​ភ្នំពេញៈ កាលពី​ចុងខែ​កុម្ភៈ មន្ត្រីការទូត និង​ការពារជាតិ​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​កម្ពុជា ដែល​អ្នកវិភាគ​មើលឃើញថា ​ប្រទេស​ទាំង ​២​ ហាក់ដូចជា​ព្យា​យាម​ស្វែងយល់​អំពី​គ្នា​ទៅវិញ​-ទៅមក​ឱ្យ​ច្រើន​ហើយ​ថា សហ​​រដ្ឋ​អាមេរិក​ហាក់ដូចជា​បាន​ដូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដែល​ពី​​មុន​មិនសូវមាន​កិច្ចសន្ទនា​ច្រើន​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់​​ខ្ពស់​កម្ពុជា​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាបាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ មកដល់ពេលនេះ​ខ្ញុំ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ដែលថា​ទំនាក់​​ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​ មាន​ភាពប្រសើរឡើង​ស៊ីជម្រៅ​ជាង​មុន​អី​ទេ​។ គ្រាន់តែ​អាចនិយាយបាន​ថា ភាគី​ទាំង​ ២​ ហាក់ដូចជា​ព្យាយាម​ស្វែង​យល់​អំពី​គ្នា​ទៅវិញទៅមក​ឱ្យ​ច្រើន​ហើយ​ជាពិសេស​សហរដ្ឋ​អាមេរិក​ហាក់ដូចជា​បាន​ដូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដែល​ពី​មុន​មិនសូវមាន​កិច្ចសន្ទនា​ច្រើន​ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​កម្ពុជា​។ ឥឡូវ​យើង​ហាក់​ឃើញ​មានការ​ស​ន្ទ​នា​គ្នា​ច្រើនជាង​មុន ព្យាយាម​ស្វែងយល់​អំពី​គ្នា​ច្រើនជាង​មុន​។ គេ​ប្រើ​យុទ្ធសាស្ត្រ​Engagement approach មានន័យថា ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​កិច្ចសន្ទនា​គ្នា​»​។​

​លោក​ Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រីក្រសួង​ការ​បរ​​ទេស​សហរដ្ឋអាមេរិក និង​លោក Jed Royal ឧបការី​រង​ជាន់ខ្ពស់​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ទទួល​​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី ​២៦ កុម្ភៈ បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​រាជ​​ធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​អំពី​ការធ្វើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​សហរដ្ឋអាមេរិក​-​កម្ពុជា មាន​ភាព​ស៊ីជម្រៅ និង​ដើម្បី​ដោះ​​ស្រាយ​បញ្ហា​ដែលជា​កង្វល់​រួម​។  ​នេះ​បើ​យោងតាម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​បានបញ្ជាក់​លើ​បណ្តាញ​សង្គម​ថា ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ដែល​កំពុងមាន ហើយ​លោក ​Kritenbrink បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែ​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណងប្រាថ្នា​របស់​ពួកគេ ក្នុងការ​ចង់ឱ្យ​ប្រទេស​របស់​ពួក​គេ​មាន​វិបុលភាព លទ្ធិ​ប្រជា​ធិបតេយ្យ និង​ឯករាជ្យ ដែល​ក្នុងនោះ សំឡេង​ទាំងអស់​ត្រូវបាន​គេ​ឮ និង​គោរព ហើយ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ត្រូវបាន​ការពារ​។​

​ពាក់ព័ន្ធ​ចំណុច​នេះ លោក គិ​ន ភា ថ្លែងថា សហរដ្ឋ​អា​​មេ​រិ​ក​នៅតែ «​មិន​ចោល​» អំពី​ការលើកឡើង ឬ​ការអះអាង​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​ប្រជា​ធិ​ប​​តេ​យ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​សហរដ្ឋ​អា​មេ​រិ​កបាន​ប្រើប្រាស់​បញ្ហា​ទាំងអស់នេះ​ជា​លក្ខខណ្ឌ​ភ្ជាប់​មួយ​សម្រាប់​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​។​

​លោក គិ​ន ភា បន្ថែមថា​៖ «​សហរដ្ឋអាមេរិក​ក៏​នៅតែ​និយាយ​ពាក់ព័ន្ធ​ជាមួយនឹង​អធិបតេយ្យ​ជាមួយនឹង​ឯករាជ្យ​ប្រទេស​កម្ពុជា ហើយ​តាមពិត​ភាសា​ហ្នឹង​គ្រាន់តែ​ជា​ភាសា​នៅ​ខាងក្រៅ​ស្បៃ​វាំងនន​ទេ​។ ខាងក្នុង​មែនទែន​គឺ​សហរដ្ឋអាមេរិក​ចង់​សំដៅថា កម្ពុជា​កុំឱ្យ​មាន​មូល​ដ្ឋា​ន​កងទ័ព​បរទេស​នៅ​ទឹកដី​របស់ខ្លួន ដែល​សហរដ្ឋអាមេរិក​ចង់​និយាយថា ការពារ​អធិប​តេ​យ្យ ឯករាជ្យ​កម្ពុជា​ហ្នឹង​គឺ​សហរដ្ឋអាមេរិក​ចង់​សំដៅ​ដល់​មូលដ្ឋានទ័ព​ដែល​គេ​ធ្លាប់​ចោទ​​ប្រកាន់​កម្ពុជា​ថា មាន​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា​អី​ជាដើម​ហ្នឹង គឺ​បញ្ហា​មូលដ្ឋាន​យោធា​នៅ​រាម​ហ្នឹងឯង​។ ហ្នឹង​ជា​អ្វីដែល​សហ​​រដ្ឋ​អាមេរិក​ចង់​សំដៅ​ដល់​»​។​

​លោក​លើកឡើងថា ដំណើរ​ទស្សនកិច្ច និង​ការជួបគ្នា​នេះ​គឺជា​ការបង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែលជា​ការពង្រឹង​ជំហរ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​ក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​។​

​លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ថ្លែងថា​កម្ពុជា​តែងតែ​ស្វាគមន៍​រាល់​ជំនួប​ពិភាក្សា​ប្រកបដោយ​ការ​​ស្ថាបនា និង​បើកចំហ​ជាមួយ​សហរដ្ឋអាមេរិក បើទោះបីជា​បញ្ហា​មួយចំនួន​ដូចជា​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​គឺជា​ឧបសគ្គ​ក្នុងការ​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​បន្តថា លោក ហ៊ុន ម៉ា​​ណែ​ត គឺជា​សិក្ខាកាម​មួយរូប​ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​យោធា​កំពូល​សហរដ្ឋ​អាមេរិក West Point ហើយ​លោក​ក៏មាន​ទំនាក់ទំនង​ល្អជា​មួយ​ថ្នាក់ដឹកនាំ​យោធា​សហរដ្ឋ​អាមេរិក​មួយចំនួន​ផងដែរ​។​ ជំនួប​រវាង​ភាគី​ទាំង ​២ ​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​ប្រទេស​ទាំង ​២ ​ស្វែងយល់​អំពី​តម្រូវការ​យោធា និង​កិច្ចសហប្រតិបត្តិការ​យោ​​ធារ​វាង​ប្រទេស​ទាំង ២ ជា​ពិសេស​ប្រទេស​ទាំង​ ២ អាច​នឹង​ចាប់ផ្តើម​សមយុទ្ធ​ឆ្មាំ​អង្គរ​សាជាថ្មី​ក្នុង​វេលា​សមស្រប​ណាមួយ ដើម្បី​ពង្រឹង និង​កសាង​សមត្ថភាព​កងទ័ព​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក​។​

​លោក ថុង ម៉េង​ដា​វិត ថ្លែងថា​៖ «​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​អ្នក​យុទ្ធសាស្ត្រ​ការទូត​ដ៏​ប៉ិនប្រសប់ ឈ្លាសវៃ បត់បែន និង​ប្រាកដនិយម​។ ដូចនេះហើយ​សម្តេច​យល់​យ៉ាងច្បាស់​អំពី​ការស្តារ និង​បង្កើន​ទំនាក់​ទំនង​ជាមួយនឹង​សហរដ្ឋអាមេរិក ដើម្បី​កាត់បន្ថយ​ការមិនទុកចិត្ត ស្តារ​ទំនុកចិត្ត និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ច្បាប់ និង​យោធា​»​។

​លោក​បន្តថា​៖ «​កម្ពុជា​មិន​ស្វាគមន៍​រាល់​មតិ​ចោទប្រកាន់​កម្ពុជា ថា​ជា​កូនអុក​បរទេស​ឬ​ប្រឆាំងនឹង​បរទេស​ណាមួយ​ឡើយ​។ ក្នុងនាម​ជា​រដ្ឋ​អធិប​តេ​យ្យ កម្ពុជា​ចង់​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​សហរដ្ឋអាមេរិក​និង​ចិន ដែល​មហាអំណាច​ទាំង​ ២ ​មាន​តួនាទី និង​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សន្តិសុខ​សកល​»​។​

​លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក វិទ្យាស្ថាន​ប្រជាធិបតេយ្យ​​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ដំណើរ​ទស្សនកិច្ច​នេះ ស្ថិតក្នុង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​ន​យោ​បាយ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ ដើម្បី​រក្សា​ការពារ​ផលប្រយោជន៍​សហរដ្ឋ​​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់​ឃើញថា អាមេរិក​ព្យាយាម​បោះដៃ​មក​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ ២ និង​ដើម្បី​ស្រប​ផល​ប្រ​យោជន៍​អាមេរិក​នៅក្នុង​តំបន់​។ ប៉ុន្តែ​យ៉ាងណា ការខ្វែងគំនិត​គ្នា​នៅតែមាន​លើ​បញ្ហា​របៀប​​វារៈ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស បន្ថែម​លើ​បញ្ហា​សន្តិ​សុខ​ដែល​អាមេរិក​នៅតែ​បន្ត​ព្រួយបារម្ភ​ពី​វត្តមាន និង​ឥទ្ធិ​​ពល​របស់​ចិន​នៅ​កម្ពុជា ជា​ពិ​​សេស​ជាមួយ​មេដឹកនាំ​កម្ពុជា​»​។​

​យោងតាម Telegram លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត លោក​ Kristenbrink​ ក៏បាន​បង្ហាញ​ពី​គោល​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​បន្តធ្វើ​ការឱ្យ​កាន់តែ​ជិត​​ស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការបន្ថែម​ទៀត ជាពិសេស​ក្នុងអំឡុង​ពេលដែល​កម្ពុ​ជា​នឹង​ក្លាយជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​​ទំនង​សន្ទនា​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក​ចាប់ពី​ខែកក្កដា ឆ្នាំ​ ២០២៤ ដល់​ខែកក្កដា ឆ្នាំ​ ២០២៧​។​

Telegram ដដែល​បន្តថា​៖ «​ឯកឧត្តម Daniel Kristenbrink​ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំហរ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ចំពោះ​កិច្ចការ​តំបន់ និង​អន្តរជាតិ​ផងដែរ​។ ក្នុងជំនួប​នេះ សម្តេច​ធិបតី និង​ឯក​ឧ​ត្ត​ម Daniel Kritenbrink បាន​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ បន្ថែមទៀត លើ​វិស័យ​ដែល​ផ្តល់​ប្រ​យោជន៍​ទៅវិញទៅមក រួមមាន​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន ព្រមទាំង​វិស័យ​ការពារ​​ជាតិ និង​សន្តិសុខ ជាដើម​»​។​

​យោងតាម​បណ្តាញ​សង្គម X ​អតីត ​Twitter របស់​កា​រិ​យា​ល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរ​​ទេស​សហរដ្ឋអាមេរិក លោក Kritenbrink បាន​ថ្លែង​ក្រោយ​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត ថា​៖ «​យើង​មាន​ជំនួប​ពិភាក្សា​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​អំពី​របៀប​ដែល​សហរដ្ឋ​អា​មេ​​រិ​ក​អាចធ្វើឱ្យ​ទំនាក់ទំនង​របស់​យើង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ប្រទេស​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ដែលជា​កង្វល់​រួម​»​។​

​យោងតាម​បណ្តាញ​សង្គម​ X របស់​ការិយាល័យ​កិច្ចការ​អា​ស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក​ Kristenbrink​ បានបញ្ជាក់​ក្រោយ​ជំនួប​នា​ថ្ងៃទី​ ២៦ កុម្ភៈ​ជាមួយ​លោក​ទៀ សីហា រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុ​ជា​ថា​៖ «​សហរដ្ឋអាមេរិក​ទន្ទឹង​រង់ចាំ​ឱកាស​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​លើ​បញ្ហា​សន្តិសុខ​ដែល​កំពុង​ប្រឈម​ក្នុង​តំបន់​»​។​

​គេហទំព័រ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ (​ខ​.​ភ​.​ម​) បានឱ្យដឹងថា ក្នុងជំនួប​ជា​មួយ​លោក វង្ស ពិ​សេន អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​នា​ថ្ងៃទី​ ២៦ កុម្ភៈ នេះដែរ លោក Jed Royal បានលើកឡើង​ពី​ការកែលម្អ​ឱ្យមាន​ភាពល្អ​​ប្រសើរ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

លោក វង្ស ពិ​សេន បានស្នើ​ភាគី​សហរដ្ឋអាមេរិក​ប​ន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ការផ្លាស់ប្តូរ​ទស្សនកិច្ច​យោធា​គ្រប់​កម្រិត ផ្លាស់ប្តូរ​ព័ត៌មាន​ចារកិច្ច​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ការ​ងារ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​នានា​។ លោក ​Jed Royal បានបញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​កងទ័ព​ប្រទេស​ទាំង ​២ ​ដែល​មិនសូវ​ល្អ​ដែល​ត្រូវ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​៕