ភ្នំពេញៈ ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅអាណត្តិមុន ឱ្យមន្ត្រីជំនាញបច្ចេកទេសសិក្សា រៀបចំឱ្យមានកម្មវិធីសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធឌីជីថល។ អ្នកបច្ចេកទេសក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុនឯកជន បង្កើតបានកម្មវិធីព័ត៌មានវិទ្យាថ្មី ១ សម្រាប់ផ្តល់សេវាតាមប្រព័ន្ធអនឡាញនៅពាក់កណ្តាលឆ្នាំ ២០២៣ និងទើបបានប្រកាសដាក់ឱ្យអនុវត្តសាកល្បង ក្នុងពេលថ្មីៗនេះ ដោយលោក ស សុខា ជាថ្នាក់ដឹកនាំថ្មី នៃក្រសួងមហាផ្ទៃ។
អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្តមួយចំនួន កំពុងអនុវត្តសាកល្បង ការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ និងកំពុងធ្វើការផ្សព្វផ្សាយបន្ថែមទៀត ឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ បានយល់ដឹងកាន់តែច្បាស់ពីការស្នើសុំសេវារដ្ឋបាល តាមកម្មវិធីព័ត៌មានវិទ្យាថ្មីនេះ។
កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យដំណើរការសាកល្បង នូវកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចទទួល និងដាក់ពាក្យស្នើសុំបានគ្រប់ទីកន្លែង សន្សំសំចៃពេលវេលា និងថវិកា ហើយមិនបាច់ពិបាកធ្វើដំណើរ ទៅដាក់ស្នើសុំដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយទៀតទេ។
លោក លឹម អ៊ីម៉ែង ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង បានឱ្យដឹងថា តាមរយៈការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ប្រជាពលរដ្ឋចំណាយពេលវេលាតែមួយដងគត់ ក្នុងការធ្វើដំណើរមកកាន់អង្គភាពច្រកចេញចូលតែមួយ គឺមកទទួលយកលទ្ធសម្រេច មិនបាច់ធ្វើដំណើរទៅមកច្រើនដង នាំខាតបង់ពេលវេលានិងថវិកានោះទេ។
លោកបន្តថា ការអនុវត្តការសាកល្បងលើកដំបូង ចៀសមិនផុតពីការមានបញ្ហាខ្លះកើតឡើងនោះទេ ជាក់ស្តែងនៅអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង មានភាពរអាក់រអួលខ្លះ ដោយសារប្រព័ន្ធដើរមិនសូវស្រួល ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីដំណើរការអស់មួយរយៈពេលខ្លីជាងកន្លះខែ បញ្ហារអាក់រអួលទាំងនោះត្រូវបានដោះស្រាយ ដោយមានការជ្រោមជ្រែងពីក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ។
ប្រភពដដែលបានលើកឡើងថា ដើម្បីឱ្យការស្នើសុំសេវានេះបានកាន់តែរលូន លោកនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀត ពីចំណេះដឹង របៀបស្នើសុំផ្សេងៗទៅដល់ប្រជាពលរដ្ឋមូលដ្ឋាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ឃើញថា ការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ ពិតជាមានភាពងាយស្រួល និងរហ័សជាងការធ្វើដំណើរទៅកាន់អង្គភាពច្រកចេញចូលតែមួយដោយផ្ទាល់។
លោកនិយាយថា៖ ា«ជាគំនិតរបស់ខ្ញុំ ដរាបណាគាត់ធ្វើខ្លួនឯង ហើយចំណាយពេលយូរជាងគាត់អញ្ជើញមកដោយផ្ទាល់ គឺគាត់ប្រាកដជាមិនព្រមធ្វើការស្នើសុំតាមអនឡាញទេ គាត់ប្រាកដជាធ្វើដំណើរមកដល់កន្លែងអង្គភាពច្រកវិញ ដើម្បីស្នើសុំសេវាហ្នឹង»។
ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបងបញ្ជាក់ថា នឹងធ្វើការប្រជុំចង្អៀតជាមួយមន្ត្រីបច្ចេកទេស ដែលធ្វើការងារនេះផ្ទាល់ ដើម្បីត្រៀមលក្ខណៈបម្រើសេវា ឱ្យបានកាន់តែល្អនិងលឿនជាងមុន។ ជាមួយគ្នានោះ ក៏នឹងផ្សព្វផ្សាយទៅដល់ មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជួយផ្សព្វផ្សាយបន្ថែមទៀត ទៅដល់ប្រជាពលរដ្ឋ ព្រោះពេលខ្លះមិនងាយក្នុងការធ្វើការផ្លាស់ប្តូរឱ្យប្រជាពលរដ្ឋ មកប្រើប្រាស់សេវាបែបទំនើបថ្មីនេះទេ ដោយសារភាគច្រើនពលរដ្ឋតែងប្រកាន់ទម្លាប់ចាស់។
យ៉ាងណាក៏ដោយ លោក លីម អ៊ីម៉ែង បានអះអាងថា ការដែលប្រជាពលរដ្ឋចាប់ផ្តើម ស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ សបញ្ជាក់ថា ការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមប្រព័ន្ធអនឡាញនេះ បានជោគជ័យមួយកម្រិតហើយ ទោះបីជាពលរដ្ឋបានប្រើប្រាស់តិចក៏ដោយ។
លោកថ្លែងថា៖ «ធម្មតាវាជាជម្រើសរបស់គាត់ ដែលស្នើតាមអនឡាញក៏បាន គាត់មកអង្គភាពច្រកក៏បាន ប៉ុន្តែពេលខ្លះចង់ ឬមិនចង់ យើងរុញ បើយើងមិនរុញទេគឺមិនទៅទេ អ៊ីចឹងយើងរុញទៅដើម្បីឱ្យទៅជាទម្លាប់ ឧទាហរណ៍ថា ពីមុនគាត់នៅស្ទាក់ស្ទើរ ដល់ពេលយើងរុញទៅ គាត់មានអារម្មណ៍ថាស្រួលជាងមុន អ៊ីចឹងលើកក្រោយទៀតគាត់អាចងាកមកប្រើអាហ្នឹងវិញ»។
លោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម បានឱ្យដឹងថា ចាប់តាំងពីការដាក់ឱ្យអនុវត្តរហូតមកដល់ពេលនេះ មានការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅខេត្តកំពង់ចាមមានប្រមាណ ៦០ សេវាហើយ។ ការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ មានបញ្ហាប្រឈមមួយចំនួនសម្រាប់ប្រជាពលរដ្ឋ មានវ័យចាស់ដែលមិនអាចធ្វើការស្នើសុំបាន ក្រៅពីនេះ នៅកន្លែងខ្លះមិនមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ ដែលទាមទារឱ្យប្រជាពលរដ្ឋនៅតែត្រូវធ្វើដំណើរទៅកាន់អង្គភាពច្រកចេញចូលតែមួយដោយផ្ទាល់។ ទោះយ៉ាងណាក៏ដោយ មានពលរដ្ឋមួយចំនួនបានសាទរចំពោះការបង្កើតឱ្យមានការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ។
លោកថ្លែងថា៖ «គាត់សប្បាយចិត្ត ព្រោះវាចំណេញដល់ការធ្វើដំណើររបស់គាត់ មិនចាំបាច់ធ្វើដំណើរមកផ្លូវឆ្ងាយ ខាតពេលវេលា ហើយមួយទៀត អត់មានភាពទើសទាល់ក្នុងការកាន់លុយ យកមកបង់អ៊ីចឹងទៅណា គឺគាត់ទូទាត់នៅលើសេវាធនាគារខ្លួនគាត់ អីខ្លួនគាត់ អ៊ីចឹងវាស្រួល»។
ប្រភពដដែលលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្សព្វផ្សាយពីអ្នកស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រីជំនាញ ជួយពន្យល់ដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់កម្មវិធីស្នើសុំសេវារដ្ឋបាលនេះ បានធ្វើឱ្យពលរដ្ឋមានការយល់ដឹង ជាបន្តបន្ទាប់។
លោកបញ្ជាក់ថា ក្រៅពីមន្ត្រីជំនាញចុះទៅពន្យល់ពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម មាននិស្សិតស្ម័គ្រចិត្ត ជួយបង្រៀនប្រជាពលរដ្ឋក្នុងការស្នើសុំសេវានេះ នៅនឹងកន្លែងអង្គភាពច្រកផងដែរ។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋគាត់យល់ច្រើន គ្រាន់តែអ្នកខ្លះដោយសារតែរឿងថ្មីទៅ គាត់មិនទាន់បានរៀបចំធ្វើ ព្រោះគាត់នៅប្រើទម្លាប់ចាស់មកដាក់ពាក្យស្នើសុំ ឬក៏ប្រើកូនចៅឱ្យទៅដាក់ពាក្យស្នើសុំអ៊ីចឹងទៅ»។
ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ប្រាប់ថា ការអនុវត្តកម្មវិធីព័ត៌មានវិទ្យានេះ ក្រសួងមហាផ្ទៃឱ្យធ្វើការសាកល្បង សម្រាប់តែវិស័យចម្បងចំនួន ៤ ប៉ុណ្ណោះ ក្នុងនោះរួមមានវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។
កញ្ញា ស្រ៊ុន ស្រីនាង ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់តាំងពីក្រសួងមហាផ្ទៃប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី ៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ អង្គភាពច្រកនៅមិនទាន់បានដំណើរការនៅឡើយទេ ដោយសារតែមិនទាន់បានទទួលការបណ្តុះបណ្តាល។
កញ្ញាប្រាប់ថា យ៉ាងណាក៏ដោយនៅថ្ងៃទី ២២ ខែកុម្ភៈ ក្រសួងមហាផ្ទៃ បានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលកម្មវិធីព័ត៌មានវិទ្យានេះ ដល់ខេត្តចំនួន ៨ ដែលមានខេត្តព្រះសីហនុ ១ ផងដែរ បន្ទាប់ពីរាជធានី ខេត្តចំនួន ៤ ត្រូវបានបណ្តុះបណ្តាលរួចរាល់ដំបូងគេរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ ក្រោយទទួលបានការបណ្តុះបណ្តាលអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ នឹងចាប់ផ្តើមផ្តល់សេវាអនឡាញចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤ តទៅ។
កញ្ញាថ្លែងថា៖ «ពួកខ្ញុំកំពុងរៀបចំសេចក្តីជូនដំណឹង ដើម្បីផ្សព្វផ្សាយជូនម្ចាស់អាជីវកម្ម ក៏ដូចជា ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុដើម្បីគាត់បានជ្រាប និងអនុវត្តសេវាអនឡាញនេះ»។
ថ្លែងក្នុងពិធីប្រកាស ដាក់ឱ្យអនុវត្តសាកល្បង កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថា ការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីថ្មី ព័ត៌មានវិទ្យាថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីបន្តពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធឌីជីថល ដែលកាន់តែឆាប់រហ័ស មានតម្លាភាព និងគុណភាពខ្ពស់។
លោកថ្លែងថា៖ «សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី-ខេត្ត ដែលយើងកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាការចូលរួមចំណែកជាជំហានៗ ក្នុងការអនុវត្តបញ្ចកោណទី៥ របស់រាជរដ្ឋាភិបាល បច្ចេកវិទ្យាឌីជីថល ដែលផ្ដោតជាសំខាន់លើការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល»។
លោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការដាក់ឱ្យអនុវត្តសាកល្បងនូវការស្នើសុំសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយនេះគឺជាការវិវឌ្ឍថ្មី ដែលស្របនឹងបច្ចុប្បន្នភាព គឺការរីកចម្រើន នៃបច្ចេកវិទ្យាព័ត៌មាន។ ការធ្វើបែបនេះនាំឱ្យការផ្តល់សេវាបានលឿនរហ័ស និងជាការរួមចំណែកក្នុងការកាត់បន្ថយអំពើពុករលួយ។
លោកថ្លែងថា៖ «ទោះបីថា អ្នកផ្តល់សេវាមិនជួបផ្ទាល់ជាមួយអ្នកទទួលសេវាក៏ពិតមែន ប៉ុន្តែតាមរយៈប្រព័ន្ធឌីជីថលហ្នឹង ក៏ដូចជាបានជួបផ្ទាល់ហើយលឿនរហ័ស ទី២ អ្នកទទួល គឺគាត់បានសេវាលឿនរហ័សចំណាយលុយកាក់តិច ពេលវេលាតិច ហើយជារួមយើងអាចគិតថាក៏អាចរួមចំណែកកាត់បន្ថយនូវរបាំងផ្សេងៗ»។
លោកថា ចំណុច ១ ទៀតការធ្វើបែបនេះ ក៏មានអំណោយផលក្នុងការផ្តល់សេវាសាធារណៈ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនខុសប្លែកឆ្ងាយពីបណ្តាប្រទេសផ្សេងៗទាំងក្នុងតំបន់ និងពិភពលោក ដោយសារបច្ចុប្បន្ន ការផ្តល់សេវារដ្ឋបាល ហិរញ្ញវត្ថុ ការលក់ដូរអនឡាញ និងការប្រជុំអនឡាញជាដើមមានច្រើន។ ហេតុនេះការធ្វើបែបនេះ នឹងនាំឱ្យប្រទេសជាតិដំណើរការទៅដោយចុះចំណោម ជាមួយបណ្តាប្រទេសដែលដើរទាន់សម័យបច្ចេកវិទ្យា។
ប្រភពដដែលបានលើកឡើងថា ការអនុវត្តបច្ចេកវិទ្យាថ្មីនេះ បើសង្គេតមើលតាមបរិបទបច្ចុប្បន្នឃើញថា អ្នកមានវ័យចាស់ ក្នុងចន្លោះអាយុ ៦០ ឡើងអាច នឹងមានការពិបាកក្នុងការបញ្ច្រៀតខ្លួន ឬធ្វើសមាហរណកម្មទទួលយកនូវបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែ សម្រាប់យុវជន ឬអ្នកនៅក្នុងវ័យកណ្តាលអាចនឹងតាមទាន់ ព្រោះមួយរយៈចុងក្រោយនេះបច្ចេកវិទ្យាព័ត៌មាន បានអភិវឌ្ឍន៍ រីកចម្រើនជាបណ្តើៗ ជាពិសេសនៅអំឡុងពេលមានវិបត្តិកូវីដ ១៩ ក៏ជាឱកាសជំរុញឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់សិក្សា ធ្វើការងារ ប្រកបអាជីវកម្ម ឬទំនាក់ទំនងផ្សេងៗ។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាអាចមានឧបស័គ្គខ្លះសម្រាប់ប្រជាពលរដ្ឋដែលមានវ័យចាស់ៗ ប៉ុន្តែក្នុងវ័យកណ្តាលមកក្មេងៗ មិនជួបការលំបាកអីប៉ុន្មាទេ ប៉ុន្តែទាមទារឱ្យទម្រង់បែបបទក្នុងការផ្តល់សេវាតាមប្រព័ន្ធអនឡាញហ្នឹងឱ្យមានភាពងាយស្រួល»។
លោក លាង ឡេង ម្ចាស់សហគ្រាសលាងឡេង និយាយថា ការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញគឺជារឿងល្អបំផុត និងជាការ ជួយសម្រួលដល់ប្រជាពលរដ្ឋ និងវិស័យឯកជនបានច្រើនជាងមុន ព្រោះកន្លងមកការស្នើសុំសេវា ការចុះបញ្ជីស្នាមផ្សេងៗ មានភាពស្មុគស្មាញ ហើយត្រូវចំណាយពេលវេលាយូរ។
ម្ចាស់សហគ្រាសរូបនេះប្រាប់ថា ចាប់តាំងពីក្រសួង បានប្រកាសដាក់ឱ្យសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះមក លោកនៅមិនទាន់មានតម្រូវការស្នើសុំសេវានៅឡើយទេ ប៉ុន្តែពាក់ព័ន្ធសេវានេះលោកបានដឹងថា បណ្តាប្រទេសផ្សេងៗគេបានធ្វើជាច្រើនឆ្នាំមកហើយ។
លោកថ្លែងថា៖ «បើមានអាហ្នឹងមែនគឺខ្ញុំយល់ថា វាពិតជានឹងទទួលបានផលដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន អាចមានភាពងាយស្រួល ព្រោះសព្វថ្ងៃមានការពិបាកចុះឈ្មោះនេះ ចុះឈ្មោះនោះ ស្នើសុំនេះស្នើសុំនោះ ឬក៏ចុះទៅធ្វើបញ្ជីស្នាម ឯកសារនានា មានភាពស្មុគស្មាញ ហើយត្រូវចំណាយពេលយូរ តម្រង់ជួរយូរ មានភាពស្មុគស្មាញច្រើនមែនទែន ទាំងបច្ចេកទេសទាំងអីហ្នឹង»។
ពលរដ្ឋម្នាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោកបានសាកល្បង ចុះឈ្មោះ ដើម្បីធ្វើការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែចូលតាមតំណរភ្ជាប់ https://online.owso.gov.kh រួចធ្វើតាមការណែនាំជាការស្រេច ប៉ុន្តែ ជាការកត់សម្គាល់ ក្រោយពីការចុះឈ្មោះបានជោគជ័យ ត្រូវរង់ចាំការផ្ទៀងផ្ទាត់ពីមន្ត្រីជំនាញដែលអាចត្រូវចំណាយពេលរហូត ៣ ថ្ងៃ។
ប្រជាពលរដ្ឋរូបនោះបញ្ជាក់ថា លោកបានធ្វើការចុះឈ្មោះនៅថ្ងៃទី ២៦ ខែកុម្ភៈ ប៉ុន្តែរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ នៅមិនទាន់អាចធ្វើការស្នើសុំសេវាបាន ដោយសារមិនទាន់មានការផ្ទៀងផ្ទាត់ព័ត៌មានពីមន្ត្រីជំនាញ។
លោកបញ្ជាក់ថា៖ «នៅលើផ្ទាំងចុះឈ្មោះតាមអនឡាញហ្នឹងបានបង្ហាញថា “គណនីរបស់លោកអ្នកស្ថិតក្នុងការរង់ ចាំនិងផ្ទៀងផ្ទាត់ ព័ត៌មានពីមន្ត្រីជំនាញយ៉ាងយូរ ៣ ថ្ងៃ (នៃថ្ងៃធ្វើការ)យើងខ្ញុំនឹងធ្វើការជូនដំណឹងតាមរយៈ លេខទូរស័ព្ទ ឬអ៊ីមែល របស់លោកអ្នក។ ខ្ញុំចាំដល់ថ្ងៃទី ៣ ហើយ អត់ទាន់ឃើញផ្ទៀងផ្ទាត់ឱ្យខ្ញុំ អ៊ីចឹងដដែលខ្ញុំទៅដល់កន្លែងមិនស្រួលជាង»។
លោក អ៊ឹង ទី ប្រធានអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម ប្រាប់ថា ពាក់ព័ន្ធបញ្ហានេះក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពច្រកចេញចូលតែមួយមានក្រុមអ្នកបច្ចេកទេសដើម្បីចាំឆ្លើយតប នៅពេលមានប្រជាពលរដ្ឋចុះឈ្មោះ ឬធ្វើការស្នើសុំសេវារដ្ឋបាលផ្សេងៗ។
លោកបន្តថា ដោយសារកម្មវិធីនេះថ្មីហើយទើបអនុវត្តសាកល្បង អាចនឹងមានការខ្វះចន្លោះខ្លះ ហេតុនេះ បើសិនជាមានករណីដូចការលើកឡើងខាងលើនេះមែន ប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងផ្ទាល់ បន្ថែមតាមរយៈលេខទូរសព្ទដែលបានផ្ដល់ជូន។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងដោយបានសាទរចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងមហាផ្ទៃ ក្នុងការដាក់ឱ្យសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមអង្គភាពច្រកចេញចូលតែមួយ។
លោកថា ការផ្តល់សេវារៀបនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលជាងមុន ក្នុងការស្នើសុំសេវា កាត់បន្ថយចំណាយ និងចំណេញពេលវេលា ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ក្នុងការបង្កើនទាំងប្រសិទ្ធភាព និងប្រសិទ្ធផល នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០ ក្នុងពេលបច្ចុប្បន្ន៕