​កំពង់ឆ្នាំងៈ រទេះគោ​ដឹក​ភ្ញៀវ​បរទេស នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ផ្តើម​ពេញ​​និយម​ឡើងវិញ​បន្ទាប់ពី​បាត់​ភ្ញៀវ​អស់​ចាប់តាំងពី​ក្នុងសម័យ​កូ​វីដ​ ១៩​​ ជាមួយនឹង​ការ​ទស្សនា​ផ្ទាំង​​គំនូរ​បុរាណ​អាយុ​ជាង​ ៣០០ ​ឆ្នាំ​ក្នុង​ព្រះវិហារ​វត្ត​ពោធិ៍​រុក្ខា​រាម​ហៅ​វត្ត កំពង់ត្រឡាច​លើ​។​

​តាមរយៈ​វត្ត​បុរាណ​ និង​ការធ្វើដំណើរ​កម្សាន្ត​បែប​ប្រពៃណី​ជិះរទេះ​គោ​របស់​ភ្ញៀវ​បរទេស​បាន​ផ្តល់ឱកាស​ការងារ​ និង​ចំណូល​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ជនបទ ក្នុង​ឃុំ​កំពង់ត្រឡាច​។ ទេសចរណ៍​សហគមន៍​នេះ​មិន​ត្រឹមតែ​បាន​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​សហគមន៍​ទេ តែ​ថែមទាំង​បង្កើន​ការអភិរក្ស​រូបគំនូរ​និង​សត្វ​គោ​រទេះគោ ថែម​ទៀតផង​។

​ទេសចរណ៍​សហគមន៍​នេះ ក៏បាន​ជួយ​ទ្រទ្រង់​ជីវភាព​ដល់​គ្រួ​សារ​របស់លោក​ ខៀវ សុភាព ក៏ដូចជា​អ្នកភូមិ​តា​ហាង ក្នុង​ឃុំ​កំពង់ត្រឡាច​ផងដែរ​។ ភាគច្រើន​ភ្ញៀវ​បរទេស​ធ្វើដំណើរ​ពី​អាមេរិក ពី​បារាំង ​និង​ពី​ជប៉ុន មក​ទស្សនា​ទី​អារាម​នោះ គឺ​ដើម្បី​មើលរូប​គំនូរ​ពី​សម័យបុរាណ ដែលមាន​អាយុកាល​ជាង ​៣០០​ ឆ្នាំ រួមទាំង​តួ​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ផង​។​

លោក​ ខៀវ សុភាព​ បាន​រៀប​រាប់​ថា លោក​ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក ​៤៨ ​នាក់ ក្នុង​សមាគម​រទេះគោ​ភូមិ​កំពង់​ត្រឡាច​លើ ហើយ​លោក​មាន​រទេះ​ ១ ​គ្រឿង និង​មាន​គោ​ឈ្មោល ​១ ​នឹម​។ ក្នុង ​១​ ថ្ងៃៗ លោក​អាច​ដឹក​ភ្ញៀវ​បរទេស​បាន​ចន្លោះ​ពី​ ២​ ទៅ​ ៣ ​ជើង ដោយ​ក្នុង ​១ ​រទេះគោ អាច​ផ្ទុក​ភ្ញៀវ​បាន​ ២ ​នាក់ ​ជិះ​មើល​តាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ ហើយ​បាន​ចូលទៅ​ទស្សនា នៅ​វិហារ​បុរាណ ក្នុង​វត្ត​ពោធិ៍​រុក្ខា​រាម​ស្ថិត​ក្នុងភូមិ​តា​ហាង ឃុំ​កំពង់ត្រឡាច​។​

​បុរស​វ័យ​ ៥២ ​ឆ្នាំ​រូបនេះ បាន​បន្តថា រូបលោក​ក៏ដូចជា​សមាជិក​នៅក្នុង​សមាគម​ទាំងអស់​ដែរ​សុទ្ធ​តែមាន​រទេះ​និង​គោ​ខ្លួនឯង​ផ្ទាល់ ហើយ​សេវា​ដឹក​ក្នុង​ភ្ញៀវ​ម្នាក់​ ៧​ ដុល្លារ​។ ចំណែក​លោក​ដែលមាន​គោ​និង​រទេះ​ស្រាប់​ហើយ​ជា​អ្នក​បរទេះ​ជូន​ភ្ញៀវ​ផង​នោះ​ក្នុង​ ១​ ថ្ងៃ​ លោក​អា​ចរក​កម្រៃ​បាន ពី​ការដឹក​ភ្ញៀវ​ចន្លោះ​ពី ៣ ​ម៉ឺន​ទៅ​ ៥ ​ម៉ឺន​រៀល​ ជា​លុយ​ដែល​សមា​គម​បាន​យក ៧ ​ដុល្លារ​ពី​ភ្ញៀវ​។ ប៉ុន្តែ​កាលពី​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០​ មិនសូវមាន​ភ្ញៀវ​បរទេស​មក​ជិះ​រទេះគោ​ទេ ព្រោះ​ពេលនោះ​នៅ​បរទេស​កំពុងតែ​ផ្ទុះ​ជំងឺ​កូ​វីដ​។​

​ក្រោយមក​ចូលដល់​ឆ្នាំ​ ២០២០​ កាន់តែ​ខ្សត់​ភ្ញៀវ​រហូត​ធ្វើឱ្យ​សមា​គម​បិទ​តែម្តង រីឯ​លោក​ក៏ដូចជា​សមាជិក​ដទៃទៀត​ដែរ ត្រូវ​លក់​គោ​អស់​។ ប៉ុន្តែ​ចាប់ពី​ប្រទេស​កម្ពុជា​បើក​ឡើងវិញ​ពី​ការបិទ​ខ្ទប់​ពី​ជំងឺ​កូ​វីដ​មក គឺ​វត្តមាន​របស់​ភ្ញៀវ​បរទេស​មាន​ឡើងវិញ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​។

លោក ​សុភាព​ ប្រាប់ថា​៖ «​សម្រាប់​ខ្ញុំ​គិតថា ការងារ​ប​រទេះដឹក​ភ្ញៀវ​នេះ អត់​ហត់​ហើយ​យើង​ក៏​មិនសូវ​បញ្ចេញ​កម្លាំង​ពលកម្ម​អី​ផង​ទេ​។ យើង​មិន​ចំណាយ​អ្វី​ទៅលើ​គោ​ទេ គ្រាន់តែ​រក​ស្មៅ​ឱ្យ​វា​ស៊ី​ហ្នឹង ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​និយាយ​លេង​ជាមួយ​ភ្ញៀវ គាត់​ប្រាប់ថា គាត់​ប្លែក​ក្នុង​ចិត្ត​ធ្លាប់តែ​ជិះ​កាត់​ទីក្រុង​ទំនើបៗ​តែ​មក​ជិះរទេះ​ក្របី​-​គោ​មើល​វាលស្រែ​ប្លែក​អារម្មណ៍​ខ្លាំង​»​។​

​លោក ​ខៀវ សុភា​ និយាយថា ប្រាក់កម្រៃ​ដែល​លោក​រកបាន​ពី​ការដឹក​ភ្ញៀវ គឺ​មិន​ច្រើន​ហើយក៏​មិនតិច​ដែរ​អាច​ទប់ទល់​ជីវភាព​ចិញ្ចឹម​ប្រពន្ធ​កូន​របស់លោក​បាន​។ ដោយសារតែ​លោក​រកប្រាក់​បាន​ពី​សត្វ​គោ​ដូចនេះ​ទើប​លោក​ពោលថា​៖ «​ខ្ញុំ​គិតថា មិន​ថាស​ត្វ​គោ​ ឬ​ក្របី​ទេ វា​បានផ្តល់​ផលប្រយោជន៍​ឱ្យ​យើង​ច្រើន​បើទោះបីជា​គេ​មិនសូវ​ត្រូវការ​វា​ជា​កម្លាំង​អូសទាញ​ធ្វើ​កសិកម្ម​នាបច្ចុប្បន្ន​ក្តី​»​។​

រទេះគោរបស់ពលរដ្ឋ​នៅស្រុក​កំពង់ត្រឡាច​កំពុង​ដឹកភ្ញៀវ​ទេសចរបរទេសពី​​អំឡុង​ឆ្នាំ ២០២០។ហុង មិនា

​លោក តឹក គ្រឿង ប្រធាន​គណៈកម្មការ​ក្នុង​សមាគម រទេះគោ​ភូមិ​កំពង់ត្រឡាច​លើបានឱ្យដឹងថា សមាគម​នេះ បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ​២០០៧ ​ក៏ប៉ុន្តែ​កាលនោះ មាន​ភ្ញៀវ​ជិះរទេះ​មួយៗ នៅឡើយ​ទេ រីឯ​រទេះគោ​ក៏មាន​ចំនួន​តិច​ដែរ​។ មុន​កើតមាន​ជំងឺ​កូ​វីដ​មាន​ភ្ញៀវ​បរទេស​មាន​ច្រើនតែ​ចូលដល់​សម័យ​កូ​វីដ សមាគម​ឈប់​ដំណើរការ​តែម្តង​ហើយ​នៅពេលនោះ សមាជិក​ក្នុង​សមាគម ក៏​លក់​គោ​ស្ទើរ​អស់​គ្មាន​សល់​ដែរ​។

​លោក​តឹក គ្រឿង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រោយពី​ជំងឺ​កូ​វីដ​ស្ងប់​​ស្ងាត់​ទៅ​ទើប​សមាគម​ចាប់ផ្តើម​ប្រមូល​សមាជិក​ឡើងវិញ​ដែលមាន​ ៤៨ ​គ្រួសារ មកពី​ភូមិ​អ្នកតា​ហាង និង​ភូមិ​កំពង់ត្រឡាច​លើ​។ ចំពោះ​សមាជិក​ម្នាក់ៗ​ក៏មាន​រទេះ​ ១ ​គ្រឿង​ និង​គោ​ ១ ​នឹម​ដែរ ហើយ​បច្ចុប្បន្ន​មាន​ភ្ញៀវ​បរទេស​បណ្តើរៗ​ឡើងវិញ​ច្រើន​ដែរ​ដោយ​ក្នុង​ ១ ​ថ្ងៃៗ​មាន​ប្រមាណ​ពី​ ៥០​ នាក់ ហើយ​ថ្ងៃ​ខ្លះ​ឡើងដល់​ ១០០ ​នាក់​ក៏មាន តែ​កម្រ​មាន​ភ្ញៀវ​ខ្មែរ​ណាស់​។

​ចំពោះ​ភ្ញៀវ​ម្នាក់​សមាគម​យក​ថ្លៃ​ជិះរទេះ ​៧ ​ដុល្លារ ក្នុង ​៧​ ដុល្លារ​នេះ ក៏​រួមទាំង​កម្រៃ​អ្នក​បររទេះ​ជូន​ភ្ញៀវ​ផងដែរ​ដែល​ភ្ញៀវ​ទាំងអស់នោះ គឺមាន​ហ្គា​យ ​(​មគ្គទេសក៍​)​ ជា​អ្នកដឹកនាំ​មកជា​កញ្ចប់​។​

​ភាគច្រើន​ភ្ញៀវ​បរទេស​ទាំងនោះ ឆ្លងកាត់​ពី​ប្រទេស​វៀតណាម​ចូលមក​រាជធានី​ភ្នំពេញ និង​បន្តទៅ​ខេត្តសៀមរាប ហើយ​ជិះ​កប៉ាល់​ចូលមក​ខេត្តកំពង់ឆ្នាំង​តែ​ក៏មាន​ក្រុម​ភ្ញៀវ​ខ្លះ​ជិះ​រថយន្ត​ទេសចរ​ណ៍​ពី​ភ្នំពេញ​មក​ដែរ​។​

​បើតាម​លោក​ តឹក គ្រឿង​ គោល​ដៅ​របស់​ភ្ញៀវ​មក​សមាគម​គឺ​ទី​១ ​គេ​ចង់​ជិះរទេះ​ក្របី​-គោ​ និង​មើល​ភូមិឋាន​អ្នកស្រែ​បែប​រស់នៅ​ជនបទ ពិសេស​គឺ​ចូល​ទស្សនា​នៅ​វត្ត​ពោធិ៍​រុក្ខា​រាម ហៅ​វត្ត​កំពង់​ត្រឡាច​លើ ព្រោះ​វត្ត​ពោធិ៍​រុក្ខា​រាម​ជាវ​ត្ត​ចំណាស់​ដែលមាន​អាយុកាល​ប្រហែល​ ៣០០ ​ឆ្នាំ​ហើយ ហើយ​ព្រះវិហារ​នៅក្នុង​វត្ត​បាន​បន្សល់​នូវ​រូបគំនូរ​ដែល​មើលទៅ​ហាក់ដូចជា​រស់​រវើក​តែម្តង​។

បន្ទាប់ពី​ភ្ញៀវ​បរទេស​ដែល​បាន​ចូល​មើលរូប​គំនូរ និង​ទិ​ដ្ឋ​​ភាព​នៅក្នុង​វត្ត​ហើយ ពួកគេ​ខ្លះ​ក៏មាន​ជំនឿ​ទៅលើ​ព្រះសង្ឃ​ឱ្យ​ព្រះសង្ឃ​ចង​អំបោះ​នៅ​កដៃ​ហើយ​ពួកគេ​ក៏​ប្រគេន​លុយ ដូចនេះ​សមាជិក​ក្នុង​សមាគម​ក៏បាន​កម្រៃ​ហើយ​វត្ត​ក៏មាន​ចំណូល​ទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ពិសេស​មន្ទីរ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ខិតខំ​អភិរក្ស​ខ្លាំងណាស់ ព្រោះ​ខ្លាច​បាត់បង់​អត្ត​សញ្ញាណ​ប្រពៃណី​ខ្មែរ​យើង ព្រោះ​សម័យ​បច្ចុប្បន្ន មាន​ភាពទំនើប​គេ​ប្រើ​ម៉ាស៊ីន​ជំនួស​កម្លាំង​គោ ក្របី​អស់ហើយ​តែ​យើង​ក៏​មិន​ចោល​ទំនៀមទម្លាប់​វប្បធម៌​ប្រពៃណី​យើង​ដែរ​»​។​​

បើ​យោងតាម​លោក​ តឹក គ្រឿង​ ចំពោះ​ភ្ញៀវ​បរទេស​ដែល​មក​តាម​កប៉ាល់​ គឺ​សមាគម​ទៅ​ទទួល​នៅ​កំពង់ផែ​ចំណត​តែម្តង​បន្ទាប់មក​ដឹក​ពួកគាត់​ទៅ​ទស្សនា​រូបគំនូរ​នៅ​ព្រះវិហារ​នៅ​ពោធិ៍​រុក្ខា​រាម ដែលមាន​ចម្ងាយ​ទាំង​ទៅ​ទាំង​មក​ប្រហែល​ ៥​ គីឡូម៉ែត្រ​។ ក្នុង​ ១ ថ្ងៃ​មាន​ភ្ញៀវ​ពី​ ៥០​ នាក់​ទៅដល់ ​១០០ ​នាក់​ ដែល​ខាង​អ្នក​នាំ​ភ្ញៀវ​ជា​អ្នកដឹកនាំ​មក​។ ការ​បង្កើតឡើង​នូវ​ទេសចរណ៍​សហ​គម​ន៍​នេះ​ក៏​ទទួល​បានការ​សាទរ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​​ឆ្នាំង​ដែរ​។​

រទេះគោរបស់ពលរដ្ឋ​នៅស្រុក​កំពង់ត្រឡាច​កំពុង​ដឹកភ្ញៀវ​ទេសចរបរទេសពី​​អំឡុង​ឆ្នាំ ២០២០។ហុង មិនា

​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​តំបន់​ទេសចរណ៍​ចំនួន​ ២៤ កន្លែង ដោយ​រាប់ទាំង​តំបន់​ប្រាសាទបុរាណ​ផង​។ ក្នុងនោះ​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ មាន​ចំនួន​ ១០​ កន្លែង និង​តំបន់​ទេសចរណ៍ធម្មជាតិ​មាន​ ១៤ ​កន្លែង​ហើយ​វត្ត​ពោធិ៍​រុក្ខា​រាម​គឺជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវទេសចរ​បរទេសមួយ​ដែរ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​សេង សាលី ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តកំពង់ឆ្នាំង​។​

​បើតាម​លោក សេង សាលី ​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​សហគមន៍​ទេសចរណ៍​ចំនួន​ ២ ​ដែល​ភ្ញៀវ​បរទេស​និយម​មក​ទស្សនា​ គឺ​នៅ​វត្ត​ពោធិ៍​រុក្ខា​រាម ដែល​ស្ថិតនៅ​ភូមិ​តា​ហាង ក្នុង​ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច និង ១ ​ទៀត​នៅក្នុង​សហគមន៍​ផលិត​វត្ថុ​អនុ​ស្សាវ​​រី​យ៍​ស្មូនឆ្នាំង ក្អម​ដី នៅ​ភូមិ​អណ្តូង​ឫស្សី​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​ដែលមាន​ចម្ងាយ​ប្រហែលជា ៣​ គីឡូម៉ែត្រ ពី​ក្រុង​កំពង់ឆ្នាំង​។​

​ដោយឡែក​សម្រាប់​ភ្ញៀវ​ក្នុងស្រុក​វិញ​គឺ​និយម​ទៅ​កម្សាន្ត​នៅ​តំបន់​ទឹកធ្លាក់​នៅ​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ថ្ម​​ក្រាល តំបន់​ទឹកធ្លាក់​ស្រែអំពិល នៅ​អន្លង់​ស្វាយ ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង រួម​នឹង​តំបន់​ផ្សេងៗ​ទៀត​។​

​លោក​ សាលី ​ថ្លែងថា​៖ «​រាល់​តំបន់​ទេសចរណ៍​ទាំងនោះ​ជា​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​ចេះតែ​កើន​ឡើងជា​លំដាប់​។ ដោយ​ស្ថិតក្នុង​បរិយាកាស​នេះ បានធ្វើឱ្យ​មានការ​កើនឡើង​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​បាន​មួយកម្រិត​ដែរ​។ បើ​សម្រាប់​ភ្ញៀវ​បរទេស​វិញ​ត្រូវបាន​គេ​ស្គាល់​អំពី​វប្បធម៌​ប្រពៃណី​យើង​កាន់តែច្បាស់​»​។​

​លោក​ សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា វត្ត​ពោធិ៍​​រុក្ខា​រាម​ហៅ វត្ត​កំពង់ត្រឡាច​លើ​ដែល​ភ្ញៀវ​បរទេស​និយម​ទៅ​កម្សាន្ត​គឺជា​វត្តមាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​សតវត្សរ៍​ទី​១៧​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការបម្រើ​ភ្ញៀវ​ដោយ​រទេះគោ​នេះ​បានបង្ហាញ​ពី​ទំនៀម​​ទម្លាប់​ប្រពៃណី​ខ្មែរ​យើង​តាំងពីដើម​មក​។ យើង​សរសើរ​ដែល​សមាគមរ​ទេះ​គោ​រក្សាបាន​នូវ​ប្រពៃណី​នេះ​បានល្អ ហើយ​ភ្ញៀវ​ក៏​ពេញចិត្ត​ក្នុងការ​ជិះ​រទេះគោ​របស់​សមាគម​នេះដែរ​»៕