ភ្នំពេញៈ ក្រសួងសុខាភិបាលបានបង្ហាញក្ដីបារម្ភពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បារីអេឡិកត្រូនិកនៅកម្ពុជា ខណៈដែលអង្គការក្នុងស្រុក ១ បានប៉ាន់ប្រមាណថា មានប្រហែល ៨៥ ភាគរយ ជាសិស្សដែលបាននិងកំពុងជក់បារីអេឡិចត្រូនិកនេះ។
ការព្រួយបារម្ភនេះ ក៏ស្របទៅនឹងមតិលើកឡើងរបស់អាជ្ញាធរមូលដ្ឋានខ្លះថា មានយុវជនមួយចំនួននៅតែប្រើប្រាស់បារីអេឡិចត្រូនិក ដែលករណីនេះមួយផ្នែកបណ្ដាលមកពីការផ្សព្វផ្សាយលក់តាមអនឡាញនៅតែបន្តកើតមានយ៉ាងផុសផុល។
ដូចទៅនឹងការលើកឡើងខាងលើដែរ យុវជនអាយុ ១៧ ឆ្នាំម្នាក់ ក្នុងចំណោមគ្នីគ្នាចំនួន ៣ នាក់ ដែលមានសក់ស្លូតលាបពណ៌ទង់ដែងដុះបាំងបាត់ស្លឹកត្រចៀក និងនៅផ្នែកខ្លះនៃដងខ្លួនមានរូបសាក់ផងនោះក៏ជាអ្នកជក់បារីអេឡិចត្រូនិកម្នាក់ដែរ។ ស៊ុម រ៉ា (ឈ្មោះហៅក្រៅ) ជាយុវជន កំព្រាម្តាយ (ឪពុកម្ដាយលែងលះគ្នា) និងជាកូនទី៥ ក្នុងចំណោមបងប្អូន ៦ នាក់ (ស្រីច្បង) ហើយរូបគេមិនបានចូលសាលារៀនឡើយ។
យុវជនដែលកំពុងរស់នៅជាមួយឪពុកក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រូបនេះ បានប្រាប់ថា កាលពីអាយុ ១៥ ឆ្នាំរូបគេបានសាកល្បងជក់បារីកញ្ចប់ធម្មតាក្នុង ១ ថ្ងៃ ១ ដើម ដោយលាក់បំបាំងមិនឱ្យឪពុកដឹងឡើយ។ក្រោយពីលួចរៀនជក់បារីបានតែ ១ ខែ រូបគេក៏ញៀនខ្លាំងឡើងៗ ហើយហ៊ានចំណាយលុយទិញបារីជក់រហូតដល់ ៤ កញ្ចប់ ក្នុង ១ ខែ ខណៈដែលនៅពេលនោះខ្លួនគេគ្មានការងារធ្វើ និងគ្មានលទ្ធភាពដើម្បីរកលុយបានដោយខ្លួនឯងផងនោះ។
ស៊ុមរ៉ា បានប្រាប់ថា៖ «មុនដំបូង ខ្ញុំរៀនជក់បារីធម្មតាជាមួយមិត្តភក្តិខ្ញុំធម្មតាៗទេ ហើយខ្ញុំក៏មិនដែលគិតថាវាធ្វើឱ្យយើងញៀនដែរ។ តែពេលនេះខ្ញុំបែរជាញៀនបារីខ្លាំងរហូតខ្ញុំអត់វាលែងបាន ខ្ញុំមិនអាចរកលុយទិញបារីបានទេ ពេលនេះខ្ញុំទិញបារីអេឡិចត្រូនិកមកប្រើជំនួសបារីធម្មតាវិញ ម្យ៉ាងវាមានក្លិនក្រអូបផង។ពីមុនខ្ញុំលួចជក់មិនឱ្យឪពុកខ្ញុំដឹងទេ តែឥឡូវគាត់ដឹងពីការញៀនបារីរបស់ខ្ញុំហើយ»។
ទាក់ទងនឹងបារីអេឡិចត្រូនិកនេះ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយលើកឡើងថា កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្មនិងការប្រើប្រាស់បារីប្រភេទ (Ecigaratte) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផលអេចឈ៍ធីភី (HTP-Heated Tobacco Product) ដោយលើកហេតុផលថាផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនពីសារធាតុញៀនផ្សេងៗដែលមាននៅក្នុងបារីអេឡិចត្រូនិក ដូចជា ប្រភេទ E-cigs,Vape pens,Vapes ជាដើម។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពីឧបករណ៍សម្រាប់ជក់នឹងបញ្ចេញមកវិញនូវសារធាតុដែលមានគ្រោះថ្នាក់។ នីកូទីន (Nicotine) គឺជាភាគល្អិតៗដែលអាចស្រូបចូលក្នុងសួត។សារធាតុគីមីដែលមានក្លិនដូចជា Diacetyl (សារធាតុគីមីដែលដាក់ក្នុងចំណីអាហារ)ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរជាសារធាតុសរីរាង្គដែលងាយប៉ើងតាមខ្យល់ និងសារធាតុគីមីដែលអាចបណ្តាលឱ្យមានជំងឺមហារីក រួមនឹងក្រុមលោហៈធ្ងន់ដូចជានីកែល សំណប៉ាហាំង និងសំណជាដើម។
តាមរយៈសេចក្តីប្រកាសនេះបានឱ្យដឹងទៀតថា៖ «សារធាតុនីកូទីនអាចបណ្តាលឱ្យមានគ្រោះថ្នាក់ខ្លាំងដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ និងមានហានិភ័យដល់ការលូតលាស់ខួរក្បាល។ សារធាតុល្អិតៗដែលជ្រាបចូលដល់ក្នុងសួតអាចបណ្តាលឱ្យមានជំងឺមហារីកនិងប៉ះពាល់ដល់ការលូតលាស់ខួរក្បាល»។
កញ្ញា លី ស៊ីវម៉ី ជាស្មៀនសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឫស្សីកែវ បានថ្លែងថា កញ្ញាយល់ស្របតាមអ្វីដែលក្រសួងសុខាភិបាលបានប្រកាសហើយមិនថា បារីអេឡិចត្រូនិកឬជាបារីដើមធម្មតាទេ គឺវាមានផលប៉ះពាល់ដល់សុខភាពដូចគ្នា។ ប៉ុន្តែតាមអ្វីដែលកញ្ញាធ្លាប់បានឮពីអ្នកជក់គេថា ការជក់បារីអេឡិចត្រូនិកអាចកាត់បន្ថយការជក់បារីដើមធម្មតាបាន តែបើអាចហាមឃាត់មិនឱ្យមានការនាំចូលបារីអេឡិចត្រូនិកមកលក់គឺកាន់តែល្អ ព្រោះពេលខ្លះកញ្ញាក៏ធ្លាប់ឃើញយុវជនផ្តុំគ្នាជក់បារីអេឡិចត្រូនិកដែរ តែមិនមែនស្លៀកពាក់ជាសិស្សសាលាទេ។
កញ្ញាបានថ្លែងថា៖ «បារីអេឡិចត្រូនិកវាមិនដូចបារីដើមធម្មតាទេព្រោះបើយើងជក់បារីធម្មតា គឺវាឆេះហើយយើងលាក់ក៏ពិបាកដែរ។ តែបើបារីអេឡិចត្រូនិកពេលគាត់បឺតហើយគាត់អាចទុកក្នុងហោប៉ៅវិញបាន។អ៊ីចឹងយើងមិនសូវមើលឃើញជាក់ស្តែងទេថា គាត់ប្រើឬក៏មិនប្រើ តែបើតាមខ្ញុំឃើញជាក់ស្តែងក្មេងៗឥឡូវប្រើច្រើន ហើយនៅពេលបងៗប្រជាការពារដើរឃើញក៏ចេះតែណែនាំក្មេងៗទាំងនោះទៅ»។
ចំពោះកញ្ញា អ៊ួក ចាន់ធីដា ជានិស្សិតឆ្នាំទី៣ រៀននៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍បាននិយាយថា បើតាមមិត្តភក្តិដែលជក់បារីអេឡិចត្រូនិកធ្លាប់បានប្រាប់កញ្ញាថា ពួកគេប្រើប្រាស់បារីអេឡិចត្រូនិកនេះដើម្បីជំនួសឱ្យបារីមូរដើមធម្មតា។ ពួកគេយល់ថា ការជក់បារីអេឡិចត្រូនិកអាចផ្តាច់ពីការជក់បារីដើមធម្មតាបានហើយបារីអេឡិចត្រូនិកក៏ល្អជាងបារីធម្មតាដែរ ព្រោះវាមានច្រើនរសជាតិនិងមានក្លិនក្រអូប។
កញ្ញាបានបន្តថា សម្រាប់កញ្ញា ទោះជាបារីអេឡិចត្រូនិកឬក៏ជាបារីធម្មតាក្តីក៏វាមានផ្សែងដូចគ្នា ហើយពេលអ្នកជក់ស្រូបផ្សែងចូលក្នុងខ្លួន គឺវាបណ្តាលឱ្យខូចសុខភាពដូចតែគ្នាទេ។
កញ្ញាថ្លែងថា៖ «ខ្ញុំសង្កេតឃើញថាពេលខ្ញុំទៅណាទៅណីអ៊ីចឹងទៅភាគច្រើនខ្ញុំឃើញក្មេងៗសិស្សសាលាគាត់ចូលចិត្តអាហ្នឹង (Vape) មែនទែន។សូម្បីខ្ញុំទៅក្នុងរោងកុនអីហ្នឹងក៏ពួកគាត់យកវាទៅជក់ក្នុងរោងកុនដែរដែលធ្វើឱ្យខ្ញុំមានអារម្មណ៍អត់ស្រណុកក្នុងចិត្ត។ ដោយសារយើងជាយុវជនយើងមិនចង់ឃើញទង្វើបែបហ្នឹងទេព្រោះពួកគាត់ជាទំពាំងស្នងឫស្សី បើពួកគាត់ប្រើអាហ្នឹងទៅវាមិនល្អ ហើយខ្ញុំហាក់ដូចជាខកចិត្តនឹងប្រទេសជាតិខ្លួនឯងដែរ»។
ការផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនៃការប្រើប្រាស់បារីអេឡិចត្រូនិកនេះកន្លងមកក៏ត្រូវបានធ្វើនៅតាម អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។នេះជាការលើកឡើងរបស់លោក សៅ ចន្ថា នាយកវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
លោកនាយក សៅ ចន្ថា បានឱ្យដឹងថា សេចក្តីណែនាំស្តីពីផលប៉ះពាល់នៃការជក់បារីអេឡិចត្រូនិកនេះសម្រាប់នៅវិទ្យាល័យដែលលោកគ្រប់គ្រងតែងតែផ្សព្វផ្សាយជាប្រចាំតាមការណែនាំរបស់មន្ទីរក៏ដូចជាក្រសួងអប់រំ។ ចំពោះសិស្ស គឺសាលាបានកំណត់មិនឱ្យចេញទៅក្រៅសាលាក្នុងម៉ោងរៀនសូត្រទេ ហើយសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកឬបារីធម្មតានៅក្នុងបរិវេណសាលាគឺគ្មានឡើយ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា សាលាដទៃដូចខ្ញុំដែរទេ តែខ្ញុំគិតថាប្រហែលជាមិនខុសគ្នាទេ ពីព្រោះអីយើងមានការតាមដានសិស្ស មានការអប់រំជាប្រចាំ។ បើកាលណាមានក្រុមសិស្សដែលត្រូវតែតាមដានគាត់ យើងក៏តាមដានដែរ តែនៅពេលយើងតាមដានទៅគឺអត់ឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិកឬក៏បារីដើមមូរទេ»។
ស្រដៀងគ្នានេះដែរ ទាក់ទងនឹងការប្រើប្រាស់បារីអេឡិចត្រូនិកនេះសម្រាប់សង្កាត់ស្លាកែត ក្នុងក្រុងបាត់ដំបងក៏មានការប្រុងប្រយ័ត្ននិងចូលរួមពង្រឹងការផ្សព្វផ្សាយពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់បារីអេឡិចត្រូនិកដែរ។
លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានប្រាប់ដែរថា បញ្ហាអ្នកប្រើប្រាស់បារីអេឡិចត្រូនិក គឺកន្លងមកក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់បានឯកភាពគ្នាមិនឱ្យសិស្សប្រើប្រាស់ឡើយ។ ប៉ុន្តែបើឃើញត្រូវធ្វើការអប់រំណែនាំអំពីផលប៉ះពាល់សុខភាពដល់ពួកគេ។
លោកបានថ្លែងថា៖ «យើងគាំទ្របិទមិនឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិក ហើយយើងក៏មិនគាំទ្រការប្រើប្រាស់បារីធម្មតាដែរ។នៅក្នុងមូលដ្ឋានសង្កាត់ខ្ញុំពីមុនឃើញមានអ្នកជក់ខ្លះដែរ តែឥឡូវពុំមានទៀតទេ ដោយសារតែមានការណែនាំផ្សព្វផ្សាយតាមភូមិ»។
នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពាក់ព័ន្ធនឹងការហាមធ្វើអាជីវកម្ម ឬការលក់ដូរគ្រប់មធ្យោបាយនូវបារីអេឡិចត្រូនិកគឺខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានណែនាំដល់សមត្ថកិច្ចអនុវត្តច្បាប់រួចហើយ ហើយសមត្ថកិច្ចជំនាញក៏បានអនុវត្តទៅតាមសេចក្តីណែនាំនេះដែរ។ ក្នុងន័យនេះមិនមែនបានន័យថា ធ្វើការឃាត់ខ្លួននោះទេ។
លោកបានថ្លែងថា៖ «យើងអត់មានឃាត់ខ្លួនទេ តែយើងហាមឃាត់ធ្វើអាជីវកម្ម ហើយបើកាលណាគាត់នៅតែធ្វើអាជីវកម្មត្រូវដកផលិតផលនោះ។បើកាលណាមានការនាំចូលមក ក៏ត្រូវដកផលិតផលបារីនោះហើយ»។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា បារីអេឡិចត្រូនិកត្រូវបានគេរចនាធ្វើឱ្យមានភាពទាក់ទាញដល់កុមារនិងយុវជន។ទាំងពណ៌ ទាំងរូបរាងរបស់វាគឺមានភាពស្រស់ស្អាត ហើយបារីមួយចំនួនមានរូបភាពជាតុក្កតាទៀតផង។ បារីអេឡិចត្រូនិកមានសារធាតុនីកូទីនហើយបើកុមារឬយុវជនញៀនហើយនោះ គាត់នឹងបន្តប្រើប្រាស់រហូតក្លាយជាអតិថិជនរបស់អ្នកលក់ជារៀងរហូត។
បារីអេឡិចត្រូនិកនេះត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ជាយូរមកហើយ តែបច្ចុប្បន្នមានកុមារ និងយុវជនបាននិងកំពុងប្រើប្រាស់ច្រើន ហើយក៏កំពុងបើកចំហផងដែរ។ មូលហេតុដោយសារមានអ្នកលក់តាមអនឡាញ ធ្វើឡើងជាចំហ ខណៈគណនីហ្វេសប៊ុក តិកតុក អ៊ីនស្ដាក្រាម តេឡេក្រាម ដែលបង្ហោះលក់នេះកំពុងមានការកើនឡើងពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។
យោងតាមការសិក្សាមួយរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជាដែលមិនមែនជាលក្ខណៈវិទ្យាសាស្ត្របានកត់សម្គាល់ឃើញថា អ្នកជក់បារីអេឡិចត្រូនិកភាគច្រើនមានវ័យក្រោម ២៩ ឆ្នាំចុះរហូតមកដល់ក្រោម ១៥ ឆ្នាំ ហើយភាគច្រើនលើសលប់គឺជាសិស្សសាលាដែលមានចំនួនប្រហែលជា ៨៥ ភាគរយ។
លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា តាមពិតទៅករណីនេះមានសេចក្តីណែនាំផ្សព្វផ្សាយជារឿយៗថា បើសមត្ថកិច្ចឃើញត្រូវតែណែនាំអ្នកជក់បារី Vape នោះ។ តែបើអ្នកជក់មានចំនួនច្រើនបែបហ្នឹង តើមាននរណាអាចតាមដានគាត់ថា ទៅជក់នៅកន្លែងណានោះ?ចំពោះការងារផ្សព្វផ្សាយវិញគឺអង្គការរបស់លោកតែងតែចូលរួមជាមួយក្រសួងអប់រំជាច្រើនលើកច្រើនសាមកហើយ នៅតាមសាលារៀននានា។
លោកបានថ្លែងថា៖ «យើងទទួលស្គាល់ថា ថ្វីដ្បិតតែការជក់បារីនៅក្នុងបរិវេណសាលាថយចុះគួរឱ្យមោទនៈមែន តែសិស្សនៅតែជក់ដដែល ព្រោះគាត់ចេញទៅជក់នៅខាងក្រៅសាលាដូចជា ហាងកាហ្វេ សួនសាធារណៈតាមផ្លូវថ្នល់ ពោលគឺទីកន្លែងណាក៏មានអ្នកជក់ដែរ ព្រោះវាងាយស្រួលក្នុងការកុម្ម៉ង់ដឹកតាមអនឡាញបាន។ដូច្នេះកាលណាគ្មានអ្នកផ្សាយលក់ ខ្ញុំគិតថា អ្នកទិញក៏ថយចុះដែរ ហើយក៏ត្រូវពង្រឹងការហាមនាំចូលផងដែរ»៕