ភ្នំពេញៈ អ្នកវិភាគលើកឡើងថា ចក្រភពអង់គ្លេសនិងកម្ពុជានៅដំណាក់កាលថ្មីៗនេះមានកិច្ចសហការគ្នាល្អ ទោះបីជាសហគមន៍អឺរ៉ុបកន្លងមកបានដកប្រព័ន្ធអនុគ្រោះពន្ធលើការនាំចេញទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចំនួន ២០ ភាគរយក៏ដោយខណៈរដ្ឋមន្ត្រី ១ រូបនៃប្រទេសនេះលើកឡើងថា ទំនាក់ទំនងរវាងចក្រអង់គ្លេស និងកម្ពុជាកំពុងដំណើរការទៅមុខ។
កាលពីដើមខែមីនាលោកស្រី Anne Marie Trevelya រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិកបានធ្វើដំណើរមកបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃមកកាន់រាជធានីភ្នំពេញជាលើកដំបូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មការអភិវឌ្ឍសេដ្ឋកិច្ច និងការអប់រំ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា៖ «ជាការពិត គឺចក្រភពអង់គ្លេសនិងកម្ពុជា គឺនៅក្នុងដំណាក់កាលថ្មីៗនេះយើងឃើញថា មានកិច្ចសហប្រតិបត្តិការគ្នាល្អ បើទោះជាសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មដក EBA ២០ ភាគរយក៏ដោយក៏ប៉ុន្តែចក្រភពអង់គ្លេសនៅពេលដែល Brexit [ចាកចេញ] ពីសហគមន៍អឺរ៉ុបនេះចក្រភពអង់គ្លេសគឺមានទំនាក់ទំនងផ្ទាល់រវាងចក្រភពអង់គ្លេសនិងកម្ពុជាដោយមិនផ្អែកទៅលើទិដ្ឋភាពនៃនយោបាយសហគមន៍អឺរ៉ុបទេ»។
លោកបន្ថែមថា នេះគឺជាកិច្ចសហប្រតិបត្តិការល្អមួយទៅពិភពអឺរ៉ុបហើយជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់និងជាមហាអំណាចនៅអឺរ៉ុបដូចជាមហាអំណាចពិភពលោកផងដែរ។ កិច្ចសហប្រតិបត្តិការនេះនឹងនាំប្រទេសកម្ពុជារឹងមាំបន្ថែមទៀត ទាំងកិច្ចការអន្តរជាតិ ពាណិជ្ជកម្មនិងកិច្ចការនយោបាយការបរទេសរបស់ខ្លួន។ នេះជាអ្វីមួយដែលមើលឃើញថា ធ្វើឱ្យប្រទេសកម្ពុជាកាន់តែពង្រីកឥទ្ធិពលនិងពង្រីកមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិតាមរយៈទំនាក់ទំនងកម្ពុជានិងចក្រភពអង់គ្លេស។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Trevelya បានទៅទស្សនាវត្ថុបុរាណមួយចំនួនដែលបាននាំយកពីចក្រភពអង់គ្លេសត្រឡប់មកប្រទេសកម្ពុជាវិញនៅសារមន្ទីរជាតិ រាជធានីភ្នំពេញនិងបានសម្តែងនូវការខ្នះខ្នែងក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ និងលើកកម្ពស់ការយល់ដឹងទៅវិញទៅមករវាងប្រទេសទាំង ២។
លោកស្រីថ្លែងតាមរយៈវីដេអូបង្ហោះក្នុងផេកស្ថានទូតអង់គ្លេសថា៖ «រដ្ឋមន្ត្រីក្រសួងវប្បធម៌ [លោកស្រី ភឿង សកុណា] បានទទួលស្វាគមន៍ខ្ញុំចំពោះផ្នែកដ៏វិសេសវិសាលនៃការស្តារឡើងវិញនូវរតនសម្បត្តិប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ នោះហើយ គឺជាឱកាសដ៏មានឯកសិទ្ធិមួយក្នុងការមើលឃើញថា ទំនាក់ទំនងរវាងអង់គ្លេស និងកម្ពុជាកំពុងដំណើរការទៅមុខ។ សម្រាប់ដំណើរបន្ទាប់រវាងប្រទេសទាំង ២ យើងទន្ទឹងរង់ចាំមើលទំនាក់-ទំនងដែលកាន់តែរីកចម្រើន។ វាពិតជាឱកាសដ៏អស្ចារ្យមួយដែលបានមកប្រទេសកម្ពុជា»។
លោកស្រី Trevelyan ថ្លែងបន្តថា លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីសំខាន់ៗនិងពិភាក្សាអំពីសេដ្ឋកិច្ច កិច្ចការបរទេសរវាងប្រទេសទាំង ២ បញ្ហាប្រឈមមួយចំនួនជុំវិញការប្រែប្រួលអាកាសធាតុ ដែលទាំងអស់គ្នាកំពុងជួបប្រទះ។ លោកស្រីបាននិយាយជាមួយធុរកិច្ចជនអង់គ្លេស អំពីឱកាសដ៏អស្ចារ្យដែលមានក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងការយល់ដឹងអំពីបញ្ហាប្រឈមមួយចំនួននិងបាននិយាយជាមួយក្រុមដែលចង់រួមគ្នាជំរុញការវិនិយោគរបស់ចក្រភពអង់គ្លេសបន្ថែមទៀត ជាពិសេសដំណោះស្រាយថាមពលបៃតង និងឱកាសជុំវិញការអភិវឌ្ឍទីផ្សារមួយចំនួនដែលប្រទេសកម្ពុជាកំពុងផ្តោតលើ។
លោកស្រី Trevelyan បានជួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្មនិងការវិនិយោគរបស់ចក្រភពអង់គ្លេស-កម្ពុជា។ កិច្ចប្រជុំបានផ្តោតលើការនាំយកអ្នកជំនាញចក្រភពអង់គ្លេស និងការអប់រំឈានមុខគេក្នុងពិភពលោកមកកម្ពុជា និងស្វែងយល់ពីការវិនិយោគបន្ថែមទៀត។ រដ្ឋមន្ត្រីទាំង ២ បានពិភាក្សាពីបញ្ហាប្រឈមរបស់ធុរកិច្ចអង់គ្លេស និងស្វែងរកវិធីដែលរដ្ឋាភិបាលទាំង២អាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា ទំនាក់ទំនងកម្ពុជា និងអង់គ្លេស គឺផ្តោតសំខាន់លើការពង្រឹងសមត្ថភាព និងវិស័យអប់រំ វប្បធម៌ និងសកម្មភាពសេដ្ឋកិច្ច និងវិនិយោគ។
អង់គ្លេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងប្រព័ន្ធអប់រំនៅកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍ Chevening និងតាមរយៈអង្គការនានា។ លោកថ្លែងថា៖ «លើសពី នេះទៅទៀតការពង្រឹងនិងផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យ ច្បាប់និងកិច្ចការអភិរក្សវប្បធម៌និងធម្មជាតិ ក៏ជាវិស័យអាទិភាពរបស់អង់គ្លេសក្នុងការជួយកម្ពុជាអភិវឌ្ឍជាតិប្រកបដោយចរីភាព បរិយាបន្ន និងបង្កើនភាពធន់។ កម្ពុជានិងអង់គ្លេសគួរផ្តោតសំខាន់និងជំរុញបន្ថែមទៀតឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែទូលំទូលាយតាមរយៈការបង្កើនការវិនិយោគពីអង់គ្លេស និងការសិក្សាអំពីលទ្ធភាពកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំង ២»។
លោកស្រី Trevelyan ក៏បានជួបសន្ទនាជាមួយតំណាងមកពីអង្គការសង្គមស៊ីវិល។ ស្ថានទូតអង់គ្លេសបញ្ជាក់ថា ចក្រភពអង់គ្លេសនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រសង្គមស៊ីវិល និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កើនវេទិកាស៊ីវិល និងនយោបាយនៅកម្ពុជា។
លោក រ៉ូ វណ្ណៈ សហស្ថាបនិក វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការជួបគ្រប់ភាគីពាក់ព័ន្ធរបស់លោកស្រី Trevelyan នឹងផ្តល់ធាតុចូលនិងព័ត៌មានសំខាន់ដទៃទៀត សម្រាប់លោកស្រីរដ្ឋមន្ត្រី ដើម្បីធ្វើរបាយការណ៍ និងធ្វើការសម្រេចចិត្តសម្រាប់ផលប្រយោជន៍អង់គ្លេសដើម្បីធ្វើយ៉ាងណានៅតែអាចរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជាផង និងរិះគន់បញ្ហានៃការរឹតត្បិតលម្ហសេរីភាពនយោបាយនិងពលរដ្ឋផង។
លោកថ្លែងថា៖ «ជារួម អង់គ្លេស ហាក់នៅតែប្រកាន់ជំហរសហការជាមួយរដ្ឋាភិបាលកម្ពុជា បើទោះបីមានការរិះគន់លើបញ្ហាដើរថយក្រោយនៃប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សក៏ដោយ»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងកាលពីខែមីនា ឆ្នាំ ២០២៣ ថា សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែរស់រវើក និងប្រកបដោយថាមវន្ត។ ការជ្រៀតចូលក្នុងកម្រិតខ្ពស់នូវអ៊ីនធឺណិតចល័តនៅកម្ពុជា បានផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋសាមញ្ញ ទទួលបានដោយគ្មានការរឹតត្បិតនូវព័ត៌មានពីគ្រប់ប្រភពយ៉ាងទូលំទូលាយ រួមទាំងប្រភពរិះគន់រដ្ឋាភិបាល ក៏ដូចជា ការដាក់ពាក្យបណ្តឹងតវ៉ាតាមរយៈប្រព័ន្ធសង្គម ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំកំពូលតែម្តង។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានថ្លែងតាមរយៈវីដេអូផ្សព្វផ្សាយដោយ CHRC កាលពីខែធ្នូ ឆ្នាំ ២០២៣ នៅមុនប្រមាណ ១ សប្តាហ៍នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូថា រដ្ឋាភិបាលកម្ពុជាតាំងពីសម័យដឹកនាំរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធានាលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខដែលជាមូលដ្ឋានទៅលើការគោរពសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សទៀតសោត ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញជាតិឆ្នាំ ១៩៩៣។
ស្ថានទូតអង់គ្លេសបញ្ជាក់ថា លោកស្រី Trevelyan បានបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជា ដោយបានជួប និងស្តាប់រឿងវិជ្ជមានជាច្រើនអំពីប្រទេសកម្ពុជានិងបានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យអង់គ្លេសដំបូងគេក្នុងប្រទេសកម្ពុជា ដែលបាននាំយកអ្នកជំនាញពីចក្រភពអង់គ្លេស «ពិតប្រាកដ» មកក្នុងប្រទេសកម្ពុជា។ លោកស្រីបានសម្ដែងសេចក្តីរំភើបជាខ្លាំងដែលបានឃើញស្ថាប័នអប់រំ «ឈានមុខគេ» របស់ចក្រភពអង់គ្លេសបានបង្កប់ខ្លួននៅក្នុង «បេះដូងនៃការអភិវឌ្ឍ» របស់កម្ពុជា។
ចក្រភពអង់គ្លេស កាលពីឆ្នាំ ២០២៣ បានសន្យាផ្តល់មូលនិធិ ៣០ លានផោន (៣៧ លានដុល្លារ) ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំសម្រាប់ស្ត្រី និងកុមារីនៅទូទាំងអាស៊ីអាគ្នេយ៍។ មូលនិធិនេះនឹងគាំទ្រដល់ស្ត្រី និងកុមារីប្រមាណ ១០ ម៉ឺននាក់ តាមរយៈការផ្ដល់អាហារូបករណ៍ និងថ្នាក់បំប៉នបន្ថែម ក៏ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបង្កើនគុណភាពនៃមេរៀន។
លោក យង់ ពៅ ថ្លែងថា ការបើកសាខាសាកលវិទ្យាល័យ DeMontfort របស់ចក្រភពអង់គ្លេសនៅកម្ពុជានេះគឺជាការងារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំពិតប្រាកដ ហើយមូលនិធិគាំពារស្ត្រីនិងកុមារ ១០ ម៉ឺននាក់នេះក៏ជាទំនាក់ទំនងល្អមួយបន្ថែមទៀតរវាងអង់គ្លេស និងកម្ពុជា ហើយថា៖ «ក្នុងនាមជាអ្នកតាមដានកិច្ចការនយោបាយនិងកិច្ចការអន្តរជាតិយើងសាទរនូវកិច្ចសហប្រតិបត្តិការកម្ពុជានិងចក្រភពអង់គ្លេសនេះ»។
កាលពីពាក់កណ្តាលខែមីនា លោក Eddie Maskell-Pedersen សេនានុព័ន្ធការពារជាតិចក្រភពអង់គ្លេសបានជួបសន្ទនាជាមួយលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ស្ថានទូតអង់គ្លេសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-អង់គ្លេស កំពុងបន្តរីកចម្រើន ហើយក្នុងជំនួបនេះ លោក Eddie បានថ្លែងអំណរគុណដល់កម្ពុជាចំពោះជំហរ «ប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន»៕