​បើទោះបីជា​បច្ចុប្បន្ន​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាន់តែ​ទំនើប​ហើយ​មាន​ព័ត៌មាន​ជាច្រើន​យ៉ាង​សម្បូរបែប​រួមទាំង ​Ebook (​សៀវភៅ​អេឡិចត្រូនិក​ ឬ Ereading) នៅលើ​បណ្តាញ​សង្គម​យ៉ាងណាក្តី ក៏​និន្នាការ​នៃ​ការអាន សៀវភៅបោះពុម្ព មិនបាន​ថយ​ចុះ​នោះដែរ ខណៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​នៅ​ថ្ងៃទី​ ១១​ ខែមីនា ​ដែលជា​ថ្ងៃកំណើត​របស់​សម្តេចព្រះ​សង្ឃរាជ​ជួន ណាត ដែលជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​។    

​ការ​វាយតម្លៃថា និន្នាការ​នៃ​ការ​អាន​សៀវភៅបោះពុម្ព​មិនបាន​ថយចុះ​នោះ គឺ​ផ្អែក​ទៅតាម​ការ​សង្កេត​តាមរយៈ​ការតាំងពិព័រណ៍​សៀវភៅបោះពុម្ព​កន្លងមក​រយៈ​​ពេល​ ៤​ ថ្ងៃ ដែលមាន​អ្នក​ចូល​ទិញ​សៀវភៅ​រហូតដល់​ជាង​ ២០ ម៉ឺន​នាក់ ភាគច្រើន​លើសលប់​ជា​យុវជន​។ នេះ​បើ​យោងតាម​អង្គការ​ស៊ី​ប៉ា ​(Sipar)​ នៅ​កម្ពុជា ដែលមាន​កម្មវិធី​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​អាន​សៀវភៅ​តាមរយៈ​ការបង្កើត​បណ្ណាល័យ​ចល័ត​។      

​យុវជន​ ហុង សេរី​ហ្វុ​ង ជា​និស្សិត​ឆ្នាំ​ទី​៤​ រៀន​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ​(DMC)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផងដែរ​ដែល​បានឱ្យដឹងថា បើ​និយាយ​ពី​ចំណូល​ចិត្ត គឺ​ប្អូន​ចូលចិត្ត​អាន​ទាំង​ ២ ​ប្រភេទ​ទាំង​សៀវភៅបោះពុម្ព និង​តាម​អន​ឡាញ​ (Ebook​ សៀវ​​ភៅ​អេឡិចត្រូនិក​ឬ Ereading)​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​ជា​សម័យ​ឌីជីថល អ៊ីចឹង​ភាគច្រើន​ដែល​អាន​គឺជា​សៀវភៅ​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា pdf ឬក៏​ជា ebook ព្រោះ​សៀវភៅបោះពុម្ព​មានការ​ពិបាក​យកតាម​ខ្លួន​។ មូលហេតុ​ដែល​លោក​ជ្រើសរើស​ការអាន​តាម​ទូរស័ព្ទ​ដោយសារ​សៀវភៅ​ដាក់​ក្នុង​ទូរស័ព្ទ វា​ឥតគិតថ្លៃ​ហើយ​លោក​អាច​ដោ​ន​លោត​ពី​អ៊ី​ន​ធឺ​ណិ​ត​មិន​អស់​លុយ​ទៀត​។ ម្យ៉ាង​បើ​លោក​ចង់​អាន​សៀវភៅ​បោះ​ពុម្ព​គឺ​ត្រូវ​ចំណាយលុយ​ទិញ​ទើប​បានតែ​កាលពី​លោក​នៅ​រៀន​វិទ្យាល័យ​លោក​អាន​តែ​សៀវ​ភៅ​បោះពុម្ព​ទេ​។        

​យុវជន​សេរី​ហ្វុ​ង​ប្រាប់ថា​៖ «​សម្រាប់​ខ្ញុំ​ទោះយ៉ាងណា ខ្ញុំ​មិន​បោះបង់​សៀវភៅបោះពុម្ព​ចោល​ដែរ បើ​ខ្ញុំ​អាច​ខ្ញុំ​នឹង​ទិញ​សៀវភៅបោះពុម្ព​អាន​វិញ ព្រោះ​សៀវភៅបោះពុម្ព នៅពេល​យើង​អាន​វា​មិន​ប៉ះពាល់​ដល់​ភ្នែក​ទេ​។ បើ​អាន​អេក្រង់​ទូរស័ព្ទ​មាន​ពន្លឺ​ធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​ភ្នែក​យើង​»​។​

​ចំពោះ​និន្នាការ​នៃ​ការអាន​វា​ហាក់ដូចជា​ផ្ទុយ​ពី​ការលើកឡើង​របស់​យុវជន​ខាងលើ​ព្រោះ​សម្រាប់​យុវ​និស្សិត​ដួង មុនី​ដែល​បច្ចុប្បន្ន កំពុង​សិក្សា​នៅ​សាកល​​វិទ្យាល័យ​ក្រុង​ក្រចេះ​ឆ្នាំ​ទី​៤ លើ​មុខជំនាញ​ការពារ​ដំណាំ​និង​បច្ចេកវិទ្យា​ប្រមូល​ផល​ប្រាប់ថា ចំពោះ​លោក​ផ្ទាល់​ចូលចិត្ត​អាន​តាម​សៀវភៅបោះពុម្ព​ជាជាង​អាន​ក្នុង​ទូរស័ព្ទ​។ ដោយសារតែ​ការអាន​សៀវភៅ​បោះ​ពុ​ម្ភ មាន​លក្ខ​ណ​:​ងាយស្រួល​ជាង​ព្រោះ​មាន​ទំហំ​អក្សរ​ធំៗ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​ហើយ​អាន​សៀវភៅបោះពុម្ព​មិន​ធ្វើឱ្យ​ស្ពឹក​ស្រពន់​ដូច​អាន​តាម​ទូរស័ព្ទ​ឡើយ​បើ​ទោះ​គ្មាន​អ៊ីន​ធឺ​ណិ​ត​ក៏​នៅតែ​អាន​បានដែរ​។ 

​យុវ​និស្សិត​អាយុ​ ២០​ ឆ្នាំ​រូបនេះ​បញ្ជាក់ថា​៖ «​ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅបោះពុម្ព​ព្រោះ​ចៀសវាង​ពី​ការប៉ះពាល់​វិទ្យុសកម្ម​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ផង​។ អាន​សៀវភៅ​គឺ​ផ្តល់​ផលប្រយោជន៍​ទទួលបាន​ចំណេះដឹង​នានា​ពី​សៀវភៅ​។ ចេះ​ពាក្យថ្មីៗ​ជាច្រើន​ស្វែងយល់​ពី​បញ្ហា​មួយចំនួន​តាម​ការបង្ហាញ​ឡើង​តាមរយ​:​អ្នក​និពន្ធ​។ ជួយ​បង្កើន​គុណភាព​ការអាន​របស់​អ្នកអាន ព្រោះ​ការអាន​មាន​ប្រយោជន៍​ច្រើន​ចំពោះ​មនុស្ស​គ្រប់​វ័យ​»​។​

សិស្សានុសិស្សកំពុងអង្គុយអានសៀវភៅ។ រូបថត ហ្វេសប៊ុក

​កាលពី​រវាង​ ១០ ​ឆ្នាំមុន មានការ​កើនឡើង​ជាស​កល​នៃ​ការអាន​ (ebook)​ ដូចជា​នៅ​ប្រទេស​អឺរ៉ុប នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​ជឿនលឿន​ផ្សេងទៀត ដូចជា​ជប៉ុន​ក្តី​មានការ​កើនឡើង​ឆ្ពោះទៅរក​ការអាន ​(ebook)​ ច្រើន​។ ជា​ប្រវត្តិ​កន្លងមក សៀវ​ភៅ​ក្រដាស គឺមាន​តាំងពី​រាប់ពាន់​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ប្រហែល​ ១០​ ឆ្នាំកន្លងមក​នៅ​ប្រទេស​អាស៊ី ពិសេស​នៅ​ប្រទេស​ដែល​មិនសូវមាន​ការអភិវឌ្ឍ​គឺ​មិនសូវ​បាន​វិ​វ​ឌ្ឍ​សៀវភៅ ​(ebook)​ ច្រើន​ប៉ុន្មាន​ទេ មានតែ​ជប៉ុន​និង​កូរ៉េខាងត្បូង​ប៉ុណ្ណោះ​ដែល​អាច​វិ​វ​ឌ្ឍ​សៀវភៅ ​(ebook)​ ច្រើនតែ​ប​ច្ចុ​ប្បន្ន​នេះ​ការអាន ​(ebook)​ វា​បាន​ធ្លាក់ចុះ​មកវិញហើយ​។ នៅ​អឺរ៉ុប​នៅសល់​ពី​ ១០​ ទៅ​ ២០ ​ភាគរយ ខណៈ​នៅ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ពី​ ៦០ ​មក​នៅត្រឹម​ ៣០​ ទៅ​ ៤០​ ភាគរយ នៃ​ការអាន ​(ebook)​ ឯ​នៅ​ប្រទេស​ជប៉ុន ក៏​ប្រហាក់​ប្រហែល​ហ្នឹង​ដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ហុក​សុទ្ធ ប្រធាន​អង្គការ​ស៊ី​ប៉ា ដែលជា​អង្គការ​បង្កើត​បណ្ណាល័យ​
​ចល័ត​និង​បោះពុម្ព​សៀវភៅ​។​

​លោក ហុក សុទ្ធ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​អ៊ីចឹង​ការ​វិវឌ្ឍន៍​នេះ វា​ធ្លាក់ចុះ​មកវិញ​ដោយសារ​តែមាន​និន្នាការ​មួយ បណ្តុះ​នៃ​ការអាន​មែនទែន​នោះ គឺ​វា​ត្រឡប់​ទៅរក​សៀវភៅ​ក្រដាស​វិញ​។ ខ្ញុំ​បាន​ស្រាវជ្រាវ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ទេ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា ការអាន​សៀវភៅ​ក្រដាស​ចំពោះ​អត្ថបទ​វែងៗ​ចំពោះ​ខ្លឹម​សារសំខាន់ៗ​គឺមាន​លក្ខណៈ​រឹងមាំ​ជាង​ការអាន​តាម​ទូរស័ព្ទ​។ អ៊ីចឹង​ហើយ​បានជា​មនុស្ស​ត្រឡប់​ទៅរក​ការអាន​សៀវភៅ​ក្រដាស​វិញ​ច្រើនជាង​ពីមុន​»​។ 

​បើតាម​លោក​ ហុក សុទ្ធ តួនាទី​សៀវភៅ​ជា​ប្រពៃណី​ដែលជា​សៀវភៅ​ក្រដាស​នៅតែ​ផ្តល់​សារៈសំខាន់​នៅក្នុង​ការអប់រំ​ក៏​ដូច​ជា​ក្នុង​ការទទួល​ព័ត៌មាន​ផ្សេងៗ ទាំង​ការអាន ដើម្បី​អប់រំ​ទាំង​ការអាន​ដើម្បី​រៀនសូត្រ​និង​ការអាន​ដើម្បី​កម្សាន្ត​។ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា បាត់​តួនាទី​ទេវា​នៅមាន​តួនាទី​បន្ត​ជាមួយគ្នា​ហ្នឹង ដែល​បានន័យថា នៅលើ​កញ្ចក់​ទូរស័ព្ទ គេ​អាន​ខ្លឹមសារ​អ្វីៗ​ដែល​ខ្លី​ដែល​សង្ខេប​តិចតួច​បានតែ​បើ​អាន​ឱ្យ​វែងឆ្ងាយ​ក្បោះក្បាយ​នោះ​វា​នៅតែ​ចាញ់​ការអាន​តាម​សៀវភៅ​ដដែល​ទេ​។ សម្រាប់​យុវជន​ខ្មែរ​បច្ចុប្បន្ន​មានការ​ចាប់អារម្មណ៍​នៃ​ការអាន​សៀវភៅ​ច្រើនជាង​មុន តាមរយៈ​ការចូលរួម​ទស្សនា​ក្នុង​ពិព័រណ៍​សៀវភៅ ដោយ​ក្នុង​ខែធ្នូ​ឆ្នាំ ​២០២៣ ​ការតាំងពិព័រណ៍​រយៈ​ពេល​ ៤​ ថ្ងៃ​ មាន​អ្នក​ចូល​ទិញ​សៀវភៅ​ជាង​ ២០ ​ម៉ឺន​នាក់ ដែល​ភាគច្រើន​លើសលប់​ជា​យុវជន ដែល​លោក​គិតថា ពួកគាត់​ចាប់​អារម្មណ៍​លើ​ការអាន​សៀវភៅបោះពុម្ព​។ 

​លោក​ថា​៖ «​សៀវភៅ​ដែល​លក់​នៅក្នុង​ពិព័រណ៍​សៀវ​ភៅ​ហ្នឹង គឺជា​សៀវភៅ​ក្រដាស​មិនមែន​សៀវភៅ​ (ebook)​ ទេ​។ នៅមាន​សៀវភៅ ​(ebook)​ ដែរ តែ​ស្ទើរតែ​ ៩៩​ ភាគរយ​ហើយ​ដែល​ពួកគាត់​មាន​ទំនោរ​ទៅ​ទិញ​សៀវ​ភៅ​ក្រដាស​»​។ សៀវភៅ​ក្រដាស​នៅតែ​ជា​ប្រភព​ផ្តល់​ចំណេះដឹង​រឹងមាំ ដែល​មនុស្ស​ត្រូវការ​រីឯ ​(ereading ឬ​ebook)​ មិន​ជំនួស ដល់​ការប្រើប្រាស់​សៀវភៅ​ទេ​។​

​លោក​បន្តថា​៖ «​ប៉ុន្តែ​យើង​អាចដាក់​សៀវភៅ​ច្រើន​ក្បាល​ក្នុង​ទូរ​​ស័ព្ទ​គ្មាន​ទម្ងន់​ធ្ងន់​វា​មិន​ត្រូវការ​កន្លែង​ទូលាយ​វា​ក៏មាន​ប្រយោជន៍​ដែរ​ទាំង​ ២​ នេះ​វា​នៅតែ​ប្រជែង​គ្នា​គ្រាន់តែ​ថា ការអាន​សៀវភៅ​ក្រដាស​នៅតែមាន​សារៈសំខាន់​ផ្តល់​ការចេះដឹង​រឹងមាំ​ជាង​»​។​

បើតាម​លោក ​ហុក សុទ្ធ ពន្លឺ​ទូរស័ព្ទ​អាច​ប៉ះពាល់​ដល់​ភ្នែក​ពិសេស​ក្មេងៗ​ដែល​បច្ចុប្បន្ន​ខ្លះ​ពា​ក់វែន​តា​តាំងពី​នៅ​តូចៗ​ទៅហើយ​។ ភាគច្រើន​ក្មេងៗ​លេង​ហ្គេម​និង​មើល​វីដេអូ​តាម​ទូរស័ព្ទ​ដែល ១ ​ថ្ងៃៗ​នៅតែ​ពន្លឺ​កញ្ចក់​ទូរស័ព្ទ​ក៏​វា​អាចធ្វើឱ្យ​ឆាប់​ខូច​ភ្នែក​ដែរ​។ សម្រាប់​អង្គការ​ស៊ី​ប៉ា​ជួយ​ពង្រឹងស្មារតី​ក្នុង​ការអាន​ដែល​បង្កើត​ការបោះពុម្ព​សៀវភៅ​និង​បង្កើត​បណ្ណាល័យ​ចល័ត​សម្រាប់​សិស្ស​នៅតាម​សាលារៀន​។​

សិស្សានុសិស្សកំពុងអង្គុយអានសៀវភៅ។ រូបថត ហ្វេសប៊ុក

​ការអាន​បើទោះជា​មាន​ជម្រើស​ច្រើនក្តី​កត្តា​អាយុ​ក៏​ជា​បញ្ហា​មួយ​ដែរ​ដូច​លោកស្រី​ម៉ៅ សំណាង ជា​អ្នកនិពន្ធ​ទាំង​ភាពយន្ត​និង​និពន្ធ​សៀវភៅ និង​ជាម​ន្ត្រី​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​និពន្ធ​សៀវភៅ​រាប់រយ​ក្បាល​មកហើយ​នោះបាន​ប្រាប់ថា យុវជន​ជា​វ័យ​ដែល​អាន​សៀវភៅ​ច្រើនជាងគេ ខុសពី​ប៉ុន្មាន​ឆ្នាំមុន បើទោះជា​បច្ចុប្បន្ន​មាន​ទូរស័ព្ទ​ងាយស្រួល​ក្នុងការ​ស្វែងរក​សៀវភៅ​អេ​ឡិ​ក​ត្រូ​និក​ក៏ដោយ​។ ចំនួន​នេះ​គឺ​ភាគច្រើន​ជា​សិស្ស​និស្សិត​ហើយ​អ្នក​ស្រី​សង្កេត​តាមរយៈ​ការធ្វើ​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ចូលដល់​វ័យ​កណ្តាល​ចំនួន​នៃ​ការអាន​ថយចុះ​ទៅវិញ មូលហេតុ​ដោយសារ​គាត់​មានគូស្រករ​ត្រូវ​គិតគូរ​ពី​រឿង​សេដ្ឋ​កិច្ច​គ្រួសារ​វិញ​ម្តង​។​

​អ្នកស្រី​ថ្លែងថា​៖ «​បើ​គ្រាន់តែ​បើក​ទូរស័ព្ទ​មើលឃើញ​អាចឱ្យ​យើង​មើលឃើញ​ភ្លាមៗ​ក្តី តែ​សម្រាប់​ខ្ញុំ​សង្កេតឃើញថា យុវវ័យ​ផុលផុស​អាន​ច្រើន​។ នេះ​មិនមែន​ថា ខ្ញុំ​ជា​អ្នកនិពន្ធ​សៀវភៅ​ហើយ​ថា គេ​ចូលចិត្ត​អាន​តែ​សៀវភៅ​ខ្ញុំ​ទេ​តែ​ខ្ញុំ​ថា ចំនួន​អ្នកអាន​ច្រើន​គឺ​តាមរយៈ​ការតាំង​ពិ​ព័​ណ៍​សៀវ​ភៅ​ម្តងៗ​»​។​

​នៅ​ថ្ងៃទី ​១១ ​ខែមីនា​ឆ្នាំ​ ២០២៤ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ប្រារព្ធ​ទិវា​អំ​ណាន​ជាតិ​លើក​ទី ​៩​ ក្រោម​ប្រធានបទ​ «​អំ​ណាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ក្នុង​ជីវិត​»​។ បើតាម​​លោកស្រី​​ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អំ​ណាន​ជា​ធាតុ​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ ធនធានមនុស្ស​ឱ្យមាន​លក្ខណសម្បត្តិ​ពេញលេញ​ប្រកប​ដោយ​ភាព​រីកចម្រើន​គ្រប់ផ្នែក ដោយមាន​តុល្យភាព​រវាង​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា ចរិយា​សម្បទា កាយសម្បទា និង​មន​សិ​ការ​ស្នេហា​ជាតិ និង​មនុស្ស​ជាតិ​។ ក្នុង​ស្មារតី​នេះ រាជ​រដ្ឋា​​ភិ​បាល​បានសម្រេច​ជ្រើស​រើសយក​ថ្ងៃទី​ ១១ ខែមីនា ដែលជា​ថ្ងៃខែ​កំណើត​របស់​សម្តេចព្រះ​សង្ឃរាជ ជួន ណាត ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន​នេះ​ឡើង​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​រំឭក​ដល់​វីរភាព​របស់ សម្តេចព្រះសង្ឃរាជ​។ 

​លោកស្រី​ថ្លែងថា​៖ «​សម្តេចព្រះសង្ឃរាជ​បាន​ខិតខំ​តស៊ូ ពុះពារ​ការពារ​មរតក​វប្បធម៌​អក្សរសាស្ត្រ​ខ្មែរ​ពី​អាណានិគមនិយម​បារាំង​។ ទិវា​ជាតិ​អំ​ណាន ធ្វើឡើង​ក្នុង​គោលបំណង​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ សំដៅ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយ​​ធម៌​ខ្មែរ​»៕