ភ្នំពេញៈ ក្រុមអភិរក្សបានអំពាវនាវឱ្យមានការចូលរួមការពារ និងអភិរក្សជម្រកដ៏សំខាន់របស់ផ្កាថ្មក្រោយពីរកឃើញការបង្កកំណើតរបស់ផ្កាថ្មជាលើកដំបូងនៅសមុទ្រកម្ពុជាកាលពីពេលថ្មីៗនេះ។ ក្រុមអភិរក្សដែលរួមមានអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងក្រសួងបរិស្ថាន ព្រមទាំងមូលនិធិសង្សារ និងមជ្ឈមណ្ឌលមុជទឹក (Bubbles Up Dive Centre) បានរកឃើញការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនា ក្រោមការណែនាំរបស់លោក Rahul Mehrotra និង មជ្ឈមណ្ឌល Aow Thai Marine Ecology Center។
ការរកឃើញដ៏អស្ចារ្យនេះបានបង្ហាញថា ផ្កាថ្មនៅកម្ពុជានៅតែមានសុខភាពល្អ និងក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សកាន់តែទូលំទូលាយនៅក្នុងតំបន់នេះ។ លើសពីនោះ វាក៏បានបង្ហាញពីគំរូការងារល្អរបស់រដ្ឋបាលជលផលក្នុងកិច្ចខិតខំប្រឹងប្រែងការពារផ្កាថ្មប្រទេសកម្ពុជា និងជាក្តីសង្ឃឹមដ៏ភ្លឺស្វាងនាពេលអនាគត។ នេះបើយោងតាមអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា។
កញ្ញា ហែម ម៉ានីតា តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាឱ្យដឹងថា ការបង្កកំណើតឬបន្តពូជរបស់ផ្កាថ្ម ជាធម្មតាកើតឡើងម្តងក្នុងមួយឆ្នាំ នៅពេលដែលផ្កាថ្មបញ្ចេញពង និងមេជីវិតឈ្មោលក្នុងពេលតែមួយ។ រយៈពេលនៃការបញ្ចេញពង គឺចាប់ពី ២ ទៅ ៣ នាទី រហូតដល់ទៅជាង ១ ម៉ោងដែលវាអាស្រ័យលើប្រភេទផ្កាថ្ម។
ការយល់ដឹងអំពីពេលវេលាបង្កកំណើតរបស់ផ្កាថ្មនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងផ្កាថ្ម ព្រោះវាអាចអនុញ្ញាតឱ្យអ្នកអភិរក្សប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និងវាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កញ្ញាម៉ានីតាបានបញ្ជាក់ថា៖«ការបន្តពូជរបស់ផ្កាថ្មដ៏ធំគួរឱ្យកត់សម្គាល់គឺជាសញ្ញាសំខាន់មួយនៃសុខភាពរបស់ថ្មប៉ប្រះទឹកហើយព្រឹត្តិការណ៍នេះបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកត្តាគំរាមកំហែងធំៗមានដូចជា ការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យពួកវាមិនអាចបន្តពូជបាន»។
ផ្កាថ្មប៉ប្រះទឹកនៅជិតឆ្នេរសមុទ្រកម្ពុជាត្រូវបានកំណត់លក្ខណៈដោយដីល្បាប់ខ្ពស់ហើយមានការប្រែប្រួលយ៉ាងខ្លាំងនៃសីតុណ្ហភាពរវាងរដូវវស្សានិងរដូវប្រាំង។ហេតុដូច្នេះផ្កាថ្មប៉ប្រះទឹករបស់កម្ពុជាអាចដើរតួជាជម្រកដ៏សំខាន់សម្រាប់ប្រភេទផ្កាថ្មគំរូសែន ដែលធន់នឹងកម្ដៅដែលអាចសាបព្រោះពូជផ្កាថ្មប៉ប្រះទឹកនៅកន្លែងផ្សេងទៀតក្នុងឈូងសមុទ្រថៃ។
កញ្ញាម៉ានីតាក៏បានឱ្យដឹងផងដែរថា ផ្កាថ្មត្រូវបានរកឃើញមានវត្តមាននៅខេត្តចំនួន ៤ នៅតំបន់ឆ្នេរ ដូចជាខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។ ផ្កាថ្មត្រូវបានរកឃើញចំនួន ២ ៨៨២,៤៩ ហិកតាក្នុងប្រទេសកម្ពុជាទាំងមូល តែផ្កាថ្មមានរបាយច្រើននៅខេត្តព្រះសីហនុ ដែលមានច្រើនជាង ៥០ភាគរយនៃរបាយផ្កាថ្មសរុបក្នុងប្រទេសកម្ពុជា។
កញ្ញាម៉ានីតាបានបញ្ជាក់ពីសារៈសំខាន់របស់ផ្កាថ្មថា ផ្កាថ្មមានសារៈសំខាន់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដែល បានទ្រទ្រង់ជីវិតសត្វសមុទ្រជាង ២៥ ភាគរយទូទាំងពិភពលោក ក្នុងនោះមានត្រីជាង ៤ ០០០ ប្រភេទ។ ក្រៅពីនោះ ផ្កាថ្មដែលមានសុខភាពល្អបានដើតួជាទីជម្រក ទីកន្លែងនៃប្រភពចំណី ជម្រកពងកូននិងជាទីតាំងលាក់ខ្លួនរបស់ជីវិតសត្វសមុទ្រជាងមួយលានប្រភេទ។ លើសពីនោះផ្កាថ្មជាចលករក្នុងការទាក់ទាញភ្ញៀវទេសចរ និងបានផ្តល់ជាតម្លៃសេដ្ឋកិច្ចក្នុងសហគមន៍ហើយ វាក៏ជារនាំងការពារគ្រោះធម្មជាតិផងដែរនៅក្នុងសាគរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានចាត់ទុកការរកឃើញការបង្កកំណើតផ្កាថ្មនេះថា ជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា បន្ទាប់ពីបានធ្វើការសិក្សារួមគ្នាជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធក៏ដូចជា រដ្ឋបាលមូលដ្ឋានជាដើម។ នេះបានបង្ហាញឱ្យឃើញច្បាស់ពីការខិតខំប្រឹងប្រែងអភិរក្សរួមគ្នារបស់ក្រុមការងារនាពេលកន្លងមក។
លោក អាទិត្យា បានថ្លែងថា៖ «ការរកឃើញថ្មីនេះ ពិតជាមានសារៈសំខាន់ ដែលបង្ហាញអំពីជីវិតធម្មជាតិនៅកម្ពុជាពិសេសធនធានធម្មជាតិសមុទ្ររបស់យើងនេះមានសុខភាពល្អ មានជីវិតរស់នៅប្រកបដោយសុខដុមរមនា»។ លោកបានអំពាវនាវឱ្យមានការចូលរួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងលើកទឹកចិត្តឱ្យមានការសិក្សាបន្ថែមទៀតទៅលើធនធាននៅតាមតំបន់កោះ និងឆ្នេរក្នុងខេត្តទាំង ៤ ដូចជាប្រភេទស្មៅសមុទ្រ និងផ្កាថ្មជាដើម។
លើសពីនោះ ក្រសួងបរិស្ថានក៏បាននិងកំពុងតែសហការជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាពីប្រភេទសត្វព្រៃ សត្វកម្រ និងងាយរងគ្រោះនៅតាមតំបន់ឆ្នេរផងដែរ ដូចជាសេះសមុទ្រ ផ្សោត ឆ្លាមនិងត្រីបាឡែនជាដើមពិសេសនៅក្នុងឧទ្យានជាតិសមុទ្រកោះរុង ព្រះសីហនុរាម និងប្រជុំកោះកុងក្រៅ។ ក្នុងនោះ ក្រសួងក៏បានជំរុញឱ្យមានការដាំដុះព្រៃកោងកាង ដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្ស និងបន្តពូជថែមទៀតផងដែរ។
អង្គការសត្វព្រៃនិងរុក្ខជាតិ និងដៃគូក៏កំពុងចូលរួមជាមួយសហគមន៍មូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេង ទៀតនៅតាមឆ្នេរសមុទ្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃធនធានសមុទ្រនិងបង្កើតវិធីសាស្ត្រអភិរក្សប្រកបដោយនិរន្តរភាព និងការពង្រឹងជីវភាពសហគមន៍៕