​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ខេត្ត​ព្រះ​សី​ហ​នុ និង​អ្នកតំណាង​ផ្នែក​ទេសចរណ៍​មើលឃើញថា ផែនការ​វិនិយោគ​ដែល​ទឹកប្រាក់​ជិត ៦០០ ​លាន​ដុល្លារ​ របស់​ក្រុមហ៊ុន Ban Dao Investment Co.,Ltd លើ​ការសាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ និង​មជ្ឈមណ្ឌល​ពា​ណិ​ជ្ជ​កម្ម​នៅ​ក្រុងព្រះសីហនុ​ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​មកលើ​សេដ្ឋកិច្ចកម្ពុជា និង​ជាការ​ឆ្លើយតប​នឹង​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។​

​ខេត្ត​ព្រះសីហនុ គឺជា​ទិសដៅ​នៃ​ការ​​វិនិយោគ​ខ្ពស់​ជាងគេ​នៃ​បណ្តា​ខេត្ត​តាម​តំបន់ឆ្នេរ

​កាលពីពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ បានអនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Ban Dao Investment Co., Ltd ដែលមាន​ទុន​វិនិយោគ ៥៧៤​ លាន​ដុល្លារ ​ដើម្បី​សាង​សង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ដែលមាន ២ ៨៧០ ​បន្ទប់ នៅក្នុង​មូលដ្ឋាន​ពយ​តា​ម៉ូង នៃ​សង្កាត់​លេខ ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​៦ ខែមីនាថា លោក​ទើប​ទទួលបាន​ព័ត៌មាន​ពី​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ​បន្ទាប់ពី​លោក​បាន​ចូលប្រជុំ​នៅ CDC កាលពី​សប្តាហ៍​មុន​។​

​លោក​ថ្លែងថា​៖ «​ជាការ​ពិត នេះ​គឺជា​គម្រោង​វិនិយោគ​ដ៏​ធំ​ដែល​ឆ្លុះបញ្ចាំង​អំពី​ការជឿជាក់​ពី​សំណាក់​វិនិយោគិន​បរទេស​ចំពោះ​ខេត្ត​ព្រះសីហនុ​យើង​។ គម្រោង​ដែលមាន​ទឹកប្រាក់​ជិត ៥៧០​ លាន​ដុល្លារ​នេះ​នឹង​សាងសង់​ស​ណ្ឋា​គារ​លំដាប់​ផ្កាយ ​៥ ដែលមាន​ចំនួន ២ ៨៧០ ​បន្ទប់ និង​តំបន់​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ និង​មាន​ទីតាំង​ស្ថិតនៅ​ពយ​តា​ម៉ូង សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​»​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​គម្រោង​មួយ​នេះ​គឺ​ពិតជា​ការវិវឌ្ឍ​ថ្មី​មួយទៀត​សម្រាប់​ខេត្ត ដែល​នៅតែ​ជា​ខេត្ត​ដ៏​ទាក់​ទាញ​មួយ ស្របពេល​ដែល​យើង​មើលឃើញ​អំពី​ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ជា​បណ្តើរៗ ដូច្នេះ​វត្ត​មាន​របស់​សណ្ឋាគារ​លំ​ដាប់​ផ្កាយ ​៥ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​បម្រើ និង​ផ្តល់​សេវា​នានា​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ខេត្ត​ព្រះសីហនុ​។ ការណ៍​នេះ​គឺជា​ការរួមចំណែក​ដល់​វិស័យ​ទេស​ចរណ៍ និង​សេដ្ឋកិច្ចជាតិ​យើង​ដែរ​»​។​

​ទស្សនៈ​របស់​ផ្នែក​ឯកជន​ចំពោះ​ភាព​ទាក់ទាញ​នៃ​ខេត្ត​ព្រះសីហនុ

​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​​ប៉ាស៊ីហ្វិក​កម្ពុជា ​(PATA) លោក ធួន ស៊ីណាន បាន​មើលឃើញថា បើទោះបី​ខេត្ត​ព្រះសីហនុ​ទទួលរង​ផល​ប៉ះ​​ពាល់​ខ្លាំង​បន្ទាប់ពី​ការផ្ទុះ​វិបត្តិ​សុខភាព​សកល ការ​ថមថយ​នៃ​សេដ្ឋកិច្ច ជា​ពិសេស​ការជាប់គាំង​នៃ​គម្រោង​វិ​និ​​យោគ​ជាច្រើន​ក្តី ប៉ុន្តែ​ខេត្ត​នេះ​នៅតែ​ជា​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់ឆ្នេរ និង​វិនិយោគ​ដ៏​រស់​រវើក​។​

​លោក​បញ្ជាក់ថា​៖ «​ជាការ​ពិត យើងទាំងអស់គ្នា​បាន​មើល​ឃើញនឹងភ្នែក​ថា បន្ទាប់ពី​មានរឿង​រ៉ាវ​ជាច្រើន​កើតឡើង​រាប់​ចាប់ពី​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ​ ១៩ ការបន្ត​អូសបន្លាយ​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​ថមថយ​នៃ​សេដ្ឋកិច្ច​សកល ខេត្ត​ព្រះសីហនុ​ក៏ដូចជា​ខេត្ត​សៀមរាប គឺ​ទទួលរង​ការធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាងគំហុក​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​មើលឃើញ​នោះ គឺ​ខេត្ត​នេះ​នៅតែ​ជា​ទិសដៅ​ទេសចរណ៍ និង​វិ​និ​​យោគ​ដ៏​ទាក់ទាញ ដោយសារ​យើង​មាន​កោះ​ច្រើន និង​ឆ្នេរ​ខ្សាច់​ស្អាត ជា​​ពិសេស​គម្រោង​វិនិយោគ​ដែល​ធ្លាប់​ជាប់គាំង​ក៏​ចាប់ផ្តើម​ដំណើរការ​»​។​

​ការជួយ​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន​ ម៉ា​ណែ​ត កាលពី​ខែមករា ឆ្នាំ​ ២០២៤ បានប្រកាស​ដាក់ចេញ ​«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ ​២០២៤» ក្នុង​គោលបំណង​ដើម្បី​ជំរុញ​សកម្មភាព​ធុរកិច្ច និង​ការ​វិ​និ​យោគ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​។​

«​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០២៤» ត្រូវបាន​រៀបចំឡើង​ដោយ​ឈរលើ​ទស្សន​ទានគោល​ចំនួន ​៤ គឺ ១. ​កែប្រែ​មុខ​មាត់​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ខេត្ត​មាន​មូលដ្ឋាន​សេដ្ឋកិច្ច ពឹង​ផ្អែកលើ​ឧស្សា​ហក​ម្ម​, ទេសចរណ៍ និង​ការវិនិយោគ​, ២.​ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង ដែល​ផ្តល់​លទ្ធផល​រហ័ស​, ៣.​ ការដាក់ចេញ​វិធានការ​អនុវត្ត​ជាក់ស្តែង ដែលមាន​លក្ខណៈ​ជាការ​បំពេញបន្ថែម​ប្រ​កប​ដោយ​សង្គតិភាព​ទៅនឹង​គោល​​នយោបាយ និង​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​, និង​៤.​ បង្កើនល្បឿន​នៃ​ការធ្វើ​បរិវត្ត​កម្ម និង​ការអភិវឌ្ឍ​ឧស្សាហកម្ម ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យមាន​តម្លៃបន្ថែម និង​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​។​

​កម្មវិធី​ពិសេស​នេះ​មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​វិនិយោគ និង​ធុរកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​ ២០២៤ ឱ្យ​កាន់តែច្រើន និង​មាន​សម្ទុះ​លឿន ដោយ​ផ្តោតទៅលើ​គម្រោង​វិ​និ​​យោគ ឬ​សកម្មភាព​ធុរកិច្ច​ចំនួន ៣​ ប្រ​​ភេទ គឺ​១ គម្រោង​វិនិយោគ ឬ​សកម្ម​ភាព​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​អគារ​កំពុង​ជាប់គាំង និង​ចាប់ផ្តើម​ដំណើរការ​អនុ​​វត្ត​ភ្លាម​នៅក្នុង​ឆ្នាំ ​២០២៤, ២ គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច មិន​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង ប៉ុន្តែ​ចាប់​​ផ្តើម​ដំណើរការបាន​ភ្លាម​នៅក្នុង​ឆ្នាំ​ ២០២៤, និង​ ៣ ការពង្រីក​គម្រោង​វិនិយោគ ឬ​សកម្មភាព​ធុរកិច្ច​មាន​ស្រាប់ ស្របតាម​លក្ខណវិនិច្ឆ័យ​ជាក់​​លាក់ ដែល​ត្រូវ​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០២៤​។​

​លោក ឡុង ឌី​ម៉​ង់ បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ចុងខែ​មករា ឆ្នាំ​ ២០២៤ លោក​បាន​សង្កេតឃើញថា មាន​វិនិយោគិន​ជា​បន្តបន្ទាប់​បានមក​សាកសួរ​ព័ត៌មាន និង​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​នៅ​ខេត្ត​​ព្រះសីហនុ នៅក្រោម​កញ្ចប់​ពិសេស​សម្រាប់​ឆ្នាំ​ ២០២៤​។

លោក​បន្ថែមថា រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន ចំនួន​ ៤-៥ បានដាក់​ពាក្យស្នើសុំ​វិ​និ​​យោគ ខណៈ​ក្រុមហ៊ុន​ជាច្រើន​ទៀត​កំពុង​សិក្សា និង​ត្រៀម​ដាក់ពាក្យ​ដើម្បី​ទទួលបាន​សិទ្ធិ​វិនិយោគ​ពិសេស​។​

​លោក​ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ​ក្រុមការងារ​របស់​យើង​បានទទួល​សំណើ​ពី​ក្រុមហ៊ុន​នៅក្នុង​ផ្នែក​ឯកជន​ប្រមាណ ៤-៥ ដែល​ក្នុងនេះ ២ ​ករណី​ត្រូវបាន​ក្រុមការងារ​បានធ្វើការ​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ ហើយ​ផ្តល់ជូន​កញ្ចប់​លើកទឹកចិត្ត​ពិសេស​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ដើម្បី​ឆ្លើយតប​នឹង​សំណូម​ពរ​របស់​ផ្នែក​ឯកជន​មួយចំនួន​ដែល​ស្នើសុំ​ក្នុងការ​ចាប់ផ្តើម​សកម្មភាព​វិ​និ​យោគ​នៅ​ខេត្ត​ព្រះសីហនុ​»​។​

​លោក​ប្រាប់ទៀតថា សម្រាប់​ស្ថាន​ភាព​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នា​ដើមឆ្នាំ​ ២០២៤ នេះ​គឺមាន​ភាពល្អប្រសើរ​ច្រើន​បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០២៣ ប៉ុន្តែ​វា​មិនទាន់​រីក​​ចម្រើន​ខ្លាំង​ដូច​មុន​ឆ្នាំ​ ២០១៩ ឡើយ​។ បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​អគារ​ធំៗ​ជាច្រើន ក្នុងនោះ​ជាង ៣៦០​ អគារ​សាងសង់​មិនទាន់រួច និង​ប្រហែល ១៦០១៧០​ អគារ​ទៀត​សាងសង់​រួច ប៉ុន្តែ​មិនបាន​បើក​ដំណើរការ​៕