អតីតមន្រ្តីចូលនិវត្តន៍ពីមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស សុវណ្ណ បាននឹងកំពុងតែប្រឡូកក្នុងការងារស្តារនីតិសម្បទាជនរងគ្រោះដោយសារថ្នាំញៀនរាប់ពាន់នាក់ អស់រយៈពេលជាង ២០ឆ្នាំមកហើយ តាមរយៈការបង្កើតសមាគមសង្រ្គោះជនរងគ្រោះ ដោយគ្រឿងញៀនកម្ពុជាស្ថិតនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ផាក់ ស៊ាងលី អ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានធ្វើបទសម្ភាសន៍មួយជាមួយនឹងប្រធានសមាគម វ័យ ៦៤ឆ្នាំ ស្តីពីវិធីសាស្រ្តបន្សាបគ្រឿងញៀនឱ្យទទួលបានជោគជ័យ ក្នុងនោះ ការអប់រំបែបសាសនា និង កិច្ចសហការពីសង្គមគ្រួសារពិតជាចាំបាច់ មិនអាចមើលរំលងបាន។
តើសមាគមសង្រ្គោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជាបានចាប់ផ្តើមដំណើរការអស់រយៈពេលប៉ុន្មានឆ្នាំហើយ? ហេតុអ្វីបានជាលោកបង្កើតសមាគមនេះឡើង?
លោក មាស សុវណ្ណៈ ដល់ឆ្នាំ២០២៤ នេះ គឺចូលឆ្នាំទី២០ ហើយ នៃការបង្កើតសមាគមនេះ។ ខ្ញុំបានបង្កើតសមាគមនេះ តាំងពីខ្ញុំនៅធ្វើជាមន្រ្តីរបស់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីខិតខំស្វែងរកមធ្យោបាយជួយដោះស្រាយបញ្ហាអ្នកញៀនថ្នាំ។ កាលនៅធ្វើការហ្នឹង យើងមើលឃើញថាវាលំបាកពេក មិនដឹងថាអប់រំយ៉ាងម៉េច ពេលមើលឃើញការចាប់អ្នកញៀនថ្នាំហ្នឹង។ ខ្ញុំឃើញមានផលលំបាកច្រើន ខ្ញុំក៏បានចាប់ផ្តើមសុំរដ្ឋាភិបាល និង អង្គភាពរបស់ខ្ញុំបើកទៅ...មិនមែនធ្វើអីដើម្បីរឿងផ្ទាល់ខ្លួនទេ គឺធ្វើដើម្បីសង្គម ដើម្បីទាំងអស់គ្នា យើងអត់មានអីបន្សល់ទុកទេ មានតែបន្សល់ទុករឿងល្អៗ សម្រាប់កូនៗក្រោយហ្នឹង។
តើក្នុងមួយឆ្នាំៗសមាគមលោកទទួលអ្នកញៀនថ្នាំបានប្រហែលប៉ុន្មាននាក់ដែរ ដើម្បីស្តារនីតិសម្បទា?
លោក មាស សុវណ្ណៈ ក្នុងមួយឆ្នាំៗ សរុបទៅយើងអាចទទួលបានប្រហែលចន្លោះពីជាង ២០០ ទៅជាង ៣០០នាក់។ ពួកគាត់មានអាយុក្រោម ៣០ឆ្នាំ ដែលភាគច្រើនគឺជាបុរស រីឯស្រីវិញ មានប្រហែលពី១០ ទៅ២០នាក់ប៉ុណ្ណោះ។ មានចូល និងចេញជារៀងរាល់ថ្ងៃ។ ថ្មីចេញ ចាស់ចូលមក។ ខ្លះឡាប់ឡើងវិញក៏មកវិញចឹងដែរ។ ខ្ញុំអត់អាចទទួលបានច្រើនជាងហ្នឹងទេ។ បើច្រើនលើសហ្នឹងទៀត ក៏ខ្ញុំទ្រទ្រង់អត់បានដែរ។ ចំពោះការឧបត្ថម្ភវិញ គឺមានភាគច្រើនតែពីក្រុមគ្រួសារពួកគាត់ជាអ្នកចំណាយទៅលើកូនចៅគាត់ហ្នឹង។ ចំណាយប៉ុន្មានអីប៉ុន្មានគឺលើភាពជាក់ស្តែងហ្នឹងទៅ។
តើការព្យាបាលស្ដារនីតិសម្បទាអ្នកញៀនថ្នាំម្នាក់ៗ ត្រូវការចំណាយរយៈពេលប៉ុន្មានដែរ?
លោក មាស សុវណ្ណៈ ការចំណាយពេលព្យាបាលយូរ ឬឆាប់ វាអាស្រ័យទៅលើផលប៉ះពាល់ពីថ្នាំញៀននោះទៅលើខ្លួនគេ។ បើក្នុងករណីផលប៉ះពាល់ធ្ងន់ធ្ងរទៅ វាចំណាយពេលយូរទៅក្នុងការព្យាបាលទៅ។ តែបើប៉ះពាល់តិចតួច វាឆាប់ជាទៅវិញទៅ។ វាប្រៀបដូចជាជម្ងឺអញ្ជឹងដែរ បើធ្ងន់ វាយ៉ាប់ព្យាបាលទៅ និងជម្ងឺស្រាលងាយអញ្ជឹងដែរ។ និយាយអញ្ជឹងវាងាយយល់។ ខ្ញុំមិនចេះតែធ្វើស្មានៗ ព្រាវៗទេ គឺធ្វើតាមវិជ្ជាជីវៈ វិធីសាស្រ្ត ដែលមានការរៀនសូត្រត្រឹមត្រូវពីអ្នកជំនាញជាច្រើនមកពីអង្គការអន្តរជាតិ ដែលសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងករណីមានផលប៉ះពាល់ពីថ្នាំញៀនកម្រិតស្រាល តើត្រូវការរយៈពេលប៉ុន្មានដើម្បីព្យាបាល?
លោក មាស សុវណ្ណៈ បើក្នុងករណីស្រាលគឺ ចាប់ពី៣ខែឡើងទៅបានធូរស្រាលបន្តិចហើយ ហើយស្ដារនីតិសម្បទាប្រមាណជា ៣ខែទៀត គឺជាអស់ហើយ។ តែបើប្រញាប់ពេក អត់មានការប្រឹក្សាយោបល់ជាមួយគាត់ឱ្យបានច្បាស់លាស់ទេ នឹងអាចវិលត្រឡប់មកវិញយ៉ាងលឿន។ យើងធ្វើម៉េចប្រឹក្សាយោបល់ជាមួយគាត់ ជាមួយគ្រួសារ ឱ្យបានច្បាស់លាស់តិច ធ្វើម៉េចឱ្យគាត់ មានចិត្តមួយថា សហការគ្នាបានល្អណា គឺសំខាន់ណាស់។ បើទៅដល់មូលដ្ឋានវិញ យកគាត់ទៅទុកចោល ដាក់ចោលអត់មានមើលថែទាំ អត់មានការពារអីហ្នឹងទៅវិញយ៉ាងលឿន។ វាណាស់តែគ្រួសារ អ្នកជិតខាងរើសអើសជាមួយគាត់បានអាចគាត់វិលវិញយ៉ាងលឿននោះ [ព្រោះ] ចាត់ទុកពួកគាត់ថា ជាមនុស្សមិនបានការ។ តែតាមពិតពួកនេះបានការ មនុស្សបានសាច់ការ មនុស្សល្អ ខ្ញុំឱ្យធ្វើអីធ្វើបានទាំងអស់ហ្នឹង។ បង្ហាត់បង្ហាញជោគជ័យទាំងអស់ហ្នឹង។ តែពេលសេពគ្រឿងញៀនហ្នឹងទៅ គាត់ទៅជាមនុស្សផ្តេសផ្តាសលីលាអស់ចឹងទៅ។
ចុះបើក្នុងករណីមានផលប៉ះពាល់ពីថ្នាំញៀនកម្រិតធ្ងន់ធ្ងរវិញ តើត្រូវការរយៈពេលប៉ុន្មានដើម្បីព្យាបាល?
លោក មាស សុវណ្ណៈ ករណីធ្ងន់ធ្ងរ គាត់ឡេឡឺបាត់បង់ការចងចាំច្រើនទៅ ហើយត្រូវការព្យាបាលខ្ទង់ ១ឆ្នាំជាង។ ១ ឆ្នាំជាងហ្នឹង ពាក្យចាស់ថា ព្រលឹងបួន ដប់មូលមក មិនទាន់គ្រប់វិញទៀតណា។ បានតែព្រលឹងប្រាំបី ប្រាំបួនអញ្ជឹងទៅ។ មិនអញ្ជឹង? ព្រោះវាប៉ះពាល់ច្រើនពេក។ វាធ្វើឱ្យបាត់បង់នៅក្នុងការចងចាំច្រើន។
តើអ្នកញៀនថ្នាំដែលត្រូវបានបញ្ជូនមកស្តារនីតិសម្បទាបានជាសះស្បើយប្រហែលប៉ុន្មានភាគរយដែរ?
លោក មាស សុវណ្ណៈ អ្នកមិនជា មានវាតិចណាស់ គឺអ្នកដែលប៉ះពាល់ធ្ងន់ធ្ងរ។ វាប៉ះពាល់ដល់ថ្នាក់លែងដឹងថា ត្រូវហូបចុក ស្លៀកពាក់យ៉ាងម៉េចទៅហើយ។ តែអ្នកមិនដឹងអីសោះហ្នឹង ជួនកាលក៏បានជាមួយៗអញ្ជឹងដែរ។ តែភាគច្រើនគឺព្យាបាលជា ប្រសិនបើក្រុមគ្រួសារបានសហការ និងប្រឹក្សាគ្នាជាមួយមណ្ឌលបានល្អ។ អាហ្នឹងបានជោគជ័យទាំងស្រុងតែម្តង។ ណាស់តែគ្រួសារពេលចេញទៅវិញអត់រវល់ជាមួយយើង។ យើងចង់និយាយជាមួយ ប្រឹក្សាគ្នាម៉េចៗ គាត់អត់ស្តាប់។ យើងពិបាកបំផុតពិបាកអញ្ជឹង ពេលក្រុមគ្រួសារមិនយល់ពីបច្ចេកទេស។ ប្រឹក្សាយោបល់ហ្នឹងវាជាការល្អបំផុតគឺ ឱ្យគាត់យល់ ឱ្យគាត់អស់ចិត្ត ច្បាស់ខ្លួនគាត់។ តែបើយើងនិយាយទៅ យើងសំឡុតគំរាមកំហែង ដាក់សំពោធទៅខ្លួនគាត់ [អ្នកញៀន] វាដដែលៗហ្នឹង។ យើងធ្វើអីក៏ដោយកុំដាក់សំពោធលើគាត់ ដូចថា គាត់ទើបដឹងខ្លួនអញ្ជឹង ត្រូវការនិយាយល្អៗជាមួយគ្នា ព្រោះពួកហ្នឹង ឆាប់ភ័យ ឆាប់ខ្លាច ឆាប់ហ៊ាន។ ពួកហ្នឹងអញ្ជឹង វា [ថ្នាំ] ធ្វើឱ្យចិត្តរបស់គាត់ចឹង។ តាមពិតទៅថ្នាំបំពានលើរាងកាយហ្នឹងធ្ងន់ធ្ងរខ្លាំងណាស់។
បើយើងដឹងរឿងចឹង អត់អាចបំភ័យបំភិតគាត់ សំឡុតគំរាមកំហែងគាត់ទេ។ យើងសុខចិត្តនិយាយភាសាបញ្ឆោតតិចៗចឹងទៅ ឱ្យគាត់មានការសម្រេចចិត្តខ្លួនគាត់ច្បាស់ទៅ មានការប្រឹងប្រែងតាមសម្រួលទៅ អាហ្នឹងវាអត់អីទេ។
គាត់អាចប្រើថ្នាំឡើងវិញ ដោយមានសំពាធពីគ្រួសារ ពីអ្នកដទៃ មិត្តភក្ត.... ធ្វើម៉េចកុំឱ្យបែកពីយើង ឱ្យគាត់ធ្វើការងារអីមួយទៅ កុំឱ្យនៅស្ងៀម។ ជួនកាលយកទៅទុកចោលនៅផ្ទះ ឱ្យនៅស្ងៀម អ្នកណានៅកើត។ សំឡុត អ្អែងកុំដើរ អ្ហែងនៅឱ្យស្ងៀម បែបនេះ អ្នកមិនញៀនថ្នាំក៏នៅមិនបានដែរ។ បើឱ្យធ្វើការ ធ្វើតែឯងឯណានោះ ដូចរុញឱ្យឡាប់ឡើងវិញចឹង។ ត្រូវឱ្យអ្នកណាមួយដឹងចិត្តគាត់ ស្គាល់ចិត្តគាត់នៅជាមួយគាត់។ ធ្វើម៉េចកុំឱ្យគាត់មានពេលទៅប្រើថ្នាំវិញ។ អ្នកខ្លះបើចង់ប្រឹក្សាយោបល់បែបហ្នឹងអី ក្រុមគ្រួសារមិនស្តាប់ទេ។ ពេលយកទៅវិញ គាត់លែងស្តាប់ហើយ ស្តាប់តែពេលយកមកទេ។
តើក្នុងការស្តារនីតិសម្បទាអ្នកញៀនថ្នាំហ្នឹងមានប្រើវិធីសាស្រ្តអ្វីខ្លះដែរ?
លោក មាស សុវណ្ណៈ ការបន្សាបហ្នឹង យើងធ្វើទៅតាមបច្ចេកទេសវិទ្យាសាស្រ្ត នៃការព្យាបាល។ ការពិតជំហានដំបូង យើងយកចិត្តទុកដាក់ទៅលើផលប៉ះពាល់លើរាងកាយអ្នកញៀន។ ការផ្តាច់គ្រឿងញៀនវាតែងតែឈឺចុកចាប់នៅក្នុងរាងកាយ ដូចជាឈឺដៃជើង សាច់ដុំអញ្ជឹងទៅ ចុកចាប់គ្រប់កន្លែងទាំងអស់។ យើងមានផ្តល់ឱសថសាស្រ្តឱ្យគាត់ខ្លះៗទៅហូបដើម្បីជួយឱ្យធូរស្រាលការឈឺចាប់នៅក្នុងរាងកាយ។ ពេលឈឺក្បាល ចុកពោះ រាគរួស មិនឱ្យថ្នាំម៉េចកើត។
យើងឱ្យគាត់ហាត់ប្រាណ ដោយមិនអាចបង្ខំពេកទេភ្លាមៗ ព្រោះខ្លាចរមួលក្រពើ។ ហាត់១ថ្ងៃ ពី២ទៅ៣ម៉ោង តែពេលថ្ងៃក្តៅហាត់ច្រើនពេកមិនបានទេ គឺមើលតាមស្ថានភាពដែរ។
ម្យ៉ាងវិញទៀត ការស្តារនីតិសប្បទា យើងត្រូវឱ្យគាត់មានអបិយជំនឿទៅលើសាសនា។ យើងត្រូវគិតថាសាសនាជាប្រព័ន្ធមួយល្អបំផុតហើយ។ ប្រទេសណាក៏ប្រើដែរ មិនដែលសាសនាណាណែនាំឱ្យមនុស្សខូចទេ។ សុទ្ធតែណែនាំមនុស្សឱ្យគោរពតាមធម៌វិន័យ តាមច្បាប់ទំលាប់ទាំងអស់ហ្នឹង។ ខ្ញុំឱ្យជំនឿលើព្រះពុទ្ធសាសនា។ ដើម្បីអី? គឺដើម្បីឱ្យគាត់គិតពីផ្លូវបាប ផ្លូវបុណ្យ ដែលគាត់បានធ្វើកន្លងមកចំពោះឪពុកម្តាយ ឬ បងប្អូន។ ពេលមកដល់កន្លែងខ្ញុំ ត្រូវបោះចោលអំពើបាបហ្នឹងចេញ ដើម្បីយកអំពើបុណ្យទៅវិញ។ អំពើបុណ្យហ្នឹងទាល់តែធ្វើល្អបាន ទើបបានអំពើបុណ្យទៅវិញ។ យើងលើកហេតុផលជាក់ស្តែងប្រាប់ គាត់យល់ឃើញចឹងក៏ធ្វើតាមទៅ។ បើយើងមិនទាញយកតាមផ្លូវព្រះពុទ្ធសាសនាខ្លះ វាមិនកើតទេ។ វាពិបាក។ ការពត់មនុស្សទាល់តែប្រើជំនឿខ្លះ បែបផែននៃការជាក់ស្តែង។ ត្រូវការជួយគាត់ ត្រូវតែមិនបោះបង់ចោលទៅលើសាសនាទេ។ ក្នុង ១សប្តាហ៍ ឬកន្លះខែម្តង ត្រូវតែនិមន្តព្រះសង្ឃមកជួយសម្តែងធម៌ទេសនាឱ្យស្តាប់ ឬធ្វើពិធីសាសនាអី ដើម្បីឱ្យគាត់យល់ដឹងដែរ។ តាមវិធីសាស្ត្រគឺអត់បោះបង់ចោលទៅលើជំនឿសាសនានោះទេ។
នៅក្នុងមណ្ឌលអត់មាននិយាយគ្នា ប្រើពាក្យអ្ហែង អញ អា ឬក៏វ៉ៃតប់គ្នា ឬចង់បានទ្រព្យសម្បត្តិអ្នកដទៃ អត់មានលួចប្លន់ឆក់របស់គេអីនោះទេ។ អត់មានសេពកាព។ នៅកន្លែងខ្ញុំគឺធ្វើដូចជាអ្នកកាន់សីលអញ្ជឹង។ អញ្ជឹងខំធ្វើអំពើល្អទៅ ដើម្បីសងអំពើបាបវិញ។ អញ្ជឹងក៏គាត់ស្តាប់បាន គាត់ជឿ ព្រោះខ្ញុំមានរៀបចំ១ល្វែង ជាកន្លែងព្រះពុទ្ធសាសនា មានព្រះអង្គ មានអសនៈសម្រាប់គាត់ឱ្យថ្វាយបង្គំ ឱ្យគាត់រៀនធម៌តាមប្រពៃណី។
មួយវិញទៀត យើងធ្វើម៉េចដាក់កម្មវិធីឱ្យមានការសប្បាយ មានពេលច្រៀង ពេលរាំជាមួយគ្នា និងពេលសូត្រកំណាពអប់រំ។ និយាយរួមពត់មនុស្សទៅតាមចិត្តវិធី។
អ្វីមួយដែលយើងធ្វើ គឺធ្វើដោយមិនបង្ខំចិត្ត និងមិនមានប្រើអំពើហិង្សាណាមួយដាក់គាត់នោះទេ។ យើងធ្វើទៅតាមចំណង់ចំណូលចិត្ត និងអ្វីដែលយើងធ្វើល្អជាមួយគ្នា។ មានធម៌កំណាពអីឱ្យគាត់សូត្រ។ មានបទចម្រៀមខ្លះឱ្យគាត់ច្រៀងក្នុងន័យអប់រំ។ អញ្ជឹងទៅ វាអូសទាញទឹកចិត្តខ្លះៗ ចៀសវាងការបង្ខិតបង្ខំចិត្តគាត់។ អ្នកណាក៏ដោយ ទៅដល់កន្លែងណាក៏ដោយ បើទៅដល់កន្លែងណាមួយហើយគាបសង្កាត់ វាមិនអាចទ្រាំបានទេ។ មិនអញ្ជឹង? បើយើងធ្វើតាមសម្រួលទៅ គាត់ក៏ពត់ខ្លួនតាមហ្នឹងទៅ។ វាល្អដែរអញ្ជឹង។ គ្រប់យ៉ាង យើងប្រើតាមវិធីសាស្រ្ត។
លើសពីនោះ កន្លែងរស់នៅត្រូវមានបរិស្ថានល្អ មានសួនច្បារ មានផាសុកភាព មានកន្លែងលេងកីឡា បាល់ទាត់ បាល់ទះ ទៅតាមបែបផែន ដែលខ្ញុំបានរៀបចំដូចរមណីយដ្ឋានអញ្ជឹងដែរ។
ដល់ផ្លូវចិត្តប្រើចិត្តវិធី សម្រាប់ប្រឹក្សាយោបល់ ...ប៉ុន្តែណាស់តែគ្រួសារ ពិបាកប្រឹក្សាយោបល់ជាមួយ។ គ្រួសារនិយាយតាមតែការដឹង តាមការនឹកឃើញ ផ្តេសផ្តាសពិបាកដែរ។ ប្រសិនបើគ្រួសារយល់ដឹងពីចិត្តវិធីខ្លះទៅ អាហ្នឹងមិនអីទេ វាងាយស្រួល ពេលទៅវិញមិនឡាប់ឡើងវិញទេ។ តែបើមិនយល់ពីចិត្តគេ[អ្នកញៀន] ឆាប់លាប់ឡើងវិញណាស់។
គ្រួសារជាអ្នកទទួលថែទាំបន្ត។ ចឹងឱ្យចេះយល់ចិត្តគ្នាកុំអាញូងអាញាង បើមិនងចឹងទៅបាត់វិញភ្លាមលូវហ្នឹង។ ធ្វើឱ្យមនុស្សហ្នឹងឆាប់ធ្លាក់ទឹកចិត្ត ឆាប់ខឹង ឆាប់ភ័យ ឆាប់ខ្លាច ឆាប់ហ៊ាន (ចរិតអ្នកប្រើថ្នាំ)។
តើការស្តារនីតិសម្បទាអ្នកញៀនថ្នាំហ្នឹងមានជួបប្រទះការលំបាកអ្វីខ្លះដែរ?
លោក មាស សុវណ្ណៈ វាតែងតែជួបផលលំបាកហើយ។ តែដល់យើងរៀបរយបានល្អទៅ វាមិនលំបាកអីប៉ុន្មានទេកូនៗអស់ហ្នឹង។ តាមពិត កូនៗអស់ហ្នឹងស្តាប់យើងណាស់ ល្អទេ។ តែបើយើង អាញូងអាញាងតាផ្តេសតាផ្តាស ឬមួយថាពួកគាត់អាក្រក់ មិនកើតទេ។ ការពិត វាអាក្រក់នៅពេលដែលត្រូវថ្នាំទេ តែពេលអត់ត្រូវថ្នាំមានអីអាក្រក់ទៀត។ សាបថ្នាំទៅស្រួលសឹងអីហ្នឹង តែពិបាកដំបូងមកដល់ភ្លាម ពិបាកទៅ យើងឱ្យពេទ្យ និងក្រុមការងារយើងយកចិត្តទុកដាក់ មើលថែទាំគាត់ទៅ។ មានអី បានតែពីរ បីខែទៅ គាត់ស្រួលខ្លួនបាត់ហើយ។ ស្រួលនិយាយគ្នាបាន។
មួយទៀតពិបាករឿងកិច្ចសហការជាមួយគ្រួសារគាត់។ ពេលទៅដល់ខាងក្រៅវិញ ច្រើនតែមានពាក្យសំឡុត ដូចថា បើឯងមិនកែទៀត អញយកអ្ហែងទៅដាក់ចោល ឬ ថាអញ្ចេះ ថាអញ្ចុះ។ ដាក់សំពោធ វាច្រើន ពាក្យពេបជ្រាយពីអ្នកជិតខាងផងអីផង ដែលហៅថារើសអើងនោះ ដ៏អញ្ជឹងទៅ មនុស្សវាមានគម្លាតទៅទៀតហើយ។ ចឹងបានថា ធ្វើអីក៏ដោយ ទាល់តែយល់ពីការងារបច្ចេកទេស ហើយរួមគ្នា ដើម្បីជួយគ្នា ជួយលុបបំបាត់ ជួយកាត់បន្ថយគ្នាឱ្យបានល្អនៅក្នុងស្រុកទេសយើង។ បើយើងនិយាយតែយើង យល់តែយើងម៉េចកើត។ មើលងាយមើលស្រាលការងារហ្នឹងបាត់បង់ធនធានមនុស្សអស់អាលីង អត់អីប្រើអាលូវហើយ។
តើក្នុងការស្តារនីតិសម្បទាហ្នឹងមានផ្តល់ជាជំនាញវិជ្ជាជីវៈដល់ពួកគាត់ទេ?
លោក មាស សុវណ្ណៈ កន្លែងខ្ញុំមានការផ្តល់ចំណេះដឹងអីផ្សេងៗឱ្យគាត់។ យើងក៏មានការយកចិត្តទុកដាក់បង្រៀនបង្ហាត់អ្វីដែលគាត់ចង់បាន ចង់ចេះដែរ គឺយើងបង្រៀនគាត់ទៅតាមហ្នឹងជាក់ស្តែងទៅ។ បើគាត់ចង់ចេះភ្លេងបង្រៀនភ្លេង បើចង់ចេះចម្លាក់ បង្រៀនចម្លាក់ឱ្យគាត់ទៅ។ បើចង់ខាងកសិកម្ម បង្រៀនខាងកសិកម្មអញ្ជឹងទៅ ដើម្បីឱ្យមានចំណេះដឹង ឬបានចេះខ្លះៗ ហើយរៀនថែមទៀតទៅ។ យើងស្ដារនីតិសម្បទាទៅលើការងារ ទៅលើអ្វីដែលគាត់មានចំណេះដឹងពីមុនមកយ៉ាងម៉េច អីម៉េចហ្នឹង យើងជួយរំលឹកគាត់ឡើងវិញក៏មាន៕