សមាគមយុវជនស្រលាញ់ធម្មជាតិបាននឹងកំពុងតែធ្វើការជាមួយនឹងមន្រ្តីពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានចុះល្បាតព្រៃ និងទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីការពារធនធានធម្មជាតិសម្រាប់ផលប្រយោជន៍រួមនៅតំបន់ជួរភ្នំឱរ៉ាល់អស់រយៈពេល៦ឆ្នាំមកហើយ។
កាលពីពេលថ្មីៗនេះ ពួកគេបានសហការជាមួយនឹងរដ្ឋបាលខេត្តពោធិ៍សាត់ធ្វើការបំបែកសំបុកបទល្មើសកាប់ឈើដ៍ធំដុះស្លែរាប់ឆ្នាំមកហើយនៅស្រុកភ្នំក្រវាញ។ មេក្លោងដែលនៅពីក្រោយបទល្មើសនេះបានរត់គេចខ្លួន ហើយអាជ្ញាធរមានសមត្ថកិច្ចបាននឹងកំពុងតែស្វែងរកចាប់ខ្លួនបុគ្គលម្នាក់នេះ។
លោក ផាក់ ស៊ាងលី អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍បានធ្វើកិច្ចសម្ភាសមួយជាមួយនឹងលោក តាន់ គឹមសួរ ប្រធានសមាគមយុវជននេះ ទាក់ទងនឹងស្ថានភាពព្រៃឈើ និងសកម្មភាពចុះល្បាតការពារព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់នោះ។
តើលោកប្រឡូកក្នុងការការពារព្រៃឈើនេះអស់រយៈពេលប៉ុន្មានឆ្នាំហើយ? ហេតុអ្វីដែលជំរុញឱ្យលោកធ្វើកិច្ចការសង្គមដែលប្រឈមនឹងគ្រោះថ្នាក់មួយនេះ?
ខ្ញុំបានប្រឡូកក្នុងការងារនេះអស់រយៈពេល ៦ឆ្នាំមកហើយ។ តំបន់ដែលក្រុមយើងខ្ញុំផ្តោតការងារចុះល្បាតខ្លាំងគឺភ្នំឱរ៉ាល់ ដែលជាប់ព្រំប្រទល់ខេត្តចំនួន៣ ដូចជាខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលមានទំហំផ្ទៃដីជិត ២០ម៉ឺនហិកតា។
មូលហេតុស្នូលដែលធ្វើឱ្យខ្ញុំប្រឡូកចូលការងារទាំងអស់ហ្នឹងរហូតមកដល់ពេលនេះ ក៏ដោយសារតែជនជាតិបរទេសមួយក្រុមគ្រួសារ គឺក្រុមគ្រួសារលោក បេន ដេវីស ដែលគាត់កំពុងតែធ្វើការការពារព្រៃឈើនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ នៅឆ្នាំ២០១៨ ពេលខ្ញុំចុះទៅទីនោះ ខ្ញុំបានឃើញពីការលះបង់របស់ពួកគាត់ ហើយក៏ទទួលបានអារម្មណ៍ខ្មាសអៀនខ្លាំងមែនទែន ហើយក៏ចោទជាសំណួរសួរខ្លួនឯងថា ទឹកដី និងព្រៃឈើរបស់យើង ហេតុអីបានជាយើងក្នុងនាមជាម្ចាស់ទឹកម្ចាស់ដី មិនបង្ហាញការខ្វាយខ្វល់ បែរជាឱ្យជនបរទេសជាអ្នកឈឺឆ្អាលជំនួសទៅវិញ។
យើងក៏ខ្ញុំនឹកឃើញដល់តំបន់ឱរ៉ាល់ ដែលខ្ញុំធ្លាប់ឡើងទៅក្នុងឆ្នាំ ២០១៧ ឃើញថាការកាប់បំផ្លាញឈើក្នុងតំបន់ហ្នឹងមានភាពអាណាធិបតេយ្យខ្លាំងមែនទែន ហើយក៏សម្រេចចិត្តថា ខ្ញុំគួរតែធ្វើយ៉ាងណាចូលរួមជាមួយនឹងរដ្ឋាភិបាល ទោះបីមិនបានច្រើន យ៉ាងណាក៏ដោយ ក៏អាចទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ ជារឿងមួយដែលយើងបានរួមចំណែក ហើយវាជារឿងមួយជាការឆ្លើយតបទៅលើអ្វីដែលយើងមានការខ្មាសអៀនចំពោះជនបរទេសមួយក្រុមគ្រួសារនេះដែរ។ កាលពីដំបូង ខ្ញុំគិតថា ខ្ញុំចូលរួមតែ១ ឬ ២ឆ្នាំបានហើយ ដោយសារតែលុយក្នុងកុងធនាគារយើងនៅសល់តិចដែរ តែពេលកាន់តែចូលប្រឡូក កាន់តែប្រឡូកជ្រៅ កាន់តែដុះមនោសញ្ចេតនា កាន់តែឃើញរឿងអីជាច្រើនដែលត្រូវការឱ្យមានវត្តមានយើងនៅទីនោះបន្តទៀតរហូតមកដល់ពេលបច្ចុប្បន្នតែម្តង។
តើនៅពេលចុះល្បាតព្រៃម្តងៗ លោកមានការលំបាក ឬការគំរាមកំហែងអី្វខ្លះដែរ?
នៅពេលចុះល្បាតម្តងៗ ពួកយើងជួបប្រទះការលំបាកដូចជាទី១ បញ្ហាមធ្យោបាយធ្វើដំណើរ។ ទី២ ពួកយើងប្រឈមគ្រោះថ្នាក់មួយចំនួន ដែលពាក់ព័ន្ធទៅនឹងបទល្មើសនានា ហើយទី៣ ពាក់ព័ន្ធនឹងជំងឺនានាដែលអាចកើតមានឡើងនៅក្នុងព្រៃ។ ការប្រឈមខ្លាំងមួយទៀតនោះគឺការវង្វេងព្រៃ។ ក្នុងរយៈពេលកន្លងមក ពេលចុះល្បាតនេះ ពួកយើងវង្វេងព្រៃមិនតិចជាង១០ដងមកហើយទេ។
ចំពោះការលំបាកធ្ងន់ធ្ងរខ្លាំង នៅពេលដែលយើងចុះល្បាតបំផ្លាញឆ្នាំងបាយគេ រំខានគេតែងតែធ្វើឱ្យគេមិនសូវសប្បាយចិត្តទេរហូតដល់ថ្នាក់មានការគំរាមកំហែងដាក់ឈ្មោះផ្លូវមរណៈ តាន់ គឹមសួរ ផ្លូវមជ្ជរាជរបស់ តាន់ គឹមសួរជាដើម។ ដល់ថ្នាក់គំរាមថា ហ៊ានតែមកហ្នឹងទៀតបន្សល់ទុកសាកសពទៅវិញទេ។ ហើយក៏គំរាមក្រុមការងារមួយចំនួនធំដែរថា បើនៅតែបន្តទៀតប្រយ័ត្នខ្លួន។ ពេលជិះម៉ូតូតាមផ្លូវបើធ្វេសប្រហែសអីហ្នឹង គឺនឹងអាចមានបញ្ហាដូចជា ការចោលដុំថ្ម ឬការប៉ុនប៉ងយាយីអ្វីផ្សេងៗ។
យើងទទួលបានការគំរាមកំហែងច្រើន។ កាលពីឆ្នាំ ២០១៩ យើងធ្លាប់ត្រូវប្រធានសហគមន៍សាមគ្គីនៅតំបន់ឱរ៉ាល់ ព្យាយាមគៀងគរស្នាមមេដៃប្រជាជនដើម្បីធ្វើការបណ្តេញយើងចេញពីតំបន់នោះ។ តែក្រោយពីពួកយើងតវ៉ារកមូលហេតុដែលចង់បណ្តេញយើងចេញនោះ។ យើងចង់ប្តឹងបកវិញពីរឿងញុះញង់នោះ ក៏បានស្ងាត់ទៅវិញ។ នៅទីនោះ ពួកយើងបានឃាត់ឃាំងពលរដ្ឋមិនឱ្យទន្រ្ទានដីព្រៃ កាប់បំផ្លាញព្រៃឈើ ឬបរបាញ់សត្វដោយខុសច្បាប់ ដែលផ្ទុយស្រឡះពីការបើកដៃរបស់ប្រធានសហគមន៍នៅទីនោះ។ អញ្ចឹងបានធ្វើឱ្យគេមិនសូវសប្បាយចិត្តជាមួយហ្នឹងយើង។
កាលពីខែមេសា ឆ្នាំ ២០២៤ នេះ ក៏មានការលួចដុតម៉ូតូរបស់ក្រុមល្បាតឆេះម៉ូតូចំនួន ៤ គ្រឿងផងដែរ នៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាការបង្ហាញការគំរាមកំហែងធ្ងន់ធ្ងរខ្លាំងដែរ។ យើងអត់ដែលជួបប្រទះបែបហ្នឹងពីមុនមកទេ។ តែបានត្រៀមផ្លូវចិត្តហើយថា ថ្ងៃណាមួយនឹងមានរឿងរ៉ាវហ្នឹងកើតឡើង។ ពីមុនមក តែងតែនិយាយលួងទៅក្រុមការងារឱ្យត្រៀមចិត្តដែរថា ថ្ងៃណាមួយពួកប្រព្រឹត្តបទល្មើសគេលែងគំរាមកំហែងដោយពាក្យសម្តីហើយ។ គេអាចប្រើកាយវិការអីផ្សេងៗក្នុងការគំរាមយើងវិញ។ លទ្ធផលចុងក្រោយគឺទទួលបានពិតប្រាកដមែនគឺការលួចដុតម៉ូតូ។ គិតមកដល់ពេលនេះ ពួកយើងនៅមិនទាន់ទទួលបាននូវយុត្តិធម៌នៅឡើយទេ។
តើការចុះល្បាតធ្វើឡើងញឹកញាប់ប៉ុន្មានដែរ? ហើយមានការចូលរួមពីខាងណាខ្លះដែរ?
ពេលខ្លះទៅការចុះល្បាតរបស់ពួកយើងមានស្នើសុំកម្លាំងពីមន្រ្តីមូលដ្ឋានផ្ទាល់តែម្តង ដូចជា មន្រ្តីឧទ្យានុរក្សបរិស្ថាន។ ពេលខ្លះក៏យើងស្នើសុំការចូលរួមសហការពីខាងអង្គការមួយចំនួន ដែលបានចុះ MoU ជាមួយក្រសួងបរិស្ថាន។ ពេលខ្លះទៅ ពួកយើងគឺចុះទៅដោយផ្ទាល់ជាមួយប្រជាសហគមន៍នៅខាងតំបន់ឱរ៉ាល់តែម្តង។
តែយើងសង្កេតឃើញថា រាល់ពេលចុះបង្រ្កាបបទល្មើសតែងតែមិនទទួលបានលទ្ធផលជាដុំកំភួនទេ ពេលចុះជាមួយមន្រ្តីមូលដ្ឋាន។ ធ្វើឱ្យខ្ញុំសម្រេចចិត្តស្នើសុំការចូលរួមពីខាងអង្គការ Wildlife Alliance (សម្ព័ន្ធមិត្តសត្វព្រៃ) ទៅវិញ ដែលមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង មន្រ្តីជំនាញបរិស្ថានចុះមកផ្ទាល់ ឃើញថាមានការខុសប្លែកគ្នា រវាងមន្រ្តីមូលដ្ឋាន និងការចូលរួមពីអង្គការ បានន័យថាពេលចូលរួមពីអង្គការ ទៅទីណាក៏យើងឃើញបទល្មើសដែរ។ តែពីមន្រ្តីមូលដ្ឋានទៅទីណាក៏មិនសូវជួបបទល្មើសដែរ។
ពួកយើងតែងតែចុះល្បាតរៀងរាល់៣ថ្ងៃម្តង។ ប៉ុន្តែពេលខ្លះមានបទល្មើសច្រើន មានការផ្តល់ដំណឹងមកមានបទល្មើសនៅកន្លែងផ្សេងៗគ្នា គឺពួកយើងអាចចុះទៅជាប់គ្នាក្នុងរយៈពេលមួយអាទិត្យ ១០ថ្ងៃ ឬកន្លះខែ ជាប់គ្នាតែម្តងក៏មានដែរ។
ចាប់តាំងពីបានចាប់ផ្តើម រហូតមកដល់នឹងពេលនេះ តើលោកសង្កេតឃើញថា បទល្មើសព្រៃឈើមានស្ថានភាពយ៉ាងដូចម្តេចដែរ? ដោយសារតែមូលហេតុអ្វីដែរ?
យោងទៅលើអ្វីដែលពួកយើងសង្កេតឃើញ មុនពេលដែលពួកខ្ញុំបានចុះទៅ បទល្មើសព្រៃឈើនៅតាមតំបន់នានាគឺហាក់បីដូចជាមានការដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ ដោយមានការបើកចំហតែម្តង។ ពេលខ្លះទៅយើងអាចឃើញគោយន្តតម្រង់ជួរគ្នាដូចហែរកឋិនអញ្ជឹង។ ពេលខ្លះអាចលោតទៅដល់ ១០០គោយន្ត មានទាំងរទេះគោ មានទាំងឡាន ដឹកជញ្ជូនឈើគឺមិនមានការខ្លាចរអាអ្វីទាល់តែសោះ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ការដឹកជញ្ជូន ឬបទល្មើសព្រៃឈើគឺហាក់ដូចជាមិនសូវគគ្រឹងគគ្រេង មិនមានអាណាធិបតេយ្យ ដូចពីមុនទៀតនោះទេ។
បាទគឺពួកគាត់មានការខ្លាចរអា មានការលួចលាក់ធ្វើ។ ពួកគាត់តែងតែធ្វើការដឹកជញ្ជូនចេញនៅពេលយប់ស្ងាត់តែម្តង។ នេះគឺជាការខុសប្លែក[ពីមុន] ហើយចំពោះថាបទល្មើសមានការថយចុះ ឬក៏កើនឡើងជាងមុននោះ ពួកយើងអត់ដឹងដែរ ដោយសារតែពួកយើងជាក្រុមល្បាតអត់មានស្ថិតិច្បាស់លាស់ទាក់ទងនឹងបទល្មើសនោះទេ។
នៅពេលដែលរកឃើញជនល្មើស ឬវត្ថុតាង ដូចជា៖ ឈើ រណាយន្ត រថយន្តកែច្នៃជាដើម តើលោកធ្វើយ៉ាងម៉េចដែរ? ឈើដែលរកឃើញម្តងៗមានចំនួនប្រហែលប៉ុន្មានដែរ?
នៅពេលដែលពួកយើងឃើញជនល្មើសកំពុងតែធ្វើការដឹកជញ្ជូនឈើ ឬក៏បំផ្លិចបំផ្លាញឈើ គឺពួកយើងតែងតែបង្ហាញការណែនាំពួកគាត់ លើកទី១ លើកទី២ ប៉ុន្តែប្រសិនបើលើកទី៣ នៅតែឃើញវត្តមានរបស់គាត់នៅទីនោះទៀត គឺមន្រ្តីជំនាញដែលចុះទៅជាមួយយើងនឹងក៏សាងសំណុំរឿងបញ្ជូនគាត់ទៅតុលាការតែម្តង។ ចំពោះឈើ ឬរណាយន្ត ដែលពួកយើងជួបប្រទះ ឬក៏ដកហូតបានពីបទល្មើស បើក្នុងករណីមួយថា ផ្លូវអត់ពិបាកទេ យើងចូលទៅអត់ជ្រៅទេ អាហ្នឹង ប្រសិនបើបទល្មើសនៅយើងឱ្យគាត់ជួយជញ្ជូនចេញ។ តែក្នុងករណីបទល្មើសអត់នៅ ហើយរណាយន្តយើងចាប់បាន គឺយើងត្រូវតែដុតកំទេចចោលនៅទីនោះតែម្តងហើយបាទ។
ទាក់ទងនឹងឈើវិញទៀតសោត បើស្ថិតក្នុងស្ថានភាពផ្លូវមួយដែលស្រួលដឹកជញ្ជូនចេញ ហើយពួកយើងអាចដឹកជញ្ជូនចេញបាន ពួកយើងនឹងដឹកជញ្ជូនចេញ ព្រោះថាពួកយើងក៏មានការស្តាយ ស្រណោះដូចគ្នាដែរ មិនខុសពីមតិមហាជនទេ គឺយើងស្តាយណាស់មិនចង់ដុតកំទេចចោលទេ។ ប្រសិនបើយកទៅទុកជាសម្បត្តិរដ្ឋ អាចជួយដល់ប្រជាជនបានច្រើនដែរ។ អញ្ជឹងបើក្នុងករណីចាំបាច់ដូចជាឡើងភ្នំ ចំណតចោតខ្ពស់ខ្លាំង ពួកយើងគ្មានមធ្យោបាយ គ្មានលទ្ធភាព នៅក្នុងការយកចុះមកទេ គឺចង់មិនចង់ គឺពួកយើងធ្វើការដុតកំទេចចោលហើយ។ បើយើងនៅទុក គឺបទល្មើសនឹងឡើងមកយកជញ្ជូនចេញបន្តទៀតតែម្តង។
ជាទូទៅឈើដែលពួកយើងប្រទះឃើញនោះគឺមានចាប់ពី ២ម៉ែត្រគូបឡើងទៅ ហើយចុងក្រោយនេះ គឺយើងប្រទះឃើញឈើច្រើនតែម្តង គឺជាង ៣០ម៉ែត្រគូបតែម្តង។
តើអាជ្ញាធរពាក់ព័ន្ធមានការចូលរួមសហការទប់ស្កាត់បទល្មើសក្នុងកម្រិតណាដែរ?
ចំពោះអាជ្ញាធរដែលពាក់ព័ន្ធគឺអាស្រ័យលើតំបន់ ឬខេត្តដែរ។ ដូចជាពួកខ្ញុំមកខាងតំបន់ទឹកដីពោធិ៍សាត់នេះ គឺអាជ្ញាធរគាត់ខ្នះខ្នែងនៅក្នុងការដុតដៃដុតជើង រួមសហការគ្នាខ្លាំងមែនទែន។ បើធៀបនឹងការចូលរួមរបស់ខេត្តផ្សេងគឺខុសគ្នា។ នៅខេត្តពោធិ៍សាត់នេះមានការយកចិត្តទុកដាក់។ ខេត្តផ្សេងដូចជាព្រងើយកន្តើយ ទាល់តែមានហេតុការណ៍ធំដុំហើយទើបបង្ហាញការចូលរួមតាមក្រោយ។
ការបង្រ្កាបបទល្មើសព្រៃឈើ ការបញ្ឈប់បទល្មើសព្រៃឈើនៅតាមតំបន់នានា លុះត្រាតែមានការចូលរួមពីថ្នាក់ដឹកនាំប្រចាំតំបន់តែម្តង បើមិនដូច្នេះទេ ទោះបីមាន តាន់ គឹមសួរ ១០០នាក់ ១ពាន់នាក់ ១ម៉ឺននាក់ទៀតក៏ការបង្រ្កាបអត់មានប្រសិទ្ធភាពដែរបាទ។
បើតាមលោកយល់ តើត្រូវធ្វើយ៉ាងដូចម្តេច ទើបអាចដោះស្រាយបញ្ហាបទល្មើសព្រៃឈើនេះបាន?
តាមយោបល់ខ្ញុំ អ្វីដែលអាចធ្វើឱ្យមានដំណោះស្រាយ ឬលុបបំបាត់បាននូវបទល្មើសព្រៃឈើនេះបាន គឺត្រូវពង្រឹងមន្រ្តីពាក់ព័ន្ធទាំងអស់តែម្តង គឺដាក់វិន័យ ឱ្យបានធ្ងន់ធ្ងរ បើសិនជា រកឃើញមន្រ្តីណាដែលគាត់ មានការឃុបឃិតជាមួយនឹងបទល្មើសព្រៃឈើទាំងអស់ហ្នឹង។
រាល់ថ្ងៃនេះ បទល្មើសព្រៃឈើកើតឡើងក៏ដោយសារតែការបើកដៃ ឬក៏មានការឃុបឃិតពីមន្រ្តីមួយចំនួនផងដែរ។ ប្រសិនបើមន្រ្តីគាត់អនុវត្តច្បាប់បានត្រឹមត្រូវ អញ្ជឹងបទល្មើសព្រៃឈើ ខ្ញុំជឿជាក់ថា នឹងអាចកាត់បន្ថយបាន ឬក៏លុបបំបាត់បានតែម្តង។ ដោយសារអី? ដោយសារតែការចរាចរណ៍ចេញចូលឈើហ្នឹងគឺមិនជាច្រើនផ្លូវប៉ុន្មានទេ ហើយឈើទាំងអស់ហ្នឹងក៏មិនអាចបត់ដាក់ក្នុងហោប៉ាវយកចេញ ឬក៏អាចជ្រែកដី ហោះលើអាកាសអីបានដែរ គឺតែងតែឆ្លងកាត់ប៉ុស្តិ៍ចាំយាមរបស់មន្រ្តីពាក់ព័ន្ធតាមតំបន់នានាតែម្តង។
ជាចុងក្រោយ តើលោកមានសំណូមពរ ឬមានអ្វីចង់បន្ថែមដែរទេ?
ជាចុងក្រោយ គឺខ្ញុំសុំសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេសគឺមហាជន សូមមេត្តាចូលរួមយកចិត្តទុកដាក់ និងចូលរួមខ្វាយខ្វល់ទាំងអស់គ្នាជាមួយនឹងកិច្ចការងារទាំងអស់នេះ។ ខ្ញុំក៏សូមស្នើសុំក្រសួងពាក់ព័ន្ធបង្កើតនូវគណៈកម្មាធិការឯករាជ្យមួយដើម្បីធ្វើការតាមដាន រកឱ្យឃើញភាពមិនប្រក្រតីរបស់មន្ត្រីដែលកំពុងតែអនុវត្តការងារនៅតាមមូលដ្ឋានទាំងអស់ និងឈានឆ្ពោះទៅដល់ការមានវិធានការយ៉ាងតឹងរឹង ធ្ងន់ធ្ងរជាមួយមន្ត្រីដែលមានការឃុបឃិតបើដៃឱ្យមានការចរាចរណ៍ឈើយ៉ាងអាណាធិបតេយ្យ។ បើមិនដូចច្នេះទេ គឺហាក់បីដូចជាវែកចកអញ្ជឹង បានន័យថា យើងឃើញហើយ យើងណែនាំ វាមកវិញដដែលហ្នឹង៕