ភ្នំពេញ: មានសណ្ឋានដូចជាថ្មក្រួសតូចៗ ដែលស្ថិតនៅរាយប៉ាយក្នុងប្រាសាទក្រហមនៃតំបន់ប្រាសាទកោះកេរ គ្មាននរណាចាប់អារម្មណ៍ថា ក្រួសថ្មទាំងនោះជាបំណែកនៃចម្លាក់បុរាណកម្ពស់ប្រមាណ ៥ ម៉ែត្រនោះទេ។
នៅក្នុងកិច្ចការអភិរក្សបេតិកភណ្ឌក្រុមបុរាណវិទូខ្មែរ និងបារាំង បានសហការគ្នាបំពេញបេសកកម្មដ៏លំបាកបំផុតក្នុងការនាំយកថ្មក្រួសឱ្យក្លាយទៅជាចម្លាក់ ព្រះឥសូររាំ ឬព្រះសិវៈរាំ សតវត្សរ៍ទី១០ ឈរឡើងវិញ។
កម្ទេចថ្មតូចធំជាច្រើនបន្សល់តាំងពីសតវត្សរ៍ទី១០ ត្រូវបានតម្រៀបនៅលើតុ ដោយរាល់ដុំថ្មនីមួយៗត្រូវបានបង់លេខសម្គាល់ងាយស្រួលក្នុងការតម្រៀបផ្គុំពីបំណែកកម្ទេចតូចៗរហូតដល់ការដំឡើងរូបចម្លាក់ដ៏ធំមួយឡើងវិញ។ វាជាបេសកកម្មផ្គុំ ជួសជុល និងតម្កើងចម្លាក់ព្រះឥសូររាំ ឬព្រះសិវៈរាំពីសំណាក់អ្នកអភិរក្សមកពីអាជ្ញាធរជាតិព្រះវិហារ (NAPV) និងសាលាបារាំងចុងបូព៌ា (EFEO) រួមគ្នា។
លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ទទួលបន្ទុកការិយាល័យអភិរក្សអង្គរបានឱ្យដឹងថា៖ «ដំណើរការផ្គុំចម្លាក់ព្រះសិវៈរាំនេះត្រូវបានធ្វើឡើងដោយក្រុមការងារខ្មែរនិងបារាំង ជាមួយការផ្គុំសាច់ក្រៅនៃចម្លាក់ប្រមាណ ៦៥ ភាគរយ»។
លោក ចំរើន ជាអ្នកដឹកនាំក្រុមការងារផ្គុំចម្លាក់ព្រះឥសូរ ឬព្រះសិវៈរាំ បានចាប់ផ្ដើមក្រោយ ក្រុមការងារអាជ្ញាធរជាតិព្រះវិហាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសាលាបារាំងចុងបូព៌ា (EFEO) ធ្វើកំណាយតាំងពីឆ្នាំ ២០១២ នៅប្រាសាទក្រហម។
ចម្លាក់ព្រះសិវៈរាំ ដែលមានកម្ពស់ប្រមាណ ៥ ម៉ែត្រនេះ ត្រូវបានបំផ្លាញលែងនៅសេសសល់ទ្រង់ទ្រាយមើលយល់ ដោយក្រុមអ្នកស្រាវជ្រាវបានប្រមែប្រមូលកម្ទេចថ្មចម្លាក់ជាង ១ ម៉ឺនបំណែកទាំងតូចទាំងធំ។
លោក ចំរើន បាននិយាយថា ចំពោះបំណែកសាច់ខាងក្រៅ ក្រុមស្រាវជ្រាវប្រមូលបានជាង ២ ៥០០ ដុំហើយ ពួកគេចាប់ផ្ដើមការងារផ្គុំនៅឆ្នាំ ២០១៩ ដោយការផ្គុំលើកដំបូង ត្រូវការពេលវេលា៨ ខែមុនពេលវិបត្ដិជំងឺរាតត្បាតសកលបង្អាក់ការងារទាំងស្រុង។
លោកសាស្ដ្រាចារ្យប្រវត្ដិវិទ្យា សំបូរ មាណ្ណារ៉ា បានឱ្យដឹងថា ប្រាសាទកោះកេរត្រូវបានកសាងឡើងក្នុងសតវត្សរ៍ទី ១០ នៃការគ្រងរាជរបស់ព្រះបាទជ័យវរ្ម័នទី ៤ ហើយព្រះបាទ រាជេន្ទ្រវរ្ម័ន ក៏ស្ថិតក្នុងរង្វង់សតវត្សរ៍ទី ១០ ដែរនៃអំឡុងឆ្នាំ ៩៤០។
លោកសាស្ដ្រាចារ្យប្រវត្ដិវិទ្យាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដូច្នេះ ចម្លាក់ទាំងអស់នេះ គឺជាចម្លាក់ដែលចាប់ផ្ដើមដោយកម្រ ពីព្រោះប្រទេសយើងបែកជា ២ គឺប្រទេសមួយនៅឯកោះកេរ និងប្រទេសមួយនៅឯយសោធបុរៈ (រាជធានីអង្គរ)។ ការប្រសិទ្ធចម្លាក់ទាំងអស់នេះតាមរចនាប័ទ្មខ្មែរតាមការចាត់ចែងដោយវិចិត្រករ អ្នកសិល្បករខ្មែរ វាជាផ្នែកមួយដ៏អស្ចារ្យណាស់អំឡុងសតវត្សរ៍ទី១០»។
ក្រុមបុរាណវិទូបារាំង មានអ្នកជំនាញបច្ចេកទេស ដូចជា អ្នកជំនាញខាងថ្ម ខាងដែក និងអ្នកជំនាញខាងកាវចំនួន ៨ នាក់ ដែលដឹកនាំដោយលោក Eric Bourdonneau ខណៈក្រុមការងារក្នុងស្រុក ដឹកនាំដោយលោក ចំរើន និងបុរាណវិទូខ្មែររួមទាំងប្រមាណ ១០ នាក់ ដោយចូលរួមពីព្រះវិហារ សារមន្ទីរជាតិភ្នំពេញនិងកម្មករខ្មែរក្នុងក្រុមបារាំង។ លោក ចំរើន ឱ្យដឹងថា៖ «ក្រុមការងារខ្មែរយើងមានចំនួនខ្ទង់ ១០ នាក់ និងខាងបារាំងមានចំនួន ៨នាក់ ដោយបានផ្លាស់វេនគ្នាទៅតាមជំនាញរបស់ពួកគេ»។
ជាមួយកិច្ចសហការនេះ ដែលអាស្រ័យលើវេលារបស់ភាគីបារាំង ដោយសារពួកគេជាអ្នកដឹកនាំគម្រោង ការផ្គុំចម្លាក់ព្រះឥសូររាំ (ព្រះសិវៈរាំ) ដោយប្រើប្រាស់បំណែកថ្មដើមរបស់វា អាចគ្របដណ្ដប់បានប្រមាណ ៧០ ភាគរយ ដែលបំណែកដទៃទៀតអាចបែកខ្ទេចខ្ទីអស់ឬក្មេងឃ្លាលគោគប់លេងទៅឆ្ងាយ។ នៅពេលបំណែកតូចៗនៃចម្លាក់ត្រូវបានផ្គុំ ក្រុមការងារបារាំងចាប់ផ្ដើមផ្ដល់សម្ភារជំនួយតាមក្រោយ ដើម្បីឱ្យវាឈរឡើងវិញ។
លោក ចំរើន ទទួលស្គាល់ថា ទោះបីជាចម្លាក់ត្រូវបានបញ្ឈរ និងផ្គុំឡើងវិញយ៉ាងណាក៏ដោយ ក៏គុណភាពនៃចម្លាក់ដែលផ្គុំដោយការប្រើប្រាស់កាវមិនល្អដូចចម្លាក់ថ្មដើមរបស់វានោះទេ ដោយវាអាស្រ័យទៅលើសុពលភាពរបស់កាវ និងទីកន្លែងទុកដាក់ផង។
ក្នុងនាមជាអ្នកជួសជុល និងអភិវឌ្ឍសំណង់បុរាណលោក ចំរើន បានបង្ហាញពីអារម្មណ៍ថា កូនខ្មែរគ្រប់រូបទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រីគួរតែចូលរួមថែរក្សាសម្បត្ដិដូនតា ដោយកុំជឿលើកលឧបាយមកបំផ្លិចបំផ្លាញសម្បត្ដិបេតិកភណ្ឌជាតិ និងអន្ដរជាតិ។
លោកនិយាយថា៖ «នេះ គឺជាស្នាដៃដូនតាយើងមួយដ៏ល្អ ស្ទើរតែអាចនិយាយថា វាល្អឯក ដោយសារចម្លាក់នេះធំ កម្ពស់ប្រមាណ ៥ ម៉ែត្រ។ វាទំនងជាចម្លាក់ព្រះឥសូររាំធំជាងគេនៅអាស៊ីអាគ្នេយ៍ បើតាមខ្ញុំដឹង គឺមិនមានចម្លាក់ណាធំជាងនេះទេ»។ លោកបានលើកឡើងពីស្ថានភាពស្រុកទេស មានសន្ដិភាពដែលអនុញ្ញាតឱ្យលោក ក៏ដូចជា បុរាណវិទូដទៃទៀតធ្វើការជួសជុលវត្ថុបុរាណ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងស្នាដៃមនុស្សអំឡុងពេលជួបវិបត្ដិសង្គ្រាម។
ការផ្គុំចម្លាក់ព្រះសិវៈរាំជាកិច្ចការលំបាកបំផុតជាមួយបទពិសោធន៍បង្គុំចម្លាក់បាក់បែកក្នុងក្រុមមូលនិធិប្រាសាទពិភពលោក ការងារផ្គុំចម្លាក់ព្រះសិវៈរាំនេះជាកិច្ចការដ៏លំបាកបំផុត។
លោក ចំរើន ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «វាជាកិច្ចការលំបាកជាងការផ្គុំបំណែកនៅប្រាសាទណាណាទាំងអស់ប្រហែលជា ១០០ ដង។ សឹងតែមួយជីវិតនេះ តាំងពីខ្ញុំបានដើររៀនសូត្រ និងជួសជុលចម្លាក់ជាច្រើនកន្លងមក ប្រហែលជារូបចម្លាក់នេះហើយដែលលំបាកជាងគេ។ សូម្បីតែក្រុមការងារជំនាញបារាំងដែលដើរធ្វើការជួសជុលប្រាសាទនៅតំបន់អាស៊ីកណ្ដាល និងអាស៊ីអាគ្នេយ៍ មិនដឹងថា ត្រូវធ្វើពីណាទៅណាមុននោះទេ»។
ការផ្គុំបំណែកថ្មតូចៗទៅជាដុំធំ តែងតែមានបាត់ចំណែកណាមួយ ដែលធ្វើឱ្យការផ្គុំជួបការលំបាកយ៉ាងខ្លាំង។ ជាក់ស្ដែង ចម្លាក់ដៃទាំង ៦ លើរូបព្រះសិវៈរាំនេះ បាត់បំណែកកំភួនដៃទាំងអស់ដែលធ្វើឱ្យក្រុមការងារពិបាកប៉ាន់ដាក់ប្រអប់ដៃប្រវែងប៉ុន្មាន និងបែរបង្វិលទៅចំណុចណានោះទេ។ បំណែកចម្លាក់ត្រូវបានពន្យួររយីងរយោង និងដើរឆ្វែលជុំវិញស្វែងរកទីតាំងសមរម្យបំផុត និងធ្វើការពិភាក្សាគ្នាជាមួយក្រុមការងារ ដាក់ឡាស៊ែបញ្ចាំងបញ្ឈរ និងផ្ដេក មុននឹងសម្រេចកំណត់ទីតាំង។ ចំពោះជំហរដៃ ពួកគេក្រឡេកទៅមើលរូបភាពក្នុងសម័យកាលជាមួយគ្នា និងប្រភេទរូបឥសូររាំដូចគ្នានេះដែរថា តើវាស្ថិតក្នុងជំហររបៀបម៉េច។
លោកលើកឡើងថា៖ «ការផ្គុំចម្លាក់មួយនេះ ខ្ញុំគិតថា វាមិនត្រឹមតែជាកិច្ចការដ៏លំបាកសម្រាប់ខ្ញុំនោះទេ ទាំងរូបខ្ញុំ និងអ្នកបានមក ឃើញទាំងអស់មានអារម្មណ៍មិនខុសគ្នានោះទេ។ វាកើតឡើងពី ការស្រឡាញ់ និងតស៊ូខ្លាំងណាស់ ទម្រាំតែបានរូបនេះឈរឡើងវិញ។
យោងតាមគម្រោងការផ្គុំចម្លាក់ព្រះសិវៈរាំត្រូវបញ្ចប់នៅចុងឆ្នាំ ២០២៤ នេះ។ ប៉ុន្ដែលោក ចំរើន បានឱ្យដឹងថា វាទំនងជាមិនអាចបញ្ចប់តាមគម្រោងនោះទេ ដោយវានឹងចប់នៅដើមឆ្នាំ ២០២៥ ឯនោះ។ ភាគីបារាំង បានស្នើយកចម្លាក់នេះទៅរក្សាទុកនៅក្នុងរោងពិព័រណ៍មួយនៅក្បែរប្រាសាទក្រហមកោះកេរសម្រាប់ភ្ញៀវទេសចរបានទស្សនា។
យ៉ាងណាក្តីអាជ្ញាធរព្រះវិហារមានបំណងបង្កើតភាពអស្ចារ្យសម្រាប់ចម្លាក់ដើម្បីឱ្យស័ក្ដិសមទៅនឹងវត្ថុបុរាណជាតិ ជាមួយគោលបំណងនៃការបង្កើតសារមន្ទីរ។ លោកចំរើន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «វាអាស្រ័យលើថ្នាក់ដឹកនាំជាអ្នកសម្រេច។ ប្រហែលជាចម្លាក់នេះ ត្រូវយកទៅកាន់កោះកេរវិញ តែមិនអាចដាក់ក្នុងប្រាសាទនៅកន្លែងដើមនោះទេ»។
យោងតាមភាពជាក់ស្ដែង ចម្លាក់ព្រះសិវៈរាំ ទំនងជាត្រូវរក្សាទុកនៅអភិរក្សឋានអង្គរខេត្ដសៀមរាប ៣-៤ ឆ្នាំមុន ពេលមានការសម្រេច និងកសាងទីកន្លែងរក្សាទុកត្រឹមត្រូវ។
អភិរក្សឋានអង្គរ ជានាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវបានបង្កើតឡើងដោយបារាំងរយៈពេលជាង ១០០ ឆ្នាំមកហើយ។ រូបចម្លាក់បុរាណនេះតំណាងឱ្យការលាយបញ្ចូលគ្នានៃសិល្បៈដ៏ល្អឥតខ្ចោះ និងអត្ថន័យខាងវិញ្ញាណដ៏ជ្រាលជ្រៅ ដែលបង្កប់នូវជំនឿវប្បធម៌ និងសាសនារបស់ប្រជាជនខ្មែរនាពេលនោះ។
លោក Eric ដឹកនាំក្រុមបារាំងមកពីសាលាបារាំងចុងបូព៌ា (EFEO) បាននិយាយថា៖ «[ហេតុផលដែលអ្នកអភិរក្សបាននិងកំពុងធ្វើការជួសជុលឡើងវិញ] ពីព្រោះនៅពេលជាមួយគ្នានេះវាមានលក្ខណៈប្លែក និងមានអត្ថន័យខ្ពស់សម្រាប់ការយល់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ជាពិសេសការយល់ដឹងអំពីភាពជាស្តេចនៅសម័យអង្គរ។
លោកបន្ដថា៖ «ចម្លាក់នេះជាមូលដ្ឋាននូវអ្វីដែលនឹងដាក់ឈ្មោះនៅសតវត្សរ៍ទី១១ ជាការគោរពដល់លិទ្ធិទេវរាជ (ការគោរពចំពោះព្រះដែលទទួលខុសត្រូវលើការការពារព្រះរាជាណាចក្រនិងស្តេច)»។
លោក Eric ដែលបានធ្វើការជាមួយ EFEO នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ផ្តោតលើការអភិរក្សវត្ថុបុរាណកម្ពុជា និងសង្គមក៏ដូចជាការអភិវឌ្ឍ និងការជួសជុលឡើងវិញចំពោះប្រាសាទបុរាណនៅអាស៊ីអាគ្នេយ៍។
មូលហេតុចម្លាក់ព្រះសិវៈរាំក្លាយជាកម្ទេចបំណែកថ្មការសម្គាល់ជាចម្លាក់ឥសូររាំ ដោយសំអាងលើឯកសារទសវត្សរ៍ ១៩៥០ និង ១៩៦០ ក៏ដូចជា រូបថតចោរបំផ្លិចបំផ្លាញអំឡុងឆ្នាំ ១៩៩២ ពេលពួកគេលួចព្រះភក្ដ្ររបស់ព្រះឥសូរ ដែលមានមុខ ៥ និងព្រះកេសពីរជាន់។
ក្រុមការងារបារាំង បានយកមុខមួយខាងឆ្វេងនិងប្រអប់ដៃ ៦ ទៅរក្សា និងជួសជុលសារមន្ទីរជាតិភ្នំពេញ ហើយដោយឡែក មុខ ៣ ទៀតដងខ្លួន និងបំណែកផ្សេងៗស្ថិតនៅកោះកេរ។
លោកបានរំឭកថា៖ «ក្រោយមកក្រុមអ្នកស្រាវជ្រាវនៅកោះកេរបានទទួលទានស្រាសជាមួយអ្នកស្រុកអ្នកភូមិ ហើយចៃដន្យ បានជួបអ្នកបំផ្លាញចម្លាក់នេះម្នាក់ ក្នុងចំណោម ៣ នាក់ ដែលពីរនាក់បានស្លាប់ហើយ។ គាត់និយាយដំណើរទំនងមូលហេតុដែលពួកគេបំផ្លាញចម្លាក់នេះខ្ទេចខ្ទីដល់ថ្នាក់នេះ»។ លោកបន្ដថា ពេលចោរលួចព្រះភក្ដ្រព្រះសិវៈរាំ ៣ និងវត្ថុផ្សេងៗ ហើយយោងតាមការនិយាយតៗគ្នាថា បុព្វបុរសខ្មែរប្រើមន្ដអាគមគាថាបញ្ចុះត្បូងពេជ្រប៉ុនពងមាន់ក្នុងចម្លាក់។ ពួកគេក៏វាយកម្ទេចរូបចម្លាក់ព្រះសិវៈរាំដើម្បីស្វែងរកត្បូងពេជ្រនោះ។
លោក ចំរើន បានបន្ដថា អ្នកខ្លះនិយាយថា ចម្លាក់ព្រះសិវៈរាំនេះ ត្រូវបានកម្ទេចដោយសារគ្រាប់មីន។ ប៉ុន្ដែយោងតាមការសិក្សារបស់លោកក្នុងប្រាសាទក្រហម លោកមិនបានឃើញស្លាកស្នាមបំណែកប៉ើងទៅប៉ះជញ្ជាំងប្រាសាទ ដែលបង្កឡើងដោយគ្រាប់មីននោះទេ។
លោកបញ្ជាក់ថា៖ «យើងមើលឃើញស្លាកស្នាមមុខដែកដាប់ឡើងសុះសាច់ថ្ម។ យោងតាមសភាពនេះ ពេលគេដាប់ចេញមួយដុំធ្លាក់ដល់ដីហើយ គេយកដែកដាប់ទៅដាប់បន្ថែមទៀតដើម្បីស្វែងរកកំណប់។ នេះជាដើមចមដែលធ្វើឱ្យចម្លាក់នេះខ្ទេច»។
លោក Eric បានគូសបញ្ជាក់ពីគោលបំណងរបស់គម្រោងនេះ។ ទី១ តាមទស្សនៈបេតិកភណ្ឌ ការផ្គុំ ជួសជុល និងដំឡើងឡើងវិញមានគោលបំណងយកស្នាដៃពីអ្នកលួចយកមកវិញនិងបង្ហាញពីភាពអស្ចារ្យដល់សាធារណជន។ លោក Eric បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ទី២ តាមទស្សនៈវិទ្យាសាស្ត្រ និងប្រវត្តិសាស្ត្រ គោលដៅគឺដើម្បីកំណត់ទីតាំងត្រឹមត្រូវនៃចម្លាក់ព្រះសិវៈរាំ និងយល់ពីសារៈសំខាន់នៃកាយវិការដៃ និងលក្ខណៈរបស់ចម្លាក់។ វាចាំបាច់ណាស់ដែលត្រូវមានការយល់ដឹងពិតប្រាកដអំពីអត្ថន័យ»៕