ភ្នំពេញៈ ជាបុគ្គលម្នាក់ ដែលធ្លាប់បានហែលឆ្លងការលំបាក និងឧបសគ្គរាប់មិនអស់ តាំងពីនៅជាកីឡាករ រហូតបានវិវឌ្ឍខ្លួនក្លាយជាអ្នកជំនាញកីឡាកម្រិតខ្ពស់តំណាងឱ្យប្រទេសកម្ពុជានោះ លោក វ៉ាត់ ចំរើន បានមើលឃើញយ៉ាងច្បាស់ពីគុណតម្លៃដែលទទួលបានពីការលេងកីឡា ហើយរឹតតែមានភាពច្បាស់លាស់ ក្នុងការជំរុញការអភិវឌ្ឍធនធានកីឡាករ កីឡាការិនី ដើម្បីឈានទៅសម្រេចគោលដៅធំ គឺការដណ្តើមបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិ ជូនប្រទេសជាតិ។
យ៉ាងណាក៏ដោយ តាមរយៈបទពិសោធន៍ការបំពេញការងារក្នុងនាមជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាច្រើនឆ្នាំមកនេះ ជាពិសេសការសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ជូនកម្ពុជា ចំពោះការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ក្នុងនាមជាអគ្គលេខាធិការទទួលបន្ទុកផ្នែកបច្ចេកទេស កន្លងមកនេះ លោក វ៉ាត់ ចំរើន បានអះអាងថា ឱកាសប្រកួតប្រជែងដណ្តើមយកមេដាយរបស់កីឡាការិនី គឺលេចធ្លោជាង ឬមានឱកាសច្រើនកីឡាករ។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «យើងឃើញថា នៅក្នុងប្រទេសកម្ពុជាយើង កីឡាការិនីដណ្តើមបានមេដាយមាសច្រើនជាងគេ។ ជាក់ស្តែងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាដណ្តើមបានមេដាយមាស ៨១ ប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧ សរុប ២៨២ មេដាយនោះ គឺកីឡាការិនីរបស់យើង ដណ្តើមបានមេដាយមាសច្រើន ហើយសុទ្ធតែជាមេដាយល្អៗទៀត អ៊ីចឹងស្ត្រីមានទេពកោសល្យល្អ និងលេចធ្លោជាងបុរស»។
លោក វ៉ាត់ ចំរើន បានលើកយកតួលេខនៃការធ្វើស្ថិតិចំនួនប្រជាជន ក្នុងអំឡុងពេលបោះឆ្នោតពេលកន្លងមក ដែលបានបង្ហាញថា នៅប្រទេសកម្ពុជាយើង ចំនួនស្ត្រីមានរហូតដល់ ៥៣ ភាគរយច្រើនជាងបុរស គឺខុសពីនៅអឺរ៉ុប ដែលចំនួនស្ត្រីមានប្រមាណ ២០ ទៅ ៣០ ភាគរយ តិចជាងបុរស។
លោកបានបន្ថែមទៀតថា៖ «ដោយមើលឃើញពីចលនានេះហើយ ទើបយើងមានការជំរុញ និងលើកទឹកចិត្តដល់ពួកគាត់ ឱ្យចាប់យកការលេងកីឡា ព្រោះស្ត្រីមានឱកាសស្វែងរកមេដាយច្រើនជាងបុរស ព្រោះនៅក្នុងការប្រកួត គឺបុរសមានការប្រជែងខ្ពស់ ព្រោះមានចំនួនអ្នកចូលរួមច្រើន។ ឧទាហណ៍ការប្រកួតប្រដាល់ ក្នុងទម្ងន់ ៥៥ គីឡូក្រាម គឺផ្នែកបុរស មានអ្នកចូលរួមពី ២០ ទៅ ៣០ នាក់ តែផ្នែកស្ត្រីមានត្រឹម ៤ ទៅ ៥ នាក់ទេ អ៊ីចឹងឱកាសប្រជែងដណ្តើមយកមេដាយ គឺល្អជាង និងងាយជាងបុរស»។
ជាមួយការមើលឃើញពីកត្តាអំណោយផលរបស់ស្ត្រី នៅក្នុងវិស័យកីឡានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ តែងតែរៀបចំឱ្យមានយុទ្ធនាការកីឡាផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីកៀរគរ ក៏ដូចជាទាញការចាប់អារម្មណ៍របស់ស្ត្រី ដែលជាយុវតីជំនាន់ក្រោយ ឱ្យចូលលេងកីឡា ដើម្បីសុខភាព និងអាចវិវឌ្ឍខ្លួនទៅជាអ្នកហាត់កីឡាជំនាញ។ ទន្ទឹមនឹងនេះ នៅរៀងរាល់ថ្ងៃទិវានារីអន្តរជាតិ ៨ មីនា គឺ NOCC តែងតែសហការជាមួយវិស័យឯកជន ដើម្បីរៀបចំទិវារត់ប្រណាំង ដើម្បីលើកកម្ពស់សិទ្ធិនារី។
ជាក់ស្តែង នៅថ្ងៃទី ៨ ខែមីនា ឆ្នាំនេះ NOCC បានសហការជាមួយដៃគូរបស់ខ្លួន ដើម្បីរៀបចំ «ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ» នៅបរិវេណខាងមុខសួនច្បារមុខវត្តបទុមវតី ដោយមានអ្នកចុះឈ្មោះចូលរួមប្រមាណ ២ ៥០០ នាក់ ហើយព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីលើកទឹកចិត្តស្ត្រី ឱ្យចូលរួមលេងកីឡា។
ជាមួយគ្នានេះ ស្ថាប័នកីឡាអន្តរជាតិធំៗ ក៏បានដាក់ចេញនូវគោលការណ៍ ក្នុងការជំរុញឱ្យមានចំនួនស្ត្រីចូលលេងកីឡា និងដឹកនាំកីឡាឱ្យបានកាន់តែច្រើនផងដែរ ព្រោះចំនួនស្ត្រី ដែលបានចូលរួមហាត់កីឡាជំនាញរហូតមកដល់ពេលនេះ នៅមានចំនួនតិចនៅឡើយទេ ខណៈប្រភេទកីឡាខ្លះ សឹងតែគ្មានកីឡាការិនីផង។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងឃើញថា ការចូលរួមរបស់ស្ត្រី នៅក្នុងវិស័យកីឡា គឺមានឱកាសស្វែងរកភាពជោគជ័យ នៅក្នុងជីវិតបានច្រើន អ៊ីចឹងឥឡូវនេះ តាមគោលការណ៍ជាអន្តរជាតិ គេជំរុញឱ្យមានចំនួនស្ត្រី ចូលរួមលេងកីឡា និងដឹកនាំក្នុងវិស័យកីឡាឱ្យបាន ៤០ ភាគរយ ចាប់ពីពេលឆ្នាំនេះទៅ អ៊ីចឹងយើងត្រូវមានការលើកទឹកចិត្តចំពោះស្ត្រី ហើយនៅពេលណា មានចំនួនស្ត្រីបានចូលរួមច្រើន គឺមូលដ្ឋានការអភិវឌ្ឍកីឡា ឬឧត្តមភាពកីឡារបស់យើង នៅលើឆាកអន្តរជាតិ កាន់តែទទួលបានខ្ពស់»។
ជាកីឡាការិនីឆ្នើម ដែលមានជំនាញទាំងផ្នែកកីឡាយូដូ តេក្វាន់ដូ (ITF) និងចុងក្រោយជាជម្រើសជាតិកីឡាវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី បានដឹង និងយល់យ៉ាងច្បាស់ពីមោទនភាព និងកិត្តិយស ដែលខ្លួនទទួលបានតាមរយៈការចាប់យកអាជីពជាអ្នកកីឡា តាំងពីឆ្នាំ ១៩៩៦ រហូតដល់បច្ចុប្បន្ន។ បើទោះបីជា ការហាត់កីឡា មានការលំបាក ហើយពេលខ្លះក៏មានរបួសធ្ងន់រហូតដល់គ្រេច ឬបាក់ដៃជើង ប៉ុន្តែគុណតម្លៃដែលទទួលបានតាមរយៈកីឡា ត្រូវបាន ឆរស្ម៊ី អះអាងថា ពិតជាធំធេងខ្លាំងណាស់។
កីឡាការិនីវ័យ ៣៦ ឆ្នាំ ប៉ាល់ ឆរស្ម៊ី បាននិយាយថា៖ «ការចាប់យកអាជីពជាអ្នកកីឡាច្រើនឆ្នាំមកនេះ មិនមែនងាយស្រួលទេ ដោយយើងត្រូវឆ្លងកាត់ការពិបាក និងពុះពារឧបសគ្គជាច្រើន ប៉ុន្តែឆ្លងកាត់ការពិបាកទាំងអស់ហ្នឹង អ្វីដែលយើងទទួលបានត្រឡប់មកវិញ គឺភាពរឹងមាំផ្លូវកាយ ផ្លូវចិត្ត និងឱកាសយ៉ាងច្រើនក្នុងការបានទៅប្រកួតបង្ហាញសមត្ថភាព សាងស្នាដៃ ទទួលបានជោគជ័យលើកមុខមាត់ និងកិត្តិយសប្រទេសជាតិ»។
តាមរយៈការចាប់យកជំនាញកីឡានេះ ប៉ាល់ ឆរស្ម៊ី ធ្លាប់បានសាងស្នាដៃ និងលើកមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិជាច្រើនលើក តាមរយៈការដណ្តើមបានមេដាយមាសសរុប ២៦ រួមជាមួយមេដាយប្រាក់ និងសំរឹទ្ធជាច្រើនទៀត ពីគ្រប់ការប្រកួតអន្តរជាតិ ជាពិសេសការប្រកួតជើងឯកពិភពលោក និងស៊ីហ្គេម ខណៈស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ឆរស្ម៊ីឈ្នះបានមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១ និងទទួលបានពានជាអត្តពលិកឆ្នើមផ្តាច់គេ ប្រចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ប៉ាល់ ឆរស្ម៊ី បាបញ្ជាក់ថា៖ «សម្រាប់សមិទ្ធផលមេដាយ ដែលខ្ញុំដណ្តើមបានកន្លងមកនេះ វាជាកាដូដ៏ពិសេសមួយ សម្រាប់ការព្យាយាមខិតខំប្រឹងប្រែងសម្រាប់ខ្លួនឯង នៅលើវិថីមួយនេះ គឺការលះបង់របស់យើង មិនអត់ប្រយោជន៍ឡើយ។ ផលប្រយោជន៍ និងគុណប្រយោជន៍ ដែលទទួលបានពីការប្រឹងប្រែងនេះ គឺការប្រកួតខ្លះវាលើសពីក្តីរំពឹងទុក និងអ្វីដែលយើងចង់បានទៅទៀត។ ជាក់ស្តែងស៊ីហ្គេមថ្មីៗនេះ ខ្ញុំមិនត្រឹមតែដណ្តើមបានមេដាយទេ ប៉ុន្តែថែមទាំងទទួលបានពានជាកីឡាការិនីឆ្នើមទៀត ដែលវាជាមហាកិត្តិយស និងមានតម្លៃបំផុត»។
កីឡាការិនីរូបនេះ បានបន្ថែមថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់ អ៊ីចឹងខ្ញុំលើកទឹកចិត្តឱ្យស្ត្រីកម្ពុជាលេងកីឡាឱ្យបានច្រើន ព្រោះពេលយើងមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ យើងនឹងមានឱកាសសាងស្នាដៃជូនជាតិ នៅលើឆាកអន្តរជាតិ ខណៈពេលនេះ ធនធានស្ត្រីអត់សូវសម្បូរទៅទៀត ដូច្នេះវាជាឱកាសដ៏ល្អ សម្រាប់ស្ត្រីយើងចាប់ផ្តើម និងចូលរួមប្រកួតប្រជែង ហើយខ្ញុំជឿថា ស្ត្រីដែលជាអ្នកជំនាន់ក្រោយ នឹងមានសមត្ថភាពល្អ និងពូកែជាងខ្ញុំទៅទៀត ដើម្បីប្រកួតដណ្តើមយកមេដាយជូនជាតិ»។
នៅក្នុងផែនការជំរុញឱ្យស្ត្រីចូលលេងកីឡានេះ លោក វ៉ាត់ ចំរើន ថ្លែងថា លោកមានក្តីស្រមៃចង់ឃើញកីឡាការិនីជាស្ត្រីខ្មែរដំបូងគេ ដែលអាចទៅដណ្តើមបានមេដាយ នៅក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម ព្រោះការប្រកួតប្រជែងផ្នែកបុរស គឺមានការពិបាកខ្លាំង ក្នុងការអាចឈានទៅសម្រេចគោលបំណងនេះបានណាស់។
លោកបានថ្លែងថា៖ «ខ្មែរយើង មិនទាន់ធ្លាប់បានមេដាយ នៅអូឡាំពិកហ្គេមទេ អ៊ីចឹងក្នុងនាមជាអ្នកជំនាញកីឡាម្នាក់ ខ្ញុំមានក្តីសុបិនចង់ឃើញស្ត្រីទី ១ ដែលទៅយកមេដាយនៅអូឡាំពិកហ្គេម ហើយបើកីឡាការិនីរូបណាអាចធ្វើបាន គាត់នឹងក្លាយទៅជាវីរនារីប្រវត្តិសាស្ត្រប្រចាំនៅប្រទេសកម្ពុជា ដោយត្រូវបានចារឈ្មោះរាប់រយឆ្នាំបន្តទៅមុខទៀត ហើយគ្រប់កន្លែងកីឡាទាំងអស់ គេអាចឆ្លាក់រូបគាត់ ជាវីរនារី ឬជានិមិត្តរូបដ៏កំពូលនៃវិស័យកីឡារបស់ប្រទេសយើង»។
លោកបានបន្ថែមថា៖ «យើងមិនទាន់មានទេ ប៉ុន្តែការមិនទាន់មានភាពអស្ចារ្យនេះហើយ ដែលយើងចង់ជំរុញឱ្យវាមាន ១ នឹងគេ ព្រោះប្រទេសគេធ្វើបាន រឿងអីយើងធ្វើមិនបាន អ៊ីចឹងរឿងនេះវាជាការងាររួម ដែលយើងត្រូវធ្វើទាំងអស់គ្នា ហើយសុំឱ្យបុរស ដែលជាឪពុក ជាបងប្រុស និងជាប្តីរបស់គេ សូមចូលរួមលើកទឹកចិត្តជំរុញឱ្យស្ត្រីចូលលេងកីឡា និងធ្វើចលនារាងកាយរបស់គាត់ ដើម្បីសុខភាពផង ហើយបើគាត់មានទេពកោសល្យល្អ យើងជួយរុញគាត់ឱ្យទៅដល់កីឡាអាជីព ជាកីឡាជំនាញល្អទៅថ្ងៃអនាគត»។
ជាមួយគ្នានេះ កីឡាការិនីមានសែស្រឡាយជារាជវង្ស ព្រះនាងតូច នរោត្តម អម្រិតា ក៏បាននិងកំពុងដាក់គោលដៅ ជម្នះការលំបាក ក្នុងការពង្រឹងពីជំនាញកីឡាជិះសេះ លើវិញ្ញាសាលោតផ្លោះរបាររបស់ខ្លួន ដើម្បីអាចមានលទ្ធផលដណ្តើមបានមេដាយមាស នៅស៊ីហ្គេម និងក្លាយជាកីឡាការិ-នីជិះសេះរបស់កម្ពុជាដំបូងគេ ដែលអាចមានឱកាសបានទៅប្រកួតកីឡាអូឡាំពិកអន្តរជាតិ។
កីឡាការិនីវ័យ ១៥ ឆ្នាំ អម្រិតា បាននិយាយថា៖ «ក្រៅពីចង់ដណ្តើមបានមេដាយមាសស៊ីហ្គេម នៅឆ្នាំ ២០២៥ គឺខ្ញុំមានបំណងចង់ទទួលបានឱកាសទៅប្រកួតយុវជនអូឡាំពិកអន្តរជាតិ។ នេះជាគោលបំណងធំជាងគេរបស់ខ្ញុំ ដោយខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចវាឱ្យបាន ហើយជាមួយការដាក់គោលដៅនេះ ខ្ញុំក៏សង្ឃឹមដែរថា ខ្ញុំនឹងអាចផ្តល់ជាភាពគំរូមួយដល់កីឡាការិនីរបស់កម្ពុជាផ្សេងៗទៀតឱ្យខិតខំពង្រឹងជំនាញរបស់ខ្លួនដូចគ្នា ព្រមទាំងជាការលើកទឹកចិត្តដល់ស្ត្រីខ្មែរផ្សេងៗទៀត ឱ្យចូលរួមលេងកីឡា និងអភិវឌ្ឍខ្លួនទៅជាកីឡាអាជីពផងដែរ»។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកផ្នែកកីឡាផងនោះថ្លែងថា ការធ្វើលំហាត់ប្រាណអប់រំកាយ ក៏បានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់ស្ត្រី ឱ្យមានកម្លាំងកាយរឹងមាំ និងមានសុខភាពល្អ។
លោកថា៖ «ស្ត្រីមានសុខភាពទន់ខ្សោយជាងបុរស ប៉ុន្តែបើស្ត្រីលេងកីឡា គឺពួកគាត់បង្កើនបានសុខភាពផ្លូវកាយ ផ្លូវចិត្តកាន់តែល្អ ព្រោះវិទ្យាសាស្ត្រខាងកីឡា គេស្រាវជ្រាវឃើញថា ស្ត្រីដែលលេងកីឡា ជាស្ត្រីដែលមិនប៉ះពាល់ដល់ជំងឺកំប៉ិកកំប៉ុកនោះទេ។ ហេតុនេះហើយខ្ញុំសូមផ្តាំទៅស្ត្រីនៅកម្ពុជា ចូលរួមលេងកីឡាឱ្យបានច្រើន ក្នុងការជំរុញវិស័យកីឡារបស់យើង»៕