ភ្នំពេញៈ ក្រសួងការពារជាតិបានព្រមានដល់មន្ត្រីលើករណីប្រើយានយន្តពាក់ផ្លាកលេខ ខ.ម បន្ទាប់ពីឃើញមានយានយន្តមួយចំនួនបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះក៏មានជនបរទេសប្រើយានយន្តពាក់ផ្លាកលេខ ខ.ម ផងដែរ ខណៈក្រសួងមហាផ្ទៃក៏បានក្រើនរំឭកមិនឱ្យមន្ត្រីនគរបាលជាតិប្រើផ្លាកលេខ ន.ប ខុសគោលការណ៍។
មុនមានការចេញសេចក្តីព្រមានរបស់ក្រសួងការពារជាតិនេះគេឃើញមានការបង្កគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នា ហើយរថយន្តបង្កសុទ្ធតែពាក់ផ្លាកលេខខ.ម ដែលហេតុការណ៍នេះបានកើតឡើងនៅខេត្តកណ្តាល និងខេត្តព្រះសីហនុ ហើយសុទ្ធតែជនបរទេសជាអ្នកបើកបរ។
ជាក់ស្តែងកាលពីថ្ងៃ ២២ កុម្ភៈ ឆ្នាំ ២០២៤ មានបុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក LEXUS GS300 ពណ៌ខ្មៅពាក់ផ្លាកលេខខេមរភូមិន្ទ 02 2-4572 ទៅប៉ះទង្គិចជាមួយរថយន្ត១ គ្រឿងទៀតនៅសង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីបង្កហេតុបុរសជនជាតិចិនម្នាក់នោះបានបើករថយន្តរត់គេចពីនគរបាលចរាចរណ៍តែត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់។
រីឯករណី ១ ទៀតកាលពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២៤ មានបុរសជនជាតិវៀតណាមម្នាក់បានបើកបររថយន្តម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ផ្លាកលេខខេមរភូមិន្ទ 01 2 1862 បុករះបណ្តាលឱ្យមនុស្សរបួសធ្ងន់ស្រាល ២៩ នាក់ នៅតាមផ្លូវជាតិលេខ ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលតែត្រូវបានឃាត់ខ្លួនភ្លាមៗ។
ដោយសារតែកើតមានករណីផ្ទួនៗគ្នានេះហើយទើបមានសេចក្តីជូនដំណឹងពីក្រសួងការពារជាតិចេញនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា ដោយសារស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញមានបាតុភាពមួយចំនួនធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ។ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនស័ក្ដិសមជាមន្ត្រីយោធាធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជនជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
ប្រភពដដែលបន្តថា៖ «អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញដោយមិនអនុញ្ញាតឱ្យជនស៊ីវិលឬជនបរទេសប្រើប្រាស់បានឡើយ។ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
ពាក់ព័ន្ធបញ្ហាដូចគ្នានេះ កន្លងមកតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាគេក៏សង្កេតឃើញមានភាពអវិជ្ជមានផងដែរនៅលើដងផ្លូវសាធារណៈនៃការប្រើផ្លាកលេខន.ប។ ពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លាកលេខ ន.ប នេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំពោះយានយន្តដែលពាក់ផ្លាកលេខន.ប ឬនគរបាលនេះបើធ្វើចរាចរណ៍ត្រឹមត្រូវតាមច្បាប់ទម្លាប់គឺក្រសួងមិនមានការហាមប្រាមទេ ពីព្រោះគេធ្វើចរាចរណ៍ ប្រើប្រាស់ឬក៏គ្រប់គ្រងស្របទៅតាមច្បាប់។
ករណីនេះក្រសួងមហាផ្ទៃក៏ត្រូវបែងចែកដែរគឺយានយន្តដែលពាក់ផ្លាកលេខន.ប អាចមាន ២ ដែល ទី ១ គឺជាទ្រព្យសម្បត្តិរបស់អង្គភាពឬក៏របស់ក្រសួង។ អ៊ីចឹងការប្រើប្រាស់គឺមិនអាចចេះតែប្រើប្រាស់រហេតរហូតបានទេ លុះត្រាតែមានភារកិច្ចឬក៏កាតព្វកិច្ចឬបេសកកម្មទើបអាចប្រើប្រាស់បាន ហើយអ្នកដែលប្រើប្រាស់ ចាត់ចែងទាល់តែអ្នកមានសិទ្ធិមានអំណាចដែលផ្តល់ដោយច្បាប់ត្រឹមត្រូវទើបអាចបម្រើក្នុងស្ថានភាពតួនាទីភារកិច្ចឬក៏បេសកកម្មបាន។
លោកបានបញ្ជាក់ថា ករណី ១ ទៀត ចំពោះយានយន្តដែលពាក់ផ្លាក ន.ប ដែរ តែវាមិនមែនជារបស់អង្គភាពឬរបស់ក្រសួង ពីព្រោះថា បច្ចុប្បន្នមានបុគ្គលឯកជនខ្លះ អាចពាក់ផ្លាកលេខ ន.ប បានដែរ លើយានយន្ត។ អ៊ីចឹងកម្មសិទ្ធិឯកជនរបស់គាត់ដែលគាត់បានស្នើសុំផ្លាកលេខអង្គភាពឬក៏ផ្លាកលេខន.បទៅប្រើប្រាស់ដែលជារឿងមួយផ្សេងទៀតដែលបុគ្គលអាចប្រើប្រាស់ទៅតាមសេរីភាពរបស់គាត់។ ប៉ុន្តែត្រូវគោរពក្រមសីលធម៌ជានគរបាល គោរពទៅតាមកងកម្លាំងនគរបាលជាតិ និងគោរពទៅតាមច្បាប់ដទៃទៀតដែលការប្រើប្រាស់នោះស្របច្បាប់។
លោកបានបញ្ជាក់ថា ចំពោះការលើកឡើងថា យានយន្តពាក់ផ្លាក ន.ប តើបុគ្គលដែលមិនមែនជាម្ចាស់កម្មសិទ្ធិហ្នឹងអាចបើកបរលើផ្លូវសាធារណៈបានឬអត់?ករណីនេះបានន័យថា យានយន្តមិនមែនជាកម្មសិទ្ធិរបស់រដ្ឋទេ ពោលគឺជាកម្មសិទ្ធិរបស់បុគ្គលឯកជន តែគាត់ស្នើសុំពាក់ផ្លាក ន.ប។ ករណីនេះបើនិយាយពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមខ្មែរ គឺការខ្ចីគ្នា ១ ពេលៗ វាចេះតែបានហើយតែបើកាលណាមានរឿងគឺត្រូវវែកញែក រកខុស រកត្រូវ រកការទទួលខុសត្រូវ រកសិទ្ធិ និងរកភាពជាម្ចាស់ហើយ។
អ៊ីចឹងជាស្មារតីរបស់វាបើកាលណាយានយន្តពាក់ផ្លាកន.ប លុះត្រាតែអ្នកនោះជាម្ចាស់យានយន្តហើយជាមន្ត្រីនគរបាលដែរ។ ហេតុដូច្នេះបើឱ្យបុគ្គលផ្សេងដែលមិនមែនជាម្ចាស់ ហើយគាត់ជាជនស៊ីវិលទៀត គឺវាមានការផ្ទុយគ្នាហើយ ហើយបើយកល្អម្ចាស់យានយន្តដែលពាក់ផ្លាក ន.ប ពុំគួរឱ្យអ្នកដទៃបើកបរទេ ពីព្រោះទី១ មិនមែនជាមន្ត្រីនគរបាលជាតិកុំឱ្យបើកបរ រីឯទី២ បើទោះជាសាច់ញាតិខ្លួនឯងក៏ដោយ ក៏កុំឱ្យបើកដែរ។
លោកបានបន្ថែមថា៖ «ក្នុងនោះក៏មានការលើកលែងខ្លះដែរក្នុងទិដ្ឋភាពបច្ចុប្បន្ននេះប្រសិនបើយានយន្តនោះពាក់ផ្លាក ន.ប ហើយម្ចាស់យានយន្តក៏ជានគរបាលតែគាត់មិនបើកបរខ្លួនឯងទេគាត់មានជំនួយការឬតៃកុង។ អ៊ីចឹងករណីនេះក៏មានការលើកលែងដែរបើតៃកុងរបស់គាត់ជាជនស៊ីវិលក៏អាចបើកបរឱ្យបានដែរក្នុងក្របខ័ណ្ឌបើកជូនគាត់ទៅធ្វើការឬក៏ទៅនេះទៅនោះគឺក្រសួងអាចលើកលែងបានខ្លះដែរ»។
ទោះយ៉ាងណា សម្រាប់ជនបរទេសបើយោងទៅតាមភាពជាប្រជាពលរដ្ឋពោលគឺសញ្ជាតិយោងតាមភាពជាមន្ត្រីរាជការដែលគាត់មិនមែនជាមន្ត្រីរាជការនៃអង្គភាពក្រសួងមហាផ្ទៃអ៊ីចឹងគាត់មិនអាចបើកបរយានយន្តមានពាក់ផ្លាក ន.ប ឬក៏អង្គភាពរដ្ឋណាមួយបានទេគឺវាប្រាសចាកអំពីគោលការណ៍ទាំង ២ ខាងលើ និងច្បាប់តែម្តង។ នេះបើតាមការអះអាងរបស់លោកទូច សុខៈ។
លោកបានបញ្ជាក់ថា៖ «ជាគោលការណ៍ទូទៅការទទួលខុសត្រូវគឺផ្អែកទៅលើអំពើប្រព្រឹត្តរបស់បុគ្គល។ មិនមែនមានន័យថាអង្គភាពរដ្ឋជាអ្នកទៅបើករថយន្តនាំឱ្យបុកគេបណ្តាលឱ្យមានគ្រោះថ្នាក់ឬក៏ខូចខាតទេ។ មានន័យថា អង្គភាពគ្រាន់តែផ្តល់ផ្លាកលេខ ន.ប ទៅតាមសំណូមពរដោយបំពេញតាមនីតិវិធីស្របតាមច្បាប់ប៉ុណ្ណោះ។ មិនមានន័យថា ជាយ័ន្ត ១ ថា យើងទៅប្រព្រឹត្តបទល្មើសឬក៏មានគ្រោះថ្នាក់ចរាចរណ៍ត្រូវរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឬក៏រដ្ឋប្បវេណីនោះទេ។ បើទោះជាយានយន្តរបស់អង្គភាពក៏ដោយទោះបីជារថយន្តផ្ទាល់ខ្លួនក៏ដោយគឺត្រូវទទួលខុសត្រូវទាំងព្រហ្មទណ្ឌទាំងរដ្ឋប្បវេណីដែលមិនមែនជាការទទួលខុសត្រូវរបស់អង្គភាពទេ»។
ពាក់ព័ន្ធយានយន្តពាក់ផ្លាកលេខ ន.ប នេះដែរកាលពីពេលថ្មីៗនេះលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានក្រើនរំឭកទៅដល់កងកម្លាំងនគរបាលជាតិមួយចំនួន ដែលប្រើប្រាស់ផ្លាកលេខន.បខុសរឿងផងដែរ។
លោកបានលើកឡើងថា បើតាមលោកស្នងការនគរបាលខេត្តព្រះស៊ីហនុប្រាប់លោកថា មានម៉ូតូពាក់ផ្លាកលេខន.បមួយចំនួនជិះទៅធ្វើការនៅកាស៊ីណូ ហើយពីមុនលោកក៏ធ្លាប់ឃើញផ្លាកលេខន.ប មួយចំនួនឈប់នៅមុខ KTV ដែរ។ អ៊ីចឹងបើរថយន្តនោះមានពាក់ផ្លាកលេខ ន.ប គឺមិនអាចឱ្យនរណាម្នាក់ខ្ចីបានទេ បុគ្គលណាគឺបុគ្គលនោះហើយ ហើយសូមឱ្យប្រើប្រាស់ឱ្យចំមុខ ឬចំនឹងជំនាញ។ ទន្ទឹមនឹងការលើកឡើងនេះដែរ លោកក៏ជំរុញឱ្យអគ្គស្នងការក៏ដូចជាស្នងការរាជធានីខេត្តទាំងអស់មេត្តាយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ន.ប។
លោកថ្លែងថា៖ «បើចាំបាច់ បើថាអ្នកឯងប្រព្រឹត្តខុសច្បាប់ហើយដកផ្លាកលេខនោះមកហើយឱ្យអ្នកឯងទៅបង់ពន្ធធ្វើម៉េចធ្វើទៅ ឱ្យប្អូនឱ្យក្មួយឱ្យចៅប្រើរថយន្តនោះចុះ។ តែក្នុងនាមផ្លាកលេខន.ប គឺបម្រើសមត្ថកិច្ច បម្រើអង្គភាពរបស់ខ្លួន។ឥឡូវនេះយើងឃើញថា បញ្ហានេះដូចមានការកើនឡើងបន្តិចតាមបណ្តាខេត្តដែលប្រើប្រាស់ខុសមធ្យោបាយ...។ ការយល់ដឹងច្បាប់ការយល់ដឹងពីការប្រើប្រាស់មធ្យោបាយផ្លាកលេខ ន.ប នេះវាមិនគួរឈឺក្បាលទៀតទេ»។
ជុំវិញករណីនេះលោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានលើកឡើងថា រថយន្តផ្លាកលេខ (ខ.ម) គឺប្រើប្រាស់បានតែមន្ត្រីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធដែលមានការអនុញ្ញាតពីក្រសួងការពារជាតិសម្រាប់បម្រើបេសកកម្ម និងការងាររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «រថយន្តផ្លាកលេខប្រភេទនេះមិនត្រូវអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់នោះទេ ព្រោះបើជនទាំងនោះប្រើប្រាស់បង្កគ្រោះថ្នាក់ចរាចរណ៍ឬប្រព្រឹត្តបទល្មើសអ្វីមួយគឺប៉ះពាល់កិត្តិយសដល់កងខេមរភូមិន្ទ ឬការប្រើប្រាស់ផ្លាករថយន្តប្រភេទនេះដោយសេរីក៏បង្កការរិះគន់នាំឱ្យប៉ះពាល់កិត្តិយសនៃកងខេមរភូមិន្ទដែរ។ ដូច្នេះក្រសួងការពារជាតិគួរចាត់វិធានការលើការប្រើប្រាស់ផ្លាករថយន្តខេមរភូមិន្ទឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ និងការរិះគន់ធ្វើឱ្យប៉ះពាល់ដល់កងខេមរភូមិន្ទ»៕