​ភ្នំពេញ:​ នៅ​បរិវេណ​ផ្ទះបាយ​កុមារLes Restaurants des Enfants​ កុមារ​តូចៗ​ជា​ច្រើន​ឈរ​តម្រង់​ជួរ​រង់ចាំ​ទទួល​នំ​​អន្សម​ពី​លោក ង៉ូ​វ ឈី​វ អំឡុង​​ពេល​ប្រារឰ​ខួបកំណើត ៧៦ ​ឆ្នាំ​របស់លោក​។

​ជីវិត និង​ការងារ​របស់លោក ឈី​វ តំណាងឱ្យ​មរតក​ដ៏​គួរឱ្យកត់សម្គាល់​នៃ​ក្តីមេត្តា ភាព​ធន់ និង​ការប្តេជ្ញាចិត្ត​ចំពោះ​អនាគត​របស់​កុមារ​កម្ពុជា ដោយ​ធានាថា​ពួកគេ​មានឱកាស​រស់នៅ​ប្រកប​ដោយ​សុខ​ភាពល្អ ការអប់រំ​កាន់​​តែ​ច្រើន និង​ការរស់រាន​សុខដុម​។​

​កុមារ​ម្នាក់ៗ​រង់ចាំ​ដោយ​អត់ធ្មត់ បើកភ្នែក​ធំៗ​ដោយ​ក្តី​រំពឹង មិន​មែន​គ្រាន់តែ​ញ៉ាំ​បាយ​អាហារ និង​នំ​ឆ្ងាញ់​ជាប់ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការយកចិត្តទុកដាក់​ដែល​លោក ឈី​វ ផ្ដល់ឱ្យ​ពួកគេ​ថែមទៀត​។ ជាមួយ​បេសកកម្ម​លុប​បំបាត់​ភាពអត់ឃ្លាន​និង​ភាព​ល្ងង់​​ខ្លៅ បុរស​សក់ស​រូបនេះ បាន​ចំណាយពេល​ជាង ៣ ទសវត្សរ៍​ដើម្បី​ធានាថា​កុមារ​គ្រប់រូប​ដែល​ទៅដល់​ទីនោះ​ទទួល​អាហារ​ការអប់រំ និង​ឱកាស​ផ្សេងៗ​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​គោលបំណង​ធំ​ក្នុងការ​បង្កើត​ផ្ទះបាយ​កុមារ​នេះ គឺ​ចង់ឱ្យ​កុមារ​ដែល​ហូប​មិន​ឆ្អែត​បានទទួល​អាហារ​គ្រប់គ្រាន់ ហូប​ឆ្អែត ហើយ​កុមារ​អត់​បាន​ទៅ​រៀន បាន​ទៅ​រៀន​ទៀងទាត់​។ យើង​ចង់​ឱ្យគេ​ចេះ​អាន ចេះ​សរសេរ​។ កុំ​ឱ្យគេ​ឆ្លង​គ្រឿងញៀន​»​។​

​កញ្ញា តូច ស្រី​កែវ អាយុ ២១ ឆ្នាំ ជា​អតីត​កុមារ​ដែល​ខ្វះខាត​ខ្លាំង​មុនពេល​ស្គាល់​ផ្ទះបាយ​កុមារ ហើយ​យុវតី​រូបនេះ​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ​ក្នុង​ឆ្នាំ​ ២០១០ ជា​ឆ្នាំ​ដំបូង​នៃ​ការបើក​ដំណើរការ​ផ្ទះបាយ​កុមារ​។ ជីវភាព​គ្រួសារ​ជួប​ការលំបាក ដែល​គ្មាន​លទ្ធភាព​ចូលរៀន​កុមារ​ភាគច្រើន​ទៀត ហើយ​ពេលមកដល់​ផ្ទះបាយ​កុមារ ស្រី​កែវ មានឱកាស​បាន​ហូប បាន​លេង​ស្គាល់​សមាជិកគ្រួសារ​ផ្ទះបាយ​កុមារ​។

កញ្ញា​និយាយថា​៖ «​ខ្ញុំ​មាន​ភាពកក់ក្ដៅ ដែល​បាន​ជួប​បងៗ ជាពិសេស បាន​ជួប​លោកតា ង៉ូ​វ ឈី​វ ជា​ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ​។​ ​គាត់​បាន​ជួយ​ជ្រោមជ្រែង​ទាក់ទង​ការសិក្សា​ខ្ញុំ ក៏ដូចជា​ផ្ដល់​ស្បៀងអាហារ​ដល់​គ្រួសារ​ខ្ញុំ ទើប​ធ្វើឱ្យ​ខ្ញុំ​បាន​ធំធាត់ លូតលាស់​ល្អ​ដល់​សព្វថ្ងៃ​។ បច្ចុប្បន្ននេះ ខ្ញុំ​បន្ដ​ការសិក្សា​ដល់​ឆ្នាំ​ទី ៣ នៃ​សាកល​​វិទ្យាល័យ​ច្បាប់ ជាមួយ​មុខវិជ្ជា​ផ្នែក​ច្បាប់ និង​ឆ្លៀតពេល​ធ្វើការ​ផងដែរ​»​។

មុនពេល​ចេញទៅ​ធ្វើការ​កញ្ញា ស្រី​កែវ ចំណាយពេល​វេលា​ជួយ​កិច្ចការ​នៅ​អង្គការ​និង​ប្ដេជ្ញា​ចិ​ត្ដប​ន្ដ​ជួយ​អង្គការ​ជាការ​តបស្នង​នូវ​ទីកន្លែង​ដែល​ផ្ដល់​ស្បៀងអាហារ ចំណេះដឹង​ដល់​ខ្លួន​។ ជា​អ្នក​កាន់​គម្រោង​មួយ​នៃ​សាខា​ផ្ទះបាយ​កុមារ​ជ្រោយ​ចង្វារ ដោយ​ធ្វើការ​ជាមួយ​កុមារ ១២០ នាក់ យុវតី​រូបនេះ បាន​និយាយថា គម្រោង​នេះ​បានផ្ដល់​ស្បៀង និង​សម្ភារ​សិក្សា​ឱ្យ​កុមារ​ទាំងនោះ​ ១ ​សប្ដាហ៍​ម្ដង​។​

​យុវតី​រូបនេះ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ជីវិត​របស់ខ្ញុំ​បាន​ផ្ដាស់​ប្ដូរ​នៅពេល​ខ្ញុំ​បាន​ស្គាល់​ផ្ទះបាយ​កុមារ​។ ពីមុនមក ខ្ញុំ​មិនដែល​រំពឹងថា បាន​រៀន​ខ្ពង់ខ្ពស់​អី​ទេ ដោយ​សារ​យើង​អត់ យើង​គ្រាន់តែ​គិតថា ធ្វើ​ម៉េច​ឱ្យតែ​មាន​បាយ​ហូប​។ ប៉ុន្ដែ​ឥឡូវ យើង​អាចមាន​អាហារ​ហូប​គ្រប់គ្រាន់​ហើយក៏​អាចមាន​ឱកាស​ដល់​សព្វ​ថ្ងៃ​ក៏ដោយ​សារ​ផ្ទះបាយ​កុមារ​»​។​

​ក្រោយពី​រង​ការបំផ្លិចបំផ្លាញ​នៃ​របប​ ប៉ុល ពត ដំណើរ​ជីវិត​របស់លោក​ ឈី​វ ក្នុងនាម​ជា​អ្នក​អប់រំ​និង​ជា​អាណាព្យាបាល​កុមារ​ក្រីក្រ បានចាប់ផ្ដើម​ជាថ្មី​។ បន្ទាប់ពី​បាន​ស៊ូទ្រាំ​នឹង​ការងារ​ពលកម្ម​ដោយ​បង្ខំ និង​ការជម្លៀស​លំនៅឋាន លោក​បាន​បន្ត​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការបង្រៀន​នៅ​ឆ្នាំ ១៩៧៩ ហើយ​ទីបំផុត​បានក្លាយ​ជា​នាយក​សាលាបឋមសិក្សា​ជ័យជំនះ​។ 

​ការលះបង់​របស់លោក ឈី​វ បាន​ពង្រីក​ហួស​ពី​កម្រិត​នៃ​ថ្នាក់រៀន ដែលនាំឱ្យ​លោក​ក្លាយជា​អ្នកដឹកនាំ​សមា​គម​កុមារ​អាស៊ី​ (ASPECA) និង​ការបង្កើត​អង្គការ​ផ្ទាល់ខ្លួន​។​

​ការលះបង់​របស់លោក ឈី​វ ចំពោះ​ការអប់រំ​

​ជា​អ្នកស្រុក​ខេត្ដ​តាកែវ លោក ឈី​វ ​ធ្វើជា​គ្រូបង្រៀន​តាំងពី​សម័យ​ លន់ នល់ និង​ផ្អាក​អំឡុង​របប​ប៉ុលពត មុនពេល​វិល​មក​អាជីព​ក្នុង​វិស័យ​អប់រំ​ឡើងវិញ​ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ឆ្នាំ ​១៩៧៩​។

លោក​និយាយថា​៖ «​កាលសម័យ​ លន់ នល់  ​យើង​ភៀសខ្លួន​មក​រស់នៅ​ភ្នំពេញ និង​រស់នៅ​ភ្នំពេញ​ជាប់​រហូត​។ ពេល​សម័យ​ ប៉ុល ពត យើង​ត្រូវបាន​បញ្ជូនទៅ​ស្រុក​វិញ​មុនពេល​បន្ដ​បញ្ជូនទៅ​ខេត្ដ​បាត់ដំបង ប៊ិះ​ស្លាប់ ប៊ិះ​រស់ រហូតដល់​ថ្ងៃទី​ ៧ មករា យើង​ត្រឡប់មក​ស្រុកកំណើត​វិញ និង​មក​បង្រៀន​នៅ​ភ្នំពេញ​»​។ បង្រៀន​បាន​ ៦ ​ឆ្នាំ លោក ឈី​វ ត្រូវបាន​តែងតែ​ជា​នាយករង​នៃ​សាលាបឋមសិក្សា​ជ័យជំនះ ក្នុង​សង្កាត់​បឹង​កេង​​កង​ ៣ ខណ្ឌ​បឹង​កេងកង និង​បន្ដ​កាន់តំណែង​នាយក​សាលាបឋមសិក្សា​នេះ​។​

​បេសកកម្ម​ជួយ​កុមា​រលើ​អាហារូបត្ថម្ភ និង​ការអប់រំ​បានចាប់ផ្ដើម​តាំងពី​លោក​ធ្វើជា​នាយករង​សាលាបឋមសិក្សា​ជ័យជំនះ លោក​ក៏​ជា​ប្រធាន​អង្គ​​ការ អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កា (ASPECA) (Cite'Etudiants "EnfantsD'Asie ASPECA")​។ ក្នុង​កិច្ចការ​ចិញ្ចឹម​បីបាច់​កុមារ​និង​កសាង​សាលារៀន នៅ​បឋមសិក្សា​ជ័យជំនះ ប្រធាន​អង្គការ​អា​ស្ពេ​កា ប្រចាំ​កម្ពុជា បាន​ពង្រីក​សក្ដានុពល​ជួយ​ដល់​សាលា​ផ្សេងៗ​ក្នុង​រាជធានី​។​

​លោក​និយាយថា​៖ «​យើង​ជួយ​ដល់​កុមារ​ដូចជា​សម្ភារ​សិក្សា សម្ភារ​អនាម័យ សម្លៀកបំពាក់ និង​ស្បៀង​នៅ​គ្រប់​ខេត្ដ​-​ក្រុង​ទាំងអស់​លើកលែងតែ​ខេត្ដ​មួយ​​ចំនួន ដូចជា កោះកុង ព្រះវិហារ រតនគិរី ដែល​នៅ​ឆ្ងាយៗ យើង​ទៅ​អត់​ទាន់​ដល់ និង​មាន​អង្គការ​ដទៃ​បាននិងកំពុង​តែ​ធ្វើ​»​។​

​នៅ​ទីនោះ កុមារ​ទទួលបាន​សាលារៀន ផ្ទះបាយ​កុមារ និង​មណ្ឌល​កុមារកំព្រា ដែល​ចំនួន​កុមារ​ទទួល​ជំនួយ​ពី​ប្រធាន​អង្គ​​ការ​រូបនេះ​ខ្ពស់បំផុត​នៅក្នុង​ឆ្នាំ ១៩៩៨ ចំនួន​ ៦ ២០០​ នាក់​។​​លោក​ឱ្យដឹងថា អង្គ​ការទទួល​ការឧបត្ថម្ភ​ពី​គ្រប់ទិសទី​ទូទាំង​ពិភពលោក ដូចជា បារាំង អ៊ីតាលី ប៊ែ​ល​ហ្ស៊ិ​ក ជាដើម សម្រាប់​ការផ្គត់ផ្គង់​ជាង ៦០ មណ្ឌល​។​

​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​អង្គការ​កុមារ​អាស៊ី​អា​ស្ពេ​កា លោក ឈី​វ បន្ដ​បេសកកម្ម​ថ្មី​ជាមួយ​អង្គការ មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កុមារ និង​គ្រួសារ (CIFA)​ ក្នុង​បុព្វហេតុ​ចាស់ ដោយបាន​ជួយ​កុមារ ១ ៥០០​ នាក់​។​

​ផ្ទះបាយ​កុមារ Les Restaurants des Enfants

​នៅ​ឆ្នាំ​ ២០១១ លោក ឈី​វ បាន​ចូល​និ​វត្ដ​ន៍​ពី​នាយក​សាលា និង​បញ្ចប់​ការងារ​នៅ​អង្គការ (CIFA)​។ ប៉ុន្ដែ​ផ្ទះបាយ​កុមារ បានចាប់កំណើត​នៅ​ឆ្នាំ​ ២០១០​។​

​លោក​បានលើកឡើង​ថាច​ង្ក្រា​ន​បាយ​នៅផ្ទះ​បាយ​កុមារ គ្រាន់តែ​ជាទី​កន្លែង​បញ្ឆោត​ឱ្យ​កុមារ​ចូលមក​ទទួលបាន​អាហារូបត្ថម្ភ និង​ចំណេះដឹង ដោយ​ឆ្លង​ផុតពី​គ្រឿង​​ញៀន​។ ពេល​កុមារ​ចូលដល់​ផ្ទះបាយ​កុមារ​នេះ ពួកគេ​ទទួលបាន​ការជជែក​សំណេះសំណាល​អំពី​ប្រ​វ​ត្ដិ​នៃ​ការសិក្សា ហើយ​បើ​ពួកគេ​ហាក់​គ្មាន​ចម្លើយ​ច្បាស់លាស់ ខាង​អង្គការ​ធ្វើការ​តាមដាន និង​រៀបចំ​បញ្ជូន​កុមារ​ទាំងនោះ​នៅ​សាលារៀន ដែល​នៅក្បែរ​ផ្ទះ​របស់​ពួកគេ​បំផុត​។ អ្វីដែល​កុមារ​ត្រូវធ្វើ​ពេល​ចូលដល់​ផ្ទះបាយ​កុមារ គឺ​សម្អាតខ្លួន អនាម័យ ដោយ​ផ្ដើម​ពី​ការលៀង​សម្អាត​ដៃជើង កាត់សក់​ស្អាតបាត កាត់​ក្រចកដៃ​ក្រចកជើង និង​ទទួលទាន​អាហារ​។

លោក​បានឱ្យដឹងថា​៖ «​ដំបូង យើង​ទទួល​កុមារ​ចាប់ពី​អាយុ​៦ ដល់ ១៤​ ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​វ័យ​សិក្សា​នៅ​បឋមសិក្សា​។​ ​ប៉ុន្ដែ​នៅពេល​ពួកគាត់​បាន​ហូប ពួកគាត់​ក៏​នាំ​ប្អូនៗ​មក​រហូតដល់​តូច​បំផុត​នៅ​បី​ទទឹង​។ ដូច្នេះ យើង​ត្រូវ​រក​ទឹកដោះគោ​ឱ្យ​ទារក​ថែមទៀត​»​។ នៅពេល​ពួកគេ​ផុត​អាយុ​ ១៤​ ឆ្នាំ ការឧបត្ថម្ភ​មិនអាច​ត្រូវបាន​ផ្ដាច់​នោះទេ ដោយ​លោក ឈី​វ បាន​ពន្យល់ថា ពួក​​គេ​អាច​នឹង​បោះបង់​ការសិក្សា​។ ដូច្នេះ​លោក​បន្ដ​ទំនុកបម្រុង​បន្ដទៀត​រហូតដល់​មានការ​ជួយ​ដល់​បញ្ចប់​មហាវិទ្យាល័យ​។​

​ក្រៅពី​ទារក អង្គការ​ផ្ទះបាយ​កុមារ ក៏​ទទួល​ផ្ដល់​អាហារ​ដល់​មនុស្ស​ចាស់ នៅពេល​ពួកគេ​ឈរ​សម្លឹងមើល​អាហារ​ដោយ​ភាព​ស្រេកឃ្លាន​។ ចំពោះ​ក្រុម​អ្នក​រើស​អេតចាយ ពួកគេ​ទទួលបាន​ស្បៀង អង្ករ និង​ទឹក ដែលជា​សារធាតុ​សំខាន់បំផុត ទោះបីជា​ទឹក​សម្បូរ​យ៉ាងណាក៏ដោយ ក៏​ពួកគេ​អាច​ដាច់ទឹក ក្រៅពី​អា​ហារ​ចម្បង​។

លោក​បាន​បន្ដថា​៖ «​យើង​ក៏បានផ្ដល់​គុយទាវ​ដល់​អ្នក​រើស​អេតចាយ​ផងដែរ​។ ទោះបីជា​ពួកគាត់​អាចមាន​លុយ​ទិញ​គុយទាវ​ហូប​មែន តែ​ពួក​គាត់​មិនដែល​ហ៊ាន​ចូល​ហូប​។ សម្លៀកបំពាក់​គាត់​មិន​សមរម្យ​ក្នុង​ការហូប​គុយទាវ គាត់​អត់​ហ៊ាន​។ យើង​នាំ​គាត់​ចូល​ហូប​គុយទាវ ហើយ​ម្ចាស់​ហាង​សុខ​ចិ​ត្ដ​បញ្ចុះតម្លៃ​ឱ្យ​យើង​ ២០ ភាគ​រយ​»​។​

​លោក​បាន​បន្ថែមថា​៖ «​ពួកគាត់​បាន​ចូល​ហូប ​១​ ពេល បន្ដ​អួត​ប្រាប់​កូន ប្រាប់​គ្រួសារ និង​ប្រាប់​សាច់សាលោហិត​ថា បាន​ឡើង​តុ​គុយទាវ​។ យើង​មិន​នឹកស្មាន​ដល់​ថា អ្នកដើរ​កាត់​តុ​គុយទាវ​រៀងរាល់ថ្ងៃ មិនដែល​បាន​ហូប​គុយទាវ​សោះ​»​។​

​ក្រុមនិស្សិត​ក៏​មករក​ជំនួយ​នៅផ្ទះ​បាយ​កុមារ​ផងដែរ​។ តែ​ពួកគេ​ត្រូវ​ជួយ​ដល់​អង្គការ​វិញ តាមរយៈ​ការដាំ​បាយ ជួយ​មើលថែ​កុមារ នៅពេល​ទំនេរ​ពី​ការសិក្សា​។ និស្សិត​ខ្លះ ស្ម័គ្រចិត្ដ​ជួយ​គ្រប់​កិច្ចការ​ដោយ​មិន​ទទួល​ជំនួយ​ពី​ការ​អង្គការ​នោះទេ​។​

​លោក ​ឈី​វ បានផ្ដល់​ការឧបត្ថម្ភ​ផ្សេងៗ ក្នុង​គោលបំណង​បណ្ដុះ​គំនិត​កុមារ និង​យុវជន​ឱ្យមាន​មហិច្ឆតា​សម្លឹង​ខ្ពស់​ដោយ​លោក​ផ្ដល់​ទាំង​អត្ដ​សញ្ញាណ​ប័ណ្ណ​ចំពោះ​អ្នក​អត់ ធ្វើ​ប័ណ្ណបើកបរ លិខិតឆ្លងដែន គណនី​ធនាគារ​ដូច​បណ្ដា​យុវជន​ដទៃទៀត​។

លោក​និយាយថា​៖ «​ទោះ​មាន​ត្រឹម ៥ ​ដុល្លារ គាត់​អាច​ដឹង​ពី​របៀប​អ្នកមាន​កាត​ធនាគារ ដោយ​អ្នកខ្លះ​អាច​សន្សំ​លុយ​រហូតដល់​បាន​ទិញ​ម៉ូតូ និង​សម្ភារ​ផ្សេងៗ​»​។​

​សប្បុរសជន​ជួយ​តាម​សទ្ធា​ជ្រះថ្លា​

​អង្គការ​មិនបាន​សរ​សេរ​សំណើសុំ​ជំនួយ​ពី​សប្បុរសជន​នោះទេ ដោយ​លោក ​ឈី​វ បាន​លើកឡើងថា សប្បុរសជន​មក​ឃើញ​ពួកគេ​គឺ​សុទ្ធតែជា​កូនៗ​ទាំងអស់គ្នា​។​

​សប្បុរសជន​ជួយ​កុមារ​នៅ​អង្គការ​គ្រប់​ទម្រង់​ចាប់ពី​ការរៀបចំ​ធ្វើ​ម្ហូបអាហារ​នៅផ្ទះ​បាយ​កុមារ ជាពិសេស នៅ​ថ្ងៃ​ពិសេស​របស់​ពួកគេ ដូចជា ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ខួប​មរណ​ភាព​អាណាព្យាបាល​របស់​ពួកគេ ក៏ដូចជា​យក​ទាន​មក​ចែក​នៅទីនេះ​។ អ្នកខ្លះ មាន​ចាន ឆ្នាំង សម្លៀកបំពាក់​។ ជាមួយ​ការចំណាយ​រហូតដល់​អ​ង្ករ​ ៥ តោន​ក្នុង​មួយខែ​សម្រាប់​កុមារ និង​មនុស្ស​ចាស់​ជាង ២៦០​ នាក់ លោក ឈី​វ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿថា មានតែ​អង្គការ​ខ្ញុំ​ទេ​។ អ្នកខ្លះ ជួយ​ជា​អង្ករ​កន្លះ​ការុង​»​។

​អង្គការ​បន្ដ​ខ្ចប់​បាយ​ទៅ​ប្រគល់ឱ្យ​កុមារ ដែល​សិក្សា​នៅ​បណ្ដា​ទីតាំង​នានា ដូចជា​នៅ​បឹងត្របែក​កើត និង​បឹងត្របែក​ខាងត្បូង  ​ជា​ឧបសម្ព័ន្ធ​របស់​អង្គការ​។ ស្បៀងអាហារ និង​សម្ភារ ក៏ត្រូវ​បាន​ចែក​ដល់​កុមារ​នៅតាម​មណ្ឌលកុមារ​ដទៃទៀត រួមទាំង សហគមន៍ ភូមិ និង​ឃុំ ដែល​ត្រូវបាន​ធ្វើឡើង ​១​ សប្ដាហ៍​ម្ដង ឬ​ ១ ​ខែម្ដង​។ យុវជន​ជា​បុគ្គល​ស្នូល​ក្នុង​ការដើរ​ចែក​សម្ភារ និង​ស្បៀង​នៅតាម​គោលដៅ​នានា ហើយ​ពួកគេ​ខ្លះ​ក៏បាន​កៀរគរ​សប្បុ​រស​ជន​ដទៃទៀត នៅតាម​សហគ្រាស និង​ក្រុមហ៊ុន​ដែល​ពួកគេ​បម្រើ​ការងារ​។​

​ពេល​បង្កើត​អង្គការ​ដំបូង ផ្ទះបាយ​កុមារ ទទួលបាន​មូលនិធិ​ពី​ក្រៅប្រទេស ១០០ ភាគរយ​។ ពេល​ដំណើរការបាន ​១​ ទៅ ​២ ​ខែ ជំនួយ​ក្នុងស្រុក​ចាប់ផ្ដើម​កកើត​។​

​បុរស​សក់ស វ័យ ៧៦ ​ឆ្នាំ​រូបនេះ បានឱ្យដឹងថា ជំនួយ​ពី​អឺរ៉ុប​បាន​ធ្លា​ក់មក ៤០ ភាគរយ និង​បន្ដ​ធ្លាក់​មក​ត្រឹម ៣០ ភាគរយ​អំឡុង​វិបត្ដិ​ជំងឺ​កូ​វីដ​ ១៩ រហូតដល់​បច្ចុប្បន្ន​។ លោក​បាន​លើកឡើងថា​៖ «​សប្បុរសជន​ក្នុងស្រុក​បាន​ជួយ​ច្រើន​ដោយ​សព្វថ្ងៃនេះ ពួកគាត់​យល់ និង​ទទួលបាន​ភាព​រីករាយ​ពេល​បានផ្ដល់​ទាន​ដោយ​ខ្លួនឯង​»​។ រយៈពេល​ជាច្រើន​ជាមួយ​អង្គការ​ចំនួន​ ២ និង​បន្ដ​បេស​ក​កម្ម​ជាមួយ​ផ្ទះបាយ​កុមារ ១៤ ​ឆ្នាំ លោក ឈី​វ និយាយថា លោក​មិនអាច​សន្មត​ថា តើ​កុមារ​ក្រីក្រ​មានការ​កើនឡើង ឬ​ថយ​ចុះ​នោះទេ អំឡុងពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​។ ប៉ុន្ដែ​អ្វីដែល​លោក​ហ៊ាន​អះអាង​នោះ គឺ​នៅតែមាន​កុមារ​ត្រូវការ​អាហារ និង​ជំនួយ​។​

​លោក​បាន​និយាយថា​៖ «​ពេល​បង្កើត​ផ្ទះបាយ​កុមារ​នេះ រាជរដ្ឋាភិបាល​ដាក់​បម្រាម​សុំទាន​នៅតាម​ភ្លើងស្ដុប ហើយ​សកម្មភាព​នេះ​បាន​ស្ងាត់​។ ប៉ុន្ដែ​ឥឡូវ មាន​កុមារ​នៅតាម​ស្ដុ​ប​វិញ​។ ដូច្នេះ ខ្ញុំ​អាច​និយាយបានថា កុមារ​ត្រូវការ​ជំនួយ​នៅតែ​ត្រូវការ​យើង​»​។ ជាមួយ​អាយុ​កាន់តែ​ជរា ផ្ទុក​ជំងឺ​ប្រចាំកាយ លោក ឈី​វ បានឱ្យដឹងថា លោក​មានបំណង​ចង់​ផ្ទេរ​ភារកិច្ច​ដល់​អ្នកដទៃ ទោះបីជា​លោក​នៅតែ​មិន​ដាច់​ចិ​ត្ដ ដោយ​ឆ្លៀត​ពេលវេលា​មក​មើល​ការទទួល​ទាន​របស់​កុមារ​។​

​ការគាំទ្រ​ពី​សាច់ញាតិ​

​លោក ឈី​វ សារភាពថា កូនៗ​ទាំង ៤ នាក់ (​ស្រី ៣ និង​ប្រុស​ម្នាក់​) របស់លោក ពិតជា​មានបំណង​ឱ្យ​សម្រាក​ពី​ការងារ តែ​ពួកគេ​គាំទ្រ​សកម្មភាព​របស់លោក ដោយសារ​វា​ជា​កិច្ច​ការដែល​ធ្វើឱ្យ​លោក​សប្បាយ​ចិ​ត្ដ​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖«​ពួក​គេ​ជួយ​អំពាវនាវ​រក​ជំនួយ​គ្រប់គ្នា​។ កូន​នៅ​អឺរ៉ុប គេ​ជួយ​ពី​នោះមក​ដែរ ហើយ​កូនៗ​នៅទីនេះ ប្រមូលគ្នា​ជួយ​តាម​លទ្ធភាព​»​។ លោក​បន្ដថា លោក​ពិតជា​មានសំណាង​ដែរ ដែល​កូនៗ​របស់លោក​មានលទ្ធភាព​ខ្ពស់ ដែល​អាចជួយ​ដល់​អង្គការ​របស់​ឪពុក​របស់​ពួកគេ​។​

​អ្នកស្រី ឈី​វ ភិរម្យ សរសេរ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ខួប​ជន្មាយុ​លោកឪពុក ៧៦ ​ឆ្នាំ ដែល​លោក​បាន​លះបង់​កម្លាំង​ចិ​ត្ដ​កាយ និង​ថវិកា​ជួយ​កុមារ​ក្រីក្រ និង​ក្មេង​កំព្រា​។​ «​តាំងពី​ខ្ញុំ​អាយុ​ជិត​ ១០ ​ឆ្នាំ ខ្ញុំ​ឃើញ​ប៉ា​រើស​កុមារ​មកពី​គំនរ​សំរាម ទំនុកបម្រុង​ឱ្យ​រៀនសូត្រ​ជាច្រើន​ពាន់​នាក់​។ មកដល់ពេលនេះ​ខ្ញុំ​អាយុ ៤៣ (​និយាយ​ទៅជា​ង ៣០ ​ឆ្នាំ​) គឺ​ប៉ា​មិនដែល​បោះបង់​ឱកាស​ជួយ​កុមារ​ទាល់តែសោះ​»​។

អ្នកស្រីបានឱ្យដឹងថា សព្វថ្ងៃនេះ​មិនសូវ​ជាមាន​កុមារកំព្រា​ដូច​កាលពី​សម័យ​ចន្លោះ​ឆ្នាំ​ ១៩៨០-១៩៩០​ទេ​។ ប៉ុន្តែ​មាន​កុមារ​ដែល​ត្រូវ​រើស​អេតចាយ ដើរ​សុំទាន ជូត​ស្បែកជើង ជូត​កញ្ចក់​ឡាន លក់​ទឹក លក់​លៀស​ហាល លក់​ផ្កា នៅតាម​ដងផ្លូវ​ជាច្រើន​។ អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់ ពួកគេ​បាក់កម្លាំង រូបរាង​ស្គមស្គាំង​។ កុមារ​ទាំងនោះ​ខ្លះ​ក៏បាន​រៀនសូត្រ​នឹង​គេ ខ្លះ​ក៏​មិនបាន​រៀន ខ្លះ​ក៏​គេច​រៀន​។​

​អ្នកស្រី ភិរម្យ បាន​បន្ដថា ឪពុក​របស់​អ្នកស្រី​បាន​និយាយថា សាងសង់​មណ្ឌល​ឱ្យ​កុមារ​ទាំងនោះ​នៅ​រៀនសូត្រ មិនមាន​ប្រសិទ្ធភាព​ទេ ដោយសារ​ឪពុក​ម្តាយ​ពួកគេ​ត្រូវការ​ពួកគេ​ជួយ​រកលុយ​ចិញ្ចឹមជីវិត​។

អ្នកស្រីបានសរសេរថា​៖ «​នៅ​ឆ្នាំ ​២០១០ ប៉ា​កូន​ ២​ នាក់​យើង​ក៏បាន​ជជែក​គ្នា បង្កើត​ផ្ទះបាយ​កុមារ បំណង​ឱ្យ​កុមារ​អាចមាន​ពេល​សមរម្យ​នឹង​គេ​ចំនួន​ ១​ ម៉ោង ក្នុង ​១​ ថ្ងៃ​។ ជំនួស​ឱ្យ​ការ​រើស​ម្ហូបអាហារ​សល់ តាម​តុ​គុយទាវ ផ្ទះបាយ​កុមារ​ខិតខំ ដើម្បីឱ្យ​គាត់​មានឱកាស​ហូប​គុយទាវ​អង្គុយ​លើ​កៅអី មាន​តុ ដូចជា​កុមារ​ដទៃ​»​។​

​នៅក្នុង​ខួបកំណើត ៧៦ ​ឆ្នាំ​របស់លោក​ ឈី​វ កូនស្រី​រូបនេះ បាន​និយាយថា អ្នកស្រី លើក​ទឹក​ចិ​ត្ដ​យុវជន និង​អ្នក​ទាំងអស់​ដែល​ធ្លាប់មាន​ប្រវត្តិ​ទាក់ទង​ជាមួយ​លោក ង៉ូ​វ ឈី​វ សរសេរ​មតិ​​យោបល់ ប្រាប់​ឈ្មោះ និង​រៀបរាប់​ត្រួសៗ​ពី​អតីតកាល ក៏ដូចជា​ជូនពរ​ខួបកំណើត​លោកតា​នៅលើ​បណ្ដាញ​សង្គម​ផងដែរ​៕