទទួលស្គាល់មានសញ្ញាបត្រត្រឹមត្រូវ គឺដើម្បីជួយសង្គ្រោះអ្នកជំងឺដោយគ្មានលក្ខខណ្ឌរើសអើងអ្វីទាំងអស់។
លោកថ្លែងថា៖ «បើយើងគិតពីផលប្រយោជន៍ជាធំខ្លាចអត់មានលុយចាយសប្បាយហ៊ឺហាក្នុងក្រុមគ្រួសារ គឺកន្លែងហ្នឹងហើយដែលយើងក្បត់វិជ្ជាជីវៈរបស់យើងជាអ្នកជួយសង្គ្រោះអ្នកជំងឺ ហើយអាចនឹងមានកំហុសធ្ងន់។ អ៊ីចឹងទេ រីឯពលរដ្ឋយើងខ្លះក៏មានកំហុសដែរ ដោយសារចំណេះដឹងគាត់មានកម្រិតសូម្បីតែគេនិយាយបោកសោះក៏ជឿមិនបានពិចារណា»។
បើតាមលោក វុទ្ធី អ្វីដែលជាកំហុសឆ្គងរបស់បុគ្គលគ្រូពេទ្យនេះ ក៏គួរតែចូលរួមកែប្រែឱ្យល្អឡើងវិញ ខណៈមានប្រមុខដឹកនាំរាជរដ្ឋាភិបាលថ្មី ការដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីគឺលោកកំពុងតែដុតដៃដុតជើងជួយដល់វិស័យសុខាភិបាលខ្លាំងណាស់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សហគមន៍អន្តរជាតិដើម្បីស្វែងរកជំនួយជួយដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យថ្នាក់ក្រោមជាតិហើយលោកក៏បានអំពាវនាវដល់អ្នកមានវិជ្ជាជីវៈពេទ្យត្រឹមត្រូវឱ្យងាកមករួមគ្នាជួយវិស័យសុខាភិបាលរបស់រដ្ឋ ជួយព្យាបាលពលរដ្ឋកុំឱ្យមានការរើសអើង និងការស្លាប់ដោយគ្មានមូលហេតុដែលនេះជាគុណធម៌ដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី។
លោកថ្លែងថា៖ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តធីតាហ្នឹង គឺគាត់បានជួយពលរដ្ឋយើងច្រើនណាស់ ហើយខ្ញុំនិយាយនេះមិនមែននិយាយក្នុងន័យលើកតម្កើងអីទេ តែខ្ញុំមើលឃើញតាមជាក់ស្តែង។ ដូច្នេះយើងជាគ្រូពេទ្យគួរណាយកគំរូតាម ហើយស្រុះទាំងអស់គ្នារក្សាតម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌របស់យើងដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ»។
លោក អ៊ូច វុទ្ធី បានលើកជាសំណើថា អ្វីដែលជាសំណូមពរនៅតាមមន្ទីរពេទ្យជាតិ បើមានអ្នកជំងឺឈឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់ គឺគួរតែអនុញ្ញាតឱ្យគាត់ចូលទៅបន្ទប់សង្គ្រោះបន្ទាន់សិន ទើបគិតលុយជាក្រោយ ពីព្រោះអ្នកជំងឺមិនអាចរត់ទៅណាក្រៅពីរកគ្រូពេទ្យឱ្យជួយទេ ហើយបន្ទាប់ពីសង្គ្រោះអ្នកជំងឺរស់ជីវិតហើយ លោកជឿថា សាច់ញាតិអ្នកជំងឺប្រាកដជាដឹងថាគុណតម្លៃគ្រូពេទ្យគឺស្ថិតនៅត្រង់នេះឯង។
ចំពោះករណីនេះ មិនមែនទើបតែកើតឡើងថ្មីៗទេ តែវាបានកើតឡើងជាដដែលៗ ហើយនៅពេលមានបញ្ហាកើតឡើងគេឃើញតែការបដិសេធពីខាងមន្ទីរពេទ្យហាក់មិនសូវអើពើចំពោះអ្នកជំងឺទៅវិញ។ ចំពោះការទាមទារលុយពីអ្នកជំងឺមុននេះក៏តែងតែឃើញជាញឹកញាប់ដែរ។ នេះជាការលើកឡើងរបស់លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។
លោកបានថ្លែងថា៖ «ក្រសួងសុខាភិបាលគួរតែពិនិត្យឡើងវិញលើការផ្តល់ឱ្យមន្ទីរពេទ្យរដ្ឋនីមួយៗរកចំណូលផ្ទាល់ ដើម្បីកុំឱ្យគាត់គិតតែពីប្រាក់ចំណូលជាងលទ្ធភាពខ្លាំងជាងអាយុជីវិតរបស់ប្រជាពលរដ្ឋ»។
លោកបន្តថា បើគ្រាន់តែមានការអនុគ្រោះ គ្រាន់តែបកស្រាយនិងពិន័យរដ្ឋបាលហើយមិនគិតដល់អ្នកស្លាប់វាជារឿងមួយដែលពិបាកនឹងឱ្យពលរដ្ឋជឿជាក់ទើបមានអ្នកជំងឺជាច្រើនសុខចិត្ដទៅព្យាបាលនៅក្រៅប្រទេស។ ក្រសួងសុខាភិបាលគួរតែប្រើប្រាស់វិធានការដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការកែលម្អគុណភាពគ្រូពេទ្យ កែលម្អគុណភាពសុខាភិបាលនៅកម្ពុជា ហើយបើមិនអ៊ីចឹងទេ បញ្ហានេះវានឹងកើតឡើងដដែលៗ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ករណីនេះក្រសួងសុខាភិបាលគួរតែបើកការស៊ើបអង្កេតដោយហ្មត់ចត់ ហើយយកលទ្ធផលនៃការស៊ើបអង្កេតដោយឯករាជ្យ។បន្ទាប់មកធ្វើការឆ្លុះបញ្ចាំងអំពីបញ្ហាដែលបានកើតឡើងនៅមន្ទីរពេទ្យខ្មែរ-សូវៀត ឱ្យបានច្បាស់លាស់ដើម្បីកាត់បន្ថយឬក៏ផ្តល់ទំនុកចិត្តដល់ពលរដ្ឋក្នុងការធ្វើសេចក្តីសន្និដ្ឋានពីលទ្ធផលសកម្មភាពការងារដែលកំពុងកើតមាននៅក្នុងមន្ទីរពេទ្យពាក់ព័ន្ធនឹងការស្លាប់អ្នកជំងឺថ្មីៗនេះ។
លោកបានបន្តថា សកម្មភាពនេះវាផ្ទុយពីរដ្ឋាភិបាលបានប្រកាសមិនឱ្យមានអ្នកជំងឺណាម្នាក់ស្លាប់ដោយមិនបានព្យាបាលទាន់ពេលវេលា។ ប្រមុខរាជរដ្ឋាភិបាលក៏បានលើកឡើងដដែលៗថា មន្ទីរពេទ្យ គ្រូពេទ្យទាំងអស់កុំគិតតែលុយជាធំ ត្រូវគិតពីការសង្គ្រោះអាយុជីវិតអ្នកជំងឺជាមុនសិន ពីព្រោះរឿងនេះមកដល់ម៉ោងនេះ មិនអាចបណ្តែតបណ្តោយឱ្យកើតឡើងដោយមានមនុស្សស្លាប់ហើយត្រូវបញ្ចប់ទៅវិញនៅត្រឹមពិន័យរដ្ឋបាលនោះទេ គួរតែស្វែងរកយុត្តិធម៌មួយសម្រាប់ជនរងគ្រោះនិងគ្រួសាររបស់គាត់ដែលបានខិតខំប្រឹងប្រែងទៅដល់មន្ទីរពេទ្យហើយបែរជាមិនអាចជួយបាន។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងមានក្តីព្រួយបារម្ភជាទូទៅគឺខាងមន្ត្រីជំនាញដែលគាត់ធ្វើការដោយផ្ទាល់ គឺគាត់មិនបានអនុវត្តទៅតាមវិជ្ជាជីវៈ ជាពិសេសទាក់ទងនឹងការទាមទារឱ្យភាគីអ្នកជំងឺបង់ប្រាក់ជាមុនដែលបណ្តោយឱ្យស្ថានភាពជំងឺវាជ្រុលហួសហើយក៏កើតមានជាបញ្ហា»៕