ភ្នំពេញៈ ការចិញ្ចឹមត្រីទីឡាព្យ៉ា គឺកសិករច្រើនតែចិញ្ចឹមតាមទម្លាប់ មិនមានការជ្រើសរើសពូជឡើយ តែសម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងបានប្រើបច្ចេកទេសប្តូរភេទត្រីទីឡាព្យ៉ាញី ទៅជាត្រីឈ្មោលស្ទើរ ១០០ ភាគរយ ដើម្បីឱ្យវាមានការលូតលាស់លឿននិងធន់នឹងជំងឺ។
មានពណ៌ក្រហម នៅតូចៗកំពុងហែលជាហ្វូងវិលទៅមកៗ ដែលហ៊ុមព័ទ្ធទៅដោយសំណាញ់ជ័រនោះជាវិធីចិញ្ចឹមត្រីទីឡាព្យ៉ា របស់និស្សិតកសិកម្ម (ចំការដូង) ១ ក្រុម។ ការចិញ្ចឹមត្រីទីឡាព្យ៉ាដែលប្រើបច្ចេកទេសប្តូរភេទពីត្រីញីទៅឈ្មោលនេះក៏កំពុងមានតម្រូវការទិញកូនត្រីយកទៅចិញ្ចឹមច្រើនពីកសិករនៅតាមបណ្តាខេត្ត។ ពាក់ព័ន្ធវត្តមាននៃការចិញ្ចឹមត្រីទីឡាព្យ៉ានៅក្នុងប្រទេសកម្ពុជា គឺមានដំណើរការជាច្រើនឆ្នាំមកហើយ តែការចិញ្ចឹមនោះនៅមិនទាន់ទូលំទូលាយហើយម្យ៉ាងទៀតបច្ចេកទេសនៃការចិញ្ចឹមត្រីទីឡាព្យ៉ា ក៏មិនទាន់ ច្បាស់លាស់ដែរ។ នេះបើតាមការលើកឡើងរបស់លោកវណ្ណ ណាពន្ធ និស្សិតឆ្នាំទី៣ មហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
លោក វណ្ណ ណាពន្ធ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មូលហេតុដែលក្រុមលោកផ្តោតទៅលើការបង្កាត់ពូជប្តូរភេទតាមបច្ចេកទេសឱ្យទៅជាត្រីឈ្មោលភាគច្រើននោះ ដោយសារតែក្រុមនិស្សិតរបស់លោកមើលឃើញថា ពីមុនមកក៏ដូចជាបច្ចុប្បន្ន ប្រជាកសិករចិញ្ចឹមត្រីមិនមានការលូតលាស់លឿនឡើយ។ មានន័យថា ត្រីញីមានការលូតលាស់យឺតជាងត្រីឈ្មោល ដែលជាទូទៅបើគេបង្កាត់តាមធម្មជាតិរបស់ពួកវា ១ សំបុកហើយដែលអត្រារបស់វាចន្លោះពី ៥០ ទៅ ៦០ ភាគរយនៃកូន គឺញី រីឯកូនត្រីឈ្មោលបានប្រហែលតែ ៣0 ភាគរយប៉ុណ្ណោះ។
យុវនិស្សិត វណ្ណ ណាពន្ធ បានពន្យល់តាមបច្ចេកទេសថា៖ «ជាទូទៅ ប្រភេទត្រីទីឡាព្យ៉ានៅពេលកសិករយកទៅចិញ្ចឹម គឺសម្បូរត្រីមេច្រើនហើយវាលូតលាស់តែខែទី១ ដល់ខែទី៣ ទេ លុះចូលដល់ខែទី៤ វាចាប់ផ្តើមថយការលូតលាស់វិញ រីឯត្រីឈ្មោលចេះតែលូតលាស់ទៅៗ។ ម្យ៉ាងត្រីមេបើចូលដល់ខែទី ៣ គឺវាចាប់ផ្តើមដល់វ័យបង្កកំណើត ពង និងចាប់ផ្តើមលែងស៊ីចំណី ដូចនេះត្រីដែលយើងចិញ្ចឹមមានញីមានឈ្មោលលាយគ្នាហ្នឹងគឺអត្រាលូតលាស់របស់វាយឺតខុសពីត្រីដែលយើងប្តូរភេទរួច»។
បើតាមនិស្សិតរូបនេះ ការចិញ្ចឹមត្រីដែលរស់នៅលាយឡំគ្នាមានញីមានឈ្មោលបែបនេះ គឺអត្រាលូតលាស់របស់វាមានភាពយឺត ដូច្នេះហើយបានជាធ្វើឱ្យប្រជាកសិករចិញ្ចឹមច្រើនតែខាត។ លុះដល់ពេលខាតទៅ គាត់ច្រើនតែលើកឡើងថាចិញ្ចឹមត្រីមិនដូចប្រទេសជិតខាង ដែលគេចិញ្ចឹមត្រីទីឡាព្យ៉ា ១ ក្បាលជិត ១ គីឡូក្រាម ចំណែកឯខ្មែរធ្វើ មិនបានដូចគេ។ ហេតុដូច្នេះហើយ ទើបក្រុមនិស្សិតលោកយល់ថា ជាកត្តាបញ្ហាហើយក៏នាំគ្នាចាប់ផ្តើមប្រើបច្ចេកទេសប្តូរភេទត្រីទីឡាព្យ៉ាញីមកជាឈ្មោលវិញ។
បច្ចេកទេសនេះលោក វណ្ណ ណាពន្ធ ក៏បានសិក្សាពីប្រទេសថៃមកដែរ ហើយបន្ទាប់ពីត្រឡប់មកពីប្រទេសថៃវិញលោកនិងក្រុម និស្សិតមួយចំនួនទៀតបានចាប់ផ្តើមអនុវត្តចិញ្ចឹមត្រីទីឡាព្យ៉ាដើម្បីយកគ្រាប់ពងសម្រាប់បន្សុទ្ធប្តូរភេទទើបតែអនុវត្តបានប្រហែល ៥ ខែមកទេ។ ចំពោះបច្ចេកទេសភ្ញាស់កូនត្រីវិញ គឺនៅពេលដែលត្រីទីឡាព្យ៉ាពងរួចក្រុមការងាររបស់លោកធ្វើការប្រមូលគ្រាប់ពង និងយកមេពូជចេញឱ្យអស់ ហើយយកពងត្រីទៅដាក់ក្នុងប្រព័ន្ធភ្ញាស់។
ចំពោះកូនត្រីភ្ញាស់ម្តងបានចន្លោះពី ២ ម៉ឺនទៅ ៣ ម៉ឺនកូន នៅពេលនោះត្រូវផ្តល់អាហារបម្រុងឱ្យវាស៊ី ហើយពេលវាស៊ីអស់ត្រូវប្តូរចំណីដែលមានលាយសារធាតុអ័រម៉ូនប្រើសម្រាប់ប្តូរភេទឱ្យវាភ្លាម។ ចំពោះអំឡុងពេលប្តូរភេទតាមបច្ចេកទេសនេះកំណត់តែ ២១ ថ្ងៃទេ ហើយក៏មិនមានការបន្ថែមថ្នាំផ្សេងៗដែរ ដែលអនុវត្តស្របទៅតាមសុវត្ថិភាពចំណីអាហារ។
លោកបញ្ជាក់ថា ក្រោយការប្តូរភេទចន្លោះពី ៣ ទៅ ៤ សប្តាហ៍ គឺឬកូនត្រីមានទម្ងន់ចាប់ពី ៥ ក្រាមគេអាចយកវាទៅចិញ្ចឹមបានហើយ ហើយបើត្រីដែលអាចលក់បាន គឺគិតពីញាស់រហូតដល់ ៨ ខែអាចចាប់លក់បានហើយ។
ដើម្បីឱ្យស្របទៅតាមបច្ចេកទេស កុំឱ្យចិញ្ចឹមត្រីទៅងាប់ត្រូវបានលោក ណាពន្ធ ថា កសិករខ្លះចង់ទិញកូនត្រីទៅចិញ្ចឹមតែមិនទាន់យល់ពីបច្ចេកទេសចិញ្ចឹមត្រី ដូចនេះត្រូវសិក្សាជាមុនសិន។ បើកសិករចង់ចិញ្ចឹមត្រីទីឡាព្យ៉ាក្នុងស្រះក៏ត្រូវតែកុំឱ្យមានត្រីរ៉ស់ត្រីអណ្តែងដែលត្រីនេះវាស៊ីកូនត្រីទីឡាព្យ៉ា។ ចំពោះកូនត្រីដែលកសិករចង់ទិញយកទៅចិញ្ចឹមគឺ ១ ក្បាលចាប់ពី ១២០ រៀលដល់ ៣០០ រៀល។
បើតាមលោក វណ្ណ ណាពន្ធ ត្រីទីឡាព្យ៉ា ដែលក្រុមការងារនិស្សិតរបស់លោកកំពុងភ្ញាស់និងប្តូរភេទ គឺជាពូជត្រីទីឡាព្យ៉ាក្នុងស្រុកតែម្តង។ ជាទូទៅប្រភេទត្រីទីឡាព្យ៉ាមួយចំនួន ប្រជាកសិករចេះតែចិញ្ចឹមតែមិនគិតដល់ការជ្រើសរើសពូជ ដែលនេះជាបញ្ហាដែលធ្វើឱ្យត្រីមានការលូតលាស់យឺត និងមិនធន់នឹងជំងឺជាដើម។ ហេតុដូច្នេះហើយទើបក្រុមរបស់លោកជ្រើសរើសដើម្បីបន្សុទ្ធពូជត្រីទីឡាព្យ៉ាប្រកបដោយគុណភាពល្អសម្រាប់កសិករយកទៅចិញ្ចឹមដែលបច្ចុប្បន្នមានខេត្តមួយចំនួនហើយដែលកសិករកុម្ម៉ង់ទិញពូជត្រីទីឡាព្យ៉ាពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ត្រីទីឡាព្យ៉ា ជាប្រភេទត្រីលំដាប់លេខ ២ ដែលពេញនិយមចិញ្ចឹម និងបរិភោគក្នុងពិភពលោក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាត់ទុក ត្រីទីឡាព្យ៉ាជាប្រភេទត្រីសំខាន់មួយសម្រាប់ការចិញ្ចឹមបម្រើឱ្យតម្រូវការក្នុងស្រុក។ ក្រសួងបាននិងកំពុងជួយលើកទឹកចិត្តកសិដ្ឋានបង្កាត់ភ្ញាស់កូនត្រីពូជត្រីទីឡាព្យ៉ា និងកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យ៉ាសាច់។ ថ្មីៗនេះក្រសួងបានពិភាក្សា និងរៀបចំគម្រោង យកពូជត្រីទីឡាព្យ៉ា GIFT របស់មជ្ឈមណ្ឌលត្រីពិភពលោក នៅទីក្រុងប៉េណាំងប្រទេសម៉ាឡេស៊ី មកធ្វើជាមេពូជសម្រាប់បង្កាត់ភ្ញាស់។
នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានថ្លែងថា៖ «ពីព្រោះត្រីទីឡាព្យ៉ា GIFT ជាប្រភេទត្រីទីឡាព្យ៉ា ដែលបានឆ្លងកាត់ការបង្កាត់ភ្ញាស់ជាច្រើនជំនាន់ដែល លូតលាស់លឿន និងធន់នឹង ជំងឺ។ ប៉ុន្តែការចិញ្ចឹមពូជត្រីនេះគឺការពារមិនឱ្យរួចចូលក្នុងដែនទឹកធម្មជាតិទេ។ ជាគោលការណ៍ យើងមិនចង់ឱ្យពូជត្រីចិញ្ចឹមចូលទៅក្នុងធម្មជាតិទេ ព្រោះវាអាចជះឥទ្ធិពលដល់ពូជត្រីធម្មជាតិ»៕