ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងធ្វើសកម្មភាពផ្សព្វផ្សាយពីគុណប្រយោជន៍នៃការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធឱ្យកាន់តែខ្លាំងក្លានិងសកម្មថែមទៀត ដើម្បីទាក់ទាញសហគ្រាស កម្មករនិយោជិត និងបុគ្គលស្វ័យនិយោជន៍ដែលស្ថិតក្នុងក្រុម ឬវិស័យអាទិភាពក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលមកក្នុងប្រព័ន្ធ។
លោក ហេង សុគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា យន្តការនៃការផ្សព្វផ្សាយមានសារៈសំខាន់ណាស់ ហើយក៏ជាបញ្ហាប្រឈមមួយក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
លោកថា ក្នុងន័យនេះក្រសួងនឹងពង្រីកនិងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សមាគម ឬអង្គការផ្សេងៗដែលមានការប្រមូលផ្តុំនិងធ្វើសកម្មភាពផ្ទាល់ជាមួយអ្នកប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបានថ្លែងថា៖ «យើងអាចនឹងរៀបចំជាសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយដើម្បីលើកកម្ពស់កិច្ចសន្ទនានិងការចូលរួមនៅក្នុងការរៀបចំជាគោលនយោបាយផ្សេងៗទៀតដើម្បីលើកកម្ពស់ការជំរុញឱ្យបណ្តាសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ អាចយល់ដឹងបន្ថែម ហើយនិងឈានចូលទៅក្នុងប្រព័ន្ធរបស់យើង»។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ របស់ក្រសួងឧស្សាហកម្ម កាលពីថ្ងៃទី ២១ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានជំរុញដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីគោលបំណងរបស់រាជរដ្ឋាភិបាលក្នុងការជួយគាំទ្រលើកកម្ពស់ដល់អ្នកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានសមត្ថភាព ផលិតភាពព្រមទាំងពន្លឿនការចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធផងដែរ។
លោកបានលើកឡើងថា ដើម្បីឱ្យមូលដ្ឋានរីកចម្រើន លុះត្រាតែរាជរដ្ឋាភិបាលអាចប្រមូលអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ឱ្យចូលមកក្នុងប្រព័ន្ធដើម្បីចេញជាគោលនយោបាយក្នុងការជួយ។
លោកថ្លែងថា៖«នៅក្នុងការជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ យើងត្រូវធ្វើយ៉ាងណាឱ្យដឹងគាត់នៅឯណា បានយើងអាចជួយបាន អ៊ីចឹងការរៀបចំប្រមូលទិន្នន័យឱ្យបានដើម្បីឱ្យដឹងថា តើមីក្រូ និងសហគ្រាសធុនតូច និងមធ្យមរបស់យើងនៅឯណាខ្លះ ប្រភេទអីខ្លះ ទាញគាត់ឱ្យចូលក្នុងប្រព័ន្ធមិនបង្ខំទេ យើងធ្វើការងារដើម្បីទាក់ទាញតាមរយៈការផ្សព្វផ្សាយឱ្យបានយល់ពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលរៀបចំជូនគាត់»។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក ហេង សុគង់ បានឱ្យដឹងថា កន្លងមកក្រសួងបានយកចិត្តទុកដាក់រៀបចំឱ្យមានយន្តការជាច្រើន ក្នុងគោលដៅគាំពារដល់បណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដើម្បីឱ្យអ្នកធ្វើការនៅផ្នែកនោះ មានសមត្ថភាព ចំណេះជំនាញ ក៏ដូចជា ការបង្កើនខ្សែច្រវាក់ផលិតកម្ម ឈានចូលជាបន្តបន្ទាប់ទៅក្នុងកម្រិតមួយដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។
លោកបានបញ្ជាក់ថា យន្តការដែលបានបង្កើតឡើងនោះ រួមមានការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” មូលនិធិអភិវឌ្ឍន៍ជំនាញ ក៏ដូចជាការជំរុញបង្កើតនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងសហគ្រិនខ្មែរសុទ្ធតែជាយន្តការសំខាន់ៗ។
លោកថ្លែងថា៖ «បន្ថែមលើហ្នឹងគឺយើងមានធនាគារសហគ្រាសធុនតូចនិងមធ្យមដែលជាធនាគារមួយដ៏សំខាន់នៅក្នុងការផ្តល់ការគាំទ្រជាហិរញ្ញវត្ថុសម្រាប់បណ្តាសហគ្រាសធុនតូចនិងមធ្យមទាំងអស់ អាចមានលទ្ធភាពនៅក្នុងការពង្រីក និងពង្រឹងសមត្ថភាពនិងខ្សែច្រវាក់ផលិតកម្មរបស់គាត់កាន់តែប្រសើរ»។
ប្រភពដដែលបានឱ្យដឹងទៀតថាជាមួយគ្នានោះក្រសួងឧស្សាហកម្ម ក៏កំពុងតែរៀបចំគោលនយោបាយស្តីពីការលើកទឹកចិត្ត សហគ្រាសធុនតូច និងមធ្យមបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យមានយន្តការមួយច្បាស់លាស់ សម្រាប់ការលើកកម្ពស់ សហគ្រាសធុនតូចនិងមធ្យម។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានត្រៀមរៀបចំអនុក្រឹត្យមួយស្តីពីការរៀបចំតំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម ដែលហៅថា SME Cluster Zone។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងឧស្សាហកម្មបានបញ្ជាក់ថា ការជំរុញលើកកម្ពស់បណ្តាសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យឈានចូលក្នុងប្រព័ន្ធនេះ មិនអាចធ្វើតែឯងហើយប្រើរយៈពេលខ្លីបានទេគឺត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងត្រូវការពេលវេលាច្រើនដើម្បីធ្វើយ៉ាងណាជំរុញលើកកម្ពស់ ព្រមទាំងបញ្ជ្រាបការយល់ដឹងបាន។
តាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរយៈពេល ៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ រាជរដ្ឋាភិបាល មានគោលដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ការឈានចូលក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឬអាចនិយាយម្យ៉ាងទៀតថា ឈានចូលក្នុងប្រព័ន្ធអភិវឌ្ឍន៍អន្តរកាលមួយមុននឹងអាចចូលរួមបានពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
តាមរយៈយុទ្ធសាស្ត្រជាតិនោះ បញ្ជាក់ថា ផ្តល់ផលប្រយោជន៍ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធដើម្បីធានាថា មិនធ្លាក់ចូលទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ ទោះបីក្នុងករណីមិនអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធក៏ដោយ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលមានគោលដៅ ថែបំប៉ន អ្នកដែលបានឈានចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធឱ្យរីកធំធាត់ពេញសមត្ថភាពអាចចូលរួមពេញលេញក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់ឃើញថា ការយកចិត្តទុកដាក់ចំពោះអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជារឿងសំខាន់ ព្រោះនៅក្នុងប្រទេសបានអភិវឌ្ឍហើយក្តីឬប្រទេសកំពុងអភិវឌ្ឍន៍ក្តី កត្តាសំខាន់បំផុត គឺមនុស្សទាំងអស់សុទ្ធតែមានប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហេតុនេះការរៀបចំមនុស្សឱ្យមានមុខរបរនិងការងារធ្វើ មានប្រាក់ខែខ្ពស់គឺដើម្បីឱ្យអ្នកទាំងនោះបានរួមចំណែកនៅក្នុងចរន្តសេដ្ឋកិច្ច។
ផ្ទុយមកវិញ ប្រសិនបើមិនមានការគិតគូរលើចំណុចទាំងអស់នេះទេ មានន័យថា យុវជនឬពលរដ្ឋដែលពេញកម្លាំងឬមុខរបរទាំងឡាយដែលមិនមានចំណូលគ្រប់គ្រាន់ មិនបានរួមចំណែកក្នុងចរន្តសេដ្ឋកិច្ចជាតិទេ ពោលគឺអ្នកទាំងនោះ ធ្វើការងារនិងប្រកបរបររកស៊ីគ្រាន់តែសម្រាប់រស់ប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងនោះក៏បានប្រើប្រាស់សេវាសាធារណៈផ្សេងៗដូចអ្នកដែលមានសមត្ថភាពពេញលេញក្នុងការបង់ពន្ធជូនរដ្ឋដែរ។
លោកបានថ្លែងថា៖ «បើសិនណាយើងអត់មានគោលនយោបាយជាក់លាក់ដើម្បីលើកកម្ពស់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ឬអ្នកដែលមានប្រាក់ចំណូលក្រោមការកំណត់របស់ជាតិយើងមានន័យថា រដ្ឋខាត ព្រោះបានប្រើសេវាសាធារណៈរបស់រដ្ឋ ប៉ុន្តែមិនបានរួមចំណែកជួយក្នុងសេដ្ឋកិច្ចជាតិ»។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបញ្ជាក់ថា រដ្ឋឬស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកលើការងារនេះ ត្រូវតែកំណត់ឱ្យបានច្បាស់ថា អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជានរណា នៅទីណាខ្លះ មានប្រភេទមុខរបរអ្វីខ្លះ ហើយត្រូវផ្តល់ជំនួយគាំទ្រក្នុងកម្រិតណាមួយ ដើម្បីឱ្យអ្នកទាំងនោះបានរីកធំធាត់មានលក្ខណៈគ្រប់គ្រាន់ក្នុងការចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលអាចធ្វើឱ្យរាជរដ្ឋាភិបាលទទួលបានប្រយោជន៍សេដ្ឋកិច្ចសង្គមបានច្រើន។
លោកថ្លែងថា៖ «បើរដ្ឋមិនបានចំណូលពន្ធក៏ដោយ ប៉ុន្តែនៅពេលដែលគាត់មានចំណូលខ្ពស់សមរម្យឧបមាថា ប្រសិនបើអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយដែលគាត់អាចរកបានក្នុង ១ ខែ ៤០០ ដុល្លារ ឬក៏ ៣៥០ ថេរ អ៊ីចឹងនៅពេលគាត់រកបានថេរ ហិរញ្ញវត្ថុគាត់ថេរ គឺគាត់អាចមានលទ្ធភាពចាយវាយច្រើនជាងមុននឹងជំរុញឱ្យសេដ្ឋកិច្ចសង្គមរស់រវើកជាងមុន»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានឱ្យដឹងថា សព្វថ្ងៃសមាគមរបស់លោកមានសមាជិក ២ ម៉ឺននាក់ ដែលចំនួននេះគិតជាភាគរយនៅមានចំនួនតិចតួចនៅឡើយ ព្រោះវិសាលភាពអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាមានរហូតដល់ជាង ៧ ម៉ឺននាក់ ឯណោះ។
លោកបានបន្តថា ដើម្បីឱ្យសមាជិកសមាគមបានយល់ដឹងជ្រួតជ្រាបពីបំណងរបស់រាជរដ្ឋាភិបាលក្នុងការជួយគាំទ្រដល់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សព្វថ្ងៃនេះ សមាគមបានបង្រៀនពីគោលការណ៍ខ្លះៗដែលរដ្ឋាភិបាលចេញថ្មីនេះដូចជាគោលនយោបាយជាតិគាំពារសង្គម ច្បាប់ស្តីអំពីរបបសន្តិសុខសង្គម បង្រៀនឱ្យយល់ពីប្រព័ន្ធជំនួយសង្គម របៀបចុះឈ្មោះដើម្បីទទួលបានបណ្ណ (បសស) និងគោលនយោបាយជាច្រើនទៀតរបស់រដ្ឋ។
លោកបានបន្តថា មិនតែប៉ុណ្ណោះ សមាគមក៏បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមប្រឹក្សាជាតិជំនួយសង្គម ក៏ដូចជាក្រសួងកិច្ចការនារី ដើម្បីធ្វើកិច្ចការឆ្លើយតបតម្រូវការអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសសម្រាប់ស្ត្រីផងដែរ។បន្ថែមលើនេះ សមាគមរីករាយស្វាគមន៍ គ្រប់ក្រសួងស្ថាប័នរដ្ឋ ប្រសិនបើមានភាពចាំបាច់ណាមួយតម្រូវឱ្យសមាគម សហការផ្តល់ទិន្នន័យឬអត្តសញ្ញាណដើម្បីរៀបចំផ្តល់ការគាំទ្របំពេញបន្ថែមដល់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបានថ្លែងថា៖ «យើងស្វាគមន៍នូវការសហការជាមួយក្រសួងស្ថាប័ន របស់រដ្ឋាភិបាល ប្រសិនបើចង់បានអត្តសញ្ញាណរបស់ពួកគាត់ ក្រសួងអាចសហការជាមួយយើងគឺយើងស្វាគមន៍ជានិច្ច ពីព្រោះនេះជាការជួយរដ្ឋាភិបាលផងជួយជាតិយើងផង ជួយប្រទេសយើងផងជាពិសេសជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាអ្នកងាយរងគ្រោះហ្នឹងឯង»។
លោក និល សុជាតិ អាយុ ៥០ ឆ្នាំ ជាអ្នកប្រកបមុខរបររត់កង់ ៣ នៅរាជធានីភ្នំពេញបាននិយាយថា លោកមិនដឹងពីការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនោះយ៉ាងណាទេ ប៉ុន្តែលោកគាំទ្រប្រសិនបើមានការយកចិត្តទុកដាក់ចំពោះអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន កើនចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថា ការចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធហ្នឹង វាមានអត្ថប្រយោជន៍អីខ្លះទេ ហើយក៏មិនដឹងថា គេចូលរួមម៉េចដែរ។ តែបើសិនជាមានការលើកកម្ពស់ ការជួយជ្រោមជ្រែងដល់អ្នកប្រកបរបរដូចពួកខ្ញុំនេះ គឺជារឿងល្អណាស់ សូមឱ្យមន្ត្រីពាក់ព័ន្ធធ្វើការងារដោយសុក្រឹតច្បាស់លាស់ កុំឱ្យថាខាងលើគេឱ្យធ្វើប៉ុណ្ណេះ ហើយនៅខាងក្រោមបែរជាធ្វើប៉ុណ្ណោះវិញ»៕