​ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ​កម្ពុជា​​ (​ជ្រូក​)​ មានជំនឿថា វិធានការ​របស់​រដ្ឋា​ភិ​​បាល​ស្តីពី​ការហាមឃាត់​ការនាំ​ចូល​សាច់​បង្កក រយៈពេល​ ៦ ​ខែ​ដែល​ចាប់ផ្តើម​ពី​សប្តាហ៍​ក្រោយ នឹង​ជួយ​លើកទឹកចិត្ត​អ្នក​ចិញ្ចឹមសត្វ​ឱ្យខិត​ខំ​ពង្រឹង និង​ពង្រីក​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ឡើងវិញ ខណៈ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អ្នក​ចិញ្ចឹម​បាន​ខាត​ប្រាក់​ជាច្រើន​ដោយសារតែ​តម្លៃ​សាច់ជ្រូក​ក្នុងស្រុក​មិនអាច​ប្រកួតប្រជែង​ឈ្នះ​សាច់​​បង្កក​នាំចូល​។ ទោះយ៉ាងណា​ទន្ទឹមនឹង​កាលកំណត់​ខិតជិត​ចូលមក​ដល់ គេ​សង្កេតឃើញ​មានការ​សម្រុក​នាំចូល​សាច់​បង្កក​ជាច្រើន​តោន​ក្នុង​ ១​ ថ្ងៃៗ មក​ស្តុក​ទុក​ផងដែរ​។​

​ការអនុវត្ត​វិធានការ​ហាមឃាត់​ការ​នាំចូល​បណ្តោះអាសន្ន​សាច់​បង្កក​នឹង​ចាប់ផ្តើម​ពីថ្ងៃ​​ទី​ ១២ ខែមីនា ឆ្នាំ​ ២០២៤​

ក្រសួងពាណិជ្ជកម្ម និង​ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​ ១២ ខែមករា បានចេញ​សេចក្ដី​ជូន​ដំ​ណឹ​ង​ពី​វិធានការ​ហាមឃាត់​ការ​​នាំចូល​ជា​បណ្តោះអាសន្ន​នូវ​គ្រឿងក្នុង និង​បំណែ​កសាច់​បង្កក រយៈពេល ៦ ​ខែ​។​

​លិខិត​សរសេរថា​៖ «​វិធានការ​ផ្អាក​ការនាំ​ចូលដល់​ថ្ងៃទី​ ១២ ខែ​​កញ្ញា ឆ្នាំ​ ២០២៤ តែ​វិធានការ​នេះ​មិន​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ​(​គ​.​ល​.​គ​) ​ដែល​នាំចូល​ទំនិញ​ខាងលើ​សម្រាប់​ប្រើប្រាស់​ជា​ធាតុ​ចូល​ផលិតកម្ម​សម្រាប់​ការនាំចេញ​ឡើយ​»​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ត្អូញត្អែរ​កាន់តែខ្លាំង​ពី​ការធ្លាក់ចុះ​តម្លៃ និង​មិនអាច​ប្រកួតប្រជែង​ជាមួយ​សាច់​បង្កក​នាំចូល​ដែល​ធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន​ខ្លះ​បោះបង់​ការផ្គត់ផ្គង់​សាច់​ក្នុងស្រុក​។​

​បើតាម​សេចក្តីជូនដំណឹង ការហាម​ឃាត់​នោះ​មានដូចជា អណ្តាត ថ្លើម​នៃ​គោក្របី​បង្កក​, គ្រឿងក្នុង​បង្កក​ផ្សេងទៀត​នៃ​សត្វ​គោក្របី​, ថ្លើម​មាន់ សាច់ និង​គ្រឿងក្នុង​បង្កក​ផ្សេងទៀត​ក្រៅពី​ស្លាប ភ្លៅ ថ្លើម និង​សាច់​ដែល​ត្រូវយក​ឆ្អឹង​ចេញ និង​ពោះវៀន ប្លោក និង​ក្រពះ​ទាំងមូល ឬ​ផ្នែក​នៃ​សត្វ​(​លើកលែង​ត្រី​) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់​អំបិល ត្រាំ​ទឹកអំបិល ស​ម្ងួ​ត ឬ​ឆ្អើរ​រួច​។​

​អ្នក​ក្នុង​ផលិតកម្ម​សាច់សត្វ​ (ជ្រូក​)​ រំពឹង​ទទួលបាន​ផល​វិជ្ជមាន​ពី​វិធាន​ការ​របស់​អាជ្ញាធរ​

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជាបានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែមីនា​ថា ឥទ្ធិពល​នៃ​ការ​នាំចូល​សាច់ជ្រូក​បង្កក ​(​សាច់ គ្រឿងក្នុង ក្បាល​...​ជើង​)​ ដែល​គ្មាន​ច្បាប់ និង​គ្មាន​ប្រភព​ច្បាស់លាស់​បានធ្វើឱ្យ​ផលិតកម្ម​នៅក្នុង​ស្រុក​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខណៈ​មុនពេល​មានការ​នាំ​ចូល​ផលិតផល​បង្កក​ច្រើន គឺ​សកម្ម​ភាព​ចិញ្ចឹមសត្វ​ក្នុងស្រុក​បាន​រីក​លូត​លាស់​យ៉ាង​ឆាប់រហ័ស ​បន្ទាប់ពី​អតីត​​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រជាកសិករ និង​អ្នកវិនិយោគ​ខិតខំ​បង្កើន​ការផលិត​ក្នុងស្រុក​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ក្នុងប្រទេស​ឱ្យបាន ១០០ ​ភាគរយ និង​ឈានទៅ​នាំចេញ​។​

​លោក​បាន​បន្តថា សម្រាប់​វិធាន​ការដែល​ក្រសួង​ពា​ណិ​​ជ្ជ​កម្ម និង​ក្រសួងកសិកម្ម ប្រកាស​ស្តី​​ពី​ការហាមឃាត់​បណ្តោះអាសន្ន​ការ​​នាំចូល​ផលិតផល​សាច់​បង្កក រយៈ​ពេល ៦​ ខែ​ដោយ​គិត​ចាប់ពី​សប្តាហ៍​ក្រោយ គឺ​ប្រាកដជា​រួមចំណែក​លើក​កម្ពស់​ផលិតកម្ម​ក្នុងស្រុក និង​ការពារ​សុខភាព​អ្នក​បរិភោគ​។​

​លោក​បាន​ថ្លែងថា​៖ «​វិធាន​ការហាម​ឃាត់​នាំចូល​ផលិតផល​សាច់​បង្កក​រយៈពេល ៦​ ខែ នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ផលិតកម្ម​នៅក្នុង​ស្រុក ព្រោះ​ក្រៅពី​ជួយ​ឱ្យ​តម្លៃ​ផលិតផល​ក្នុងស្រុក​ល្អ​ជាង​មុន វា​ក៏​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ផង​​ដែរ ខណៈ​ផលិតផល​សាច់​បង្កក​ភាគ​​ច្រើន​ត្រូវបាន​នាំចូល​ដោយ​គ្មាន​ច្បាប់ និង​គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​ប្រភព​ទំនិញ​ច្បាស់លាស់​»​។​

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រមាណ ១០ ០០០ ​ក្បាល នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល លោក ច​ន ហេង  ​បាន​និយាយថា បើសិន​សេចក្តីជូនដំណឹង​អន្តរក្រសួង​ដែល​នឹង​ចូល​ជាធរ​មាននៅ​សប្តាហ៍​ក្រោយ​ត្រូវបាន​អាជ្ញាធរ​អនុវត្ត​ដោយ​ប្រសិទ្ធភាព និង​ជាប់​ជាប្រចាំ វា​នឹង​ក្លាយជា​វិធានការ​ដ៏​សំខាន់​ក្នុង​ការជួយ​លើកទឹកចិត្ត និង​ជំរុញ​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​ឱ្យ​ខិតខំ​ពង្រីក​ការ​ចិញ្ចឹម​របស់ខ្លួន​ឡើងវិញ ខណៈ​ការ​ខាតបង់​ដែល​បណ្តាលមកពី​ការនាំ​ចូល​សាច់សត្វ​បង្កក​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ខាតបង់​ប្រាក់​ជាច្រើន​រួចមកហើយ​។​

​លោក​បន្ថែមថា​៖ «​ការនាំ​ចូល​សាច់​សត្វ​បង្កក​មិនមាន​ច្បាប់​ត្រឹមត្រូវ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលិត​កម្ម​ក្នុងស្រុក​ដោយ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ខាត​ប្រាក់​ធ្ងន់ធ្ងរ និង​បោះ​បង់​មុខរបរ​ចោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​​ភាព​អ្នក​ទទួលទាន​ទៀតផង ពីព្រោះ​ប្រភព និង​ការ​រក្សាទុក​ភាគច្រើន​គឺ​មិនមាន​ស្តង់ដា​ត្រឹមត្រូវ​ឡើយ​»​។​

​វត្តមាន​ផលិតផល​សាច់​បង្កក​ធ្វើឱ្យ​បរិមាណ​ការលក់​ធ្លាក់ចុះ​

លោក តាំង ម៉េង​គា អ្នក​ចែកចាយ​បន្ត និង​លក់​សាច់ជ្រូក​នៅ​ផ្សារ​អូរឫស្សី​ (​ចែ​មុំ​) បាន​និយាយថា វត្តមាន​របស់​សាច់ជ្រូក​បង្កក​ក្នុង​រយៈពេល​ប្រហែល​ជាង ១ ​ឆ្នាំ​មកនេះ​បានធ្វើឱ្យ​ការលក់​របស់គាត់​ធ្លាក់ចុះ​ពាក់កណ្តាល គឺ​ពី ១ ថ្ងៃ​ជាង ៥០​ ក្បាល​មក​ត្រឹម​ចន្លោះ​ពី ២០-៣០ ​ក្បាល​ប៉ុណ្ណោះ​។ បើ​អាជ្ញាធរ​អាច​ហាមឃាត់​ការនាំ​ចូល​សាច់​បង្កក​បាន​ដោយ​ប្រសិទ្ធភាព​ការលក់​សាច់​ជ្រូក​ក្នុងស្រុក​ប្រាកដជា​កើនឡើង​។​

​លោក​ប្រាប់ថា​៖ «​ការលក់​សាច់ជ្រូក​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ១ ​ឆ្នាំ​មកនេះ​។​ ការ​​ធ្លាក់ចុះ​ គឺ​ទាំង​បរិមាណ និង​តម្លៃ​។ អ្នក​ចិញ្ចឹម​តូចៗ​បាន​ខាតបង់​ប្រាក់ និង​បោះបង់​មុខរបរ​មួយ​នេះ​ស្ទើរ​អស់​»​។​

​តម្លៃ​សាច់ជ្រូក​ក្នុងស្រុក​មិនអាច​ប្រកួតប្រជែង​ផលិតផល​នាំចូល

​លោក ច​ន ហេង បាន​ប្រាប់ថា ប​ច្ចុ​​ប្បន្ន​ជ្រូក​រស់នៅ​កសិដ្ឋាន​មានតម្លៃ​ជា​មធ្យម​ក្នុង​រង្វង់​ជិត ៨ ០០០​រៀល​ក្នុង ១​ គីឡូក្រាម ខណៈ​ការចំណាយ​ថ្លៃ​ដើម​ផលិត​គឺ​លើសពី ៩ ០០០​ រៀល​។ សម្រាប់​តម្លៃ​ផលិតផល​ជ្រូក​បង្កក គឺមាន​តម្លៃ​ទាប​ច្រើន​បើ​ធៀប​នឹង​ផលិត​ផល​ក្នុងស្រុក​។​

​លោក​បន្ថែមថា វត្តមាន​របស់​សាច់​បង្កក​គឺមាន​ស្ទើរ​គ្រប់កន្លែង​ទាំងអស់ ហើយ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ច្រើន​ក្នុង​ពិធីបុណ្យ និង​រៀប​អា​ពា​ហ៍​​ពិពាហ៍ ដោយសារ​វា​មានតម្លៃ​ទាប​។ ទាក់ទង​នឹង​តម្លៃ​ចំណី​សត្វលោក​បាន​ប្រាប់ថា ក្នុង​រយៈពេល ២-៣​ ឆ្នាំនេះ គឺ​មិនមាន​អ្វី​ប្រែប្រួល​ច្រើន​ទេ​។​

​សម្រាប់​លោក តាំង ម៉េង​គា តម្លៃ​សាច់ជ្រូក​ក្នុងស្រុក​ដែល​បោះ​ទៅឱ្យ​អ្នកលក់​បន្ត​នៅក្នុង​ថ្ងៃទី ​៤ ខែមីនា គឺ​ប្រមាណ ១២ ០០០ ​រៀល​ក្នុង​ ១ ​គីឡូ​ក្រាម ខណៈ​តម្លៃ​សាច់ជ្រូក​បង្កក​នៅក្រោម ១០ ០០០ ​រៀល​។​

​ក្រុម​ឈ្មួញ​កំពុង​សម្រុក​នាំចូល​ផលិតផល​សាច់​បង្កក​មក​ស្តុក​

ទោះយ៉ាងណា ទន្ទឹមនឹង​ក្តីសង្ឃឹម​ខាងលើ លោក ស្រ៊ុន ពៅ ក៏បាន​លើក​​ឡើង​ពី​បញ្ហា​ប្រឈម​ផងដែរ ដោយ​លោក​និយាយថា ខណៈ​កាលបរិច្ឆេទ​វិធានការ​ហាមឃាត់​ការនាំ​ចូល​សាច់​បង្កក​ជា​បណ្ដោះអាសន្ន​ជិត​មកដល់ គេ​សង្កេតឃើញ​បណ្តា​ក្រុមហ៊ុន​នាំ​ចូល​សាច់​បង្កក កំពុង​ខិតខំ​បង្កើន​ការ​​នាំចូល​របស់ខ្លួន​កាន់តែ​សកម្ម​ជាង​មុន​។ ការ​នាំចូល​ភាគច្រើន​ធ្វើឡើង​តាម​ព្រំដែន​ប្រទេស​ថៃ​។​

​លោក​លើកឡើងថា​៖ «​បើតាម​ព័​ត៌​មាន​ពេលនេះ​ក្រុម​ឈ្មួញ​នាំចូល​សាច់​បង្កក​កំពុង​សម្រុក​នាំចូល​សាច់​បង្កក​យ៉ាងច្រើន​មក​ស្តុក​ទុក​ក្នុងប្រទេស​មុនពេល​ការអនុវត្ត​វិធានការ​ហាមឃាត់​ចាប់ផ្តើម​។ បើតាម​ការ​ព្យាករ​ក្នុង ១ ​ថ្ងៃ​ អាចមាន​ផលិតផល​សាច់​បង្កក​ពី ១០ ទៅ ២០ ​កុងតឺន័រ​ត្រូវបាន​នាំចូល​។ នេះ​គឺជា​ការត្រៀម​របស់​ក្រុម​ឈ្មួញ​សម្រាប់​បញ្ចេញ​លក់​សា​ច់ប​ង្ក​ក​នៅលើ​ទីផ្សារ​កម្ពុជា​»​។​

​បើតាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា សាច់ជ្រូក​បង្កក​ភាគច្រើន​ត្រូវបាន​នាំមក​ពី​ប្រទេស​តំបន់​អឺរ៉ុប ដោយ​ផ្នែក​ខ្លះ​នៃ​សាច់​ទាំងអស់នោះ​មិនត្រូវ​បាន​គេ​បរិភោគ​ឡើយ​៕