កណ្ដាល: នៅខាងក្រោមផ្ទះខ្មែរបុរាណនៃមជ្ឈមណ្ឌលសិល្បៈធ្វើម្ហូបរបស់ចុងភៅ ណាក់ ដែលស្ថិតនៅក្នុងក្រុងអរិយក្សត្រ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤ ចុងភៅគ្រួសារបានបង្ហាញមុខម្ហូបបែបខ្មែរបុកគ្រឿងខ្មៅដល់គណៈកម្មការចំនួន ៦ រូប ដើម្បីវាយតម្លៃពីស្នាដៃមុនពេលផ្ដល់ចំណាត់ថ្នាក់ដល់អ្នកចូលរួមបញ្ចេញថ្វីដៃ។
មុខម្ហូបបុកគ្រឿងខ្មៅ គឺជាសក្ខីភាពមួយចំពោះរសជាតិដ៏សម្បូរបែបនៃម្ហូបខ្មែរ ដែលរមែងបង្កើតបានជាអត្ដសញ្ញាណតាមតំបន់របស់ប្រជាពលរដ្ឋខ្មែរនីមួយៗ។ចុងភៅគ្រួសារបាននាំយកនូវរសជាតិពិសេសរៀងៗខ្លួនមកចូលរួមកម្មវិធីប្រកួតប្រជែង ដោយយកគ្រឿងទេសស្ងួតលាយបញ្ចូលគ្នាដោយប្រុងប្រយ័ត្នគ្រឿងផ្សំជាច្រើនមុខទៀត បញ្ចេញក្លិនឈ្ងុយនៃស្លឹកគ្រៃ ខ្ទឹមស និងខ្ទឹមក្រហម ជាសញ្ញាសម្គាល់នៃមរតកម្ហូបខ្មែរ។
នៅលើតុតាំងគ្រឿងទេសស្រស់ៗមួយកញ្ច្រែង និងមុខម្ហូបរៀបចំរួចជាស្រេច រង់ចាំគណៈកម្មការផ្ដល់ការវាយតម្លៃ អ្នកស្រី នេម ពៅពិសី ដែលដៃកំពុងមមាញឹករៀបរយបង្ហើយស្នាដៃនៅលើថាសតូច ដែលមានបាយនិងបុកគ្រឿងខ្មៅ បាននិយាយថា មុខម្ហូបនេះអាចសាច់មាន់ ឬសាច់ជ្រូក ឬត្រីឆ្អើរ រួមផ្សំជាមួយគ្រឿងស្ងួតបុកចូលគ្នា។
អ្នកស្រឡាញ់ការធ្វើម្ហូបប្រចាំគ្រួសាររូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បុកគ្រឿងខ្មៅនេះមិនសូវមានអ្នកស្គាល់នោះទេ។ ដូច្នេះ ចាំបាច់ ខ្ញុំត្រូវតែយកវាមកបង្ហាញអ្នកទាំងអស់គ្នា ជាពិសេស ការធ្វើពិតជាសាំញ៉ាំខ្លាំងដែលគ្រឿងផ្សំគោលទាំងអស់ត្រូវហាន់ឱ្យស្ដើងនិងហាលឱ្យស្ងួតល្អ មុនពេលបុកបញ្ចូលគ្នា និងរែង»។
ជាការពិតណាស់ ក្នុងចំណោមគណៈកម្មការ ៦ នាក់ ជាមេចុងភៅប្រចាំភោជនីយដ្ឋានល្បីៗ រួមទាំង Chef Nak ដែលតែងតែចុះទៅដល់មូលដ្ឋានជនបទស្រាវជ្រាវអំពីមុខម្ហូបខ្មែរនានា ក៏លាន់មាត់ថា ពួកគេមិនធ្លាប់បានជួបមុខម្ហូបបុកគ្រឿងខ្មៅនេះឡើយ។
គណៈកម្មការបានកោតសរសើរចំពោះអ្នកស្រី ពៅ ពិសី ដែលខិតខំពាំនាំយកមុខម្ហូបអ្នកខេត្ដព្រះវិហារមួយនេះ និងវាយតម្លៃពីរសជាតិមុតដិត ជូរ ហឹរ និងប្រៃ ផ្ទាប់អន្លក់បន្លែស្រស់ៗពិតជាស័ក្ដិសម។
ចុងភៅ ណាក់ បាននិយាយថា៖ «ខ្ញុំបានទទួលស្គាល់ថា ទោះបីជាខ្ញុំបានស្រាវជ្រាវម្ហូបខ្មែរនៅកន្លែងផ្សេងៗក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ខ្ញុំមិនដែលជួបប្រទះមុខម្ហូបនេះទេ។ក្រៅពីការប្រកួត ការបង្ហាញមុខម្ហូបរបស់ប្រជាជនខ្មែរតាមតំបន់ មានគោលបំណងស្វែងយល់និងផ្សព្វផ្សាយពីបេតិកភណ្ឌធ្វើម្ហូបខ្មែររបស់យើង ដើម្បីរក្សាបានដល់មនុស្សជំនាន់ក្រោយ»។
នៅពេលដែលគណៈកម្មការបានភ្លក្សមុខម្ហូបនីមួយៗ ពួកគេក៏បានផ្ដល់ការណែនាំ វាយតម្លៃអំពីសមត្ថភាពរបស់បេក្ខជនម្នាក់ៗ ក៏ដូចជាបានជួយផ្ដល់ដំបូន្មានល្អៗសម្រាប់ជាទុនទៅថ្ងៃក្រោយ។ កញ្ញា នាក់ មិថុនា បាននាំយកញាំសារាយពីស្រុកឈូក ខេត្ដកំពត បាននិយាយអំពីដំណើររឿងនៃការដាំសារាយ ដែលមានលំបាកក្នុងការដាំដុះនៅសមុទ្រ។
អ្នកគ្រូ វ័យ ២៥ ឆ្នាំរូបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ទម្រាំតែបានញាំសារាយ ១ ចាននេះ វាត្រូវការភាពអត់ធ្មត់មែនទែន ដោយចាប់ផ្ដើមពីការដាំសារាយនៅសមុទ្រក្នុងជម្រៅទឹក ២-៣ ម៉ែត្រ រយៈពេល ១-២ ខែទើបប្រមូលផល រួចហាលឱ្យស្ងួតដើម្បីកម្ចាត់ជាតិប្រៃ។ ពេលស្ងួតហើយ វាត្រូវការពេលវេលាសម្អាតជាច្រើនទៀត ដើម្បីឱ្យសារាយមានសម្រស់ស្អាត និងអាចទទួលទានបាន»។
កញ្ញា មិថុនា ដែលមានបំណងចង់បង្ហាញមុខម្ហូបក្នុងតំបន់របស់ខ្លួន បានបន្ដថា សារាយមានរសជាតិច្រុបៗនិងផ្ដល់គុណតម្លៃចំពោះសុខភាពអ្នកទទួលទាន។
អ្នកស្រី រស់ រតនៈ ហៅ ចុងភៅណាក់ បានឱ្យដឹងថា កម្មវិធីនេះ មានឈ្មោះថា «ការប្រកួតធ្វើម្ហូបខ្មែរ» ក្នុងគោលបំណងលើកស្ទួយ និងបង្ហាញពីភាពសម្បូរបែបនៃមុខម្ហូបខ្មែរទៅតាមតំបន់។ ក្នុងចំណោមបេក្ខភាព ៧០ នាក់ ពួកគេត្រូវបានសម្រាំងយកត្រឹម១០នាក់ដើម្បីប្រកួតបង្ហាញស្នាដៃនៅចំពោះមុខគណៈកម្មការ។
ចុងភៅ ណាក់ បាននិយាយថា៖ «ការប្រកួតធ្វើម្ហូបខ្មែរនេះគឺជាវេទិកាមួយក្នុងការជជែកវែកញែក និងស្ដាប់ទាំងអស់ ក៏ដូចជាចូលរួមគិតទាំងអស់។ អ្វីដែលសំខាន់មួយទៀត វាជាឱកាសរំឭកនឹកគុណដល់អ្នកបង្កើតមុខម្ហូប ជាស្នាដៃរហូតមកដល់ថ្ងៃនេះ ដែលផ្ដល់ទាំងភាពឆ្ងាញ់ ឆ្អែត និងអត្ថប្រយោជន៍ចំពោះសុខភាព ក៏ដូចជា សាច់រឿងនៃមុខម្ហូបនីមួយៗ»។
សម្ព័ន្ធភាពជាបងប្អូនរួមឈាម មិនថា ជាបេក្ខជនប្រកួតប្រជែងនោះទេ ពួកគេទាំង ១០ នាក់បានទទួលទានអាហាររួមគ្នាជាមួយមុខម្ហូបឆាសឹ្លកព្រិចជាមួយពងអង្ក្រង និងនំបញ្ចុកទឹកម្ហិច។
មេចុងភៅដែលផ្សព្វផ្សាយមុខម្ហូបរូបនេះ បានបន្ដថា មូលហេតុមួយទៀតដែលតម្រូវឱ្យបេក្ខជនដាក់ពាក្យតាមរយៈវីដេអូ គឺអ្នកចូលចិត្ដអាចធ្វើការចម្អិនម្ហូបបាន។
អ្នកស្រីបន្ថែមថា មួយវិញទៀត គណៈកម្មការអាចសង្កេតពីបុគ្គលិកលក្ខណៈរបស់បេក្ខជននីមួយៗអំឡុងពេលបង្ហាញនៅលើវីដេអូ ដោយសង្ឃឹមថា ពួកគេនឹងក្លាយជាមនុស្សជំនាន់ថ្មីក្នុងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរបន្ដ។
ម្ចាស់សៀវភៅមុខម្ហូប «សោយ» ចុងភៅ ណាក់ បានលើកឡើងថា៖ «ពេលបេក្ខជននាំយកមកគឺមុខម្ហូបមួយម្នាក់ តែពួកគេយកទៅវិញនូវមុខម្ហូប ៩ ផ្សេងទៀត។ នេះជារឿងមួយល្អ ដែលយើងអាចសិក្សាពីគ្នាទៅវិញទៅមក»។
លោក រិន ណារ៉ា ជាមេចុងភៅ និងជាសមាជិកគណៈកម្មការក្នុងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗ បានឱ្យដឹងថា កម្មវិធីប្រកួតធ្វើម្ហូបខ្មែរនេះពិតជាល្អ ពីព្រោះវាមានគាស់កកាយមុខម្ហូបខ្មែរជាច្រើនដែលបានកប់ទុកនៅតាមតំបន់ដើម្បីឱ្យប្រជាជនទូទាំងប្រទេសក៏ដូចជាពិភពលោកបានស្គាល់ថា មុខម្ហូបខ្មែរពិតជាសម្បូរបែប។
លោកបានសារភាពថា៖ «ខ្ញុំនិយាយត្រង់ មុខម្ហូបខ្លះ ខ្ញុំអត់ស្គាល់ទេ។ ខ្ញុំស្គាល់មិនអស់ទេ។ ប៉ុន្ដែពេលយើងរៀបចំធ្វើកម្មវិធីនេះយើងបានឃើញមុខម្ហូបច្រើនប្លែក។ ពេលខ្លះបងប្អូនមើលឃើញថា មុខម្ហូបនោះជាសាមញ្ញ តែអ្នកដទៃទៀតអត់បានស្គាល់នោះទេ»។
ក្រុមអ្នកស្ម័គ្រចិត្ដមកពីសាលាបង្រៀនធ្វើម្ហូបចំនួន ១០ នាក់ ដែលមកជួយកិច្ចការទូទៅអំឡុងពេលប្រកួតបានថ្លែងពីចំណាប់អារម្មណ៍ថា ពួកគេរីករាយក្នុងការជួយកិច្ចការចម្អិនមុខម្ហូបខ្មែរ ដែលវាមិនមាននៅសាលារៀនរបស់ពួកគេ។
ក្រុមអ្នកស្ម័គ្រចិត្ដ ដែលជួយកិច្ចការយ៉ាងសស្រាក់សស្រាំតាំងពីដំបូងរហូតដល់បញ្ចប់កម្មវិធី បាននិយាយថា ពួកគេទទួលបាននូវបទពិសោធន៍ថ្មីសន្លាងនិងស្វែងយល់អំពីមុខម្ហូបខ្មែរបានច្រើន។
ម្ចាស់ជយលាភីទាំង ៣ រួមមាន អ្នកនាង ហួត រដ្ឋា ចំណាត់ថ្នាក់លេខ ១ ដោយបានបង្ហាញម្ហូបហហ្មុកខ្យង លេខ ២ បានទៅលើលោក ឃួន សំអន ធ្វើនំបញ្ចុកទឹកប្រហុកវត្តបាត់គង មកពីខេត្ដបន្ទាយមានជ័យ និងលេខ ៣ បានទៅលើមុខម្ហូបបុកគ្រឿងខ្មៅរបស់អ្នកស្រី នេម ពៅពិសី។
អ្នកនាង ហួន រដ្ឋា ធ្វើមុខម្ហូបហហ្មុកខ្យង មកពីខេត្ដបន្ទាយមានជ័យបានបង្ហាញពីភាពសប្បាយរីករាយដែលបានទទួលពានរង្វាន់លេខ ១ ក្នុងការប្រកួតធ្វើម្ហូបខ្មែរលើកដំបូងនេះ។
ជាប្រភេទមុខម្ហូបខ្មែរច្រើនជំនាន់ អ្នកនាង រដ្ឋា បានឱ្យដឹងថា ដោយសារតែដឹងច្បាស់អំពីស្នាដៃរបស់ខ្លួន អ្នកនាងបាននាំយកហហ្មុកខ្យង មកប្រកួតប្រជែងជាមួយបេក្ខជន ៩ នាក់ផ្សេងទៀត។
ជាចុងក្រោយស្ដ្រីមេផ្ទះ អ្នកស្រី ពៅពិសី ដែលមិនផ្ដោតសំខាន់លើការប្រកួតជាប់ឬក៏ធ្លាក់បានសំណូមពរដល់គណៈកម្មការ ជាពិសេស Chef Nak ឱ្យដាក់បញ្ចូលមុខម្ហូបបុកគ្រឿងខ្មៅអ្នកខេត្ដព្រះវិហារនេះក្នុងការចងក្រងសៀវភៅមុខម្ហូបលើកក្រោយៗផង៕