សៀមរាបៈ ការកែច្នៃស្រកីដូងធ្វើជាដីសម្រាប់បណ្តុះគ្រាប់ពូជដំណាំកសិកម្មរបស់បុរសកសិករម្នាក់នៅខេត្តសៀមរាប បានជួយសម្អាតបរិស្ថានក្នុងសហគមន៍ ហើយក្នុង ១ ខែៗ លោកអាចកែច្នៃស្រកីដូងធ្វើជាដីបណ្តុះបានចន្លោះពី ៣ ទៅ ៤ តោនសម្រាប់លក់ក្នុងតម្លៃទាបដល់កសិករ។
ដីបណ្តុះដែលកែច្នៃពីស្រកីដូងនេះ គឺកសិករអាចប្រើជំនួសដីធម្មតាបានដោយគ្រាប់ពូជបន្លែដែលដាំក្នុងដីនេះមានការដុះលូតលាស់ធំធាត់បានល្អជាងដីធម្មតា ហើយកូនដំណាំក៏មានជីវជាតិធន់នឹងជំងឺទៀតផង។នេះជាការលើកឡើងរបស់លោក ឡុង គាន ម្ចាស់សិប្បកម្មដីបណ្តុះព្រះដាក់។
លោក ឡុង គាន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា សិប្បកម្មដីបណ្តុះស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ដំបូងឡើយលោកប្រកបរបរដាំដំណាំជាលក្ខណៈគ្រួសារ និងប្រើជីគីមីទៅតាមទម្លាប់ប្រពៃណី រីឯដំណាំបន្លែក៏មិនបានធំធាត់ល្អដែរ។ ដោយសារតែលោកដាំដំណាំបន្លែយូរៗទៅមិនសូវទទួលបានផលលោកក៏ទិញដីបណ្តុះនៅក្នុងស្រុកដែលឈ្មួញបាននាំចូលពីប្រទេសថៃមកសាកល្បងម្តង។
នៅក្នុងល្បាយដីបណ្តុះនោះលោក ឡុង គាន បានប្រាប់ថា លោកឃើញមានលាយផ្សំដូចជា អាចម៍គោ ធ្បូងអង្កាម និងស្រកីដូង។បន្ទាប់មក លោកក៏ចាប់អារម្មណ៍គិតថានៅក្នុងភូមិក្បែរៗតំបន់ប្រាសាទអង្គរវត្តមានអ្នកលក់ដូងឱ្យភ្ញៀវច្រើនហើយក្រោយពីភ្ញៀវហូបទឹកដូងអស់ក៏បោះចោល ឬទុកជាគំនរគរដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងបង្កជាទឹកដក់បង្កើតមូស។
ដូចនេះ បើលោករើសយកមកកែច្នៃធ្វើជាដីបណ្តុះវាបានប្រយោជន៍ច្រើន ដែលទី១ មិនឱ្យមានមូសច្រើន និងទី២ អាចទាញចំណូលបានពីស្រកីដូងទៀតផង តែសម្រាប់ដំណើរការនេះក៏មានការជួយផ្នែកសម្ភារដាំដំណាំពីអង្គការអភិវឌ្ឍន៍ទឹក និងទីផ្សារជនបទ International Development Enterprises (iDE) ផងដែរ។
លោកបានបន្តថា ការងារនេះលោកបានចាប់ផ្តើមអាជីវកម្មអំឡុងឆ្នាំ ២០២០ ខណៈស្ថានភាពជំងឺកូវីដក៏កំពុងកើតមាននៅឡើយផងនោះ លោកក៏ចេះតែកែច្នៃធ្វើដីបណ្តុះបណ្តើរៗរហូតដល់ឆ្នាំ ២០២១ ក៏បានដំណើរការល្អ។បច្ចុប្បន្ននៅក្នុងរោងសិប្បកម្មរបស់លោកមានម៉ាស៊ីនសម្រាប់កិនស្រកីដូង ១ គ្រឿង និងម៉ាស៊ីនសម្រាប់លាយច្របល់បញ្ចូលគ្នា ១ គ្រឿង និងជួយដល់អ្នកភូមិបាន ៥ គ្រួសារដែរ ដែលបានមកធ្វើការនៅក្នុងសិប្បកម្មរបស់លោក។
បើតាមលោក ឡុងគាន កាលពីមុនលោកបានដើរប្រមូលស្រកីដូងនៅតាមភូមិ តាមសហគមន៍នៅជុំវិញប្រាសាទអង្គរវត្តដោយមិនចំណាយលុយឡើយ។តែសម្រាប់បច្ចុប្បន្នលោកទិញពីគេនៅតាមកន្លែងកោសដូង ក្នុងតម្លៃ ៤ ម៉ឺនរៀល សម្រាប់ស្រកីដូងទម្ងន់ ១០០ គីឡូក្រាម រីឯការផលិតវិញ គឺក្នុង ១ ខែៗសិប្បកម្មរបស់លោកអាចកែច្នៃដីបណ្តុះពីស្រកីដូងបានពី ៣ ទៅ ៤ តោន។ ចំពោះអតិថិជន និងកសិករដែលបានទិញដីបណ្ដុះពីលោកមាននៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែងជាដើម។ ចំពោះតម្លៃវិញ គឺទម្ងន់ ១២ គីឡូក្រាម ថ្លៃ ១២ ០០០ រៀល។
លោកបានប្រាប់ថា៖ «ខ្ញុំគិតថា ការធ្វើអាជីវកម្មរបស់ខ្ញុំនេះគឺខ្ញុំរើសសំណល់ពីគេបោះចោលហើយកែច្នៃជាវត្ថុមានប្រយោជន៍ឡើងវិញ។ ការងារនេះក៏ជួយដល់បរិស្ថានបាន ១ ផ្នែកដែរ ជាពិសេសជួយដល់កសិករក្នុងការធ្វើកសិកម្មផង។ ម្យ៉ាងទៀតយ៉ាងហោចណាស់ក៏ខ្ញុំបានជួយរួមចំណែកសម្អាតបរិស្ថាននៅជុំវិញតំបន់ប្រាសាទអង្គរ និងក្នុងសហគមន៍របស់ខ្ញុំដែរ»។
ដីបណ្តុះនេះ វាមានអត្ថប្រយោជន៍ច្រើនដែលជួយដល់ការបណ្តុះគ្រាប់ដំណាំបន្លែឱ្យឆាប់លូតលាស់បានល្អដែលធ្វើឱ្យកូនរុក្ខជាតិដំណាំវារឹងមាំ មានជីវជាតិចិញ្ចឹមដើមបានល្អ។ ដីបណ្តុះនេះមិនមែនជាជីទេ តែវាមានសារធាតុចិញ្ចឹមជាងជីគីមីទៅទៀត ហើយក្រៅពីយកទៅបណ្តុះគ្រាប់ក៏គេអាចយកទៅផ្សាំមែកឈើហូបផ្លែបានល្អដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីលោកឡុង គាន។
ពាក់ព័ន្ធនឹងការប្រើដីបណ្តុះនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ដីបណ្តុះនេះជាធម្មតាទេ ដែលកើតឡើងពីការផ្សំលាយគ្នាដែលមានប្រើជីធម្មជាតិបញ្ចូលគ្នាគឺវាធ្វើឱ្យដំណាំលូតលាស់បានល្អ និងមានកម្លាំង។ ក្នុងការបណ្តុះគ្រាប់ដំណាំបើគេដាក់ដីធម្មតាក៏វានៅតែដុះដែរ តែវាលូតលាស់មិនបានល្អដូចដីបណ្តុះដែលមានលាយលាមកគោ និងធ្យូងអង្កាម។
លោកបានបញ្ជាក់ថា៖ «បើនិយាយទៅមិនចាំបាច់តែភូមិមួយហ្នឹងទេ តែនៅកន្លែងមួយចំនួនទៀតក៏មានការកែច្នៃដីបណ្តុះនេះដែរនៅក្នុងខេត្តសៀមរាប គ្រាន់តែថានៅកន្លែងភូមិនោះសម្បូរស្រកីដូង ដោយសារតែមានកន្លែងលក់ដូង ឬទីកន្លែងលក់ដូរដែលប្រើប្រាស់ផ្លែដូងច្រើន»៕