​ភ្នំពេញៈ ផ្នែក​ឯកជន​មាន​សុ​ទិដ្ឋិ​និ​យម​ថា ការចូល​ជាធរ​មាននៃ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រម​ទាំង​វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ ដែល​បានរៀបចំ​នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ជួយ​ជំ​រុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជ​កម្ម អចលនទ្រព្យ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​​ ២ ឱ្យ​បោះជំហាន​ទៅមុខ​កាន់តែ​លឿន​។​

​បន្ទាប់ពី​បាន​ចំណាយពេល​ជួបចរចា និង​ពិភាក្សាគ្នា​លើកដំបូង​កាលពី​ខែ​​តុលា ឆ្នាំ ​២០២២ នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​បាន​ប្តូរ​មក​រាជធានី​ភ្នំពេញ ទៅវិញ​ទៅ​​មកជា​ច្រើនលើក កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រូវបាន​ចុះ​ហត្ថ​លេខា​ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ​២០២៣ និង​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ​២០២៤​។​

​ក្នុង​គោលបំណង​ដើម្បី​ប្រកាស​អំពី​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ ក៏ដូចជា​ការពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ឱ្យ​កាន់តែ​ប្រសើរ កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ ​២០២៤ នៅ​មណ្ឌល​​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អា​ប៊ុ​យ​ដា​ប៊ី មាន​រៀបចំ​វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម លើក​ទី​ ៣ ដែលមាន​ការអញ្ជើញ​ចូល​រួម​ពី លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា និង​លោក Ahmed bin Ali Al Sayegh រដ្ឋមន្ត្រី​ក្រសួងការបរទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​សភាពាណិជ្ជកម្ម និង​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​ជាច្រើន​នៃ​ប្រទេស​ទាំង​ ២​។​

​វេទិកា​ធុរកិច្ច និង​វិនិយោគ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជំ​រុញឱ្យ​វិនិយោគិន​ប្រទេស​ទាំង ​២ សម្លឹង​ឃើញ​ឱកាស​ទៅវិញទៅមក​

​ស្ថាបនិក និង​ជា​ម្ចាស់​ក្រុមហ៊ុន Keller Williams Cambodia និង​ក្រុមហ៊ុន Khmer Real Estate លោក គីម ហ៊ាង ដែល​ទើប​ត្រឡប់​មកពី​ចូលរួម​ក្នុង​វេទិកា Cambodia-United Arab Emirate Business and Investment Forum បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៩ ខែកុម្ភៈ​ថា ក្នុងនាម​ជា​វិនិយោគិន​ខ្មែរ​ ១ ​រូប លោក​ពិតជា​មើលឃើញ​ពី​ឱកាស និង​អត្ថប្រយោជន៍​ជាច្រើន​ដែល​នឹង​កើត​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លើ​ពិភពលោក​។

លោក​បន្តថា កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ នឹងមាន​ឱកាស​ច្រើន​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រ​​តិ​ប​ត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម ដោយ​ផ្តើមចេញពី​វិស័យ​ទេសចរណ៍ ខណៈ​ពី​ ១ ​ឆ្នាំៗ​ទៅ​ ១ ​ឆ្នាំ ចំនួន​ប្រជាជន​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​ទេសចរ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មក​កម្ពុជា គឺមាន​ចំនួន​តិចតួច​ដោយសារតែ​កង្វះ​ការផ្សព្វផ្សាយ​។​

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខ្ញុំ​បាន​មើលឃើញ​ពី​ឱកាស​យ៉ាងច្រើន​ដែល​ប្រទេស​ទាំង ២ អាចធ្វើ​ជាមួយគ្នា ខណៈ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម រួមទាំង​ប្រទេស​នៅ​តំបន់​អារ៉ាប់​ក្បែរៗ​នោះ គឺ​សុទ្ធតែជា​ប្រទេស​អ្នកមាន និង​ជា​ប្រទេស​ដែលមាន​គោលនយោបាយ​វិនិយោគ​ដ៏​ល្អ និង​ទាក់ទាញ​បំផុត​»​។

លោក​បន្តថា​៖ «​ផ្អែកលើ​ស្ថានភាព​ទូទៅ​នៅ​ប្រទេស​​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខ្ញុំ​មើលឃើញថា ផលិតផល​កសិកម្មរ​បស់​កម្ពុជា​គឺមាន​ឱកាស​ច្រើន​ក្នុង​ការចាប់យក​ចំណែក​ទីផ្សារ​នៅ​ទីនោះ ដោយសារតែ​ផលិត​ផល​កសិកម្ម​កម្ពុ​ជាមាន​គុណភាព​ល្អ តម្លៃ​សមរម្យ ហើយ​តម្រូវការ​នៅ​ទីនោះ​ក៏មាន​ច្រើន​ដែរ​»​។​

​វិស័យ​អចលនទ្រព្យ​កម្ពុជា​អាច​រៀន​ពី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​

​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ និង​សំណង់ លោក គីម ហ៊ាង បាន​អះ​អាង​ថា ប្រទេស​នៅ​តំបន់​អារ៉ាប់ ​គឺមាន​ភាព​រីកចម្រើន​ខ្លាំង ហើយ​ទីផ្សារ​នៅក្នុង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺ​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យទៅ​វិ​និ​យោគ និង​ទិញ​ច្រើន​ផងដែរ​។

លោក​និយាយថា​៖ «​សូម្បីតែ​ក្នុង​ដំណើរ​ទៅ​​កាន់​ទីនោះ​ជា​លើក​ទី​១ ក៏​ខ្ញុំ​ចាប់​អា​​រ​ម្មណ៍​ចង់ទៅ​បើក​អាជីវកម្ម​នោះ​ទីនោះ​ដោយផ្ទាល់​ដែរ​»​។ ​​បើតាម​លោក គីម ហ៊ាង អារ៉ាប់​រួម​អេ​មី​រ៉ា​ត គឺជា​ទីផ្សារ​ឈានមុខ និង​មាន​ភាព​ឆ្លាត​វៃ​បំផុត​លើ​ពិភពលោក ហើយ​អត្រាពន្ធ​ភាគច្រើន​គឺ​សូន្យ​។​

​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ជួយ​ឱ្យ​កម្ពុ​ជាមាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ប្រទេស​ក្នុង​តំបន់​អារ៉ាប់​កាន់តែច្រើន ហើយ​អាច​ទទួលបាន​ការចូល​មក​បណ្តាក់ទុន​ពី​សំណាក់​វិនិយោគិន​អារ៉ាប់ ​(​ពិសេស​នៅក្នុង​វិស័យ​ប្រេង​ឧស្ម័ន និង​ថាមពល​)​។​

​លោក​និយាយថា​៖ «​ខ្ញុំ​មាន​សុ​ទិដ្ឋិ​និយម​ថា ទីផ្សារ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នឹង​ចូលរួមចំណែក​ច្រើន​ក្នុង​ការលើក​កម្ពស់​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា ជាពិសេស​ទំនិញ​កសិផល​ដែល​នៅ​អារ៉ាប់​ផលិត​មិនសូវ​បាន ប៉ុន្តែ​ការ​ផលិត​របស់​កម្ពុជា បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​»​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សក្តានុពល​ដែល​ប្រទេស​កម្ពុជា​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មានដូចជា ធន​ធាន​ប្រេង រ៉ែ និង​កសិកម្ម ផលិតកម្ម​សាច់សត្វ ដែលជា​ប្រភពធនធាន​វិនិយោគ​នៅ​កម្ពុជា ខណៈ​កម្ពុជា​បាន​សម្លឹង​ពី​វិសាលភាព​ដ៏​ធំធេង​នៃ​ទីផ្សារ​នាំចេញ​ផលិតផល​របស់ខ្លួន​ជាច្រើន​ដូចជា ផលិតផល​កសិកម្ម ផលិត​ផល​វាយ​ន​ភណ្ឌ និង​គ្រឿង​បង្គុំ​។​

​លោក​អះអាងថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹងមាន​អ្នកវិនិយោគ​ពី​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ជាច្រើន ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផលិត​នាំ​​ចេញទៅ​ទីនោះ​វិញ​។ ការបើក​ទីផ្សារ​ជាមួយ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម គឺ​ដូចជា​ការបើក​ច្រកទ្វារ​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​នោះដែរ ព្រោះ​ប្រទេស​ទាំងនោះ​ក៏មាន​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​ផងដែរ​»៕