​ភ្នំពេញ​: ក្នុងការ​លើកកម្ពស់​អក្សរសាស្ដ្រ​ជាតិ និង​តម្លៃ​នៃ​ស្នាដៃ​របស់​អ្នកនិពន្ធ​កម្ពុជា​ត្រៀម​ប្រារឰ​ទិវា​ជាតិ​អ្នកនិពន្ធ​ជា​លើកដំបូង​នៅ​ថ្ងៃទី ​៧ ខែធ្នូ ឆ្នាំ ​២០២៤ ជាការ​បង្កើត​សករាជ​ថ្មី​ សម្រាប់​អ្នក​ស្រឡាញ់​ការងារ​តែង​និពន្ធ​។​ទិវា​ជាតិ​អ្នកនិពន្ធ ដែល​ត្រូវ​បានអនុម័ត​ដោយ​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត មិនមែន​ត្រឹមតែ​ទិវា ​១ ​ថ្ងៃ​នៅលើ​ប្រតិទិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​និមិត្តរូប​នៃ​ការគោរព​និង​ទទួលស្គាល់​ថ្មី​សម្រាប់​ទេព​កោ​ស​ល្យ​អក្សរសាស្ត្រ​របស់​ប្រទេសជាតិ​។​

​នៅក្នុង​បន្ទប់​មួយ​ដែល​ជញ្ជាំង​ហ៊ុមព័ទ្ធ​ទៅដោយ​សៀវភៅ​នៅលើ​ធ្នើរ​ដ៏​ច្រើនសន្ធឹក​ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​ដែល​ឆ្លុះបញ្ចាំង​ពី​អាថ៌​កំបាំង​នៃ​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល លោក ឡឹ​ក​ ជំនោរ ជា​ប្រធាន​គណៈកម្មការ​បោះពុម្ពផ្សាយ​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ ជា​នាយក​គ្រប់គ្រង​គ្រឹះស្ថាន​បោះពុម្ព​ឯកសារ​ខ្មែរ​បានឱ្យដឹងថា​៖«​ទីបំផុត​យើង​ក៏មាន​ទិវា​ហើយ​!»​។​

​លោក​បាន​និយាយថា ក្នុងនាម​អ្នកនិពន្ធ ទិវា​នេះ​មានគុណ​តម្លៃ​ខ្ពស់ មានន័យថា អ្នកនិពន្ធ​មាន​ទិវា​ជាតិ​ដូច​បណ្ដា​ទិវា​ដទៃទៀត​។​លោក​បានឱ្យដឹងថា​៖«​ក្នុង​នាម​ជា​ប្រធានកិត្តិយស​សមា​​គម​អ្នកនិពន្ធ​ខ្មែរ សម្តេច​តេ​ជោ​បាន​ចង្អុល​ទៅ​ក្រសួង​ពាក់ព័ន្ធ​ឱ្យជួយ​គាំទ្រ និង​សហការ​ជា​​មួយ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដើម្បី​ស្នើសុំ​រាជរដ្ឋាភិបាល​បង្កើត​ទិវា​ដ៏​មាន​អត្ថន័យ​នេះ​។ ថ្ងៃនេះ​ក៏​ជា​សមិទ្ធផល​របស់​សមា​គម​អ្នកនិពន្ធ​ខ្មែរ​ដែរ​»​។​

​លោក​ថា ទិវា​នេះ​នឹង​រួមចំណែក​លើកកម្ពស់​ការ​សរសេរ​និង​លើក​ទឹកចិត្ត​អ្នកនិពន្ធ​ឱ្យ​ចូលរួម​ក្នុងការ​បង្កើត​ស្នាដៃ​ដោយ​ផ្អែកលើ​ចំណេះដឹង ជំនាញ បទពិសោធន៍ និង​ការបោះពុម្ពផ្សាយ​ដល់​សា​​ធារ​ណ​ជន​ទូទៅ​ឱ្យ​បានល្អ​។​

​លោក ស៊ំ ម៉ាប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​សកម្ម​ភាពជាក់ស្ដែង គឺជា​សកម្មភាព​ដែល​គ្រោង​រួមគ្នា​រវាង​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា សមាគម​អ្នក​និពន្ធ​ក្នុង​ការរៀបចំ​ទិវា​ប្រចាំឆ្នាំ​ដើម្បី​ផ្ដល់​តម្លៃ​ឱ្យ​កាន់តែ​ខ្ពស់​ដល់​អ្នក​ពិ​ន្ធ​ហើយ​និង​ជំរុញ​លើក​ទឹក​ចិ​ត្ដ​យុវជន​ក្នុងការ​ចូលរួម​តែង​​និពន្ធ ដូចជា ផ្សព្វផ្សាយ​អក្សរ​សាស្ដ្រ​ជាតិ​ផងដែរ​»​។​

​លោក​បាន​ពន្យល់ថា ខែធ្នូ មាន​ទិវា​ជាតិ​ និង​ការប្រារឰ​កម្មវិធី​ជាច្រើន រួមទាំង​ការប្រឡង​អក្សរ​សិល្ប៍​ឥន្ទ្រ​ទេវី​សម្រាប់​រឿង​ខ្លី និង​កំណាព្យ ទិវា​អំ​ណាន​ជាតិ និង​ពិព័រណ៍​សៀវភៅ​ ដែល​ធ្វើឡើងក្នុង​ទីវាល​ចំហ​ ដើម្បី​បញ្ចៀស​ភ្លៀង​។ ​លោក​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​មូលហេតុ​មួយ​ធំ​ទៀត ពេល​សម្ដេច​តេ​ជោ លោក​មាន​ជំនួប​ជាមួយ​សមាគម​អ្នក​និពន្ធ បានផ្ដល់​អនុសាសន៍ ដែល​គួរតែ​ជ្រើសរើស​ពេលវេលា​នេះ ដែល​គ្មាន​ភ្លៀង​និង​អាកាសធាតុ​ត្រជាក់​ដែល​ស័ក្ដិសម​ក្នុងការ​​ប្រារឰ​ពិធី​នេះ​»​។​

​ទស្សនៈ​គាំទ្រ​ទិវា​ជាតិ​អ្នកនិពន្ធ​លោក ​កុក ​រស់ ប្រធាន​នាយក​ដ្ឋា​ន​សៀវភៅ និង​ការអាន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ទាក់ទង​នឹង​ចំណាប់​​អារម្មណ៍​និង​ការរំពឹងទុក​ជុំវិញ​ទិវា​ជាតិ​អ្នកនិពន្ធ​នេះ​។​

​លោក​បាន​និយាយថា​៖ «​ទិវា​​ជាតិ​អ្នកនិពន្ធ បង្ហាញ​ពី​ការគិត​គូរ​និង​ការយកចិត្តទុកដាក់​ដែល​ផ្តល់ឱ្យ​យើង​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ក្នុង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​»​។​

​លោក​បានលើកឡើង​ពី​ការចូល​រួម​យ៉ាងសកម្ម​របស់​សាធារណ​ជន ជាពិសេស​យុវជន ​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នកថែរក្សា​អក្សរសិល្ប៍​នាពេល​អនាគត​។​ លោក​បាន​បន្ដថា​៖ «​មើលទៅ​ខាងមុខ យើង​មានការ​រំពឹងទុក​ខ្ពស់​ចំពោះ​ឥទ្ធិពល​នៃ​ទិវា​ជាតិ​អ្នក​និពន្ធ​។ ​យើង​សង្ឃឹមថា ​វា​នឹង​នាំទៅរក​ភាពជឿនលឿន​បន្ថែមទៀត​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​អក្សរ​សិល្ប៍ជាតិ​ក៏ដូចជា ការបង្កើត​ស្នាដៃ​និពន្ធ​អក្សរសាស្ត្រ​ប្រកប​​ដោយ​ភាព​ច្នៃប្រឌិត​»​។​

​អ្នកស្រី ហួត សុជាតា អ្នកនិពន្ធ និង​ជា​ស្ថាបនិក​គ្រឹះស្ថាន​បោះពុម្ព​អវតារ សម្តែង​ការដឹងគុណ​ចំពោះ​ការបង្កើត ​«​ទិវា​ជាតិ​អ្នក​​និពន្ធ​» ដោយ​ចាត់ទុក​វា​ជាការ​ទទួលស្គាល់​យ៉ាងសំខាន់​ដោយ​រដ្ឋាភិបាល​អំពី​សារៈសំខាន់​នៃ​ឧស្សាហកម្ម​បោះពុម្ព​។​

​អ្នកស្រីបាន​ថ្លែងថា​៖«​ក្នុងនាម​ជា​អ្នកនិពន្ធ និង​អ្នក​បោះពុម្ព​​ផ្សាយ ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបង្កើត «​ទិវា​ជាតិ​អ្នកនិពន្ធ​»​។ វា​ជា​ភ័ស្តុ​តាង​បញ្ជាក់ថា អាជីវ​កម្មនេះ​ត្រូវបាន​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​ដោយ​រដ្ឋាភិបាល​»​។​

​ព្រះ​បញ្ញាមុនី​ញាណ ហាក់​ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធសាសនា ​ដើម្បី​អប់រំ​នៃ​កម្ពុជា​និង​ជា​រាជាគណៈ​ថ្នាក់​កិត្តិ​យស គង់នៅ​វត្ត​កំផែង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង មាន​សង្ឃដីកា​ថា ការបង្កើត​ទិវា​ជាតិ​អ្នកនិពន្ធ​នេះ​ពិតជា​ល្អ​។​

​ជាទី​ប្រឹក្សា​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ព្រះតេជព្រះគុណ មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​តាម​ការយល់ឃើញ​រប​ស់អា​ត្មា វា​ពិតជា​ល្អ​ដែល​រដ្ឋាភិបាល​ផ្ដល់​តម្លៃ​និង​លើកកម្ពស់​ទៅដល់​អ្នកមាន​ស្នាដៃ អ្នក​ស្រឡាញ់​អក្សរសាស្ដ្រ វប្បធម៌​។ អាត្មា​មានតែ​ការអបអរសាទរ និង​គាំទ្រ​ការងារ​នេះ​ក៏ដូចជា លើក​ទឹក​ចិត្ដដ​ល់បង​ប្អូន​យើង​ខិតខំ​ប្រឹង​​ប្រែង​ផ្នែក​តែង​និពន្ធ​»​។​

​ទស្សនៈ​ទៅលើ​អ្នកនិពន្ធ​

​យ៉ាងណាក៏ដោយ ការបង្កើត​ទិវា​ជាតិ​អ្នកនិពន្ធ មិនមែន​គ្មាន​បញ្ហា​ប្រឈម​និង​ការវាយតម្លៃ​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ជុំវិញ​នោះទេ​។ ការព្រួយបារម្ភ​អំពី​កម្មសិទ្ធិបញ្ញា គុណភាព​នៃ​ការសរសេរ និង​ភាពត្រឹមត្រូវ​នៃ​អក្សរសាស្ត្រ បុគ្គល​មួយចំនួន​កំពុង​ទាមទារ​ឱ្យ​អ្នកនិពន្ធ​មានការ​យល់ដឹង​ច្បាស់លាស់​អំពី​សារៈសំខាន់​នៃ​ទិវា​នេះ​។​

​កញ្ញា អ៊ួ​ក ចាន់​ធី​ដា បាន​និយាយថា ក្នុងនាម​ជា​និស្សិត និង​អ្នកអាន​ម្នាក់ កញ្ញា​យល់ថា ការ​បង្កើត​ទិវា​ជាតិ​អ្នកនិពន្ធ​ជា​បុព្វ​​ហេតុ​ល្អ​ដោយបាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អ្នកនិពន្ធ​បង្កើន​ស្នាដៃ ជា​ពិ​សេស​ស្នាដៃ​ល្អៗ​ដ៏​ពិតប្រាកដ​និង​ការពារ​សិទ្ធិ​ស្នាដៃ​របស់​ពួកគេ​។​

​កញ្ញា ចាន់​ធី​ដា បាន​លើកឡើងថា​៖ «​ទិវា​ជាតិ​អ្នក​ពន្ធ​អាច​និ​មិ​ត្ដ​សញ្ញា​នៃ​កិច្ចការពារ​ស្នាដៃ​អ្នក​និពន្ធ​មាន​ពិសោធ​ប្រកបដោយ​គុណភាព​។ ប៉ុន្ដែ​អ្នកនិពន្ធ​ខ្លះ​វ័យ​​ក្មេង​ដោយ​មិនសូវមាន​បទ​ពិ​​សោធន៍​បាន​បង្កើត​កំហុស​ច្រើន​អក្ខរាវិរុទ្ធ និង​ការយល់ដឹង​នៅមានកម្រិត​»​។​

​កញ្ញាបាន​កត់សម្គាល់ថា អត្ថ​​ន័យ​សៀវភៅ​ខ្លះ​មាន​ភាព​ប្រហាក់​​ប្រហែល​ ដែលជា​កង្វល់​ចំពោះ​ច្បាប់​កម្មសិទ្ធិបញ្ញា​ការពារ​ស្នា​ដៃ​របស់​អ្នកនិពន្ធ​។​យុវតី​រូបនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​ពួកគាត់​យក​ស្នាដៃ​អ្នកនិពន្ធ​ផ្សេង​ទៅ​សរសេរ​ឡើងវិញ បង្កើតជា​ស្នាដៃ​ខ្លួនឯង ដោយ​មិនបាន​ផ្ដល់​ក្រេ​ឌិ​ត​អ្នកនិពន្ធ​ដើម​ដែលជា​ការធ្វើឱ្យ​បាក់​ទឹក​ចិត្ដដ​ល់​ម្ចាស់​ស្នាដៃ​»​។​

​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ដ្រា​ចា​រ្យ​ប្រ​វ​ត្ដិ​សាស្ដ្រ​បានឱ្យដឹងថា ការបង្កើត​ទិវា​ជាតិ​អ្នកនិពន្ធ គឺជា​ចំណុច​ល្អ​នៃ​ការបង្កើត​គំនិត​។​ប៉ុន្ដែ​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​វា​ត្រូវបាន​បង្កើត​ក្នុង​គោលបំណង​អ្វី​។ បើ​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​​បំណង​ពាណិជ្ជកម្ម នោះ​មានន័យថា ទិវា​នេះ​គ្រាន់តែ​ជា​ឱកាស​លក់​សៀវភៅ​ប៉ុណ្ណោះ​។​

​លោក​បាន​និយាយថា​៖ «​ទិវា​ជាតិ​អ្នកនិពន្ធ​សម្រាប់​ខ្ញុំ​មិនមែន​អ៊ីចឹង​ទេ​។ វា​ជាការ​ផ្ដើមឡើង​នៃ​គំនិត​បង្កើត​ភាព​ផ្ចិតផ្ចង់​នៃ​ការ​និពន្ធ​ដើម្បីឱ្យ​អ្នកនិពន្ធ​ក្លាយទៅជា​អ្នក​រួមចំណែក​ក្នុងការ​ស្ថាបនា​ប្រទេសជាតិ​លើ​ទម្រង់​ចំណេះដឹង​លើកស្ទួយ​សមត្ថភាព​អ្នក​ជំនា​ន់​ក្រោយ និង​មាន​ប្រត្យក្ស​​ភាព​ដែល​ប្រកបដោយ​សច្ចភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម វប្បធម៌ នយោបាយ​»​។​

​លោក មា​ណ្ណា​រ៉ា  ​បាន​បន្តថា អ្នកនិពន្ធ​ភាគច្រើន​នៅ​សម័យ​ទំនើប យក​ចិ​ត្ដ​ទុកដាក់​ភាគច្រើន​ទៅលើ​ពាណិជ្ជកម្ម ផល​សួនតួ និង​អ្វីដែល​ខ្លួន​អាចធ្វើ​បានជា​គន្លឹះ​ដើម្បី​ជីវិត មិនមែន​ដើម្បី​ផលប្រយោជន៍​សង្គម​ឬ​អនាគត​អ្នក​​ជំនាន់​ក្រោយ​នោះទេ​។​

​ចំពោះ​ការយក​ចិ​ត្ដ​ទុកដាក់​អ្នក​​និពន្ធ​សម័យបុរាណ ពាក្យពេចន៍​មួយ​ម៉ាត់ៗ ឬមួយ​ឃ្លាៗ សុទ្ធតែ​បង្កប់​នូវ​អត្ថន័យ​ដល់​អ្នក​ស្ដាប់​និង​អ្នកអាន​។ អ្នកនិពន្ធ​នៅ​សម័យ​ទំនើប​មាន​ចំណុច​ខ្វះខាត​ច្រើន ទាំង​ផ្ដល់នូវ​ទស្សនៈ​គំនិត​រហូតដល់​ទៅដល់​ការ​ផ្ដល់នូវ​អ្វី ដែល​កំហុស​នៃ​ការអប់រំ ពីព្រោះ​ពួកគេ​យក​មនោសញ្ចេតនា​ទៅ​ដាក់​ដោយ​មិនបាន​សិក្សា​តាម​វិទ្យាសាស្ដ្រ​នៅពេល​បង្កើត​តម្លៃ​នៃ​ស្មេរ​។ 

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​អ្នកនិពន្ធ​ល្អ ត្រូវ​បង្កលក្ខណៈ​ឱ្យ​អ្នកអាន​យល់ និង​អាច​ទទួលផល​ប្រសើរ​ជាង​អ្វីដែល​អ្នកនិពន្ធ​គិត​ទៅទៀត​។ លោក មា​ណ្ណា​រ៉ា  ​បានឱ្យដឹងថា អ្នកនិពន្ធ​សរសេរ​ប្រកបដោយ​ការប្រយ័ត្នប្រយែង​ដោយ​មិន​ប្រើពាក្យ​ពេចន៍​លួងលោម​មនុស្ស​ ក្នុងសង្គម​ឱ្យ​លង់លក់​ទៅនឹង​រឿមនោសញ្ចេតនា​ពេក​នោះទេ​ហើយក៏​មិនឱ្យ​អ្នកអាន​គិតតែ​ពី​រឿង​អតីត ភ្លេច​បច្ចុប្បន្ន និង​អនាគត ធ្លាក់​ទៅក្នុង​ភាព​លន្លង់លន្លោច​រហូត​ដល់​បង្ក​ជា​ជម្លោះ បង្កើត​វិបត្ដិ ស្នេហា ច្រណែនឈ្នានីស និង​មិន​តែ​ពី​រឿង​របស់​អ្នកដទៃ​។​

​លោក​លើកឡើងថា​៖«​ពេល​អ្នកនិពន្ធ​និយាយ​រឿង​ខ្មោច អ្នក​និពន្ធ​ខំប្រឹង​សម្ដែង​ទោះបី​នៅក្នុង​វោហារ ការសរសេរ ឬ​អត្ថបទ​ផ្សេងៗ តើ​ពួកគាត់​បានគិត​ថា តើ​វា​មាន​ឥទ្ធិពល​ធ្វើឱ្យ​មនុស្ស​ទាំងអស់នោះ​ក្លាយខ្លួនជា​អ្នក​លង់លក់​ជាមួយ​ជំនឿ​អរូបី ដែល​បាត់បង់​តម្លៃ​បច្ចេកទេស និង​វិទ្យាសាស្ដ្រ​»​។ ជាមួយ​តួនាទី​អត្ថបទ​របស់​អ្នកនិពន្ធ​ទាំង​នៅលើ​សៀវភៅ និង​រហូតដល់​បណ្ដាញ​សង្គម អ្នកនិពន្ធ​ធ្វើឱ្យ​អ្នកអាន​ក្លាយជា​មនុស្ស​អសកម្ម និង​ឈានដល់​ការ​មើលងាយ​សង្គម​ខ្លួនឯង និង​ខ្លួនឯង​។ លោក​បាន​បញ្ជាក់ថា​៖ «​ដោយ​អ្នកនិពន្ធ​មាន​តួនាទី​ជា​អ្នក​អប់រំ ស៊ូ​កុំ​អប់រំ ប្រសិនបើ​យើង​អប់រំ​ខុស​»​។​

​លោក ​កុក រស់ បាន​លើកឡើងថា​៖ «​នេះហើយ​គឺជា​អ្វី ដែល​យើង​ត្រូវ​គិតគូរ​និង​យកចិត្តទុកដាក់​បន្តទៅ​ទៀត​ប្អូន​»​។​អ្នកនិពន្ធ​ជា​អ្នកបង្កើត​ស្នាដៃ​អ្នកអាន​គឺជា​អ្នកវាយតម្លៃ​ស្នាដៃ ដូច្នេះ​ពេល​ឃើញ​ស្នាដៃ​គាត់​មិនមាន​សារៈ​សំខាន់​ដល់​សង្គម អ្នកអាន​ឈប់​ទិញ​អាន ឈប់​លើកទឹកចិត្ត​គាត់​នឹង​ឈប់​បង្កើត​ស្នាដៃ​បែប​នោះ​ទៀតហើយ​។​

​លោក​បន្ដថា អ្នកនិពន្ធ​គឺជា​អ្នក​បង្វិល​ចក្កវាឡ​។ ដូច្នេះ អ្នកនិពន្ធ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទៅតាម​ចំណូល​​ចិ​ត្ដ​។ ប៉ុន្ដែ​ប្រសិនបើ​អ្នកអាន អ្នកទស្សនា​មិន​ចាប់អារម្មណ៍ មិន​ពេញចិត្ដ នោះ​ទង្វើ​របស់​ពួកគេ​នឹង​សាបរលាប​ទៅវិញ​។ «​យើង​មិនអាច​ទៅ​ហាមឃាត់​ការ​តែង​និពន្ធ​របស់​ពួកគាត់​បានទេ​។ ប៉ុន្ដែ​យើង​អាច​តម្រែតម្រង់​គាត់​បាន​ខ្លះ តាមរយៈ​ការរៀបចំ​កម្មវិធី​បណ្ដុះ​បណ្ដាល សិក្ខាសាលា​ស្ដីពី​ការពង្រឹង​ស្នាដៃ​តែង​និពន្ធ​»​។​

​យ៉ាងណាមិញ លោក កុក រស់ បាន​លើកឡើងថា អ្នកនិពន្ធ​មួយ​ចំ​នួន​មិន​ចូលក្នុង​ក្រុម​សមាគម​ឬ​អង្គការ​របស់​អ្នកនិពន្ធ​នោះទេ​។ ពួកគេ​ចង់បាន​សេរីភាព ដោយ​យល់ថា អ្នកនិពន្ធ​ជា​អាជីព​សេរី និង​ឯករាជ្យ​។​

​ការអំពាវនាវ​ឱ្យមាន​ការទទួល​ស្គាល់ គាំទ្រ និង​ថែរក្សា​អក្សរ​សាស្ដ្រ​ជាតិ​លោក ជំនោរ បានឱ្យដឹងថា ដើម្បី​ក្លាយជា​អ្នកនិពន្ធ ក្រៅពី​យក​បទពិសោធ ​និង​ការស្រឡាញ់​មក​សរសេរ ពួកគេ​ជា​អ្នក​ដែល​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អ្នក​​និពន្ធ​។ បើជា​អ្នកនិពន្ធ​ច្បាស់​លាស់​នោះ ពួកគេ​នឹង​គិតថា​ទិវា​នេះ​មានតម្លៃ​សម្រាប់​ខ្លួនឯង​។  

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​អ្នកចម្លង​ស្នាដៃ​អ្នកដទៃ ប្រាកដ​ណាស់ នឹង​គ្មាន​ការ​គាំទ្រ​ទេ​។ សូមជម្រាបថា ស្នាដៃ​របស់​អ្នកនិពន្ធ មិន​ប្រាកដថា​សុទ្ធតែ​មានការ​គាំទ្រ​នោះទេ​។ ទោះបីជា​យ៉ាងណា ទិវា​នេះ​នឹងមាន​តម្លៃ​ចំពោះ​អ្នកនិពន្ធ​គ្រប់រូប ព្រោះ​ការបង្កើត​ទិវា​នេះ​ឡើង​គឺមាន​គោលបំណង​ផ្ដល់​តម្លៃ​ដល់​អ្នក​បង្កើត​ស្នាដៃ​នេះឯង​»​។  

​អ្នកស្រី សុជាតា បានបង្ហាញ​ក្តីសង្ឃឹម​ចំពោះ​គោលការណ៍​បន្ថែម​ដែល​ត្រូវអនុវត្ត​ទន្ទឹមនឹង​ការបង្កើត «​ទិវា​ជាតិ​អ្នកនិពន្ធ​» ជាពិសេស​វិធាន​ការដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​បោះពុម្ព ដូចជា​ការកែសម្រួល​ព​ន្ធ​នៅ​គ្រប់​ដំណាក់កាល​នៃ​ការផលិត និង​ការបោះ​ពុម្ព រួមទាំង​ក្រដាស និង​ការ​ចែកចាយ​។​

​អ្នកស្រី ជឿជាក់ថា វិធានការ​ទាំងនេះ​នឹង​បម្រើ​ដល់​ការលើក​ទឹកចិត្ត​អ្នកនិពន្ធ​ខ្មែរ​ឱ្យ​ផលិត​ស្នាដៃ​ច្នៃប្រឌិត​ថ្មីៗ​ជាមួយនឹង​ការផ្ដល់​រង្វាន់ ឬ​ការប្រកួត​​ប្រជែង​ដើម្បី​ជំរុញឱ្យមាន​ការ​ចូលរួម​របស់​ពួកគេ​។​

​អ្នកស្រី សុជាតា បញ្ជាក់ថា លក្ខណវិនិច្ឆ័យ​នៃ​ការទទួល​ស្គាល់​សមិទ្ធផល​ឬ​ការលើក​ទឹក​ចិត្ត​គួរ​ផ្អែកលើ​ «​គុណភាព​នៃ​ការសរសេរ​» ជាជាង​ការគិតគូរ​ផ្នែក​នយោបាយ​។​អ្នកនិពន្ធ​រូបនេះ បាន​ប្រាប់​ភ្នំ​​ពេញ​ប៉ុស្តិ៍​ថា​៖ «​តាមពិតទៅ​ការ​​បង្កើត​ទិវា​មួយ​គ្រាន់តែ​បង្កើត​ឱ្យបាន​ឈ្មោះ​ក៏​គ្មាន​ន័យ​អ្វី​ដែរ​។​គឺ​សកម្មភាព​ជុំវិញ​ «​ទិវា​» នេះ​ទេ​ដែល​សំខាន់ ហើយ​ខ្ញុំ​ក៏មាន​ចិត្ត​សោមនស្ស​រីករាយ​ជាមុន​ក្នុងការ​ទន្ទឹងរង់ចាំ​មើល​សក​ម្ម​ភាព​ជាក់​​ស្ដែង​ទាំង​នោះដែរ​»​។​

​យ៉ាងណាក៏ដោយ លោក​សាស្ត្រាចារ្យ មា​ណ្ណា​រ៉ា បានទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​នៅ​ខ្វះ​អ្នកអាន​ច្រើនសន្ធឹក​សន្ធាប់​។  ​ប៉ុន្ដែ​អ្នក​អប់រំ​មិនបាន​ផ្ដល់​គន្លឹះ​ដល់​អ្នកអាន និង​លើកទឹកចិត្ដដ​ល់​អ្នកអាន​ដោយ​មិនបាន​ជំ​រុញឱ្យ​អ្នកអាន​ប្រើប្រាស់​សំណុំ​ខួរក្បាល​ ១ ​គីឡូ ២​ ខាំ ដើម្បី​អនុវត្ដ​ដោះ​ស្រាយ​បញ្ហា​ដែល​បានទទួល​ពី​ការអាន​។​

​លោក​បាន​ពន្យល់ថា កាលពី​សតវត្សរ៍​ទី​ ២០ អ្នកអាន​បាន​នាំ​មនុស្ស​ឱ្យ​ធ្លាក់ចូល​រណ្ដៅ​មរណៈ សង្គ្រាម ការ​ប្រល័យ​គ្នា​ទៅវិញ​-​ទៅមក ភាពឃោរឃៅ ការ​ស្អប់ ស្រឡាញ់ ច្រណែនឈ្នានីស រហូតដល់​បច្ចុប្បន្ន​នៅក្នុង​បណ្ដាញ​សង្គម មានការ​ជេរ​ត្មះតិះដៀល​។​

​លោក មា​ណ្ណា​រ៉ា  ​បាន​ថ្លែងថា​៖ «​អ្នកនិពន្ធ​សម័យបុរាណ​មិនបាន​សរសេរ​ច្រើន តែ​បាន​ឆ្លាក់​ច្រើន​។ ពួកគាត់​បាន​ប្រាប់​អំពី​ដំណឹង ធនធាន គន្លឹះ​នៃ​សមត្ថ​ភាព​អ្នក​ជំនាន់​របស់​ពួកគាត់​ដែល​ហៅថា តថភាព និង​សច្ចភាព​។ ពួកគាត់​បង្ហាញ​ប្រាប់​នៅលើ​ផ្ទាំង​ថ្ម សរសេរ​ប្រាប់​អំពី​តម្លៃ​ដែល​បាន​កើតមានឡើង​ពិតប្រាកដ​សម្រាប់​អ្នកជំនាន់ក្រោយ​អាច​មើលឃើញ​ជាក់ស្ដែង​។ នោះ​ហើយ​ជា​អ្នកនិពន្ធ​មាន​បេះដូង​ពិតប្រាកដ​»​។​

​លោក​បានលើកឡើង​អំពី​អ្នក​​និពន្ធ​ក្រោយ​សម័យ​ឧដុង្គ គឺ​សម័យ​ព្រះបាទ​អង្គឌួង ដែល​ទ្រង់​បាន​យក​ចិ​ត្ដ​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​កិច្ច​ការនិពន្ធ​កំណាព្យ​ដើម្បីឱ្យ​មនុស្ស​រក​គន្លឹះ​សម្រាប់​ខ្លួនឯង ការបញ្ចេញមតិ ការផ្ដល់ឱ្យ​អ្នក​ដទៃ និង​ការបណ្ដុះបណ្ដាល ដើម្បី​បញ្ចៀស​វិបត្ដិ​នាពេល​អនាគត នៅពេល​ដឹងថា មានការ​បំផ្លាញ​ពី​ជាតិ​សាសន៍​ដទៃ​នៅក្បែរ​ខាង និង​អ្នក​គិតតែ​ពី​ប្រយោជន៍​ខ្លួន​។​

​លោក​បាន​បន្ថែមថា អ្នកនិពន្ធ​មាន​ឥទ្ធិពល​ល្អ និង​អាក្រក់ ដោយ​សៀវភៅ​មាន​រាប់លាន​ក្បាល​នៅតាម​បណ្ណាល័យ តែ​មិន​ប្រាកដថា អ្នកនិពន្ធ​ទាំងអស់នោះ បាន​បញ្ចេញ​ឱ្យ​អ្នកអាន​របស់ខ្លួន​ទទួលបាន​ផល​នោះទេ​។ ទីបំផុត អ្នកនិពន្ធ​ស្លាប់​សៀវភៅ​ក៏​លែងមាន​តម្លៃ​រហូតដល់​សម័យ​ប៉ុល ពត​។​

​លោក​បាន​និយាយថា​៖ «​សម័យ ៣​ ឆ្នាំ ៨ ​ខែ ២០ ​ថ្ងៃ អ្នកនិពន្ធ​គ្មាន​តម្លៃ​ទាល់តែសោះ ពីព្រោះ​សៀវភៅ​គ្មាន​តម្លៃ​សម្រាប់​ប​ណ្ណា​ល័យ និង​សម្រាប់​អ្នកអាន​។ សង្គ្រាម​បាន​បង្ក​ឱ្យ​មនុ​ស្សទាំង​អស់​យល់ដឹង​តែ​ពី​រឿង​ឈ្នះ និង​ចាញ់​។ ភាពក្រីក្រ​ធ្វើឱ្យ​មនុស្ស​គិតតែ​ជីវភាព​រស់នៅ​ដោយ​មិន​ខ្វល់ខ្វាយ​អំពី​អ្វី​ទៅជា​ការអាន ដែល​ផុស​ចេញពី​គំនិត​អ្នកនិពន្ធ​»​។​

​បើ​អ្នកអាន​ទទួលបាន​សមិទ្ធ​ផល​ពី​អ្នកនិពន្ធ អ្នកអាន​នឹង​ក្លាយជា​អ្នកនិពន្ធ​បន្ដវេន​។ អ្នកនិពន្ធ​អាចធ្វើឱ្យ​អ្នកអាន​ក្លាយជា​អ្នក​បន្ដវេន លុះត្រាតែ​អ្នកនិពន្ធ​បាន​បង្កើត​ឥទ្ធិពល​ច្បាស់លាស់​ទាំង​កំណាព្យ ទាំង​ការសរសេរ ទាំង​រឿងនិទាន​៕