ភ្នំពេញៈ សិស្ស ១ ក្រុមនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បង្កើតរ៉ូបូតវៃឆ្លាតជូតធូលីដីក្នុងផ្ទះបញ្ជាតាមទូរស័ព្ទដោយស្វ័យប្រវត្តិ ជាអ្វីដែលអ្នកនាំពាក្យក្រសួងអប់រំចាត់ទុកថាជាការផ្តល់ឱកាសឱ្យសិស្សានុសិស្សមានជំនាញបច្ចេកទេសស្រាប់ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។
មានរូបរាងជាតួរថយន្តទំហំបណ្តោយ ២៥ សង់ទីម៉ែត្រ ទទឹង ១៣ សង់ទីម៉ែត្រ និងមានកម្ពស់ ១៦ សង់ទីម៉ែត្រ ផ្គុំឡើងដោយបណ្តុំអេឡិចត្រូនិក នេះហើយគឺជារ៉ូបូតដែលត្រូវបានដាក់ឈ្មោះថា «រ៉ូបូតសម្អាតឥដ្ឋការ៉ូវៃឆ្លាត» ជាគំនិតច្នៃរបស់យុវសិស្ស ៤ នាក់នៃវិទ្យាល័យចំណេះ ទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។
រ៉ូបូតវៃឆ្លាត ១ គ្រឿងនេះបានភ្ជាប់ប្រព័ន្ធប្ល៊ូធូបញ្ជាបានតាមទូរស័ព្ទ ហើយវាអាចចល័តបានគ្រប់ទីតាំងចង្អៀត មិនថា នៅក្នុងបន្ទប់ ឬក្នុងផ្ទះឡើយ។ រ៉ូបូតនេះទៀតសោតមានតួនាទីជូតសម្អាតធូលីដី ជូតសម្អាតទឹកដក់លើឥដ្ឋការ៉ូជាមួយនឹងដុំជូតសរសៃនៅពីមុខតួរ៉ូបូតដោយពេលជូតវានឹងបញ្ចេញទឹកដែលមានផ្ទុកនៅក្នុងតួរ៉ូបូតស្រាប់។នេះជាការលើកឡើងរបស់យុវសិស្ស លី ហុងមាន។
លី ហុងមាន ដែលជាប្រធានក្រុមបានរៀបរាប់ថា បច្ចុប្បន្នរូបគេ និងមិត្តរួមក្រុម ៣ នាក់ទៀតកំពុងសិក្សាថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។ ចំពោះមូលហេតុដែលក្រុមខ្លួនប្រើបច្ចេកទេសកែច្នៃជារ៉ូបូត វៃឆ្លាតនេះឡើង ព្រោះគិតថា នៅតាមបន្ទប់ឬនៅក្នុងផ្ទះខ្លះមានទីតាំងចង្អៀតហើយមនុស្សមិនអាចចូលទៅជូតដល់គឺគេអាចប្រើរ៉ូបូតនេះបាន។ ម្យ៉ាងទៀតរ៉ូបូតសម្អាតឥដ្ឋការ៉ូវៃឆ្លាតនេះក៏អាចជួយការងារមនុស្សចាស់បានផងដែរ ដោយគ្រាន់តែបញ្ជាតាមទូរស័ព្ទប៉ុណ្ណោះ។
យុវជន លី ហុងមាន បានអះអាងជំនួសសមាជិកក្រុមថា៖ «រ៉ូបូត ១ គ្រឿងនេះ អាចប្រើជំនួសមនុស្សចាស់នៅពេលដែលគាត់ចុកខ្នងរួយចង្កេះ ពិបាកក្នុងការជូតគឺអាចប្រើរ៉ូបូតនេះបាន។ វាអាចចូលជូតដល់ក្រោមគ្រែ ក្រោមតុទូបានដោយយើងគ្រាន់តែបញ្ជាពីចម្ងាយប៉ុណ្ណោះ»។
បើតាមយុវជន លី ហុងមាន ពាក់ព័ន្ធការប្រើជំនាញបច្ចេកទេសនេះវាមិនមែនគ្រាន់តែគិត ១ ភ្លែតហើយបង្កើតបាននោះទេ បើមិនមានការព្យាយាមពិគ្រោះផ្លាស់ប្តូរយោបល់គ្នាជាក្រុមហើយក៏ឆ្លងកាត់ការសិក្សាស្រាវជ្រាវរៀនសូត្រតាំងពីតាមអ៊ីនធឺណិតជាពិសេសពីគ្រូតែម្តង។
រ៉ូបូត ១ គ្រឿងនេះ ត្រូវប្រើពេល ៥ ខែ ទើបអាចសម្រេចបាន ហើយក៏ស្ថិតក្នុងដំណាក់កាលសាកល្បងដើម្បីវិវឌ្ឍវាបន្ថែមទៀត។ រូបគេក៏ដូចជាមិត្តរួមក្រុមរំពឹងថា «រ៉ូបូតដែលពួកគេខំស្រាវជ្រាវបង្កើតឡើងមកនេះថ្វីដ្បិតតែជាគំរូដំបូងក្តី តែនេះជាសមិទ្ធផលល្អ ១ ទៅថ្ងៃអនាគត»។
លី ហុងមាន បាននិយាយថា៖ «បើខ្ញុំចេះជំនាញបច្ចេកទេសនេះពិតប្រាកដគឺខ្ញុំអាចងាយស្រួលក្នុងការរកការងារធ្វើបាន ព្រោះបើយើងមានជំនាញច្បាស់លាស់ក្នុងខ្លួនវាអាចងាយស្រួលជាងយើងមិនមានជំនាញ»។
វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសជម្ពូវ័នក៏ជាសាលាបង្រៀនចំណេះទូទៅដែរ ហើយពេលសិស្សរៀនដល់ថ្នាក់ទី៩ គឺខាងសាលានឹងផ្សព្វផ្សាយមុខវិជ្ជាចំនួន ៣ ឱ្យសិស្សានុសិស្សជ្រើសរើស ក្រោយពីប្រឡងចូលថ្នាក់ទី១០។ ជំនាញទាំង ៣ នោះរួមមាន ជំនាញមេកានិក អគ្គិសនី និងជំនាញអេឡិចត្រូនិក។ នេះបើតាមការឱ្យដឹងរបស់លោក សំស៊ូ រៈតុង ជាគ្រូបង្រៀនផ្នែកអេឡិចត្រូនិកនៃវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន។
លោកគ្រូ សំស៊ូ រៈតុង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បន្ទាប់ពីបានផ្សព្វផ្សាយពីមុខជំនាញទាំង ៣ ខាងលើហើយនោះ បើសិស្សានុសិស្សណាម្នាក់ចាប់យកជំនាញណាមួយក្នុងចំណោមមុខជំនាញទាំង ៣ គឺគាត់នឹងត្រូវរៀនជំនាញនោះពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២។
ប៉ុន្តែសាលាក៏មានបង្រៀនចំណេះទូទៅដល់ពួកគាត់ដែរមានដូចជា រូបវិទ្យា គណិតវិទ្យា និងអក្សរសាស្ត្រភាសាអង់គ្លេស។ចំពោះសិស្សដែលសិក្សាមុខវិជ្ជាអេឡិចត្រូនិក គឺមានសម្ភារឧបករណ៍សម្រាប់ឱ្យអនុវត្តផ្ទាល់នៅសាលាតែម្តង។ ក្នុងអំឡុងពេលសិក្សានេះគឺសិស្សត្រូវចងក្រងគ្នាជាក្រុម ដើម្បីពិភាក្សាគ្នាស្វែងរកគំនិតបង្កើតជាគម្រោង ១ ពាក់ព័ន្ធនឹងការបង្កើតអ្វី ១ ហើយលើកគម្រោងនោះមកបង្ហាញគ្រូ បើគ្រូមើលថាអាចធ្វើបានក៏ឱ្យពួកគេស្រាវជ្រាវធ្វើតែម្តង។
លោកថ្លែងថា៖ «គម្រោងដែលសិស្សលើកមកឱ្យពួកខ្ញុំនេះ គឺពួកខ្ញុំជាគ្រូបង្រៀនជំនាញអេឡិចត្រូនិកក៏មើលដែរឱ្យគាត់រើសគម្រោងណាដែលគាត់គិតថា សមនឹងសមត្ថភាពគាត់។ ចំពោះគោលបំណងរបស់សិស្សទាំង ៤ នាក់ ធ្វើរ៉ូបូតជូតឥដ្ឋការ៉ូនេះដោយសារពួកគាត់ឃើញក្នុងបន្ទប់រៀនមានធូលីដីទើបមានគំនិតបង្កើតជារ៉ូបូតនេះទៅ»។
រ៉ូបូត ១ គ្រឿងនេះ ត្រូវបានភ្ជាប់ប្ល៊ូធូបទៅនឹងគ្រឿងផ្គុំរបស់វាដោយបញ្ជាតាមអ៊ែប តែរ៉ូបូតជូតកម្រាលឥដ្ឋនេះ គ្រាន់តែជាគំរូនៃការបង្កើតតែប៉ុណ្ណោះហើយក៏នៅមិនទាន់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអ្វី ១ ដែរ។ ប៉ុន្តែដើម្បីប្រើជាការបានលុះត្រាតែអភិវឌ្ឍបន្តទៀត ហើយចំពោះថ្នាក់រៀនជំនាញមេកានិក អគ្គិសនី និងជំនាញអេឡិចត្រូនិកមាន ១២ ថ្នាក់ ហើយក្នុង ១ ថ្នាក់ៗមានសិស្សប្រហែល ៦០ នាក់សិក្សាជំនាញនីមួយៗ។ នេះបើតាមលោកគ្រូ សំស៊ូ រៈតុង។
ពាក់ព័ន្ធនឹងសិស្សនៅវិទ្យាល័យសិក្សាលាយជាមួយជំនាញបច្ចេកទេសនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសជាវិទ្យាល័យ ១ ដែលផ្តល់ការបណ្តុះបណ្តាលចំណេះទូទៅផង និងរៀនបច្ចេកទេសផង។ កម្មវិធីទាំងនេះ គឺដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យគាត់អាចមានជំនាញតាំងពីសិក្សានៅកម្រិតមធ្យមសិក្សា។ រីឯជំនាញដែលសិស្សានុសិស្សអាចជ្រើសរើសបានមានចំនួន ១២ ជំនាញ គឺជំនាញអគ្គិសនី អេឡិចត្រូនិក មេកានិក កែច្នៃម្ហូបអាហារ ក្សេត្រសាស្ត្រ បសុវប្បកម្ម ទេសចរណ៍ គណនី កុំព្យូទ័រ ឌីជីថល មេឌាឌីហ្សាញ កសិកម្មវៃឆ្លាត និងអភិវឌ្ឍន៍កសិកម្ម។
បើតាមលោកស្រី រហូតមកទល់បច្ចុប្បន្ន វិទ្យាល័យចំណេះទូទៅ និងបច្ចេកវិទ្យាមានសាលាចំនួន ២១ ស្ថិតនៅក្នុងខេត្តក្រុងទាំង ១៩ នៅទូទាំងប្រទេសដែលបាននិងកំពុងអនុវត្តកម្មវិធី (សាលាចំណេះទូទៅ និងបច្ចេកទេសនេះ) ហើយនៅពេលអនាគត ក្រសួងនឹងពង្រីកវិសាលភាពទៅកាន់ខេត្តផ្សេងទៀតដែលនៅមិនទាន់មានហើយបច្ចុប្បន្នក្រសួងកំពុងសិក្សានៅខេត្តបាត់ដំបង និងពោធិ៍សាត់បន្ថែមទៀតដើម្បីពង្រីកវិសាលភាព។
លោកស្រីថ្លែងថា៖ «ប៉ុន្តែកម្មវិធីនេះខុសគ្នាពីសាលាជំនាន់ថ្មី ដោយសាលាជំនាន់ថ្មីមានឯករាជភាពក្នុងការសិក្សា។ព្រោះក្រៅពីអនុវត្តស្តង់ដាកម្មវិធីសិក្សារបស់ក្រសួងអប់រំហើយនោះ គឺសាលាជំនាន់ថ្មីមានបន្ថែមកម្មវិធីផ្សេងៗទៀត ជាពិសេសផ្នែកជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្តេមឬ science, technology, engineering and mathematics (STEM)ដើម្បីជំរុញការបណ្តុះបណ្តាលផ្នែកមុខវិទ្យាវិទ្យាសាស្ត្រដល់សិស្សានុសិស្ស។ មួយផ្នែកទៀតសាលាជំនាន់ថ្មីជាសាលាមួយដែលអនុវត្តវិធីសាស្ត្របង្រៀនថ្មីដើម្បីជំរុញឱ្យសិស្សមានបំណិនសតវត្សរ៍ទី២១ ឱ្យស្របតាមកម្មវិធីសិក្សាថ្មី»។
លោកស្រីថ្លែងថា កន្លងមកក្រសួងមើលឃើញថា សិស្សា-នុសិស្ស ដែលសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនេះគាត់ទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីខាងសហគ្រាសឬក៏វិស័យឯកជនជាច្រើនដែរ។ វាជាឱកាសអាចផ្តល់ឱ្យគាត់រកការងារធ្វើតាំងតែពីគាត់រៀនចប់ថ្នាក់ទី១២ ភា្លមឬអំឡុងពេលសិក្សាហ្នឹងគាត់ក៏អាចទទួលបានឱកាសក្នុងការចុះហាត់ការឬក៏ទទួលបានការងារធ្វើរួចទៅហើយដែរ។
លោកស្រីថ្លែងថា៖ «អ៊ីចឹង ធ្វើឱ្យគាត់អាចរកឱកាសបានការងារធ្វើក្រោយពីគាត់ចប់បាក់ឌុបទៅ គាត់ក៏អាចបន្តការសិក្សានៅកម្រិតជំនាញឬក៏កម្រិតសាកលវិទ្យាល័យបន្តថែមទៀតដូចប្អូនៗដទៃទៀតដែរ។អ៊ីចឹងការងារនេះក្រៅតែពីការផ្តល់នូវជម្រើស និងឱកាសហើយនោះ គឺដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអ្នកជំនាញដែលយើងហៅថា Skill នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ»៕