​ភ្នំពេញៈ មេដឹកនាំ​អាស៊ាន​កំពុង​រួម​គ្នា​លើកកម្ពស់​ផ្នែក​អេកូ​ទេសចរណ៍ ដើម្បី​ក្លាយទៅជា​គន្លឹះ​សំខាន់​សម្រាប់​ផលិតផល​ទេសចរណ៍​ក្នុងការ​ទាក់​ទាញ​ទេសចរ​ក្នុងស្រុក និង​បរទេស ខណៈ​វិស័យនេះ​កាន់តែ​វិ​វ​ឌ្ឍ​ទៅរក​ភាពប្រសើរ​ជា​លំដាប់​ចាប់តាំងពី​ផល​​ប៉ះពាល់​វិបត្តិ​ជំងឺ​កូ​វីដ​ ​១៩​។ ជាមួយគ្នានេះ​យុទ្ធនាការ​នេះ​នឹង​ផ្តល់​ទំនុក​​ចិត្ត​ថ្មី​នៃ​ការធ្វើដំណើរ​កម្សាន្ដ​សម្រាប់​ភ្ញៀវទេសចរ​ឱ្យមាន​អារម្មណ៍​ជាមួយ​ធម្មជាតិ និង​សហគមន៍ ខណៈ​កម្ពុជា​ក៏​ស្ថិតនៅលើ​ផ្លូវត្រូវ​មួយ​នៃ​ការលើក​កម្ពស់​អេកូ​ទេសចរណ៍​ផងដែរ​។​

​ការជំរុញ​ថ្មី​លើ​អេកូ​ទេសចរណ៍​ក្នុងចំណោម​សមាជិក​អាស៊ាន​

នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អា​ស៊ាន​លើក​ទី​២៧ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ពីថ្ងៃ​ទី​ ២៣ ដល់​ថ្ងៃទី​ ២៧ ខែមករា រដ្ឋមន្ត្រី​ទាំងអស់​បាន​ស្វាគមន៍​ជាមួយនឹង​ការ​ទទួលបាន​ទេស​ចរអ​ន្ត​រ​ជាតិប្រមាណ ៩៣,៧​ លាន​នាក់​កាលពី​ឆ្នាំ​ ២០២៣ ជាមួយនឹង​អត្រាកំណើន ១៥៣,២៣ ​ភាគរយ​នៅក្នុង​តំបន់​នេះ​។ ជាមួយគ្នានេះ​រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​អនុម័ត​លើ​សេចក្តីព្រាង​ស្តង់ដា​អេកូ​ទេសចរណ៍​អាស៊ាន ដែល​នឹង​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ និង​បានអនុម័ត​លើ​ផែនការ​សកម្មភាព​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

​លោក ថោង ខុន អតីតរដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍ បានឱ្យដឹង​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ថា ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​កន្លងមកនេះ វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ស្ទើរតែ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​រចនា​សម្ព័ន្ធ​ទេសចរណ៍​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​ «​បាន​ប្ដេជ្ញាចិត្ត និង​ត្រៀមខ្លួន​ជាស្រេច​ដោយ​ក្តីសង្ឃឹម​ដ៏​រឹងមាំ​» ដើម្បី​រក្សា​វិស័យនេះ​ឱ្យ​នៅមាន​ដំណើរការ ក្នុង​គ្រា​ប្រឈម​នឹង​បញ្ហា​ណាមួយ​។​

​លោក​អះអាងថា កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​សម្រាប់​ការ​​ងារ​របស់ខ្លួន​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ និង​សហគមន៍ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​តាមរយៈ​គំរូ​អភិ​វឌ្ឍន៍​ភាពជា​ដៃគូ​សាធារណៈ​ឯកជន និង​ប្រជាជន (4P) ដោយ​លោក​បាន​បញ្ជាក់ថា ផ្តោតលើ​ការពង្រឹង​អំណាច​ក្នុងស្រុក ផ្តល់​ផលប្រយោជន៍​ជា​អតិ​បរមា​ដល់​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​លោក​បាន​លើកឡើងថា​៖ «​ប្រទេស​កម្ពុជា​ សម្បូរ​ដោយ​សក្តានុពល​ទេស​​ចរណ៍​ធម្មជាតិ និង​អេកូ​ទេសចរណ៍​ចាប់ពី​ឆ្នេរសមុទ្រ​ដែល​សមាជិក​នៃ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត​បំផុត​នៅក្នុង​ក្លឹបពិភពលោក ជួរ​ភ្នំក្រវាញ រួមទាំង​តំបន់​អា​រ៉ែ​ង បឹង​ទន្លេសាប និង​ភាគ​ឦសាន​ដែលមាន​សត្វ​ផ្សោត​ដ៏​កម្រ​ផងដែរ​»​។​

​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​នៅ​កម្ពុជា​

លោក សរ សារិន អនុប្រធាន​សមា​គម​ភ្នាក់ងារទេសចរណ៍​កម្ពុជា​ (CATA) បានឱ្យដឹងថា ក្នុង​បរិបទ​បន្ទាប់ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ​ទេសចរ​ណ៍​ធម្មជាតិ​កំពុង​ក្លាយជា​កន្លែង​ទាក់​​ទាញ​ថ្មី​សម្រាប់​ភ្ញៀវទេសចរ ដោយ​សារ​ពួកគេ​ភាគច្រើន​ចូលចិត្ត​ស្វែងរក​កន្លែង​ថ្មីៗ និង​ជាមួយ​ធម្មជាតិ​។​

​លោក​ថ្លែងថា​៖ «​វា​ជា​ឱកាស​ដែល​យើង​អាច​រួមដៃគ្នា​ជាមួយ​អាស៊ាន​លើ​ស្តង់ដា​អេកូ​ទេសចរណ៍ ព្រោះ​វា​អាច​ផ្តល់​ផាសុកភាព សុវត្ថិភាព និង​អ​នា​ម័​យ​សម្រាប់​ភ្ញៀវទេសចរ​។ ដូច្នេះ​នៅពេលដែល​សមាជិក​អាស៊ាន​ទាំងអស់​បាន​ចូលរួម​ជាមួយ​ស្តង់ដា​អេកូ​ទេស​​ចរណ៍​នេះ យើងទាំងអស់គ្នា​នឹង​បានទទួល​អត្ថប្រយោជន៍​ក្នុងការ​មាន​ស្តង់​ដា​រួម​ដើម្បី​លើកកម្ពស់​ទេសចរណ៍ធម្មជាតិ និង​ផ្តល់​បទពិសោធន៍​ថ្មីៗ​ដល់​ភ្ញៀវទេសចរ​»​។​

​ជាមួយគ្នានេះដែរ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​វេទិកា​មួយ​កាល​​ពី​ខែវិច្ឆិកា​ថា វិស័យ​កសិកម្ម​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ទេសចរ​​ណ៍ រួមទាំង​ផ្នែក​អេកូឡូស៊ី និង​សហ​គម​ន៍ តាមរយៈ​ការផ្គត់ផ្គង់​ស្បៀង​អា​ហារ និង​មធ្យោបាយ​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់ថា សហគមន៍​កសិករ និង​អ្នក​ផលិត​ត្រូវការ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ពួកគេ ដើម្បី​ធានាបាន​នូវ​ប្រាក់ចំណូល​គ្រប់គ្រាន់ ខណៈ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់ទៅ​លេង​ក​ន្លែ​ង​ទាក់ទាញ ហើយ​ចាំបាច់​ត្រូវ​ទទួលទាន​អាហារ​។​

សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។ រូបថត ក្រសួងទេសចរណ៍

​ទេសចរណ៍ធម្មជាតិ​បង្កើត​ប្រភព​ចំណូល​ជាតិ​ថ្មី​

យោងតាម​របាយការណ៍រ​បស់​ធនា​​គារ​ពិភពលោក​ស្តីពី​ការជំរុញ​ដំណើរ​ការអភិវឌ្ឍន៍​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ​ ២០២០ និន្នាការ​នៃ​ការកើនឡើង​ភ្ញៀវទេសចរ​មកកាន់​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​កម្ពុជាបង្ហាញថា អេកូ​ទេសចរណ៍​គឺជា​ផលិតផល​ដែល​អាច​អភិវឌ្ឍ​ថែម​ទៀត​ដើម្បី​ទាញយក​សក្តានុពល​រប​ស់​ខ្លួន​។

ធនាគារ​ឱ្យដឹងថា ចំនួន​ទេសចរ​ដែល​មក​ទស្សនា​តំបន់ឆ្នេរ និង​តំបន់​ទេសចរណ៍ធម្មជាតិ​កម្ពុជា បាន​កើន​ទ្វេដង​ចន្លោះ​ពី​ឆ្នាំ​ ២០១៤-២០១៩ ស្មើនឹង ១៦​ ភាគរយ​នៃ​ភ្ញៀវទេសចរ​ទាំងអស់​កាល​ពី​ឆ្នាំ​ ២០១៩​។​

​ធនាគារ​នេះ​បន្តថា​៖ «​ទ្រព្យសម្បត្តិ​ធម្មជាតិ​ដ៏​អស្ចារ្យ និង​មានតម្លៃ​របស់​កម្ពុជា គឺជា​អ្វីដែល​ភ្ញៀវទេសចរ​ស្វែង​​រក និង​ឱកាស​សម្រាប់​គាំទ្រ​ដល់​ការ​​ពង្រីក​ឧស្សាហ​កម្មនេះ​គឺ​ល្អ​បំផុត​។ មាន​ឧទាហរណ៍​រួចហើយ​នៃប្រតិបត្តិ​ការ​អេកូ​ទេសចរណ៍​កម្រិត​មធ្យម​ដល់​កម្រិត​ខ្ពស់​ដែលជា​ជោគជ័យ​របស់​កម្ពុជា ដែល​បង្ហាញថា ផលិតផល​អេកូ​ទេសចរណ៍​មាន​សក្តានុពល​ខ្លាំង​»​។​

​ផលប៉ះពាល់​ដោយសារ​កូ​វីដ ​១៩ ធ្វើឱ្យ​ទេសចរណ៍ធម្មជាតិ​ក្លាយទៅជា​ជម្រើស​ថ្មី​

ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ លើ​វិស័យ​ទេសចរណ៍​គឺជា​មូលហេតុ​បន្ថែម​សម្រាប់​ការធ្វើ​ពិពិធ​​កម្ម​ការផ្តល់​ទេសចរណ៍​នៅ​កម្ពុជា​។ ក្នុង​សេណារីយោ​ដែលមាន​ផល​ប៉ះ​ពាល់​ខ្លាំង កម្ពុជា​អាច​មើលឃើញ​ការ​មកដល់​របស់​ភ្ញៀវទេសចរ​ធ្លាក់ចុះ​ចំនួន ៨០ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០២០​។​

​ធនាគារពិភពលោក​លើ​ក​ឡើង​ថា​៖ «​ការណ៍​នេះ​នឹង​ធ្វើឱ្យ​បាត់បង់​ប្រាក់​​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ ២,៨​ ពាន់​លាន​ដុល្លារ និង​ការងារ​ប្រ​​ហែល ១​ លាន រង​ផលប៉ះពាល់​»​។​

​បើតាម​ក្រសួងបរិស្ថាន សហគមន៍​​អេកូ​ទេសចរណ៍​ចំនួន ២២ ដែល​គ្រប់​​គ្រង​ដោយ​ក្រសួង​បច្ចុប្បន្ន​មាន​ផ្ទៃដី ៣៥ ០០៣​ ហិកតា ក្នុង​តំបន់​ការពារ​ចំនួន ១២ នៅក្នុង​ខេត្ត​ចំនួន ៨ រួម​មាន ខេត្តរតនគិរី កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និង​ខេត្តកំពង់ឆ្នាំង​។

ក្រសួងបរិស្ថានកាលពី​ថ្ងៃទី ​១៦ ខែសីហា ឆ្នាំ ​២០២៣ បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​នឹង​ចែករំលែក​ផែនទី និង​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​ធម្ម​ជាតិ​របស់​កម្ពុជា​ទៅកាន់​ភ្ញៀវទេសចរ​។ កម្មវិធី​នេះ​មាន​ឈ្មោះថា​ «​ធ្វើដំណើរ​ក្នុងប្រទេស​របស់​យើង Doe LengSrukYoeng, ឬ Travelling in our country» ​មាន​នៅលើ App Store របស់​ទូរស័ព្ទ​ក្រុមហ៊ុន Apple និង Play Store របស់ Google៕