​ភ្នំពេញ​: ក្នុង​វ័យ​​ ២៣ ​ឆ្នាំ កញ្ញា សិ​ដ្ឋ ទេព​លៈ បាន​ក្លាយជា​យុវតី​កម្ពុជា​ដំបូង​បំផុត​ម្នាក់ ដែល​កំពុងតែ​បម្រើការ​នៅ​ក្រុមហ៊ុន​បច្ចេក​​វិទ្យា​យក្ស Tesla របស់​អាមេរិក​។ ដោយបាន​បញ្ចប់​ថ្នាក់​បរិ​ញ្ញា​ប​ត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ពី​វិទ្យា​ស្ថាន​បច្ចេកវិទ្យា Georgia កញ្ញា ទេព​លៈ គឺជា​សក្ខីភាព​មួយ​ចំពោះ​ការប្ដេជ្ញា​ចិ​ត្ដ​និង​ការខិតខំ​ប្រឹង​ប្រែង​លើ​វិថី​អប់រំ និង​មុខជំនាញ​អាជីព​។​

​កញ្ញា​និយាយថា​៖ «​ក្រុមហ៊ុន Tesla មាន​ភាព​ចម្រុះ​ណាស់ ប៉ុន្តែ​គ្រប់គ្នា​សុទ្ធ​តែមាន​បុគ្គលិកលក្ខណៈ​រៀងៗ​ខ្លួន​។ ខ្ញុំ​អាច​ក្លាយជា​ខ្លួនឯង​នៅ Tesla ហើយ​ខ្ញុំ​ត្រូវបាន​គេ​គាំទ្រ និង​គោ​​រព​។ ខ្ញុំ​មិនចាំបាច់​និយាយថា អត្តសញ្ញាណ​របស់ខ្ញុំ​ទាំងមូល​គឺជា​ជនជាតិខ្មែរ​ទេ​។ ខ្ញុំ​ជា​បុគ្គល​ម្នាក់​ស្ថិតក្នុង​ចំណោម​ពួកគេ ដោយ​សញ្ជាតិ​ខ្ញុំ​ជា​ខ្មែរ គ្រាន់តែ​រឿង​មួយ​»​។​

​កញ្ញា​ថា ប្រភព​កំណើត​មិនមែនជា​បញ្ហា​ចោទ​ធំដុំ​នោះទេ តែ​ស្ថិត​ត្រង់​ថា កញ្ញា​ត្រូវ​ដោះ​​ស្រាយ​តាមរបៀប​ណា​។ អ្នក​ដែល​មិន​ធ្លាប់​ជួប​ជនជាតិខ្មែរ ពួកគេ​យល់ថា យុវតី ទេព​លៈ ជា​បុគ្គល​តំណាង​ប្រជាជន​កម្ពុជា​។ ដូច្នេះ​កញ្ញា​ត្រូវធ្វើ​ខ្លួន​ជា​គំរូ​តំណាងឱ្យ​ប្រជាជន​កម្ពុជា​ដ៏​ល្អ​។ បេស​ក​កម្ម​របស់ ទេ​ពលៈ​បានចាប់ផ្តើម​នៅ​អាយុ​ ១៥  ឆ្នាំ ពេល​ទៅកាន់ Atlanta រដ្ឋ Georgia ដើម្បី​បន្ត​ការសិក្សា នៅ​សាលា Lovett​។ ការផ្លាស់ប្តូរ​ពី​ការរស់នៅ​ប្រកបដោយ​ភាពកក់ក្ដៅ​ក្នុងប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ដើម្បី​ដណ្ដើមយក​ចំណេះវិជ្ជា​ផ្នែក​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​អាមេរិក​មិនមែនជា​រឿង​តូចតាច​នោះទេ​។​

​ភាព​ប៉ិនប្រសប់​ក្នុងការ​សិក្សា​បាន​នាំ​យុវតី​កម្ពុជា​រូបនេះ​ទៅ Georgia Tech ជា​កន្លែង​ដែល​កញ្ញា​ទទួលបាន​ជំនាញ​ក្នុង​វិស័យ​វិស្វកម្ម​សំណង់​ស៊ីវិល​។ ជាមួយនឹង​ការស្រេកឃ្លាន​ចំណេះដឹង និង​ការជំរុញ​ពី​បុគ្គល​ជុំវិញខ្លួន ទេព​លៈ បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ទាំង​បរិញ្ញាបត្រ​នៅ​ឆ្នាំ​ ២០២២ និង​ថ្នាក់​បរិ​ញ្ញា​ប​ត្រ​ជាន់ខ្ពស់​នៅ​ឆ្នាំ ២០២៣ កន្លងទៅ​ថ្មីៗ​នេះ​។ ទេព​លៈ ត្រូវបាន​ជ្រើសរើស​ឱ្យចូល​រួម​ធ្វើ​បទ​បង្ហាញ​ក្នុង​វីដេអូ​ឃ្លី​ប​អំឡុងពេល​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ក្នុងចំណោម​និស្សិត​ជាច្រើន​នាក់​ទៀត​។​

​កញ្ញា​និយាយថា ការជ្រើសរើស​នេះ​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ពី​គណៈកម្មការ​សា​លា​ពី​សមត្ថភាព​នៃ​ការសិក្សា បូករួម​ទាំង​ការងារ​សង្គម​ថែមទៀត​។ ពេលខ្លះ​កញ្ញា​មាន​អារ​ម្ម​​ណ៍​ថា ដូចជា​រឿង​មិន​ពិត ព្រោះ​គិតថា ខ្លួន​មិនទាន់​មានចំណេះ​​ដឹង​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ដំណើរ​លើ​វិថី​នៃ​ការសិក្សា កញ្ញា​បាន​ជួប​មិត្តភក្តិ និង​សាស្ត្រាចារ្យ​ដែល​លើកទឹកចិត្ត​កញ្ញា​។ «​មនុស្ស​ទាំងអស់នេះ​ប្រាប់​ខ្ញុំ​ថា អ្នកធ្វើ​បានសម្រេច​ហើយ​។ ឪពុកម្តាយ​ខ្ញុំ​ក៏​ជឿ​និង​គាំទ្រ​ខ្ញុំ​ដែរ​។ ដូច្នេះ ខ្ញុំ​ចង់ឱ្យ​សុន្ទរកថា​របស់ខ្ញុំ​បង្ហាញ​មនុស្ស​គ្រប់គ្នា​ថា ទោះបីជា​ពេលខ្លះ​យើង​អាចមាន​អារម្មណ៍​ថា​ដូចជា​មិន​ពិត​ក៏ដោយ នោះ​មិនមែន​មានន័យថា យើង​គិត​អ៊ីចឹង​តែម្នាក់ឯង​នោះទេ​»​។​

​បញ្ហា​ប្រឈម​ដំណើរ​របស់​យុវតី ទេព​លៈ មិនមែន​គ្រាន់តែ​ជា​សមិទ្ធផល​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ការ​ទម្លុះ​របាំង​ជាតិ​សាសន៍ និង​ការរើសអើង​ទៀតផង​។ ទេព​លៈ បានឱ្យដឹង​អំឡុងពេល​នៅ​សិក្សា​ថា​៖ «​បញ្ហា​ប្រឈម​ផ្នែក​វប្បធម៌ រួមមាន​ឧបសគ្គ​ផ្នែក​ភាសា និង​បញ្ហា​បន្ទាប់បន្សំ​ខ្លះទៀត​រួមទាំង ការរើសអើង​តិចតួច​។ ជា​សំណាងល្អ ខ្ញុំ​មិនមាន​បទពិសោធន៍​អា​-​ក្រក់​ច្រើន​ជាមួយ​ការរើសអើង​ទេ​»​។

ទេព​លៈ បាន​ចែករំលែក​ថា ដំបូង​ឡើយ កញ្ញា​មាន​អារ​ម្ម​ណ៍​ថា ខ្លួន​មិនសូវ​មានតម្លៃ​។ ទោះជា​យ៉ាងណាក៏ដោយ​យូរៗ​ទៅ កញ្ញា​អាច​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​បាន​។ កញ្ញា​និយាយថា ដោយសារ​អ្នកផ្សេង​មិនមាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​កញ្ញា ការវិនិច្ឆ័យ​របស់​ពួកគេ​មិនគួរ​មាន​ទម្ងន់​ធ្ងន់​នោះទេ​។ ដូច្នេះ យុវតី​កម្ពុជា​រូបនេះ​បានសម្រេច​ចិត្ត​មិន​អនុញ្ញាតឱ្យ​ការ​វិនិច្ឆ័យ​បែបនេះ​ប៉ះពាល់​ដល់​ការយល់ឃើញ​របស់ខ្លួន​ឯង​ទេ​។​

​ទាក់ទង​នឹង​ឧបសគ្គ​ភាសា ទេព​លៈ បាន​ពន្យល់ថា វា​ពាក់​​ព័ន្ធ​នឹង​ការប្រើ​ភាសា​ទៅនឹង​បរិ​បទ​ផ្សេងៗ​។ ការពង្រីក​វាក្យសព្ទ​ជាទូទៅ ពិត​ជាមាន​ប្រយោជន៍​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនបរទេស​។ ក្នុងនាម​ជា​ស្ត្រី​មាន​ដើមកំណើត​ខ្មែរ ដែល​សិក្សា​ក្នុង​វិស័យ​ដែល​គ្រប់គ្រង​ដោយ​បុរស​នោះ កញ្ញា​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ខ្លះៗ​ដែរ​។

កញ្ញា​ប្រាប់​ ភ្នំ​​ពេញ ​ប៉ុស្ដិ៍​ថា​៖ «​វា​ពិបាក​ក្នុងនាម​ជា​ជនជាតិភាគតិច ​(​អាស៊ី​)​ និង​ជា​ស្ត្រី​ក្នុង​វិស័យ​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សហរដ្ឋអាមេរិក​ដែលជា​ទូទៅ​សម្បូរ​ជនជាតិ​ស្បែ​កស និង​បុរស​។ ខ្ញុំ​បាន​ប្រឈម​តិចតួច ដូច​ជាការ​មិនសូវ​ផ្ដល់ឱកាស​ស្មើភាព​នៅពេល​និយាយ​អំពី​ការដាក់​ពាក្យសុំ​ការងារ​ទោះបីជា​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ក៏ដោយ​»​។ 

​បញ្ហា​ប្រឈម​មួយទៀត​កើតឡើង​ជាមួយនឹង​ការធ្វើការ​ជាមួយ​កម្មករសំណង់​។ ក្នុងនាម​ជា​វិស្វករ កញ្ញា​ក៏ត្រូវ​ចេញ​ក្រៅ​ដើម្បី​មើលថា​តើ​គេ​សង់​សំណង់​អគារ​តាម​ការ​រចនា​ដែរ​ឬ​អត់​។ ពេលខ្លះ​ការខុសឆ្គង​រវាង​ការ​រចនា​និង​ការសាងសង់​ជាក់ស្ដែង​អាចជា​បញ្ហា​ជាពិសេស​ប្រសិនបើ​អ្នក​សាងសង់​ជឿថា ពួកគេ​ធ្វើ​ត្រឹមត្រូវ​ហើយ​ដូច្នេះ «​ហេតុអ្វី​ត្រូវ​ផ្លាស់ប្តូរ​?»​។ ជា​មនុស្ស​ស្រី​បានធ្វើឱ្យ​ពួកគេ​ពិបាក​ជឿជាក់​លើ​សមត្ថភាព​កញ្ញា​។​

​ទេព​លៈ ជា​វិស្វករ​សំណង់​ស៊ីវិល​បាន​ចែករំលែក​ការយល់ដឹង​អំពី​របៀប​ដែល​ប្រវត្តិ​វប្បធម៌​កម្ពុ​ជាមាន​ភាព​ស៊ីមេទ្រី​ជាមួយ​ជំនាញ​បច្ចេកទេស​របស់​កញ្ញា​ពី Georgia Tech ក្នុងតួនាទី​ការងារ​នៅ​ក្រុមហ៊ុន​យក្ស​ Tesla​។

កញ្ញា​ថា ទោះបីជា​ផ្នែក​បច្ចេកទេស​នៃ​ការ​ងារ​មិនបាន​ទាក់ទង​ដោយផ្ទាល់​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​របស់​កញ្ញា​ក៏ដោយ​ក៏​ការចិញ្ចឹម​បីបាច់​ថែរក្សា​វប្បធម៌​បាន​បង្កើត​មូល​ដ្ឋា​ន​គ្រឹះ​នៃ​ជំនាញ​ទន់ រួមទាំង​អាកប្បកិរិយា ការគោរព​អ្នកដទៃ និង​តម្លៃ​ជា​បុគ្គលិក​។ «​វប្បធម៌​របស់ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​អំពី​ការគោរព ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នោះ​ខ្ញុំ​នឹង​គោរព​អ្នក​ដែល​គោរព​ខ្ញុំ​ជា​ថ្នូរ​នឹង​ការ​តបស្នង​»​។

​អាជីព​ការងារ​នៅ Tesla ឥឡូវនេះ​នៅពេលដែល ទេ​ពលៈ​ចាប់ផ្តើម​អាជីព​ការងារ​នៅ Tesla កញ្ញា​ផ្តោតលើ​ការប្រើប្រាស់​ជំនាញ ដើម្បី​ជំរុញ​ការច្នៃប្រឌិត និង​បង្កើត​សមិទ្ធផល​ដ៏​មាន​អត្ថន័យ​។ ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​ក្រុម​រចនា​វិស្វកម្ម​សំណង់​ស៊ីវិល​របស់ Tesla ទេព​លៈ បាន​ត្រៀមខ្លួន​ដើម្បី​ដោះស្រាយ​គម្រោង​ផ្នែក​ដឹក​​ជញ្ជូន​រហូតដល់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​អគារ Tesla​។ ទេព​លៈ ចាប់ផ្ដើម​ដាក់ពាក្យ​ហាត់​ការ​នៅ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា​អគ្គិសនី Tesla អំឡុងពេល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដោយ​ចំណាយពេល​រហូតដល់ ៣-៤ ខែ ទម្រាំ​ត្រូវបាន​ហៅ​ធ្វើ​បទ​សម្ភាស​ជា​ច្រើនតង់​មុនពេល​សម្រេច​ទទួល​យុវតី​កម្ពុជា​រូបនេះ​ចូល​បម្រើការ​ងារ​ក្នុងឋានៈ​ជា​អ្នក​ហាត់​ការ​។​

​យុវតី ទេព​លៈ បាន​សុំ​ពន្យារ​ការងារ​ហាត់​ការបន្ថែម​ទៀត រហូតដល់​បញ្ចប់​ការសិក្សា​។ នៅពេលនោះ កញ្ញា​ក៏បាន​ដាក់​ពាក្យសុំ​ធ្វើការ​ងារ​នៅ Tesla​។ ប៉ុន្ដែ​មិនមែន​មានន័យថា ចូល​ជា​បុគ្គលិក​ពេញសិទ្ធិ ហើយ​ត្រូវបាន​ជ្រើសរើស​ដោយ​ងាយ​ស្រួល​នោះទេ​។ ដោយមាន​ភារ​​កិច្ច​ចម្បង​លើ​ផ្នែក​ថែទាំ​ប្រព័ន្ធ​តំណក់ទឹក​នៅ​អគារ​ក្រុមហ៊ុន ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ កញ្ញា ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ដ​សមត្ថភាព​តាមរយៈ​ការសម្ភាស​ជាច្រើន​ម៉ោង​។​

​យុវតី​កម្ពុជា ដែល​ឃ្លាតឆ្ងាយ​ពី​ឪពុកម្ដាយ​តាំងពី​អាយុ​ ១៥ ឆ្នាំ​រូបនេះ​និយាយថា​៖ «​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ការងារ​ពេញសិទ្ធិ​នៅ Tesla នៅ​ដើមខែ​កុម្ភៈ​នេះ​»​។

ទេព​លៈ និយាយថា កញ្ញា​នឹងធ្វើ​ការ​ក្នុង​ក្រុម​រចនា​វិស្វកម្ម​សំណង់​ស៊ីវិល ដែល​ជួយ​ដល់​គម្រោង​មួយចំនួន ដូចជា គម្រោង​ឧបករណ៍ប្រើប្រាស់ គម្រោង​ដឹកជញ្ជូន គម្រោង​សំណឹក និង​គម្រោង​ផ្សេងៗ​ទៀត​។​

​ទេ​ពលៈ ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​មិន​ត្រឹមតែ​ក្លាយជា​វិស្វករ​កាន់តែ​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​កំពុង​អភិវឌ្ឍ​ជំនាញ​ទន់​ដូច​​ជា​ទំនាក់ទំនង​ក្រមសីលធម៌​ការ​ងារ ភាពជា​អ្នកដឹកនាំ ការ​គ្រប់​​គ្រង​ពេលវេលា​និង​ផ្សេងៗ​ទៀត​»​។​

​ចំពោះ​សមតុល្យ​ជីវិត​ការងារ កញ្ញា​ពិតជា​មានការ​ត្រេកអរ​ណាស់​ដែលមាន​អ្នកគ្រប់គ្រង​តែងតែ​យកចិត្តទុកដាក់​លើ​ការ​ងារ​និង​សុខុមាលភាព​របស់​កញ្ញា​ផងដែរ​។ ថ្វីដ្បិតតែ​មាន​បន្ទុក​ការងារ​ធ្ងន់ និង​ពេលវេលា​កំណត់​ដ៏​តឹងរ៉ឹង​ក៏ដោយ ក៏​ក្រុម​​ការងារ​របស់​កញ្ញា​យកចិត្ត​ទុក​ដាក់​ចំពោះ​រូបនាង​ដោយ​ផ្ដោតលើ​សុខភាព​។ 

​យុវតី​ដែល​មកលេង​មាតុភូមិ​កំណើត​មួយរយៈ និង​ត្រៀម​បេសកកម្ម​ការងារ​នៅ Tesla ថ្ងៃទី​ ៥ កុម្ភៈ​និយាយថា​៖ «​នៅ Tesla មាន​ក្រុម​មួយ​ឈ្មោះថា Women in Tesla ដែលជា​ស្ត្រី​រួមគ្នា​ដើម្បី​រីកចម្រើន​ក៏ដូចជា ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​។ ខ្ញុំ​សង្ឃឹមថានឹង​ក្លាយជា​ផ្នែក​មួយ​នៃ​អង្គភាព​និង​ជួយ​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្ញុំ​អាចធ្វើ​បាន​»៕