​ភ្នំពេញៈ យុទ្ធនាការ​ធ្វើតេស្ត​រក​សារ​​ធាតុ​ញៀន​ក្នុងចំណោម​មន្ត្រី​កង​កម្លាំង​នគរបាលជាតិ​ដែល​នាំទៅដល់​ការបណ្ដេញចេញ​មន្ត្រីនគរបាល​មួយចំនួន​នាពេល​កន្លងមក គឺជា​ការបន្ត​ឆន្ទៈ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវធ្វើ​បន្ត​កុំឱ្យ​បញ្ហា​គ្រឿងញៀន​ក្លាយជា​ជំងឺមហារីក​កាន់តែ​ធ្ងន់​ទៅៗ នាំឱ្យ​​ប៉ះពាល់​ដល់​ប្រទេសជាតិ​ទាំងមូល នាំទុក្ខ​ដល់​ប្រជាជន​ទូទៅ​។ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ទូច​ សុ​ឃៈ ថ្លែងថា ដោយ​ផ្អែកលើ​អភិក្រម​របស់​នាយករ​ដ្ឋ​មន្ត្រី​អាណត្តិ​មុន គឺ​ចំណុច​ចុងក្រោយ​ដែល​ចែង​ពី​ការ​វះ​កាត់ ពោលគឺ​មន្ត្រី​ដែលមាន​បញ្ហា​មិន​ប្រក្រតី មាន​កំហុសឆ្គង​ទាក់ទង​នឹង បទល្មើស​ផ្សេងៗ​ជាពិសេស​ពាក់ព័ន្ធ​សារធាតុ​ញៀន គឺ​ត្រូវតែ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​។

​លោក​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​យុទ្ធនា​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បន្ថែមទៀត​ក្នុង​អាណត្តិ​ថ្មី​នេះ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​ដាក់ចេញ​នូវ​ទិសដៅ​អាទិភាព​ចំនួន​ ៦ ក្នុងនោះ​បញ្ហា​គ្រឿងញៀន គឺជា​ទិសដៅ​ទី​​១ ដែល​ក្រសួងមហាផ្ទៃ​ត្រូវតែ​គ្រប់គ្រង និង​ប្រឆាំង​ចំពោះ​បញ្ហា​នេះ​។​

​លោកថ្លែងថា​៖ «​តាម​គោលការណ៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី ដើម្បី​ឈានទៅដល់​ការប្រយុទ្ធប្រឆាំង​ជាមួយ​បទល្មើស​ផ្សេងៗ និង​បញ្ហា​មិន​ប្រក្រតី​នានា​ដែល​កើតឡើង​នៅក្នុង​សង្គម គឺ​ត្រូវ​ផ្តើមចេញពី​ការ​សម្អាតខ្លួន​ជាមុន ពោលគឺ​និយាយ​ពី​ការ​សម្អាតផ្ទះ ដែល​សំដៅ​ដល់​ការរក​ឱ្យឃើញ​មន្ត្រី​ធ្វើ​ខុស​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ ពិសេស​គឺ​គ្រឿងញៀន មូល​​ហេតុ​ទាំងអស់​នេះហើយ ដែលនាំឱ្យ​ឈានទៅដល់​ការបើក​យុទ្ធនា​ការណ៍ ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​ក្នុងចំណោម​កងកម្លាំង​នគរបាលជាតិ នៃ​ក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ពោលគឺ​ដើម្បី​ធ្វើយ៉ាងណា​កម្លាំង​អនុវត្ត​ច្បាប់ ត្រូវ​សម្អាតខ្លួន​ជាមុនសិន ទើប​ប្រសិទ្ធភាព​នៃ​ការអប់រំ​ណែនាំ តម្រង់ទិស​ដល់​មហា​ជន​ទូទៅ​មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​កា​រប​ង្ហ្រា​ប​បទល្មើស​គ្រឿងញៀន ផ្សេងៗ មាន​ប្រសិទ្ធភាព​»​។​

​លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា ការចាប់យក​សារធាតុ​ញៀន និង​បង្ក្រាប​គ្រឿង​​ញៀន​ក្នុង​ឆ្នាំ​ ២០២២ បាន​ប្រមាណ​ជិត ១៤​ តោន​។ ក្នុងពេល​ថ្មីៗ​កន្លងទៅនេះ សមត្ថកិច្ច​បាន​រឹបអូស និង​បង្ក្រាប​ករណី​គ្រឿងញៀន​ធំៗ​ចំនួន​ ២​ លើក រឹបអូស​បាន​ជិត ៣​ តោន​។ ការ​​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដើមឆ្នាំ​ ២០២៤​ នេះ គឺ​នៅ​ខេត្ត​ព្រះសីហនុ បង្ក្រាបបាន ​១,៥ ​តោន កាលពី​ថ្ងៃទី​ ២២ ខែមករា ដោយ​ចាប់បាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ​៥​ នាក់​។ ដោយ​ឡែក កាលពី​ថ្ងៃទី​ ២០ ខែមករា កង​រាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​បាន​រឹបអូស​គ្រឿងញៀន​ជាង ​១ ​តោន ដែល​ជនល្មើស​យកទៅ​ប្លុង​ចោល​ក្នុង​រថយន្ត​ ១ គ្រឿង នៅក្នុង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​លោក ណាត រតនា មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង និង​លោក ថុ​ន សុផាន់​ណា​រិ​ទ្ធ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បណ្តេញ​ចេញពី​ក្រប​ខ័​ណ្ឌ​មន្ត្រី​នគរបាលជាតិ កាលពី​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២៤ ព្រោះ​ល្មើស​វិន័យ​កងកម្លាំង​នគរបាលជាតិ​។ ក្រោយមក​នៅ​ថ្ងៃទី ​១៨ ខែមករា មាន​មន្ត្រីនគរបាល​ចំនួន ​៤ ​រូប​ទៀត មាន​តួនាទី​ជា​អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏ត្រូវ​បាន​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ​បាល​ជាតិ​ផងដែរ​។ ក្រៅពីនោះ នៅមាន​កងកម្លាំង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ​ជាច្រើន​ទៀត ត្រូវបាន​ដកហូត​មុខតំណែង ឋានន្តរស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ជា​បន្ត​បន្ទាប់​ពិសេស​គឺ​មន្ត្រី ដែល​ធ្វើតេស្ត​រកឃើញ​មាន​សារធាតុ​ញៀន​។​

​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ថ្លែងថា ចាប់ពី​អំឡុង​ខែតុលា ឆ្នាំ​ ២០២៣ រហូតដល់​ថ្ងៃទី ​២៩ ខែមករា ឆ្នាំ​ ២០២៤ មាន​កម្លាំង​នគរបាលជាតិ ប្រមាណ​ជិត ​១០០​ នាក់​ហើយ ត្រូវបាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ដើម្បី​ធ្វើការ​បោ​សម្អាត​មន្ត្រី​មិនល្អ​ចេញ​។ មន្ត្រី​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ទាំងនោះ មាន​មន្ត្រីនគរបាល​ជាតិប្រមាណ​ជិត​ ៥០ ​នាក់ ដែល​ធ្វើតេស្ត​ឃើញ​មាន​សារធាតុ​ញៀន ត្រូវបាន​ចាត់​នីតិវិធី​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ និងប្រមាណ​ជិត​ ៥០​ នាក់​ទៀត ពាក់ព័ន្ធ​បទល្មើស​វិន័យ​កម្លាំង​នគរបាលជាតិ ក៏​ត្រូវបាន​បណ្តេញចេញ​ពី​ក្របខ័ណ្ឌផងដែរ​។

ប្រភព​ដដែល​បានឱ្យដឹងថា អង្គភាព ដែល​បាន​អនុវត្តន៍​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន មាន​អគ្គ​ស្នង​ការ​នគរបាលជាតិ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ រួមទាំង​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​មួយចំនួនទៀត​បានចាប់ផ្តើម​ធ្វើ និង​បន្ត​ធ្វើជា​បន្តបន្ទាប់​។​

​លោក​ថ្លែងថា​៖ «​ក្រសួងមហាផ្ទៃ​នៅតែ​រំពឹងទុក​យ៉ាង​មុតមាំ​ថា កង​កម្លាំង​មន្ត្រី​នគរបាលជាតិ​ទាំងអស់​បន្ត​ចូលរួម​យ៉ាងសកម្ម ដូច​ពេល​កន្លងទៅ ហើយនឹង​បន្ត​គាំទ្រ​យុទ្ធនា​ការ​មួយ​នេះ ហើយ​ខ្ញុំ​គិតថា ធៀប​នឹង​លទ្ធផល ដែល​បាន​រកឃើញ​កន្លងទៅ ការរកឃើញ លើក​ក្រោយៗ​ទៀត​នេះ មិនមាន​ច្រើន​គួរឱ្យ​កត់​ស​ម្កាល់​ទេ​»​។

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី ​២១ ខែធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ការ​បោសសម្អាត​គ្រឿងញៀន​ចេញពី​កងកម្លាំង​ជា​រឿង​ដែល​ត្រូវធ្វើ​មុនគេ ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​គឺ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ហើយ​ការពិនិត្យ​រក​អ្នកពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ ក្នុងពេល​កន្លងមក​ក្រសួងការពារជាតិ​បានធ្វើ​ច្រើន​មកហើយ​។ កាល​នៅ​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​អំឡុង​ឆ្នាំ​ ២០១៩ លោក​ធ្លាប់បាន​បណ្តេញ​កងទ័ព​ដែល​ពាក់ព័ន្ធ​គ្រឿង​ញៀន​ចេញពី​ក្របខ័ណ្ឌ​ ៤៨​ នាក់ ដោយឡែក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកទៀត អគ្គបញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​ក៏បាន​បណ្តេញចេញ​ចំនួន ​៨០​ នាក់  ​រីឯ​នៅតាម​ភូមិភាគ​នានា​ក៏​ធ្លាប់បាន​ចុះហត្ថលេខា​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ជាច្រើន​ទៀត​។​

​លោក​ថ្លែងថា​៖ «​បើ​មិន​បន្សុទ្ធ​កង​កម្លាំងប្រដាប់អាវុធ ដែលជា​កម្លាំង​អនុវត្ត​ច្បាប់​យើង​ទេ យើង​ពិបាក​ហើយ​។ ចំពោះ​អ្នកជួញដូរ អាហ្នឹង​ត្រូវមាន​បញ្ញត្តិ​ដាច់ដោយឡែក ព្រោះ​ច្បាប់​របស់​យើង​អ្នក​ដែល​ប្រើប្រាស់​ចាត់ទុកជា​ជនរងគ្រោះ តាមពិត​ការងារ​នេះ​ខ្ញុំ​ធ្វើ​តាំងពី​នៅ​ជា​មេ​បញ្ជា​ការប្រឆាំង​ភេរវកម្ម នៅពេល​ដែលមាន​[​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​]​គឺ​យើង​កាត់ចេញ តែ​ពេលខ្លះ​យើង​អាណិត រុញ​ទៅ​មណ្ឌល​បន្សាប ដោយ​ចេញ​ថវិកា​ឱ្យ (​ព្រោះ​)​ អាណិត​ម៉ែឪ តែ​អត់​ឱ្យចូល​វិញ​ទេ​»​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ដាក់​បញ្ជា​ឱ្យ​បណ្តេញចេញ​មន្ត្រី​នគរ​បាល​រូប​ណា ដែល​ធ្វើតេស្ត​រកឃើញ​មាន​សារធាតុ​ញៀន​។ ការប្រកាស​បណ្តេញចេញ​យ៉ាង​ម៉ឺងម៉ាត់​នេះ​ធ្វើឡើង ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំង​មណ្ឌល​សំចត​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ ឆ្នាំ​ ២០២៣​។

ជាមួយគ្នា​នោះ​លោក​ក៏បាន ដាស់តឿន​ដល់​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ជា​មន្ត្រី​ស៊ីវិល ត្រូវ​ប្រញាប់​ដកខ្លួន​ចេញ រីឯ​អ្នកមាន​សារធាតុ​ញៀន​ត្រូវ​ប្រញាប់​ធ្វើការ​បន្សាប​ដោយ​ខ្លួនឯង ទោះបី​ការ​​អនុវត្ត​ចំពោះ​មន្ត្រី​ស៊ីវិល​មិនទាន់​កំណត់​ក៏ដោយ​។​

​លោក ទូច សុ​ឃៈ បញ្ជាក់ថា ការ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​នឹងត្រូវ​បន្តធ្វើ​ចំពោះ​មន្ត្រី​ស៊ីវិល ប៉ុន្តែ​កាល​​បរិច្ឆេទ​ចាប់ផ្តើម​នៅ​មិនទាន់មាន​ការកំណត់​នៅឡើយ រង់ចាំ​ដល់​ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​កម្លាំង​នគរបាល​បញ្ចប់ ជាមុនសិន​។  

​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យា​​ស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែងថា ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការពង្រឹង​មន្ត្រី ដែលមាន​សមត្ថកិច្ច​លើ​កិច្ច​​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ពិតជា​អាចធ្វើឱ្យ​យន្តការ​ទាំងឡាយ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ការធ្វើ​តេស្ត​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ការដកតំណែង​ចេញពី​ក្របខ័ណ្ឌ​គឺជា​រឿង​ចាំបាច់ ហើយ​ត្រូវ​បន្តធ្វើ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ហើយ​អ្នកពាក់ព័ន្ធ​ត្រូវដាក់​ទោស​ឱ្យ​ធ្ងន់​។  

​លោក​ថ្លែងថា​៖ «​មន្ត្រី​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន គួរតែមាន​ការដាក់ទោស​ឱ្យបាន​ធ្ងន់​តាមច្បាប់ ដើម្បី​កុំឱ្យ​ក្លាយជា​គំរូ​អាក្រក់​ដល់​សង្គម និង​ប៉ះពាល់​ដល់​មន្ត្រី​ផ្សេងទៀត​ដែល​ធ្វើ​ការងារ​ស្អាតស្អំ​»​។​ 

​លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេស​ចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​កម្លាំង​នគរបាលជាតិ ជា​រឿង​ល្អ ក្នុង​ការធ្វើ​បន្សុទ្ធកម្ម រកឱ្យឃើញ​កម្លាំង​ពិត ដែល​ត្រូវ​ទៅ​ប្រយុទ្ធប្រឆាំង​បញ្ហា​គ្រឿងញៀន​។ ការអនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន បើ​មាន​មន្ត្រី​អនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ​ទៅហើយនោះ ប្រៀបដូចជា ការប្រយុទ្ធ​ជាមួយ​សត្រូវ​ដោយមាន​រនុកក្នុង ដែល​ប្រាកដជា ធ្វើឱ្យ​ការប្រយុទ្ធ​ជួប​បរា​ជ័យ​មិន​ខាន​។  

​លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ការរក​ឃើញ​មន្ត្រី​មាន​ពាក់ព័ន្ធ​គ្រឿងញៀន មិនគួរ​ធ្វើការ​បញ្ចប់​ត្រឹម​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នោះឡើយ គួរ​ណាស់​តែ​បន្ត​ស្រាវជ្រាវ​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀតថា ​តើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងនោះ មានការ​ចូលរួម​ពាក់ព័ន្ធ​គ្រឿងញៀន​ដោយ​របៀប​ណា មាន​ខ្សែបណ្តាញ​យ៉ាងដូចម្តេច ហើយ​នៅទីណា​ខ្លះ មិនមែន​ត្រឹមតែ បន្ថយ​ឋានន្តរ​ស័​កិ្ត ឬក៏​បណ្តេញចេញ​ប៉ុណ្ណឹង​រួចខ្លួន​ទេ ត្រូវ​កសាង​សំណុំរឿង​ទៅ​តុលាការ​ហើយ ត្រូវ​ប្រមូល​ព័ត៌មាន​ពី​ពួកគាត់​ហ្នឹង​ដើម្បី​ទៅ​ស្រាវជ្រាវរ​កឫស រកគល់ រក​បណ្តាញ​ផ្សេងៗ​ទៀត បើសិនជា​គាត់​សហការ​អាច​បន្ធូរបន្ថយ​ទោស ប៉ុន្តែ​បើ​មិន​សហការ​ទេ​អាហ្នឹង​ទោស​កាន់តែ​ធ្ងន់ អ៊ីចឹងទៅ​»​។

​លោក ទូច សុ​ឃៈ ថ្លែងថា ការធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​ក្នុងចំណោម​មន្ត្រី​នេះ គឺជា​ការ​សម្អាតផ្ទះ មានន័យថា​អនុវត្តតាម​វិន័យ​កងកម្លាំង​នគរ​បាល​ជាតិ ពោលគឺ​បណ្តេញ​មន្ត្រី​កង​កម្លាំង​នគរបាល​ណា​ពាក់ព័ន្ធ​គ្រឿង​ញៀន​ចេញ ដើម្បីឱ្យ​ការអនុវត្ត​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ករណី​ពិនិត្យ​រកឃើញ​មាន​អ្នកពាក់ព័ន្ធ​ក្រុម​ជួញដូរ​គ្រឿងញៀន ទើប​មាន​ការចាត់​​ការ​តាម​នីតិវិធី​។​

​លោក​ថ្លែងថា​៖ «​លើកលែងតែ​យើង​ពិនិត្យ​ទៅហើយ ឃើញ​មាន​ជាប់​​ពាក់ព័ន្ធ​ពួកក្រុម​ជួញដូរ ចែកចាយ​គ្រឿងញៀន​ធំៗ​ហូរហែ​ទេ បាន​យើង​ចាត់​នីតិវិធី ឬក៏​ជាទូទៅ​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ​ហូរហែ​ទេ បាន​យើង​ចាត់​នីតិវិធី​ស្រាវជ្រាវ ហើយ​បញ្ជូនទៅ​តុលាការ តែ​បើសិនជា​ត្រឹមតែ​ប្រើប្រាស់ ធម្មតាៗ​ដូចដែល​យើង​រកឃើញ​កន្លងមក​នេះ​ទេ គឺ​អនុវត្ត​វិន័យ​គ្រួសារ​»៕